ពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃ ធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃ៤ មិថុនា ឆ្នាំ២០១៣។ RFA/Taing Sarada |
សហព័ន្ធ ខ្មែរ កម្ពុជាក្រោម ជំរុញ ឲ្យវៀតណាម បញ្ឈប់ ការគាបសង្កត់ ផ្នែកប្រតិបត្តិ សាសនា
RFA / វិទ្យុ អាស៊ី សេរី | ១៣ កញ្ញា ២០១៦
តំណាង ព្រះសង្ឃ ខ្មែរក្រោម និងមន្ត្រី ជាន់ខ្ពស់ សហព័ន្ធ ខ្មែរក្រោម ពិភពលោក អំពាវនាវ ឲ្យប្រធានាធិបតី អាមេរិក ថ្មី ដែលជាប់ឆ្នោត នៅខែវិច្ឆិកា ខាងមុខ យកចិត្តទុកដាក់ ដល់ព្រះសង្ឃ ខ្មែរក្រោម ដែលរងការ ធ្វើទុក្ខបុកម្នេញ ពីសំណាក់ រដ្ឋាភិបាល វៀតណាម។ ការលើកឡើងនេះ បានធ្វើឡើង ក្នុងវេទិកា មួយ ស្តីពី «សេរីភាព សាសនា នៅវៀតណាម» កាលពីថ្ងៃ ទី១២ កញ្ញា នៅវិទ្យាស្ថាន ហាដ់សុន (Hudson Institute) នៃមជ្ឈមណ្ឌល សេរីភាព សាសនា ក្នុងរដ្ឋធានី វ៉ាស៊ីនតុន។
អនុប្រធានសហព័ន្ធខ្មែរក្រោមពិភពលោក លោក ប្រាក់ សេរីវុឌ្ឍ ដែលបានចូលរួមជាវាគ្មិនមួយរូបក្នុងវេទិកានោះ បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញា ថា លោកបានរៀបរាប់ពីស្ថានការណ៍ដ៏លំបាករបស់ខ្មែរកម្ពុជាក្រោម និងព្រះសង្ឃ ដែលរងការរំលោភបំពានគ្រប់បែបយ៉ាងពីអាជ្ញាធរវៀតណាម៖ «តាមផ្លូវសាសនាគឺពុំមានសេរីភាពទេ។ នៅតាមវត្តអារាមគេគាបសង្កត់ខ្លាំង ព្រះសង្ឃគ្មានសិទ្ធិធ្វើអ្វីទេ។ ខ្ញុំបានអំពាវនាវសុំឲ្យពលរដ្ឋអាមេរិកាំង មេត្តាចាប់អារម្មណ៍ចំពោះទុក្ខវេទនាពលរដ្ឋខ្មែរក្រោមដែលធ្លាប់ បូជាជីវិត ការពារជីវិតរបស់ទ័ពអាមេរិកាំង សម័យសង្គ្រាមវៀតណាម។ ប៉ុន្តែអាជ្ញាធរវៀតណាម នៅតែធ្វើបាប សងសឹក ជាពិសេសជនជាតិដើមខ្មែរក្រោម ដូច្នេះត្រូវជួយពួកយើងខ្ញុំដែលស្មោះត្រង់ជាមួយសហរដ្ឋអាមេរិក»។
លោកបន្តថា អតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកផ្នែកកិច្ចការសាសនា លោក អេលៀត អាប្រាមស៍ (Elliott Abrams) បានថ្កោលទោសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលបានលុបចោលវិញនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់វៀតណាម និងដកវៀតណាម ចេញពីបញ្ជីខ្មៅក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០១៦៖ «គេយករឿងនេះមកនិយាយថា វៀតណាមមិនទាន់បើកសេរីភាពពីរឿងការគោរពសាសនាទេ ហើយគេមានភស្តុងតាងគ្រប់គ្រាន់ មានអ្នកជាប់គុក ដូចជាព្រះសង្ឃខ្មែរក្រោម។ ដូច្នេះហើយគេយកយោបល់នេះទៅនិយាយជាមួយបេក្ខជនប្រធានាធិបតីថ្មីនៃ គណបក្សទាំងពីរ គេថា អ្នកណាមួយក៏ដោយនៅពេលជាប់ឆ្នោតហើយ ត្រូវឲ្យសើរើបញ្ហាវៀតណាម ឡើងវិញ រឿងជិះជាន់ និងដាក់វៀតណាម ក្នុងបញ្ជីស្បែកខ្មៅវិញ»។
លោក ប្រាក់ សេរីវុឌ្ឍ បន្តថា ក្នុងវេទិកានេះដែរ ព្រះតេជព្រះគុណ គឹម មឿន តំណាងព្រះសង្ឃខ្មែរកម្ពុជាក្រោម ក៏មានថេរដីកាអំពីប្រវត្តិព្រះអង្គដែលត្រូវបានអាជ្ញាធរវៀតណាម វាយធ្វើបាប និងដាក់ពន្ធនាគារនៅចំពោះមុខអ្នកចូលរួមជាង ១០០នាក់ មកពីស្ថាប័នជាច្រើន ក្នុងនោះក៏មានតំណាងអង្គការខាងផ្នែកសាសនាវៀតណាម និងម៉ុងតាញ៉ា ផងដែរ៕
No comments:
Post a Comment