Paris Peace Accords 23 Oct. 1991

Friday, October 7, 2016

លោក ហ៊ុន សែន៖ បក្ស​ប្រឆាំង ​ចូល​សភា​ ឬ​មិន​ចូល​ ក៏​ស្ថានការណ៍​ នយោបាយ ​នៅ​ដដែល | Hun Sen: Whether opposition party attends or not attend NatAss, political situation stays the same

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev

លោក ហ៊ុន សែន៖ បក្ស​ប្រឆាំង ​ចូល​សភា​ ឬ​មិន​ចូល​ ក៏​ស្ថានការណ៍​ នយោបាយ ​នៅ​ដដែល

RFA / វិទ្យុ អាស៊ី សេរី | ៦ តុលា ២០១៦



លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស ​ថា, ទោះ​បី ​គណបក្ស​ប្រឆាំង​ ចូល​ប្រជុំ​ សភា ឬ​មិន​ចូល ក៏​ស្ថានភាព ​នយោបាយ​ នៅ​ដដែល។  រី​ឯ ​អ្នក​វិភាគ​ ថា, ស្ថានភាព​ នយោបាយ ​មួយ​រយៈ ​ចុង​ក្រោយ​នេះ ហាក់​ដូច ជា​ប្រសើរ​ជាង ​ពេល​កន្លង​មក បន្ទាប់​ ពី​បក្ស​ប្រឆាំង​ សម្រេច វិល​ចូល ​សភា​វិញ ដើម្បី​ បញ្ចៀស​ ការ​ប៉ះ​ទង្គិច​គ្នា ​រវាង ​កម្លាំង​ប្រជាជន និង​កងកម្លាំង ​ប្រដាប់​អាវុធ។

ក្រោយ ​ពី​ស្ងប់ស្ងាត់​ បញ្ចេញ​វោហារសាស្ត្រ ​នយោបាយ ​មួយ​រយៈ ​ក្នុង​អំឡុង​ពេល​ ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នោះ, លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ ​ចាប់​ផ្ដើម ​លូក​មាត់​ ចូល​ក្នុង​រឿង​ នយោបាយ​ ឡើង​វិញ។
 
ថ្លែង​ក្នុង​ពិធី​ ចែក​សញ្ញាប័ត្រ ​ដល់​និស្សិត​ នៅ​មជ្ឈមណ្ឌល ​ពិព័រណ៍​ កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​ ទី​៦ ខែ​តុលា, លោក ហ៊ុន សែន ហាក់​ដូច​ជា​ មិន​ភ្ញាក់ផ្អើល ​ចំពោះ ​គម្រោង​ វិល​ត្រឡប់​ ចូល​សភា ​របស់ ​ក្រុម​តំណាងរាស្ត្រ​ គណបក្ស​ប្រឆាំង ​ឡើយ។  លោក ​នាយករដ្ឋមន្ត្រី​ បន្ត​ ថា, សភាពការណ៍​ នយោបាយ​ នៅ​ស្រុក​ខ្មែរ ​មិន​មាន​អ្វី​ ត្រូវ ​ព្រួយបារម្ភ​ នោះ​ទេ។  ប៉ុន្តែ​ វា​ ស្ថិត​ទៅ​លើ ​អណ្ដាត ​របស់ ​អ្នក​និយាយ៖ «អា​គេ ថា ​តឹង, យើង​ ក៏​នៅ​តែ ​ប៉ុណ្ណឹង។  អា​គេ​ ថា ​ធូរ, យើង​ ក៏​នៅ​តែ ​ប៉ុណ្ណឹង។  អា​គេ​ ចូល​សភា, យើង ​ក៏​នៅ​តែ ​ប៉ុណ្ណឹង។  អា​គេ​ មិន​ចូល​សភា ក៏​យើង​ នៅ​តែ ​ប៉ុណ្ណឹង។  ស្រេច​តែ​ តាម​មាត់​គេ​ទៅ។  ឯ​យើង ​ក៏​នៅ​ ស្រេច​តែ​ យើង ​អ៊ីចឹង​ដែរ។  អ្នកថា គឺ ​អ្នក​ថា​ទៅ។  អ្នក​ធ្វើ គឺ អ្នក​ធ្វើ​ទៅ។  រឿង​តែ ​ប៉ុណ្ណឹង​ទេ»

 
​ការ​ថ្លែង​ដូច​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​វិល​ចូល​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋ​សភា​វិញ ដើម្បី​សម្របសម្រួល​ស្ថានភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច ឲ្យ​វិល​ទៅ​រក​ប្រក្រតី​ភាព​នៅ​មុន​ពេល និង​អំឡុង​ពេល​ការ​បោះឆ្នោត​ឃុំ-​សង្កាត់។
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ដំណើរ​ទៅ​រក​ដំណោះស្រាយ​នយោបាយ ដូច្នេះ​លោក​សង្ឃឹម​ថា គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​នឹង​បាន​ជួប​ចរចា​គ្នា «បរិយាកាស​នយោបាយ​ល្អ វា​មាន​ទាំង​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​ទាំងអស់ ទាំង​ក្នុង​ដំណើរ​ការ​បោះឆ្នោត ទាំង​ក្នុង​សកម្មភាព​នយោបាយ វា​មាន​ទាំង​អ្នក​ដែល​ជាប់​ពន្ធនាគារ​ទាំងអស់ គឺ​ថា​សូម​ឲ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ឲ្យ​គាត់​បាន​ជួបជុំ​គ្រួសារ ហើយ​គាត់​បាន​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​របស់​គាត់​ឡើង​វិញ។ នេះ​ជា​គោល​បំណង​របស់​យើង»
​រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​សភា​លើក​ទី​៧ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ដោយ​មាន​របៀបវារៈ​មួយ​ចំនួន​ដូច​ជា ការ​ស្ដាប់​ព្រះរាជសារ​ព្រះមហាក្សត្រ ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​អគ្គសវនករ​ចំនួន​បី​រូប ពិនិត្យ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រកប​មុខ​របរ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល និង​សេចក្ដី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​អាស៊ាន​ជាដើម។ គណបក្ស​សង្គ្រោះ​ជាតិ ថា អាច​នឹង​ចូល​រួម​កិច្ចប្រជុំ​នេះ តែ​មិន​ទាន់​ប្រាកដ​ច្បាស់​មួយ​រយ​ភាគរយ​នោះ​ទេ។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ​ប្រែប្រួល ឬ​មិន​ប្រែប្រួល​គឺ​អាស្រ័យ​ទៅ​លើ​តួអង្គ​អ្នក​នយោបាយ។ លោក​មើល​ឃើញ​ថា កន្លង​មក​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រឈមមុខ​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​រហូត​បណ្ដាល​ឲ្យ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ បាត់បង់​ទំនុក​ចិត្ត ហើយ​ក៏​មាន​ប្រតិកម្ម​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទៀត​ផង «ការ​ចូល​សភា​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ធ្វើ​ឲ្យ​ស្ថានការណ៍​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ គឺ​មិន​មាន​ភាព​ប្រឈម​មុខ​ដាក់​គ្នា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​ថា​នឹង​កើត​មាន​ចលាចល ហើយ​សម្រាប់​អ្នក​វិនិយោគទុន​ផ្សេងៗ​នោះ អាច​នឹង​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​មុខ​ផង​ដែរ សម្រាប់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា»
លោក សូ ចន្ថា បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ថា ស្ថានភាព​នយោបាយ​នៅ​តែ​ធម្មតា​នេះ គឺ​ជា​វោហារសាស្ត្រ​នយោបាយ​មួយ​ចង់​បង្ហាញ​មតិ​សាធារណៈ​ថា កម្ពុជា​មិន​មាន​វិបត្តិ​នយោបាយ។ មួយ​វិញ​ទៀត ប្រហែលជា​លោក​ចង់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែរ​ថា បក្ស​ប្រឆាំង​មិន​សំខាន់​ដែល​នាំ​ឲ្យ​សហគមន៍​អន្តរជាតិ​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាក់​គំនាប​រដ្ឋាភិបាល​នោះ​ឡើយ។
កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ប្រទេស​ចំនួន ៣៦ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ដូចជា សហរដ្ឋអាមេរិក ជប៉ុន កាណាដា និង​អូស្ត្រាលី រួម​នឹង​ប្រទេស​មួយ​ចំនួន​ទៀត បាន​ចេញ​សេចក្ដី​ប្រកាស​រួមគ្នា​មួយ​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ប្រកាស​នេះ​លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ សិទ្ធិ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំនេះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ជា​ពិសេស​ទៅ​លើ​រឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។
សេចក្ដី​ប្រកាស​របស់​បណ្ដា​ប្រទេស​ទាំង​៣៦ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ឡើង​វិញ​នូវ​ការ​សន្ទនា​នយោបាយ ដើម្បី​បន្ថយ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នយោបាយ ហើយ​បង្កើន​ការ​ទុក​ចិត្ត​គ្នា​ដែល​ធានា​ដល់​ការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​សិទ្ធិមនុស្ស រួម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​នៃ​ការ​ចងក្រង​គ្នា​ជា​ក្រុម ជា​សមាគម និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា៕



No comments:

Post a Comment