Paris Peace Accords 23 Oct. 1991

Tuesday, August 16, 2016

[Vietnamization, elections] បក្សនយោបាយ បង្ហាញ វិធានការ ផ្សេងគ្នា រឿងទប់ស្កាត់ ជនបរទេស ចុះឈ្មោះ បោះឆ្នោត | Political parties present different measures to dealing with foreigners registering to vote


បក្សនយោបាយ បង្ហាញ វិធានការ ផ្សេងគ្នា រឿងទប់ស្កាត់ ជនបរទេស ចុះឈ្មោះ បោះឆ្នោត

VOD / វីអូឌី | ១៥ សីហា ២០១៦

Audio Player
00:00
00:00
នៅក្នុងសិក្ខាសាលា បណ្តុះបណ្តាល អ្នកសារព័ត៌មាន ស្តីពី ការចុះឈ្មោះ ដើម្បី រៀបចំ បញ្ជីបោះឆ្នោត ថ្មី កាលពីថ្ងៃ ទី១២ ខែសីហា កន្លងទៅនេះ, លោក សោម សូរីដា អគ្គលេខាធិការ រង គណកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ហៅកាត់ ថា គ.ជ.ប. បានថ្លែង ថា, ប្រជាពលរដ្ឋ ដែលមាន ឯកសារ និងលិខិតស្នាម គ្រប់គ្រាន់ សម្រាប់ ការចុះឈ្មោះ បោះឆ្នោត អាចទៅ ចុះឈ្មោះ បោះឆ្នោតបាន ដោយនៅក្នុងនោះ មានទាំងជនបរទេស ផងដែរ បើ ទោះបី ជាពួកគេ មិនចេះ និយាយខ្មែរ ក៏ដោយ។
អ្នកនាំពាក្យ គណបក្ស កាន់អំណាច លោក សុខ ឥសាន្ត មានប្រសាសន៍ថា អ្វីដែល គ.ជ.ប. បានលើកឡើងគឺជាការត្រឹមត្រូវ ព្រោះ គ.ជ.ប. ជាអ្នកអនុវត្តន៍ច្បាប់ ដោយលោក ថា, សូម កុំគិត បរិបទ ស្រុកខ្មែរ ខ្មៅងងឹតពេក។


លោក មានប្រសាសន៍ ថា៖ ការឡើងសំឡេងឆ្នោត ការធ្លាក់សំឡេងឆ្នោត វាមិនអាស្រ័យលើនីតិវិធីរបស់ គ.ជ.ប នោះទេ។ វាអាស្រ័យទៅលើឆន្ទៈប្រជាពលរដ្ឋដែលគាំទ្រគណបក្សណាមួយ។ គ.ជ.ប គាត់អ្នកអនុវត្តច្បាប់ទេ! កុំបន្ទោសគាត់! […] រឿង (ហ្នឹង) មិនមែនរឿង គ.ជ.ប។ អ្នកត្រួតពិនិត្យ អ្នកចេះខ្មែរ មិនចេះខ្មែរ ឬចេះបារាំង មិនចេះខ្មែរអីនោះទេ។ ខ្ញុំយល់ថា ដូចខ្មែរនៅអាមេរិក(ជាច្រើន) យាយៗ មិនចេះអង់គ្លេស (សូម្បី) មួយម៉ាត់ ចូលសញ្ជាតិអាមេរិកបាត់ […] មិនខ្វះទេ អ្នកនៅឡង់ប៊ិចមួយចំនួន យាយៗមួយចំនួនហ្នឹង! មានចេះអាមេរិកកាំង មិនចេះអង់គ្លេសអីណា! ម៉េចគាត់ចូលសញ្ជាតិគេបាន […] កុំឲ្យមើលបរិបទកម្ពុជាយើង វាខ្មៅងងឹតពេក
នៅពេលវីអូឌីសួរថា តើគណបក្សប្រជាជននឹងមាននីតិវិធីអ្វី ដើម្បីទប់ស្កាត់បញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបានបន្ថែមថា គណបក្សប្រជាជនគ្មានយន្តការអ្វីទេ ក្រៅពីបញ្ជូនអ្នកអង្កេតការណ៍បោះឆ្នោតទៅតាមការិយាល័យនីមួយៗ ដោយគោរពសិទ្ធិពលរដ្ឋនិងគោរពច្បាប់បោះឆ្នោត។
លោកមានប្រសាសន៍បន្តថា៖ គណបក្សប្រជាជនអត់មានយន្តការអី ទៅត្រួតពិនិត្យ ទៅរារាំងអីនោះទេ! យន្តការ គឺអ្នកសង្កេតការណ៍ហ្នឹងហើយ! ពេល (ហ្នឹង) គ.ជ.ប គេប្រកាសហើយ គណបក្សប្រកួតប្រជែងត្រូវដាក់អ្នកសង្កេតការណ៍ពីរនាក់ មួយពេញសិទ្ធិ មួយត្រៀមដើម្បីឲ្យពិនិត្យមើលថា តើដំណើរការណ៍នៃការចុះឈ្មោះនោះ វាត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែរឬទេ? […] ភាពមិនប្រក្រតី កើតទុក្ខមិនសុខចិត្តកន្លែងណា យើងប្តឹងទៅតាមលំដាប់ថ្នាក់ទៅ […] ហើយបើមិនសុខចិត្តទៀត យើងប្តឹងដល់ក្រុមរដ្ឋធម្មនុញ្ញ! នីតិវិធី (គឺមាន) តែប៉ុណ្ណឹងទេ! យើងមិនអាចធ្វើទៅតាមអត្តនោម័តបុគ្គលម្នាក់ៗបាន ហើយខុសពីគោលការណ៍ច្បាប់ទេ […] 
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង បានបង្ហាញយន្តការសំខាន់ៗដូចជាត្រៀមអ្នកអង្កេតការណ៍តាមការិយាល័យចុះឈ្មោះនីមួយៗនិងធ្វើសិក្ខាសាលាជាបន្ទាន់មួយក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីនានានិងទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលអាចចុះឈ្មោះបោះឆ្នោតបាន បើទោះជាមានឯកសារមិនគ្រប់គ្រាន់ក៏ដោយ។
លោកមានប្រសាសន៍ថា៖ […] យើងសិក្សាបញ្ហាហ្នឹង ជាចម្បងដើម្បីដំណោះស្រាយឬទប់ស្កាត់ ជាពិសេសជនអន្តោប្រវេសន៍ដែលមិនបានបំពេញលក្ខខណ្ឌច្បាប់។ ហើយមានអត្តសញ្ជាណប័ណ្ណហ្នឹង! តើជនបរទេស ដែលអាចចូលសញ្ជាតិខ្មែរបានហ្នឹង ត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ហើយក្នុងករណីដែលជនបរទេសដែលអត់បានបំពេញលក្ខខណ្ឌ ហើយស្រាប់តែសមត្ថកិច្ចឬអាជ្ញាធរចេញអត្តសញ្ញាណប័ណ្ណដោយខុសច្បាប់នោះ គឺថាអ្នកណាដែលជាអ្នកដាក់ទោសទណ្ឌ? ហើយក្នុងករណីដែលគេប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលចេញដោយខុសច្បាប់ ហើយទៅចុះឈ្មោះទៀតហ្នឹង ក៏យើងត្រូវតែពិនិត្យទាំងអស់

អគ្គលេខាធិការនិងអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ិន បានឲ្យដឹងថាសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារតាមមូលដ្ឋានភូមិឃុំ ដែលគណបក្សបានបញ្ជូនទៅនិងភ្នាក់ងារអង្កេតការណ៍ ហើយនេះជារឿងមួយពាក់ព័ន្ធច្រើននិងពិបាកក្នុងការដោះស្រាយព្រមទាំងចំណាយថវិការច្រើន ដូចនេះលោកបានស្នើឲ្យអង្គការសង្គមស៊ីវីល ព្រមទាំងគណបក្សនយោបាយទាំងអស់ជួយអង្កេតនិងឃ្លាំមើលភាពមិនប្រក្រតីទាំងអស់។

លោកមានប្រសាសន៍ថា៖ (ចំពោះ)គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យើងអាចធ្វើការនៅក្នុងឃុំដែលយើងមានក្រុមការងារ ដែលយើងមានក្នុងឃុំ ដែលយើងធ្វើការជាមួយគាត់។ គាត់អាចជួយផ្ទៀតផ្ទាត់មើលឈ្មោះក្នុងបញ្ជីឆ្នោតហ្នឹង! ខ្ញុំគិតថា បើយល់ល្អ គណបក្សនយោបាយដទៃទៀត ដែលមានបណ្តាញគាត់ធំ បណ្តាញគាត់ច្រើន គាត់គួរតែចលនាឲ្យសមាជិកគាត់ចុះជួយត្រួតពិនិត្យ ធ្វើការតវ៉ាអីជាដើមពេលដែលធ្វើការចុះឈ្មោះបោះឆ្នោត 

ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានប្រកាសពីកាលបរិច្ឆេទនិងនីតិវិធីចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៧និង២០១៨ ទាំងសង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ បានលើកឡើងពីក្តីបារម្ភភ្លាមៗ ជុំវិញភាពមិនប្រក្រតីលើនីតិវិធីនិងភាពស្របច្បាប់នានា ដែលអនុញ្ញាតឲ្យជនបរទេសអាចចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតបាននៅពេលខាងមុខ។
ចំពោះនាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា ខុមហ្វៀល លោក គល់ បញ្ញា បានបញ្ជាក់ថា ខុមហ្វែលមានអ្នកអង្កេតការណ៍៦០០នាក់ហើយ សម្រាប់ដាក់ពង្រាយតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗ ដើម្បីតាមដាននិងធ្វើវិសោធនកម្ម ដើម្បីឲ្យមានការកែប្រែ បើសិនជាគល់បញ្ជីចុះឈ្មោះបោះឆ្នោតមានភាពមិនប្រក្រតី។
លោកថាក្រៅពីនេះខុមហ្វែលក៏បានរៀបចំកម្មវិធីសិក្ខាសាលាអប់រំមន្ត្រីគណបក្សនយោបាយ ធ្វើស្ពតខ្លីៗអប់រំណែនាំជាច្រើន ផ្សព្វផ្សាយតាមវិទ្យុ និងបណ្តាញសង្គម ដើម្បីបញ្ជៀបការយល់ដឹងពីសារៈសំខាន់និងព័ត៌មាននៃការបោះឆ្នោត។
លោកមានប្រសាសន៍ថា៖ […] នៅពេលគេចាប់ផ្តើមបិទបញ្ជីដំបូង យើងចាប់ផ្តើមធ្វើវិសោធនកម្មបញ្ជីដំបូង ថាតើបញ្ជីហ្នឹងមានគុណភាពកម្រិតប៉ុណ្ណាដែលប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតហើយ តើត្រឹមត្រូវទេ? ហើយឈ្មោះត្រឹមត្រូវនៅក្នុងហ្នឹងទេ? ហើយមានបាត់ឈ្មោះ មានស្អីទេ? យើងចង់ដឹងពីភាពត្រឹមត្រូវនៃបញ្ជីចុះឈ្មោះបោះឆ្នោត ហើយបន្ទាប់មក យើងនឹងធ្វើជារបាយការណ៍ឲ្យទៅ គ.ជ.ប. ដើម្បីអោយ គ.ជ.ប. មានលទ្ធភាពកែប្រែនូវបញ្ជីចុះឈ្មោះបោះឆ្នោត បើសិនជាមានបញ្ហាខុសច្រើន
ដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានរយៈពេល៩០ថ្ងៃគត់ ដោយគិតទាំងថ្ងៃសៅរិ៍និងថ្ងៃអាទិត្យផងដែរ។ ប្រជាពលរដ្ឋដែលមានអាយុអាចបោះឆ្នោតមានចំនួនជាង៩លានកន្លះ នេះបើតាមតារាងស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ការចុះឈ្មោះបោះឆ្នោត២០១៦របស់ គ.ជ.ប។ ហើយប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនាឆ្នាំ២០១៧ខាងមុខនិងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨៕




No comments:

Post a Comment