Paris Peace Accords 23 Oct. 1991

Wednesday, September 14, 2016

តំណាង​រាស្ត្រ​ អាមេរិក ​ព្រមាន​កម្ពុជា ​ឲ្យ​គោរព​ គោលការណ៍​ ប្រជាធិបតេយ្យ​ ក្នុង​ការ​បោះឆ្នោត | US Congressmen calls on Cambodia to respect demcratic principles in elections

អាឡាន់ ឡូវ៉ិនថល ២០១៣ ៨៥៥
តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​២០១៣។ Photo courtesy of lowenthal.house.gov

តំណាង​រាស្ត្រ​ អាមេរិក ​ព្រមាន​កម្ពុជា ​ឲ្យ​គោរព​ គោលការណ៍​ ប្រជាធិបតេយ្យ​ ក្នុង​ការ​បោះឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ១១កញ្ញា ២០១៦


តំណាង​រាស្ត្រ​ សហរដ្ឋ​ អាមេរិក​ ពី​ខាង​ គណបក្ស​ ប្រជាធិបតេយ្យ ព្រមាន ​ថា, ប្រសិន​បើ​ កម្ពុជា មិន ​គោរព ​គោលការណ៍​ ប្រជាធិបតេយ្យ​ ក្នុង​ការ ​បោះឆ្នោត ​ដោយ​សេរី, ត្រឹមត្រូវ, និង​យុត្តិធម៌​ទេ, នោះ​ សហរដ្ឋ​ អាមេរិក ​នឹង​លុប ​ទំនាក់ទំនង​ ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ​ជាមួយ ​កម្ពុជា។
 
លោក តាំង សារ៉ាដា៖ បាទ! សួស្តី​លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) រីករាយ​ណាស់​ដែល​បាន​ជជែក​ជាមួយ​លោក។
សំណួរ​ទី​មួយ​របស់​ខ្ញុំ​គឺ តើ​លោក​សង្ឃឹម​ដែរ​ទេ​ថា​សេចក្តី​សម្រេច​លេខ​៧២៨ នឹង​ត្រូវ​អនុម័ត​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ?
លោក អាឡាន់ ឡូវ៉ិនថល៖ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា សេចក្តី​សម្រេច​ត្រូវ​បាន​អនុម័ត​នៅ​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​ បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក រួច​ទៅ​ហើយ ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស។ ដូច្នេះ សេចក្តី​សម្រេច​មាន​សារសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​ចង់​បាន​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​នៅ​កម្ពុជា។ សហគមន៍​ខ្មែរ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ត្រូវ​ប្រាប់​ទៅ​មិត្តភ័ក្ដិ ឬ​បង​ប្អូន​របស់​ពួក​គេ ត្រូវ​តែ​នាំ​គ្នា​ប្រាប់​ទៅ​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ​របស់​ពួក​គេ ដើម្បី​ឲ្យ​គាំទ្រ​សេចក្តី​សម្រេច​លេខ​៧២៨ នេះ​នៅ​ខែ​កញ្ញា ខាង​មុខ។ លោក​ដឹង​ទេ​ថា សព្វថ្ងៃ តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ភាគច្រើន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​អំពី​ស្ថានការណ៍​នៅ​ប្រទេស​ កម្ពុជា។
លោក តាំង សារ៉ាដា៖ លោក​តំណាង​រាស្ត្រ អាឡាន់ ឡូវ៉ិនថល ប្រសិន​បើ​សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​ហើយ តើ​វា​នឹង​អាច​មាន​ឥទ្ធិពល​បង្ខំ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព ឬ​ធ្វើ​តាម​ដែរ​ទេ? ខណៈ​កម្ពុជា មាន​អធិបតេយ្យ​របស់​ខ្លួន​ដែរ​នោះ?
លោក អាឡាន់ ឡូវ៉ិនថល៖ សេចក្តី​សម្រេច​នេះ​មិន​អាច​បង្ខំ​ ឲ្យ​លោក ហ៊ុន សែន គោរព​នោះ​ទេ ប៉ុន្តែ​សេចក្តី​សម្រេច​អាច​បង្កើន​ការ​យល់​ដឹង​ដល់​តំណាង​រាស្ត្រ​សហរដ្ឋ​ អាមេរិក​ទាំងឡាយ ឲ្យ​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ថា​ទំនាក់ទំនង​របស់​ខ្លួន​នៅ​អនាគត​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​គេ​ប៉ុណ្ណោះ ថា​តើ​គេ​នឹង​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ដូច​ដែល​កម្ពុជា ធ្លាប់​បាន​ព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​ដែរ​ឬ​ទេ? យើង​នឹង ​ឃ្លាំ​មើល​ដំណើរការ​នេះ។ យើង​មិន​ខ្វល់​ទេ​ថា​គណបក្ស​ណា​ឈ្នះ ឬ​ចាញ់​នោះ តែ​អ្វី​ដែល​សំខាន់​គឺ​ទំនាក់ទំនង​ខាង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​នីតិរដ្ឋ​ដែល​កម្ពុជា ធ្លាប់​បាន​ព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក។ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​គោរព​កិច្ចព្រមព្រៀង​នេះ នោះ​សភា​អាមេរិក​នឹង​មាន​តួនាទី​ចាប់​ផ្ដើម​ពិភាក្សា ថា​តើ​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​ជាមួយ​កម្ពុជា។
លោក តាំង សារ៉ាដា៖ តើ​ពលរដ្ឋ​ខ្មែរ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ​ពី​សេចក្តី​សម្រេច​លេខ​៧២៨ នេះ?
លោក អាឡាន់ ឡូវ៉ិនថល៖ ពួក​គេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់​ថា ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក គឺ​តម្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ថ្ងៃ​ខាង​មុខ។
លោក តាំង សារ៉ាដា៖ អ៊ីចឹង​លោក​យល់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា កន្លង​មក​មិន​ធ្វើ​ឡើង​ដោយ​សេរី និង​ត្រឹមត្រូវ​ទេ ឬ​យ៉ាង​ណា?
លោក អាឡាន់ ឡូវ៉ិនថល៖ អត់​ទេ! យើង​អត់​ដែល​ ឃើញ​មាន​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​នោះ​ទេ។ ភាគច្រើន​យើង​ឃើញ​មាន​ការ​យាយី​ខាង​ផ្នែក​នយោបាយ​ទៅ​លើ​បក្ស​ប្រឆាំង ដូចជា​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​លើ​ប្រធាន​បក្ស​ប្រឆាំង ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​អនុប្រធាន​បក្ស​ប្រឆាំង ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត និង​ការ​សម្លាប់​អ្នក​វិភាគ​ឯករាជ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ។ យើង​ឃើញ​ស្ថានការណ៍​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ប្រសិន​សភា​អាមេរិក​អាច​អនុម័ត​សេចក្តី​សម្រេច​នេះ​បាន នោះ​យើង​នឹង​ផ្ញើ​សារ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ថា​ឲ្យ​គោរព​កិច្ចព្រមព្រៀង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិក។ យើង​មិន​គំរាម​កំហែង​ពួក​គេ​ទេ ហើយ​ក៏​មិន​បាន​បញ្ជា​ពួក​គេ​ឲ្យ​ធ្វើ​យ៉ាង​ណា​នោះ​ដែរ។ អ្វី​ដែល​យើង​ចង់​បាន គឺ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ប្រសិន​បើ​វា​មិន​មាន​យុត្តិធម៌​ទេ នោះ​យើង​នឹង​ធ្វើ​ការ​កំណត់​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​កម្ពុជា ទាំង​បញ្ហា​សេដ្ឋកិច្ច និង​បញ្ហា​ផ្សេងៗ​ទៀត​ជា​មិន​ខាន។ យើង​បាន​ធ្វើ​ដូច្នេះ​ជាមួយ​ប្រទេស​មួយ​ចំនួន​មក​ហើយ ដែល​ពួក​គេ​មិន​គោរព​សិទ្ធិ​មនុស្ស។
លោក តាំង សារ៉ាដា៖ តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ឃាតកម្ម​លើ​អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លង​ទៅ​នេះ?
លោក អាឡាន់ ឡូវ៉ិនថល៖ ខ្ញុំ​គិត​ឧក្រិដ្ឋកម្ម​នេះ​វា​ពិត​ ជា​អាក្រក់​ខ្លាំង​ណាស់។ យើង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​បញ្ហា​នេះ ហើយ​បាន​ជជែក​ជាមួយ​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ដទៃ​ទៀត និង​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក អំពី​បញ្ហា​ដ៏​រន្ធត់​នេះ​ដែរ។ យើង​គិត​ថា​វា​ពិត​ជា​ឃាតកម្ម​ដ៏​អាក្រក់​ជា​ទីបំផុត។ វា​ជា​ឧទាហរណ៍​មួយ​ទៀត​សម្រាប់​ការ​យាយី និង​សម្ពាធ​ផ្នែក​នយោបាយ។ ខ្ញុំ​មិន​ដឹង​ថា​អ្នក​ណា​ជា​អ្នក​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​នេះ​ទេ ប៉ុន្តែ​វា​មើល​ទៅ​ដូចជា​មាន​ការ​សង្ស័យ​ច្រើន។
លោក តាំង សារ៉ាដា៖ តើ​សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក នឹង​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក កែម ឡី ដែរ​ទេ?
លោក អាឡាន់ ឡូវ៉ិនថល៖ អ្វី​ដែល​ចាំបាច់​សម្រាប់​ពេល​នេះ គឺ​យើង​ត្រូវ​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​សេចក្តី​សម្រេច​នេះ​ជា​មុន​សិន។ ប្រសិន​បើ​សេចក្តី​សម្រេច​អនុម័ត​រួច​ហើយ នោះ​យើង​នឹង​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ជំរុញ​លើ​បញ្ហា​ផ្សេងៗ​ជាច្រើន​ ទៀត។ តែ​បើ​វា​មិន​អាច​អនុម័ត​ចេញ​រួច​ទេ នោះ​វា​ជា​ការ​បារម្ភ​របស់​យើង។ ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​យ៉ាង​ម៉េច​យ៉ាង​ណា​ទេ​ចំពោះ​បញ្ហា​នេះ។ អ្វី​ដែល​ខ្ញុំ​ដឹង​នៅ​ពេល​នេះ គឺ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​អាមេរិក កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​ចំពោះ​កិច្ចការ​នេះ។ យើង​ត្រូវ​តែ​បញ្ចុះបញ្ចូល​ដើម្បី​ឲ្យ​សេចក្តី​សម្រេច​នេះ​ដាក់​ក្នុង​កិច្ច ​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋសភា​អាមេរិក​ទាំងមូល។ ប្រសិន​បើ​យើង​មិន​អាច​ជជែក​សេចក្តី​សម្រេច​នេះ​បាន​ទេ នោះ​យើង​ក៏​នឹង​មិន​អាច​ជជែក​ពី​បញ្ហា​អ្វី​ផ្សេង​ដែល​យើង​ត្រូវ​ធ្វើ​ទៀត​ ដែរ៕


No comments:

Post a Comment