Paris Peace Accords 23 Oct. 1991

Friday, September 9, 2016

មន្ត្រី រដ្ឋាភិបាល៖ លិខិត ​របស់​ តំណាងរាស្ត្រ​ អាមេរិក​ គ្មាន​ ឥទ្ធិពល ​លើ​រដ្ឋាភិបាល​ កម្ពុជា | Govt official: Letter of US congressman has no influence on Cambodian govt

សុខ ឥសាន ៨៥៥
មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។

មន្ត្រី រដ្ឋាភិបាល៖ លិខិត ​របស់​ តំណាងរាស្ត្រ​ អាមេរិក​ គ្មាន​ ឥទ្ធិពល ​លើ​រដ្ឋាភិបាល​ កម្ពុជា

RFA / វិទ្យុ អាស៊ី សេរី | ៨ កញ្ញា ២០១៦




មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ ប្រជាជន​ កម្ពុជា អះអាង​ ថា, កម្ពុជា ជា​រដ្ឋ​ឯករាជ្យ មិន​អាច​ ទទួល​យក​ សំណើ ​របស់​ តំណាងរាស្ត្រ សហព័ន្ធ​ សហរដ្ឋ​ អាមេរិក ដែល​ជំរុញ​ ឲ្យ​រដ្ឋាភិបាល​ ក្រុង​ភ្នំពេញ គោរព​ គោលការណ៍​ លទ្ធិប្រជាធិបតេយ្យ​ តាម​រយៈ​ការ​ បោះឆ្នោត ​ប្រកប ​ដោយ​សេរី និង​យុត្តិធម៌ ដោយ​មាន​ ការ​ចូលរួម ​ពី​គ្រប់​ភាគី​ ពាក់ព័ន្ធ។
តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រាន​ចោល​លិខិត​របស់​លោក អេដ រ៉យ (Ed Royce) ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​រដ្ឋ​សភា​សហរដ្ឋអាមេរិក ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី និង​លោក កឹម សុខា ចូលរួម​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​គ្មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​អះអាង​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ហើយ​ថា លិខិត​របស់​លោក អេដ រ៉យ គ្មាន​ឥទ្ធិពល​អ្វី​លើ​នីតិរដ្ឋ​របស់​កម្ពុជា នោះ​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ នៅ​តែ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​តាម​ធម្មតា បើ​ទោះ​បី​ជា​គ្មាន​វត្តមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ក៏ដោយ៖ «ទោះបីជា​លោក សម រង្ស៊ី គ្មាន​វត្តមាន ប៉ុន្តែ​ខ្ញុំ​គិត​ថា រឿង​លោក សម រង្ស៊ី ជា​រឿង​បុគ្គល​សុទ្ធសាធ​ដែល​គាត់​ប្រព្រឹត្ត​ល្មើស​ច្បាប់​ហើយ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ បរទេស​ខ្លះ​ហ្នឹង​គួរ​តែ​យល់​បញ្ហា​ពិត​នៅ​កម្ពុជា យ៉ាង​ម៉េច ហើយ​កុំ​យក​មនុស្ស​ម្នាក់​ដែល​មាន​ទោស​ហើយ មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​ហើយ ហើយ​មក​ចង់​ស្ទូច​ស្ទង់​ហ្នឹង តើ​វា​មាន​ប្រយោជន៍​អី​ខ្លះ

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាងរាស្ត្រ​របស់​សហរដ្ឋអាមេរិក លោក អេដ រ៉យ កាល​ពី​ថ្ងៃ​អង្គារ ទី​៧ ខែ​កញ្ញា បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា ប្រសិនបើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​គ្មាន​ការ​ចូល​រួម​ដោយ​សេរី​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ នោះ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ក៏​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ  ហើយ​សហរដ្ឋអាមេរិក នឹង​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​លទ្ធផល​ពី​ការ​បោះ​ឆ្នោត​នោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក សុខ ឥសាន បញ្ជាក់​ជំហរ​ថា ការ​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី ដើម្បី​បាន​ចូលរួម​ការ​បោះឆ្នោត​លើក​នេះ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ លុះត្រាតែ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នោះ​ចូលខ្លួន​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ជាមុនសិន៖ «បើ​និយាយ​ពី សម រង្ស៊ី ឲ្យ​ចូល​ស្រុក​វិញ គឺ​មិន​អាច​ទៅ​រួច​ជា​ដាច់​ខាត។ រឿង​របស់​គាត់​គឺ​ជា​រឿង​បរិហាកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដល់​គេ​ប្ដឹង​ទៅ ត្រូវ​តុលាការ​កាត់ទោស អ៊ីចឹង​ហើយ​ឲ្យ​យើង​ថា​ម៉េច

​ប៉ុន្តែ​លិខិត​របស់​លោក អេដ រ៉យ បញ្ជាក់​ទៀត​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ មក​លើ​ថា្នក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ជា​ករណី​លោក សម រង្ស៊ី និង​លោក កឹម សុខា គឺ​ជា​ការ​បំផ្លាញ​ទាំងស្រុង​ដល់​ភាព​ស្របច្បាប់​នៃ​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ហើយ​ថា ការ​បន្ត​ចោទ​ប្រកាន់​ខាង​ផ្លូវច្បាប់​មក​លើ​ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ហេតុផល​នយោបាយ​តែ​ម្យ៉ាង​ប៉ុណ្ណោះ។

លោក អេដ រ៉យ បាន​សម្តែង​ក្ដី​បារម្ភ​ថា ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ មក សហរដ្ឋអាមេរិក​សង្កេត​ឃើញ​មាន​ការ​ប្រើ​អំពើហិង្សា និង​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ។ ជាក់ស្ដែង​ដូច​ករណី​វាយប្រហារ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន ដែល​ជា​ពលរដ្ឋ​អាមេរិកាំង និង​លោក គង់ សភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ និង​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លង​ទៅ​នេះ។

លោក​បន្ត​ទៀត​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ មាន​ន័យ​ថា លោក ហ៊ុន សែន កំពុង​បដិសេធ​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ហើយ​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ឈប់​យាយី​មកលើ​លោក សម រង្ស៊ី និង​លោក កឹម សុខា និង​មេដឹកនាំ​បក្ស​ប្រឆាំង​ដទៃ​ទៀត។

កាល​ពី​ដើម​សប្តាហ៍​នេះ ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បរិយាកាស​បំភិតបំភ័យ​ទាំង​ឡាយ​ដែល​កំពុង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​អ្នក​នយោបាយ អ្នក​គាំទ្រ​​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​វិធានការ​តឹងរ៉ឹង​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​គូបដិបក្ខ​នយោបាយ​ដែល​លេចធ្លោ៕





No comments:

Post a Comment