Paris Peace Accords 23 Oct. 1991

Sunday, September 18, 2016

មន្ត្រី​ បក្ស​កាន់អំណាច ​ច្រាន​ចោល​ គំនិត ​ស្នើ​សុំ​ ព្រះរាជ​អន្តរាគមន៍​ បញ្ហា​នយោបា | Ruling party dismisses idea of royal intervention in political issues

សុខ ឥសាន ៨៥៥ ២០១៦
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Brach Chev

មន្ត្រី​ បក្ស​កាន់អំណាច ​ច្រាន​ចោល​ គំនិត ​ស្នើ​សុំ​ ព្រះរាជ​អន្តរាគមន៍​ បញ្ហា​នយោបាយ

RFA / វិទ្យុ អាស៊ី សេរី | ១៦ កញ្ញា ២០១៦



មន្ត្រី​vគណបក្ស​ កាន់​អំណាច ​ច្រានចោល​ គំនិត ​របស់ ​អ្នក​នយោបាយ​ ជើង​ចាស់ លោក លឺ ឡាយស្រេង ដែល​ស្នើ​ ព្រះរាជ​អន្តរាគមន៍​ ពី​​ព្រះមហាក្សត្រ ​ដើម្បី​ ដោះស្រាយ​ វិបត្តិនយោបាយ។  ទោះ​ យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​ នយោបាយ​ យល់​ថា, ស្ថានការណ៍ ​នយោបាយ​ តឹងតែង ​ដូច​សព្វ​ថ្ងៃ​នេះ គួរ​តែ​ មាន​ព្រះរាជ​អន្តរាគមន៍​ ពី​ព្រះមហាក្សត្រ ខណៈ​ ច្បាប់​កំពូល​ របស់​ កម្ពុជា ចែង​ថា, ព្រះមហាក្សត្រ​,ជា​អ្នក​បង្រួប​បង្រួម ធ្វើ​ឲ្យ​មាន​,ឯកភាព​ជាតិ។


ខណៈ​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​រឿង​នយោបាយ បាន​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​នេះ។ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា លិខិត​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ទំនោរ​លំអៀង​ទៅ​គណបក្ស​ប្រឆាំង។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លិខិត​របស់​លោក លឺ ឡាយស្រេង មាន​លក្ខណៈ​បង្ខិតបង្ខំ​ព្រះមហាក្សត្រ និង​ជា​ការ​ប្រមាថ​ព្រះមហាក្សត្រ។ លោក​បន្ត​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ទស្សនទាន​នៃ​ខ្លឹម​សារ​លិខិត​នោះ៖ «ការ ​ដែល​បង្គាប់​បញ្ជា​ដែល​បង្ខិតបង្ខំ​ឲ្យ​ព្រះករុណា​ដោះស្រាយ​នេះ ខ្ញុំ​យល់​ថា​ជា​ទំនោរ​នយោបាយ​លម្អៀង​ទៅ​រក​បក្ស​ប្រឆាំង។ ខ្ញុំ​ចង់​ជូន​យោបល់​គាត់​វិញ ប្រាប់​ទៅ​បក្ស​ប្រឆាំង មន្ត្រី ឬ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ឲ្យ​ឈប់​ប្រព្រឹត្ត​ខុស​ច្បាប់»



​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ ឯ​ណោះ​វិញ គាំទ្រ​នូវ​គំនិត​យោបល់​ដែល​បង្ហាញ​ពី​ការ​ចង់​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ សន្តិវិធី។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ដើម្បី​ដោះស្រាយ​វិបត្តិ​ នយោបាយ​នៅ​ពេល​នេះ។ ចំពោះ​ការ​រំពឹង​យ៉ាង​ណា​នោះ លោក យឹម សុវណ្ណ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ព្រះមហាក្សត្រ​ចំពោះ​លិខិត​របស់​លោក លឺ ឡាយស្រេង៖ «ចាំ​មើល​សិន​ទៅ ចាំ​មើល​ថា​តើ​លោក​ព្រះរាជ​តម្រិះ​យ៉ាង​ម៉េច? ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ រង់ចាំ​តែ​ដំណោះស្រាយ​ទេ»



លឺ ឡាយស្រេង ២០១៦ ៨៥៥
លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រួប ក្នុង​បន្ទប់​ផ្សាយ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Cheu Sideth
​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នក​នយោបាយ​ជើងចាស់ លោក លឺ ឡាយស្រេង បាន​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​អង្គ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដើម្បី​យាង​ទ្រង់​ធ្វើ​អន្តរាគមន៍ និង​ដោះស្រាយ​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​នៅ​កម្ពុជា។
​ក្រោយ​ការ​លិខិត​នេះ ទីប្រឹក្សា​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះ​នរោត្ដម មុនីនាថ គឺ​លោក អ៊ុំ ដារ៉ាវុធ ឲ្យ​អាស៊ីសេរី ដឹង​ថា បាន​ទទួល​លិខិត​នេះ​ហើយ និង​កំពុង​ពិនិត្យ។
​បញ្ជាក់​បន្ថែម​ពី​លិខិត​របស់​ខ្លួន លោក លឺ ឡាយស្រេង និយាយ​ថា ប្រសិនបើ​ព្រះមហាក្សត្រ​កោះហៅ​ប្រមុខ​ទាំង​ពីរ​ចូល​វាំង នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​មក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​ដោយ​ចុង​កាណុង​កាំភ្លើង មិន​អាច​រំលត់​បញ្ហា​បាន​ទេ«បើ ​សិន​ស្ដេច​ប្រកាស​អញ្ជើញ​មេ​បក្ស​ទាំង​ពីរ​នេះ​ចូល​វាំង ហើយ​បញ្ជា​ឲ្យ​ធ្វើ​នេះៗ អ្នក​មិន​ធ្វើ ប្រជារាស្ត្រ​នឹង​ថ្កោលទោស គឺ​ច្បាស់​ជា​អ៊ីចឹង ប៉ុន្តែ​ឲ្យ​ព្រះមហាក្សត្រ​ហ៊ាន»
ម្ដង​ហើយ​ម្ដង​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តែង​ព្រមាន​ប្រើ​កងកម្លាំង​ដើម្បី​ជា​ការ​ឆ្លើយ​តប​ការ​ប្រកាស​ធ្វើ​មហា​ បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​មេទ័ព​មួយ​ចំនួន​ដែល​សិទ្ធិ​នឹង​លោក ក៏​តែងតែ​ស្រែក​បន្ទរ​ថា នឹង​កម្ចាត់​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់ថា ការ​បដិសេធ​របស់​គ​ណ​បក្ស​នយោបាយ​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ព្រោះ​គណបក្ស​នេះ​បង្ហាញ​ជំហរ​មិន​ចង់​ដោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី។ លោក​ថា ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​បាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ គឺ​ផ្ដល់​សិទ្ធិ​ឲ្យ​ព្រះ​អង្គ​ជា​អ្នក​សម្របសម្រួល​នយោបាយ និង​ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ«ខ្ញុំ​រង់ចាំ​ មើល​ព្រះរាជ​សម្រេច​ព្រះទ័យ​របស់​ព្រះករុណា ដែល​ព្រះអង្គ​មាន​ព្រះរាជ​តួនាទី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការ​បង្រួបបង្រួម​ ឯកភាព​ជាតិ»
​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ខណៈ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូល​ធ្វើ​នៅ​ក្នុង​សភា និង​ងាក​មក​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​នោះ ព្រោះ​មហាក្សត្រ​បាន​កោះ​អញ្ជើញ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​ចូល​វាំង​ដែរ ប៉ុន្តែ​មិន​ទទួល​លទ្ធផល​អ្វី​ជា​គាប់​ចិត្ត​នោះ​ទេ។ ជុំវិញ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​នេះ​វិញ អ្នក​វិភាគ​ព្រមាន​ថា ប្រសិនបើ​កម្លាំង​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ប្រឈម​ដាក់​គ្នា នឹង​នាំ​មាន​ការ​ខាត់​បង់ប្រយោជន៍​យ៉ាង​ធ្ងន់ធ្ងរ៕




1 comment:

  1. Anonymous12:03 AM

    សុខ ឥសាន? អាយួនមួយនេះ ជាខ្មែរ ជាងខ្មែរទៅទៀត។ តាំងពីឈ្មោះវា រហូត ដល់ពាក្យសំដីវា។ អាហ្នឹងហើយដែលគេថា យួនវា ធ្វើគំរោងការណ៏ ដើម្បី លេព ទឺកដីខ្មែរ រាប់សត្តវត្ស រួចមកហើយនោះ។ តើអាគុក ហ៊ុនសែន ដឹងដែរឬទេ? វាដឹង ក៏ប៉ុន្តែ វាជា ខ្ញំុកញ្ជះ យួនទៅហើយ តើឲ្យវាធ្វើ យ៉ាងមេចទៅ ក្រៅតែពី បំរើយួន រហូតដល់ ដង្ហើមចុងក្រោយរបស់វា។ តើអ្នកណា អាចជួយ សរសេរ យោបល់ ខ្ញំុនេះ ជា ភាសា អងគ្លេស បានទេ? សូមអរគុណទុកជាមុន៕

    ReplyDelete