អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមូលផ្ដុំគ្នាប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នៅមុខទីស្នាក់ការគណបក្សប្រឆាំងនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth |
បក្សប្រឆាំង រំពឹងថា, បញ្ហា នយោបាយ នឹងមាន ដំណោះស្រាយ ក្រោយខួប សន្ធិសញ្ញា ទីក្រុងប៉ារីស
RFA / វិទ្យុ អាស៊ី សេរី | ២៣ តុលា ២០១៦
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ចូលរួមប្រារព្ធខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រារព្ធនៅទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។ RFA/Cheu Sideth |
ការរំពឹងនេះ ត្រូវបានធ្វើឡើងដោយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅក្នុងពេលលោកកត់សម្គាល់លើការអនុវត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចាប់តាំងថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ រហូតមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦។
លោក កឹម សុខា ថ្លែងថា ថ្វីបើកម្ពុជា មានការអភិវឌ្ឍខ្លះមែន ក៏នៅតែមានបញ្ហានៅឡើយ៖ «ពិភពលោកក៏ដូចជាប្រជាពលរដ្ឋខ្មែរ បានដឹងច្បាស់ហើយថា កម្ពុជា កំពុងមានបញ្ហា ដូចជាបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាតុលាការជាដើម ដែលយើងមិនអាចលាក់បាំង និងប្រកែកបានឡើយ។ ដូច្នេះក្នុងគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំនៅតែទទូចឲ្យភាគីពាក់ព័ន្ធ ជាពិសេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាំងអស់ ត្រូវត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យបានហ្មត់ចត់ និងបន្តអនុវត្តឲ្យបានពេញលេញ។»
លោក កឹម សុខា បញ្ជាក់ទៀតថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសុពលភាពនៅឡើយ ដោយយោងទៅលើវត្តមានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ប្រសាសន៍របស់លោក ក៏ជាការឆ្លើយតបមួយទៅនឹងការលើកឡើងរបស់មន្ត្រីរាជរដ្ឋាភិបាល ដែលកាលពីថ្ងៃទី២០ តុលា ថ្លែងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស អស់សុពលភាពហើយ។
នៅថ្ងៃទី២៣ តុលា ដដែល អង្គការយុវជនមួយក្រុមក៏ជួបជុំគ្នាដាច់ដោយឡែកមួយទៀតនៅឯវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះដល់យុវជនដែរ។
នាយកប្រតិបត្តិអង្គការយុវសន្តិភាព លោក ឡុង ខែត្រ ដែលរៀបចំការជួបជុំគ្នានេះ មានប្រសាសន៍ថា ទោះបីជាយុវជនជំនាន់ក្រោយបានឮអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ប៉ុន្តែយុវជនខ្លះមិនបានយល់ដឹងច្បាស់ទេអំពីខ្លឹមសារកិច្ចព្រមព្រៀងនេះ។ លោកថា ប្រការនេះហើយទើបក្រុមលោករៀបចំការផ្សព្វផ្សាយនេះ។
ទោះបីជានៅឆ្នាំ២០១៦ ទាំងរដ្ឋាភិបាល តំណាងទូតបរទេស អង្គការសង្គមស៊ីវិល គណបក្សនយោបាយ ប្រារព្ធខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្ដី ក៏សុពលភាពខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ត្រូវបានអ្នកពាក់ព័ន្ធ និងអ្នកនយោបាយរដ្ឋាភិបាល និងបក្សប្រឆាំងបកស្រាយខុសគ្នា។ ភាគីរដ្ឋាភិបាលថាអស់សុពលភាព បក្សប្រឆាំងថានៅតែមានសុពលភាព ឯអ្នកពាក់ព័ន្ធផ្សេងថា ស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះ មិនមានខចែងអំពីកាលបរិច្ឆេទផុតកំណត់ទេ។
ការប្រារព្ធទិវាខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស របស់គណបក្សសង្គ្រោះជាតិ បានបង្វែរមកធ្វើឡើងនៅឯទីស្នាក់ការកណ្ដាលរបស់ខ្លួនវិញ នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដោយសារតែអាជ្ញាធរសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យធ្វើនៅទីលានប្រជាធិបតេយ្យ។ ទោះជាការប្រារព្ធទិវានេះបានធ្វើឲ្យស្ទះចរាចរណ៍ខ្លះ ហើយនគរបាលបានរាយកម្លាំងជាច្រើនក្ដី ក៏ពិធីនេះប្រព្រឹត្តទៅពេញមួយព្រឹកដោយមិនមានការប៉ះទង្គិចគ្នាទេ៕
No comments:
Post a Comment