ទិដ្ឋភាពសមត្ថកិច្ចរារាំងក្រុមពលរដ្ឋដែលមានបញ្ហាដីធ្លី ដោយសារការលុបបឹង និងបណ្ដាញព្រះសង្ឃ នៅចំណុចបឹងកក់ មុខទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ RFA/Uon Chhin |
ជនរងគ្រោះ ដោយការ រំលោភសិទ្ធិ សាទរ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ដែលទទួលយក បណ្ដឹង
RFA / វិទ្យុ អាស៊ី សេរី | ១៨ កញ្ញា ២០១៦
គ្រួសារ ជនរងគ្រោះ ដោយការ បាញ់សម្លាប់
សកម្មជន ដីធ្លី និងអង្គការ សង្គមស៊ីវិល បានសាទរ បន្ទាប់ ពីបានទទួល ដំណឹង ថា, តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ (ICC) បានចេញ សេចក្ដីប្រកាស ពីឯកសារលម្អិត ស្ដីពី គោលនយោបាយ ថ្មី ក្នុងការ ជ្រើសរើស បណ្ដឹង និងការ ដាក់សំណុំរឿង ជាអាទិភាព។
ក្រុមគ្រួសារជនរងគ្រោះដោយការរំលោភសិទ្ធិមនុស្ស
និងដីធ្លី រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិល បានរំពឹងថា
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អាចនឹងផ្ដល់យុត្តិធម៌ជូនពួកគេ
ជាជាងតុលាការនៅកម្ពុជា។
ស្ត្រីសហគមន៍បឹងកក់
លោកស្រី បូវ សោភា មានទស្សនៈថា
លោកស្រីត្រេកអរខ្លាំងណាស់បន្ទាប់ពីបានទទួលដំណឹងថា
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញសេចក្ដីប្រកាស
ពីឯកសារលម្អិតស្ដីពីគោលនយោបាយថ្មីក្នុងការជ្រើសរើសបណ្ដឹង។
លោកស្រីបន្តថា ដោយសារតែសហគមន៍បឹងកក់ ដែលរងការរំលោភបំពានដីធ្លី
ហើយទទួលរងនូវអំពើអយុត្តិធម៌មកដល់ពេលនេះហើយ
ថែមទាំងសកម្មជនក្នុងសហគមន៍កំពុងជាប់បណ្ដឹង
និងស្ថិតនៅក្នុងការឃុំខ្លួនទៀតនោះ នឹងមិនឯកោនោះទេ
ពោលគឺកំពុងមានការឃ្លាំមើលពីសហគមន៍អន្តរជាតិ។ លោកស្រីសង្ឃឹមថា
តុលាការអន្តរជាតិមួយនេះ នឹងផ្ដល់យុត្តិធម៌ជូនពួកគាត់ ទោះយូរ ឬឆាប់ក្ដី៖ «ខ្ញុំអត់មានទុកចិត្តលើប្រព័ន្ធតុលាការខ្មែរ តែបើសិនជាតុលាការនេះគាត់លើករឿងហ្នឹងឡើង ដើម្បីរកយុត្តិធម៌ឲ្យពួកខ្ញុំជាប្រជាពលរដ្ឋរងគ្រោះនៅប្រទេសកម្ពុជា គឺពួកខ្ញុំមានសេចក្ដីត្រេកអរមែនទែន ព្រោះពួកខ្ញុំធ្វើការតស៊ូមតិតាំងពីដើមរហូតមកដល់ពេលនេះ
គឺយើងធ្វើការតស៊ូមតិពាក់ព័ន្ធរឿងដីធ្លីសុទ្ធសាធ។»
ជុំវិញរឿងនេះដែរ លោក
ឆឺយ ឧត្តមរស្មី ដែលជាកូនប្រុសរបស់លោក ឈុត វុទ្ធី
ប្រធានអង្គការការពារធនធានធម្មជាតិ ដែលត្រូវបានជនល្មើសបាញ់សម្លាប់នៅក្នុងព្រៃនៃខេត្តកោះកុង
កាលពីឆ្នាំ២០១២ ថ្លែងថា វាជាការល្អខ្លាំងណាស់សម្រាប់លោក
ក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹង
ទទួលយកបណ្ដឹងនានាដែលពាក់ព័ន្ធការរំលោភបំពាន ការបណ្ដេញចេញ
ការគំរាមកំហែង និងការបាញ់សម្លាប់
ដែលនៅពុំទាន់ទទួលបានភាពយុត្តិធម៌នៅឡើយនោះ។
លោកជឿជាក់លើតុលាការមួយនេះ៖ «យើងមានសង្ឃឹមច្រើន
បើសិនជាគាត់ព្រមយកសំណើដែលប្រជាពលរដ្ឋខ្មែរដាក់ទៅ។ ជនរងគ្រោះដូចជាខ្ញុំ
ក៏ខ្ញុំដាក់ទៅ ក៏ខ្ញុំបានរៀបចំឯកសារសម្រាប់ដាក់ទៅ អាយ.ស៊ី.ស៊ី (ICC) លើបញ្ហាឃាតកម្មឪពុកខ្ញុំកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២
នៅខេត្តកោះកុង ដែរ។ ខ្ញុំសង្ឃឹមថា អាយ.ស៊ី.ស៊ី នឹងជួយរកយុត្តិធម៌ និងរកជននៅពីក្រោយការបាញ់សម្លាប់ឪពុកខ្ញុំក្នុងពេលឆាប់ៗនេះហើយ។»
កាលពីថ្ងៃទី១៥
ខែកញ្ញា រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អ្នកស្រី ហ្វាទូ
បេនស៊ូដា (Fatou Bensouda) បានចេញផ្សាយសេចក្ដីប្រកាសពីឯកសារលម្អិតស្ដីពីគោលនយោបាយថ្មី ស្ដីពីការជ្រើសរើសបណ្ដឹង
និងការដាក់សំណុំរឿងជាអាទិភាព។
តំណាងក្រុមហ៊ុនមេធាវី
គ្លបល ឌីលីជិនស៍ (Global
Diligence) លោកមេធាវី
រីឆាត រ៉ូជើរ (Richard
Rogers) ដែល
បានដាក់ពាក្យប្ដឹងរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីឆ្នាំ២០១៤
ស្ដីពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ សាទរនឹងសេចក្ដីប្រកាសនេះ ហើយថា
វាជាភ្លើងខៀវក្នុងការសើរើបណ្ដឹងរបស់លោកមកជំនុំជម្រះ
ហើយវាក៏ជាអវសាននៃអ្នករំលោភសិទ្ធិមនុស្ស និងដីធ្លីនៅកម្ពុជា ដែរ។
លោក រីឆាត រ៉ូជើរ
លើកឡើងទៀតថា សេចក្ដីប្រកាសដដែលនេះបញ្ជាក់ថា នីតិវិធីថ្មីរបស់ ICC នឹង
ជួយបិទបញ្ចប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា
ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិក្នុងអំឡុងពេលដែលមាន សន្តិភាព។
ម្យ៉ាងទៀត នេះក៏នឹងជាការចាប់ផ្ដើមបើកសំណុំរឿងដែលលោកបានប្ដឹងក្រុម
បក្ខពួកអ្នកមាន នៃគណបក្សកាន់អំណាចនៅកម្ពុជា ដែលបានធ្វើទុក្ខបុកម្នេញលើជនរងគ្រោះប្រទេសខ្លួន
ដូចជាការបាញ់សម្លាញ់សកម្មជន
ឬការបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ។
លោកមេធាវីដដែលបានប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅ ទីក្រុងឡាអេ
ដោយបណ្ដឹងនោះស្នើឲ្យបើកការស៊ើបអង្កេតជំហានដំបូងចំពោះបទឧក្រិដ្ឋ
ប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន
លោក សៀ ភារម្យ មានប្រសាសន៍ថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
មិនអាចឲ្យពលរដ្ឋទុកចិត្តបាន ឬផ្ដល់ភាពជឿជាក់ពីជនរងគ្រោះនៅកម្ពុជា
ទេ។ លោកសង្ឃឹមថា យន្តការអន្តរជាតិនេះជាក្ដីរំពឹងមួយសម្រាប់ពលរដ្ឋ
និងផ្នែកមួយដូចជាតុលាការខ្មែរក្រហម
ដែលឈានទៅចាប់ជនឧក្រិដ្ឋដែលរំលោភសិទ្ធិ និងរំលោភលំនៅឋានពីពលរដ្ឋ
ហើយជារនាំងខ្ទប់ និងបញ្ឈប់ការជម្លៀសចេញ និងបណ្ដេញពលរដ្ឋចេញពីលំនៅឋាន។
តុលាការព្រហ្មទណ្ឌអន្តរជាតិ
មិនបំពានអធិបតេយ្យភាព
ឬក៏មិនមានតួនាទីជាន់គ្នាជាមួយប្រទេសជាសមាជិកត្រង់ថា
តុលាការព្រហ្មទណ្ឌអន្តរជាតិ មិនលូកលាន់កាត់ទោសជនណាដែលស្ថាប័នច្បាប់
នៃប្រទេសណាមួយចាត់វិធានការស្របតាមគតិយុត្តិហើយនោះទេ។
ប៉ុន្តែតុលាការព្រហ្មទណ្ឌអន្តរជាតិ
ចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណាដែលម្ចាស់ប្រទេស
ព្រងើយកន្តើយមិនដោះស្រាយ ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយ
ដែលគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាល
ដើម្បីជួយការពារឧក្រិដ្ឋជនមិនឲ្យទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋ
ដែលជននោះបានប្រព្រឹត្តទៅវិញ៕
No comments:
Post a Comment