Paris Peace Accords 23 Oct. 1991

Wednesday, October 26, 2016

អង្គការ​ អន្តរជាតិ​ ទាមទារ​ ឲ្យ​រដ្ឋាភិបាល​ លុប​បទបញ្ជា​ រារាំង​ មិន ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក | Intl org demands govt rescind its order to ban Sam Rainsy from returning to country

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។  RFA/Brach Chev

អង្គការ​ អន្តរជាតិ​ ទាមទារ​ ឲ្យ​រដ្ឋាភិបាល​ លុប​បទបញ្ជា​ រារាំង​ មិន ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក

RFA / វិទ្យុ អាស៊ី សេរី | ២៦ តុលា ២០១៦


អង្គការ ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ ឲ្យ​រដ្ឋាភិបាល​ កម្ពុជា លុប​ចោល​ បទបញ្ជា​ ទៅ​ក្រុមហ៊ុន​ អាកាសចរណ៍ ចំពោះ​ ការ​រារាំង ​ប្រធាន​ គណបក្ស​ ប្រឆាំង គឺ​ លោក សម រង្ស៊ី មិន​ ឲ្យ​វិល​ចូល ​ស្រុក​វិញ​ បាន។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចាត់​ទុក​ការ​រារាំង​ដំណើរ​មេ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ជា​ហេតុផល​មួយ​ចុង​ក្រោយ ដែល​គណបក្ស​កាន់​អំណាច​ចង់​ឈ្នះ​ឆ្នោត​ជាតិ​នៅ​អាណត្តិ​ក្រោយ ដោយ​ពុំ​មាន​គូ​ប្រកួត​ស្មើ​កម្លាំង​គ្នា។ រដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​មួយ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឲ្យ​ណែនាំ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ ត្រូវ​រារាំង​ការ​ធ្វើ​ដំណើរ​របស់​លោក សម រង្ស៊ី មក​កម្ពុជា។
ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា លើក​ឡើង​ថា ការ​ដាក់​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា បាន​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​បំពាន​រដ្ឋធម្មនុញ្ញ។

នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) ត្រូវ​ស្រង់​សម្ដី​យក​មក​ដាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា ឬ​ប្រទេស​ម្ចាស់​ជំនួយ និង​បណ្ដា​សមាជិក​អាស៊ាន គួរ​តែ​អំពាវនាវ​ជា​បន្ទាន់​ភ្លាមៗ និង​ជា​សាធារណៈ ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​នយោបាយ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង៖ «សកម្មភាព​របស់​លោក ហ៊ុន សែន ប្រឆាំង​នឹង​លោក សម រង្ស៊ី បង្ហាញ​ជា​ថ្មី​ពី​បំណង​របស់​លោក ហ៊ុន សែន ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា ត្រឡប់​ទៅ​ជា​រដ្ឋ​ផ្ដាច់ការ មាន​បក្ស​តែ​មួយ ឬ​ឯក​បក្ស ដោយ​ការ​រឹតត្បិត​សំឡេង​រិះគន់ ឬ​សំឡេង​របស់​បក្ស​ប្រឆាំង»

លិខិត​មួយ​របស់​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ចុះ​ហត្ថលេខា​ដោយ​រដ្ឋលេខាធិការ លោក តឹក រ៉េតសំរេច បញ្ជាក់​ថា យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ជាពិសេស​ជាមួយ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ឲ្យ​ប្រើ​គ្រប់​មធ្យោបាយ​មិន​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ចូល​ស្រុក​បាន​ទេ។

លិខិត​ដដែល​បង្គាប់​ឲ្យ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​មក​កម្ពុជា មិន​ឲ្យ​លោក សម រង្ស៊ី ឡើង​លើ​យន្តហោះ​មក​កម្ពុជា ទេ និង​ត្រូវ​ផ្ដល់​របាយការណ៍​ទៀងទាត់​ក្នុង​ករណី​លោក សម រង្ស៊ី ទិញ​សំបុត្រ​យន្តហោះ​មក​កម្ពុជា។ ក្នុង​ករណី​លោក សម រង្ស៊ី ធ្វើ​ដំណើរ​មក​កម្ពុជា តាម​យន្តហោះ​ណា​មួយ យន្តហោះ​នោះ​ត្រូវ​បង្វែរ​ទិសដៅ​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចុះ​ចត​នោះ​ទេ។ ក្នុង​ករណី​លោក សម រង្ស៊ី នៅ​តែ​អាច​ចុះ​ដល់​អាកាសយានដ្ឋាន​ណា​មួយ​នៅ​កម្ពុជា បាន ក៏​មិន​ត្រូវ​ឲ្យ​ចាកចេញ​ពី​យន្តហោះ​ឡើយ និង​ត្រូវ​ឲ្យ​ត្រឡប់​ទៅ​អាកាសយានដ្ឋាន​ដើម​វិញ។ ក្នុង​ករណី​លោក សម រង្ស៊ី ចាកចេញ​ពី​យន្តហោះ នគរបាល​អន្តោប្រវេសន៍ ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​កុំ​ឲ្យ​ចូល​កម្ពុជា បាន និង​ត្រូវ​ចាត់​វិធានការ​ផ្សេងៗ​តាម​ការ​ចាំបាច់។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ជា​ភាគី​ហត្ថលេខី​នៃ​កតិកា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង​នយោបាយ ដែល​ធានា​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ការ​ផ្លាស់ទី​របស់​ពលរដ្ឋ។ មិន​ខុស​គ្នា​ដែរ រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៣ ក៏​បាន​ធានា​សិទ្ធិ​ពលរដ្ឋ​មិន​ឲ្យ​មាន​ការ​ដក​ហូត​សញ្ជាតិ និង​ការ​ធ្វើ​និរទេស ឬ​ចាប់​បញ្ជូន​ចេញ​ពី​ប្រទេស​កំណើត លើកលែង​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក។

អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពី​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​ជា​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​និន្នាការ​លម្អៀង។ លោក​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល គឺ​ជា​ការ​ធានា​សុវត្ថិភាព​ពី​ចលាចល​ដែល​អាច​កើត​ឡើង​នៅ​ពេល​លោក សម រង្ស៊ី វិល​ចូល​ស្រុក៖ «ជា​វិធានការ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​បង្ការ​មុន វា​ល្អ​ជាង​ការ​ព្យាបាល។ បើ​សិន​គាត់​មក​ហើយ បង្ក​អុកឡុក​ទៅ វា​នាំ​ឲ្យ​មាន​បដិវាទកម្ម​ធ្ងន់ធ្ងរ​ដូច​កាល​ពី​ឆ្នាំ​២០១៣ ពីព្រោះ​ចេតនា​របស់​លោក សម រង្ស៊ី មិន​ល្អ​ទេ។ គាត់​ចង់​ចូល​មក​ហ្នឹង គឺ​ដើម្បី​បង្ក​អុកឡុក​ហ្នឹង​តែ​ម្តង ថា​គាត់​មក​ហ្នឹង​ដើម្បី​ជាប់​គុក​ជំនួស ហើយ​អ្នក​ដែល​ជាប់​គុក​ទាំងអស់​ឲ្យ​ដោះលែង។ ហ្នឹង​ជា​លក្ខខណ្ឌ​ដែល​មិន​អាច​ទៅ​រួច។ អ៊ីចឹង​ភាគរយ​ដែល​មក​ហ្នឹង​វា​តិច​ណាស់ ឬ​អត់​មក​តែ​ម្ដង»

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដដែល​បាន​រំឭក​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​ពី​សំណាក់​បក្ស​កាន់​អំណាច​ក្នុង​រយៈពេល ១២​ខែ​ចុង​ក្រោយ​នេះ ដោយ​រាប់​តាំង​ពី​ការ​គំរាម​កំហែង​ដោយ​ពាក្យ​សម្ដី ការ​សម្ញែង​កង​កម្លាំង​ប្រដាប់​អាវុធ ការ​ធ្វើ​ទុក្ខបុកម្នេញ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ចុះ​ជួប​ម្ចាស់​ឆ្នោត ដក​តួនាទី​ពី​អនុប្រធាន​សភា ការ​វាយ​ដំ​អ្នក​តំណាង​រាស្ត្រ ២​នាក់ និង​ការ​ចាប់​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ដោយ​មាន​ទាំង​អ្នក​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ផង​ដាក់​ពន្ធនាគារ។

ករណី​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​នេះ​ដែរ ការិយាល័យ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពន្យល់​អំពី​ផែនការ​រារាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​វិល​ចូល​ស្រុក​វិញ។ ការិយាល័យ​នេះ ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​នឹក​ឃើញ​តាម​ទំនើង​ចិត្ត ពុំ​មាន​ហេតុផល​ត្រឹមត្រូវ និង​រំលោភ​លើ​បទដ្ឋាន​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន។ មន្ត្រី​រដ្ឋាភិបាល បាន​បដិសេធ​សំណើ​នេះ​ដោយ​សំអាង​ថា កម្ពុជា មាន​អធិបតេយ្យភាព​របស់​ខ្លួន ដែល​មិន​ចាំបាច់​ត្រូវ​ឆ្លើយតប​គ្រប់​រឿង​ចំពោះ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ឡើយ៕

No comments:

Post a Comment