Paris Peace Accords 23 Oct. 1991

Thursday, September 29, 2016

លោក សម រង្ស៊ី ថា​ នឹង​វិល​មក​ កម្ពុជា​វិញ​ មុន​ពេល​ បោះឆ្នោត​ ទោះ​ គ្មាន ​ការ​លើកលែង​ទោស | Sam Rainsy says he'll return before elections even if no amnesty

សម រង្ស៊ី ៨៥៥ ២០១៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។ RFA/Brach Chev

លោក សម រង្ស៊ី ថា​ នឹង​វិល​មក​ កម្ពុជា​វិញ​ មុន​ពេល​ បោះឆ្នោត​ ទោះ​ គ្មាន ​ការ​លើកលែង​ទោស

RFA / វិទ្យុ អាស៊ី សេរី | ២៨ កញ្ញា ២០១៦



មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស ​ប្រជាជន​កម្ពុជា បាន​សាទរ​ ចំពោះ ​លោក សម រង្ស៊ី ដែល​ចង់​វិល ​ចូល​ស្រុក​វិញ ដើម្បី​ ចូលរួម​ ប្រកួត​ប្រជែង​ បោះឆ្នោត​ ជ្រើស​តាំង​ តំណាង​រាស្ត្រ​ អាណត្តិ​ទី​៦ ខាង​មុខ, ប៉ុន្តែ​ លោក សម រង្ស៊ី មិន​អាច​ធ្វើ ​នយោបាយ​ បាន​ទេ ប្រសិន​បើ​ គ្មាន​ ការ​លើកលែង​ទោស​ ជា​មុន។  អ្នក​ឃ្លាំ​មើល​ ការ​បោះឆ្នោត​ លើក​ឡើង ​ថា, នៅ​ក្នុង​របប​ ប្រជាធិបតេយ្យ ចាំបាច់​ណាស់​ ត្រូវ​តែ​ មាន​មេ​បក្ស​ប្រឆាំង ​មក​ចូលរួម ​ប្រកួត​ប្រជែង​ បោះឆ្នោត។
 

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា លោក សម រង្ស៊ី អាច​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ណា​ក៏​បាន ប៉ុន្តែ​លោក​ត្រូវ​ទទួល​ទោស​ជា​មុន​សិន ដើម្បី​ចូលរួម​ធ្វើ​នយោបាយ​បន្ត​ទៀត។
ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បែប​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក សម រង្ស៊ី ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស ប៊ី.ប៊ី.ស៊ី (BBC News) កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ថា លោក​នឹង​ពិចារណា​វិល​ចូល​កម្ពុជា វិញ​ក្នុង​រយៈពេល​ពីរ ឬ​បី​សប្ដាហ៍ ទោះ​ជា​មិន​មាន​ការ​លើកលែង​ទោស ដូច​លោក​ធ្លាប់​បាន​ធ្វើ​មុន​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ដែរ។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី អាច​វិល​ចូល​ប្រទេស​វិញ​នៅ​ពេល​ណា​ក៏​បាន ព្រោះ​ថា​ការ​និរទេស​ខ្លួន​របស់​លោក សម រង្ស៊ី ក៏​គ្មាន​អ្នក​ណា​បណ្ដេញ​ដែរ៖ «សូម​អញ្ជើញ​ឯកឧត្តម សម រង្ស៊ី មក​វិញ​ឥឡូវ​ក៏​បាន​ដែរ គ្រាន់​តែ​ថា​មាន​លក្ខណៈ​ពិសេស​ថា គាត់​មាន​សាលក្រម​ពិសេស​ពី​តុលាការ​ហើយ។ អ៊ីចឹង​ទេ​គាត់​មក​មិន​មែន​មក​ចូលរួម​ក្នុង​នយោបាយ​ទេ គឺ​មក​ចូល​ក្នុង​ពន្ធនាគារ»
នៅ​ក្នុង​បទសម្ភាសន៍​ប្រមាណ​ជា ៣០​នាទី លោក សម រង្ស៊ី បាន​រៀបរាប់​ជាច្រើន​អំពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ លោក​សង្កត់​ធ្ងន់​ថា យុវជន​កម្ពុជា ចង់​ឃើញ​ការ​ផ្លាស់ប្ដូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​ពេល​ខាង​មុខ ហើយ​លោក​ជឿជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ល្អ​ប្រសើរ​ជាង​មុន នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ជាដើម។ ចំពោះ​ការ​វិល​ចូល​ស្រុក​របស់​លោក​វិញ លោក​បញ្ជាក់​ថា មិន​មែន​ជា​បញ្ហា​យុត្តិធម៌ ឬ​ក៏​ការ​លើកលែង​ទោស​អ្វី​នោះ​ទេ ប៉ុន្តែ​ជា​ឆន្ទៈ​នយោបាយ​ទៅ​វិញ៖ «ពេល​ដែល​លោក ហ៊ុន សែន រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​កម្ពុជា ពឹង​ផ្អែក​លើ​ជំនួយ​អន្តរជាតិ នោះ​គាត់​នឹង​យល់ព្រម​ទទួល​យក ហើយ​គាត់​នឹង​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ដល់​រូប​ខ្ញុំ។ បើ​សិន​ជា​គ្មាន​ឆន្ទៈ​នយោបាយ​ទេ ក៏​នឹង​គ្មាន​ការ​លើកលែង​ទោស​ដល់​រូប​ខ្ញុំ​ដែរ។ កាល​ពី​លើក​មុន ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត បើ​ទោះជា​គ្មានការ​លើកលែង​ទោស​ក៏ដោយ»
ទាក់ទង​នឹង​បញ្ហា​នេះ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​ប្រព្រឹត្ត​ទៅ​បាន​ដោយ​យុត្តិធម៌​នោះ ទាល់​តែ​មាន​មេ​ដឹកនាំ​បក្ស​គ្រប់​គណបក្ស​ចូលរួម។ លោក​បញ្ជាក់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​បញ្ចេញ​មតិ​ដោយ​មេ​ដឹកនាំ​គណបក្ស​នយោបាយ​នីមួយៗ ត្រូវ​តែ​មាន​ការ​អត់ឱន​ឲ្យ​គ្នា៖ «ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា យើង​ប្រព័ន្ធ​សមាមាត្រ អ៊ីចឹង​ទេ​ការ​ចូលរួម​ការ​បោះឆ្នោត​របស់​មេ​ដឹកនាំ​គណបក្ស​ជា​រឿង​សំខាន់ ពិសេស​មេ​ដឹកនាំ​បក្ស​ប្រឆាំង»
លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​បារាំង កាល​ពី​ឆ្នាំ​២០១៥ នៅ​បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​សើរើ​បណ្ដឹង​ចាស់​កាល​ពី​ឆ្នាំ​២០០៨ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ ក្រៅ​ពី​នេះ​ទៀត សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បាន​សម្រេច​ដោយ​កំបាំង​មុខ​ពិន័យ​ប្រាក់​ពី​លោក សម រង្ស៊ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សំណង​ជំងឺ​ចិត្ត​ដល់​លោក ហេង សំរិន ចំនួន ១៥០​លាន​រៀល ពី​បទ​បរិហារ​កេរ្តិ៍​តាម​បណ្ដឹង​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។
បណ្ដឹង​ចុង​ក្រោយ​ប្រឆាំង​លោក សម រង្ស៊ី គឺ​ជា​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​បរិហារ​កេរ្តិ៍​ជុំវិញ​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​នោះ​ថា លោក​មាន​ជំនឿ​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ដូច​ដែល​ប្រទេស​ចំនួន​៣៦ ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដូចជា សហរដ្ឋ​អាមេរិក ជប៉ុន កាណាដា និង​អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ប្រកាស​នេះ​លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ សិទ្ធិ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​នេះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ជាពិសេស​ទៅ​លើ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។
ប្រទេស​ទាំង​៣៦ ក៏​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ពង្រឹង​វប្បធម៌​សន្ទនា​នយោបាយ ដើម្បី​បន្ថយ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង ហើយ​បង្កើន​ការ​ទុក​ចិត្ត​គ្នា ដែល​ធានា​ដល់​ការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​សិទ្ធិ​មនុស្ស រួម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចងក្រង​គ្នា​ជា​ក្រុម​ជា​សមាគម និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា៕


No comments:

Post a Comment