ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦។ RFA/Sorn Chanratha |
ក្រសួង មហាផ្ទៃ មិនទាន់ ទទួលបាន ដីកា ឲ្យចាប់ខ្លួន លោក កឹម សុខា នៅឡើយទេ
RFA / វិទ្យុ អាស៊ី សេរី | ១ កញ្ញា ២០១៦
ខណៈ ក្រុមយោធា នៅតែ ធ្វើសកម្មភាព នៅក្បែរៗ ទីស្នាក់ការ កណ្ដាល គណបក្ស សង្គ្រោះជាតិ
ដដែលនោះ, មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បញ្ជាក់ ថា,
មកទល់ពេលនេះ មិនទាន់មាន ដីកា ឲ្យចាប់ខ្លួន លោក កឹម សុខា នៅឡើយទេ។
ការថ្លែងបែបនេះ របស់ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ
ស្របពេល ដែលក្រុម អន្តរាគមន៍ ជើងទឹក បន្តជិះ អូប័រ ឆ្វែលនៅឯត្រើយម្ខាង ទន្លេបាសាក់ នៅពីក្រោយ ទីស្នាក់ការ កណ្ដាល គណបក្ស សង្គ្រោះជាតិ។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ
បន្ទាប់ពីកងអន្តរាគមន៍ពិសេសមានទាំងផ្លូវគោក ផ្លូវអាកាស
និងផ្លូវទឹកប្រដាប់ដោយអាវុធ
នាំគ្នាល្បាតជុំវិញទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ជាកន្លែងដែលលោក
កឹម សុខា កំពុងស្នាក់នៅបណ្ដោះអាសន្នជាច្រើនខែមកហើយ។
នៅពេលធ្វើសកម្មភាពនេះ ក្រសួងការពារជាតិ
មិនបានពន្យល់ជាផ្លូវការនោះទេ។
ក្រោយពេលមានការរិះគន់សកម្មភាពនេះពីសំណាក់គណបក្សសង្គ្រោះជាតិ អ្នកវិភាគ
និងពលរដ្ឋ ក្រសួងការពារជាតិ សម្រេចចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១
ខែកញ្ញា ពន្យល់ថា ការចល័តកម្លាំងកងទ័ពនៅក្នុងរាជធានីភ្នំពេញ
និងខេត្តកណ្ដាល
គឺជាការហ្វឹកហ្វឺនសាកល្បងសមត្ថភាពកម្លាំងចល័តរបស់ក្រសួងការពារជាតិ។
អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលនូវការចោទប្រកាន់ពីអ្នកនយោបាយ
និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះជនទាំងឡាយដែលមានចេតនាបង្ខូចកិត្តិយសកងយោធា
ដែលកំពុងការពាររាជរដ្ឋាភិបាលស្របច្បាប់។
ទោះបីជាយ៉ាងណាក្តី នៅថ្ងៃទី១ ខែកញ្ញា
គេមិនឃើញកងអន្តរាគមន៍ពិសេសផ្លូវគោក និង ផ្លូវអាកាស
ធ្វើសកម្មភាពនៅបរិវេណទីស្នាក់ការគណបក្សសង្គ្រោះជាតិ ទៀតទេ។
ប៉ុន្តែក្រុមកងទ័ពជើងទឹកនៅតែបន្តសកម្មភាពទៅមកនៅពីក្រោយទីស្នាក់ការគណបក្សដដែល។
អាស៊ីសេរី
មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ
បានទេនៅថ្ងៃទី១ ខែកញ្ញា។ ប៉ុន្តែលោកបានផ្តល់សម្ភាសឲ្យវិទ្យុស្ត្រី
១០២ ដោយបញ្ជាក់ថា កងទ័ពចង់ធ្វើលំហាត់សមយុទ្ធនៅទីណាកន្លែងក៏បានដែរ។
លោកឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី១ ខែកញ្ញា
ឆ្នាំ២០១៦ កងទ័ពជើងទឹកប្រើនាវា ៨គ្រឿង និងអូប័រ ២២គ្រឿង
ដើម្បីបន្តហ្វឹកហ្វឺននៅក្នុងការទប់ទល់នឹងគ្រោះមហន្តរាយផ្សេងៗនៅតាមដងទន្លេសាប
និងទន្លេបាសាក់។
ការធ្វើសកម្មភាពសមយុទ្ធកណ្ដាលក្រុងភ្នំពេញរបស់ក្រសួងការពារជាតិ
ដ៏កម្របែបនេះ ក្រោយពេលមេទ័ពដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
គឺលោកផ្កាយមាស៤ គន់ គីម ប្រកាសថា លោកនឹងជួយចាប់ខ្លួនលោក សម រង្ស៊ី
និងលោក កឹម សុខា បើមានសំណើពីតុលាការ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ សង្កេតឃើញថា
ចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ រួចមក
សកម្មភាពកងទ័ពមានការចូលរួមការងារផ្ទៃក្នុងច្រើន៖ «មិនឃើញក្រសួងមហាផ្ទៃ
មិនសូវជាចេញមុខ។
ខ្ញុំឃើញតែខាងកងទ័ពចេញមុខច្រើនលើការងារផ្ទៃក្នុងដែលជាការងាររបស់ក្រសួងមហាផ្ទៃ។
យូរៗទៅដូចការគ្រប់គ្រងរដ្ឋ ក្លាយជារបបយោធា»។
ដោយឡែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង
ឆៃអ៊ាង ស្នើឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ
តាមដានរាល់ដំណើរការរបស់តុលាការលើសំណុំរឿងលោក កឹម សុខា
ព្រោះតុលាការនៅកម្ពុជា ពឹងពាក់មិនបានទេ។ លោក អេង ឆៃអ៊ាង
ប្រាប់អ្នកគាំទ្ររបស់ខ្លួននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ
ថាការធ្វើការងាររបស់តុលាការ តែងតែរំលោភនីតិវិធីម្តងហើយម្តងទៀត៖ «ខ្ញុំនាមគណបក្សសង្គ្រោះជាតិ
សុំអំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួមតាមឃ្លាំមើលទាំងអស់គ្នា។
យើងអត់ដឹងថា ស្ថានការណ៍ហ្នឹងនឹងវិវឌ្ឍន៍ទៅដល់ណាទេ»។
ជុំវិញសំណុំរឿងនេះដែរ ក្រុមមេធាវីរបស់លោក កឹម សុខា
បានប្ដឹងទៅតុលាការកំពូល ដោយចោទប្រកាន់ថា
សាលាឧទ្ធរណ៍ធ្វើខុសនីតិវិធីដែលសវនាការនឹងបើកជំនុំជម្រះនៅថ្ងៃទី២
ខែកញ្ញា។
ក្រុមមេធាវីក៏ប្ដឹងទៅសាលាឧទ្ធរណ៍ដែរថា
សាលាដំបូងរាជធានីភ្នំពេញធ្វើខុសនីតិវិធី
ដែលសវនាការនឹងជំនុំជម្រះនៅថ្ងៃទី៥ ខែកញ្ញា។
នៅថ្ងៃទី៩ ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញ
នឹងបើកសវនាការលើករណីមិនចូលខ្លួនរបស់លោក កឹម សុខា ក្នុងនាមជាសាក្សី៕
No comments:
Post a Comment