លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ី ជីនពីង កាលពីពេលកន្លងទៅ (រូបភាពហ្វេសប៊ុក) |
ដំណើរ ទស្សនកិច្ច ប្រធានាធិបតី ចិន មកកម្ពុជា នឹងភ្ជាប់ ជាមួយ កិច្ចព្រមព្រៀង ជិត៣០
RFA / វិទ្យុ អាស៊ី សេរី | ៦ តុលា ២០១៦
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា, កិច្ចព្រមព្រៀង និងពីធីសារ ប្រមាណ ជិត៣០ នឹងត្រូវ ចុះហត្ថលេខា ជាមួយ ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង ខណៈ មេដឹកនាំ នៃប្រទេស មហាអំណាច សេដ្ឋកិច្ច នៅអាស៊ីរូបនេះ គ្រោងមក ទស្សនកិច្ច ផ្លូវរដ្ឋ នៅកម្ពុជា ចាប់ថ្ងៃ ទី១៣-១៤ ខែតុលា។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃទី០៦ ខែតុលានេះលោក ហ៊ុន សែន ឲ្យដឹងទៀតថាក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជា គឺនឹងនាំឲ្យមានការចុះលត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារជាច្រើន។
លោកថា៖ តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ កិច្ចព្រមព្រៀងនិងពិធីសារមិនតិចជាង២៨ នឹងត្រូវចុះហត្ថលេខា។ នេះគឺជាកិច្ចព្រមព្រៀងដែលច្រើនបំផុត បន្ទាប់ពីទស្សនកិច្ចរបស់ខ្ញុំទៅប្រទេសចិននៅឆ្នាំ២០០៤… ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងបន្តថាដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង គឺដើម្បីពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ ការផ្តល់ជំនួយ និងការទាក់ទាញកំណើនភ្លៀវទេសចរចិន។
លោកថា៖ …គឺខិតខំបើកទីផ្សារប្រទេសចិនដែលទីផ្សារដ៏ធំមួយសម្រាប់វិស័យកសិកផលរបស់កម្ពុជា …ការវិនិយោគ ការផ្តល់ជំនួយនានានឹងត្រូវបានធ្វើឡើងក្នុងទំនាក់ទំនងកម្ពុជា–ចិន និងការតភ្ជាប់ យើងខិតខំរកទេសចរចិនឲ្យបាន …។
ដំណើរទស្សនកិច្ចប្រធានាធិបតីចិនមកកម្ពុជា ត្រូវបានប្រកាសឲ្យដឹងដំបូងដោយមន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការនរបាលជាតិនៅដើមខែតុលា និងក្រោយមានការប្រជុំជាមួយលោក វ៉ាង ស៊ីហុង អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈនិងភាគីកម្ពុជា ដោយពេលនោះភាគីចិនក៏បានសន្យាជួយកម្ពុជាលើកំណែទម្រង់វិស័យយុត្តិធម៌។
នេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក ស៊ី ជីនពីង មកកាន់កម្ពុជាបន្ទាប់ពីលើកទី១ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០០៩ នៅពេលដែលលោកកាន់ដំណែងជាអនុប្រធានាធិបតីចិននៅឡើយ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ក៏ត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថាធ្វើឡើងបន្ទាប់ប្រទេសចិនបានសន្យាផ្តល់ជំនួយជិត៦០០លានដុល្លារដល់ប្រទេសកម្ពុជារួចហើយនៅក្នុងឆ្នាំ២០១៦ ហើយកើតឡើងនៅពេលកម្ពុជាបានស្នើសុំកញ្ចប់មូលនិធីបន្ទាន់ពីចិនមានទំហំទឹកប្រាក់៣០០លានដុល្លារ ដើម្បីទប់ស្កាត់បញ្ហាស្រូវធ្លាក់ថ្លៃខ្លាំង។
ជាការដឹងគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ ទាំងអ្នកវិភាគសង្គមនិងបញ្ញាវន្តនានាយល់ថា កម្ពុជាបានដើរតួជារបាំងការទូតរារាំងប្រទេសសមាជិកអាស៊ានកុំឲ្យរួបរួមសាមគ្គីគ្នាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង៕ រាយការណ៍បន្ថែមដោយ ពេជ្រ ចំរ៉ុង
No comments:
Post a Comment