ពលរដ្ឋខ្មែរក្រោមចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកការពារសិទ្ធិ ក្នុងសាលាបឋមសិក្សាភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។ RFA/Chin Chetha |
«ខ្មែរ
កម្ពុជា ក្រោម ខ្លះ មិន ទទួលបាន សិទ្ធិ ពេញលេញ ដើម្បី រស់នៅ កម្ពុជា»
RFA / វិទ្យុ អាស៊ី សេរី | ២៩ កញ្ញា ២០១៦
ខ្មែរ ក្រោម មួយចំនួន ដែលកំពុង រស់នៅ ក្នុងខេត្ត កំពង់ឆ្នាំង អះអាង ថា, កំពុង ជួប ការលំបាក ដោយសារ ពុំ បានរស់នៅ ដោយស្មើសិទ្ធិ នឹងពលរដ្ឋ ខ្មែរ ទូទៅឡើយ។ មន្ត្រី សមាគម ខ្មែរកម្ពុជាក្រោម និងអង្គការ ការពារ សិទ្ធិ ជនជាតិ ភាគតិច នៅកម្ពុជា អះអាង ថា, ខ្មែរ ក្រោម ពិតជារស់នៅ ក្នុងស្ថានភាព លំបាក និងរំលោភសិទ្ធិ ពីសំណាក់ អាជ្ញាធរ កម្ពុជា។
ក្នុងនាមជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកការពារសិទ្ធិដែលរៀបចំដោយអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែកញ្ញា ប្រធានសមាគមខ្មែរកម្ពុជាក្រោម ថ្លែងថា ខ្មែរក្រោមជាងមួយលាននាក់កំពុងរស់នៅប្រទេសកម្ពុជា ហើយពួកគេភាគច្រើនជួបប្រទះបញ្ហារំលោភសិទ្ធិមនុស្ស និងមិនត្រូវបានអាជ្ញាធរកម្ពុជា ផ្ដល់សេវាពេញលេញក្នុងនាមជាពលរដ្ឋខ្មែរឡើយ។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍលោក សឺន ជុំជួន ថ្លែងថា ត្បិតមកដល់បច្ចុប្បន្នមិនទាន់មានតួលេខជាក់លាក់ណាមួយស្ដីពីចំនួនខ្មែរក្រោមរស់នៅកម្ពុជា និងវៀតណាម ប៉ុន្មាននោះ ប៉ុន្តែការសិក្សារបស់សមាគមលោករកឃើញថា មានប្រមាណជាងមួយលាននាក់នៅកម្ពុជា និងដប់លាននាក់នៅវៀតណាម ហើយពួកគេមានស្ថានភាពលំបាកស្រដៀងគ្នា៖ «កន្លងមកយើងធ្លាប់បានអំពាវនាវ ទាំងមានធ្វើលិខិតស្នើសុំអន្តរាគមន៍ទៅ ជាពិសេសក្រសួងមហាផ្ទៃ ហើយយើងបានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់សម្រួលធ្វើម៉េចឲ្យបងប្អូនខ្មែរក្រោមទទួលបានអត្តសញ្ញាណប័ណ្ណស្របច្បាប់។ យើងគិតថា ក្រោយពីរៀបចំសិក្ខាសាលានេះហើយ យើងគិតថា អ្នកចូលរួមទាំងអស់គួរគិត និងស្វែងយល់ច្បាស់ថា តើគាត់ត្រូវរៀបចំខ្លួនបែបណា គាត់ស្គាល់សិទ្ធិបែបណា ដើម្បីឲ្យគាត់ក្លាយជាពលរដ្ឋមួយដ៏ស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។»
ខ្មែរក្រោមម្នាក់ក្នុងចំណោម ២៣នាក់ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីអ្នកការពារសិទ្ធិនៅសាលាបឋមសិក្សាភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង លោកស្រី វ៉ាន់ គឹមឡាង ឲ្យដឹងថា រយៈពេល ២៦ឆ្នាំហើយដែលលោកស្រី និងគ្រួសារ បានចេញខេត្តព្រះត្រពាំង ប្រទេសវៀតណាម មករស់នៅក្រុងកំពង់ឆ្នាំង ប៉ុន្តែមិនទាន់មានសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅឡើយទេ។
លោកស្រីរំលឹកថា ក្នុងរយៈពេល ២៦ឆ្នាំ អាជ្ញាធរបញ្ជាក់អត្តសញ្ញាណឲ្យលោកស្រីបានបោះឆ្នោតម្ដងគត់ ហើយក្រៅពីលិខិតបញ្ជាក់នេះគាត់ពុំមានឯកសារគតិយុត្តិ ឬឯកសារស្របច្បាប់ណាមួយបញ្ជាក់ថា គាត់ជាពលរដ្ឋខ្មែរនោះទេ៖ «ឥឡូវខ្ញុំសំណូមពរថា ខ្ញុំចង់បានអត្តសញ្ញាណប័ណ្ណ ហើយប័ណ្ណគ្រួសារ និងកូនមួយទៀតមិនទាន់មានសំបុត្រកំណើតគឺកូនប្រុស។»
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៩ ខែកញ្ញា។ ទោះជាយ៉ាងណាប្រធានគម្រោង នៃអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) លោក សឺន ជុំសុធន់ ថាការរើសអើង និងការរំលោភសិទ្ធិលើខ្មែរក្រោមមួយចំនួនត្រូវបានខាងលោកអន្តរាគមន៍ទាំងផ្នែកច្បាប់ និងស្មារតីក្នុងតស៊ូមតិទាមទារសិទ្ធិដោយអហិង្សា៖ «បងប្អូនខ្មែរកម្ពុជាក្រោមបាននាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណភូមិ សង្កាត់ដែលគាត់រស់នៅ ប៉ុន្តែត្រូវបានអាជ្ញាធររើសអើង ដោយចោទប្រកាន់ថា គាត់ជាជនអន្តោប្រវេសន៍ចោទប្រកាន់ថា គាត់ជាខ្មែរកម្ពុជាក្រោម ទោះបីជាអ្នកខ្លះក៏ដោយឪពុកជាខ្មែរកម្ពុជាក្រោម តែកូនគាត់នៅកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរបដិសេធមិនធ្វើឲ្យ។ នេះជាការរើសអើងដ៏ធ្ងន់មួយ ហើយក៏មានភាពអយុត្តិធម៌មួយដែរសម្រាប់ខ្មែរក្រោមរស់នៅកម្ពុជា បើទោះបីពួកគាត់មានការទទួលស្គាល់ពីអតីតព្រះមហាក្សត្រ។»
ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះនរោត្ដម សីហនុ ចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ ថា នៅក្នុងសម័យសង្គមរាស្ត្រនិយម ព្រះអង្គ និងរាជរដ្ឋាភិបាលសម័យនោះ បានផ្ដល់ជូនជនរួមជាតិខ្មែរដែលមានដើមកំណើតនៅកម្ពុជាក្រោម ឲ្យទទួលបានយ៉ាងពេញចិត្តពេញថ្លើមនូវរាល់សិទ្ធិដែលជនរួមជាតិនៅព្រះរាជាណាចក្រកម្ពុជា ឬកម្ពុជា លើទទួលអំពីរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ ព្រះអង្គគាំទ្រសំណើទាមទារសិទ្ធិមួយចំនួនរបស់ជនរួមជាតិខ្មែរដែលមានដើមកំណើតនៅកម្ពុជា ក្រោមដែលលោកពុំទាន់បានទទួលមានជាអាទិ៍សិទ្ធិទទួលអត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារការចុះបញ្ជីសៀវភៅអត្រានុកូលដ្ឋាន និងលិខិតឆ្លងដែន ។ល។ ៕
That is Mith Meun Chnam Yupon Kantorb !!
ReplyDelete