Paris Peace Accords 23 Oct. 1991

Thursday, September 8, 2016

អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​ អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល​ ទម្លាក់​ បទ​ចោទ​ប្រឆាំង​ លោក កឹម សុខា | Intl human rights org calls on govt to drop charges against Kem Sokha

កឹម សុខា ៨៥៥ ២០១៦
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​ អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល​ ទម្លាក់​ បទ​ចោទ​ប្រឆាំង​ លោក កឹម សុខា

RFA / វិទ្យុ អាស៊ី សេរី | ៧ កញ្ញា ២០១៦


អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ ​ឲ្យ​អាជ្ញាធរ​ កម្ពុជា ទម្លាក់​ចោល​ បទ​ចោទ​ប្រឆាំង​ លោក កឹម សុខា, ដោះលែង ​អ្នក​ជាប់​ឃុំ និង​អ្នក​ទោស​ នយោបាយ, ព្រម​ទាំង​ បញ្ឈប់​ ការ​គាប​សង្កត់​ ផ្នែក​នយោបាយ​ គ្រប់​រូបភាព ដើម្បី​ ធានា​ ឲ្យ​មាន​ ការ​បោះឆ្នោត​ ដោយ​សេរី និង​យុត្តិធម៌​ នៅ​ពេល ​ខាង​មុខ។  ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ តាម​រយៈ​ សេចក្តី​ប្រកាស ​ព័ត៌មាន ​ចេញ​ផ្សាយ​ នៅ​ថ្ងៃ ទី​៦ កញ្ញា។


អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ហៅ​ការ​ជំនុំ​ជម្រះ​បទ​ព្រហ្មទណ្ឌ​លើ​លោក កឹម សុខា ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ហិង្សា​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ករណី​នេះ​ជា​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​លើ​គណបក្ស​ប្រឆាំង«ករណី​លោក កឹម សុខា គឺ​ជា​ការ​ជំនុំ​ជម្រះ​ចុង​ក្រោយ​មួយ​ដែល​មាន​ចរិត​នយោបាយ​សំដៅ​គណបក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សង្គម និង​បញ្ញវន្ត​សាធារណៈ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ប្រើប្រាស់​ល្បិចកល​គ្រប់​បែប​យ៉ាង​ក្នុង​សៀវភៅ ដើម្បី​បន្សាប​ក្រុម​ប្រឆាំង​នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ក្រោយ​ពេល​គណបក្ស​របស់​គាត់​ធ្លាក់​ចុះ​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​មុន»


ក្រៅ​ពី​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ចាត់​ទុក​ការ​សម្ញែង​កង​កម្លាំង​យោធា​ដើម្បី​អនុវត្ត​បទបញ្ជា​ចាប់​ខ្លួន ឬ​ចូលរួម​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​និយាម​អន្តរជាតិ និង​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។

លោក ប៊្រែដ អាដាម អះអាង​ថា នេះ​ជា​សកម្មភាព​បំភិត​បំភ័យ​ដ៏​ឃោរឃៅ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​រក្សា​អំណាច។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ទៅ​មុខ ដោយ​ពួក​គេ​ត្រូវ​ធ្វើ​កិច្ចការ​នេះ​រួម​គ្នា និង​ជា​បន្ទាន់។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ។ លោក​ថា​ករណី​លោក កឹម សុខា ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ហើយ​ថា​ការ​ថ្លែង​របស់​លោក ប៊្រែដ អាដាម ជា​រឿង​ដែល​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត«ការ ​ពិត​ហ្នឹង គឺ​ច្បាប់​កម្ពុជា ហាម​មិន​ឲ្យ​អ្នក​ណា​ធ្វើ​អំពើ​ពុក​រលួយ​ដែល​យើង​កំពុង​តែ​ពង្រឹង ហើយ​ទី​ពីរ គឺ​រឿង​ត្រូវ​តែ​ឆ្លើយ​តប​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ។ អា​ហ្នឹង​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ដូច្នេះ​កុំ​យក​សាច់​រឿង​ហ្នឹង​ទៅ​ជា​រឿង​នយោបាយ»


ទាក់ទង​នឹង​ការ​ស្នើ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​កម្ពុជា លោក ផៃ ស៊ីផាន ថា​រាល់​កិច្ចព្រមព្រៀង​ផ្តល់ ឬ​ទទួល​ជំនួយ កើត​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ពី​ភាគី​ទាំង​សង​ខាង ដែល​ជា​ទំនាក់ទំនង​ដៃគូ​ស្មើ​មុខ​គ្នា។

តុលាការ​ក្រុង​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ករណី​លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ កញ្ញា ខាង​មុខ។ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ក្នុង​នាម​ជា​ សាក្សី ក្នុង​រឿង​សញ្ចារកម្ម​តាម​មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ។ អយ្យការ​ហៅ​ការ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​លោក កឹម សុខា ថា​ជា​បទល្មើស​ជាក់ស្តែង។

មាត្រា​៥៣៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ធ្វើ​ជា​សាក្សី​នៅ​មុខ​អយ្យការ ឬ​ចៅក្រម​ស៊ើបសួរ ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ​ដោយ​គ្មាន​មូលហេតុ​សមស្រប ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ ១​លាន​រៀល។
សមាជិក​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា គឺ​លោក សំ សុគង់ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​សវនាការ​នៅ​ថ្ងៃ​ទី​៩ កញ្ញា ទៅ​ពេល​ក្រោយ​វិញ ដោយ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​កំពូល ចំពោះ​បណ្ដឹង​សារទុក្ខ​របស់​ក្រុម​មេធាវី ទៅ​នឹង​សាល​ដីកា​របស់​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍។ លោក​ថា បើ​សិន​ជា​មិន​មាន​ការ​ឆ្លើយ​តប​ពី​តុលាការ​នោះ​ទេ ក្រុម​មេធាវី​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​នោះ​ឡើយ«វា ​ជា​រឿង​នីតិវិធី​សុទ្ធសាធ។ បើ​សិន​ជា​កុំ​ឲ្យ​ការ​កាត់​សេចក្តី​ទៅ​មាន​ការ​រិះគន់ គួរ​តែ​រង់ចាំ​តុលាការ​កំពូល​សម្រេច​សិន​ទៅ វា​មិន​ជា​ការ​យឺត​យូរ ឬ​ក៏​ហួស​ពេល​អី ដែល​តុលាការ​រាជធានី​ភ្នំពេញ​ត្រូវ​ចាំបាច់​កាត់​ថ្ងៃ​៩ (កញ្ញា) ដែរ»

ក្រុម​មេធាវី​អះអាង​ថា ករណី​លោក កឹម សុខា មិន​មែន​ជា​បទល្មើស​ជាក់ស្តែង​នោះ​ទេ ហើយ​ថា​លោក កឹម សុខា មាន​មូលហេតុ​សមស្រប​ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ព្រោះ​លោក​ជា​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​សភា៕






1 comment:

  1. Anonymous7:38 AM

    What? There is two girls who have disputes with Kem Sokha.

    1. Mom Srey. She alleged Kem Sokha cheated her with false promises of money, house, ... for sex.

    2. Thy Sovantha. She directly asked Kem Sokha to clarify the voice on the sex audio record which said nasty sexual things about her.

    So, how do you propose to bring justice for these two girls? Kem Sokha refused to present himself to address the issue. Perhaps he has been clean all along, but he needs to address the issue, like this:

    "I did not have any sexual relationship with that girl."
    "That was not my voice on the audio record [talking dirty about Sovantha]."

    ReplyDelete