អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។ |
ចៅក្រម តុលាការ ក្រុងភ្នំពេញ សម្រេច បន្ត ឃុំខ្លួន មន្ត្រី អាដហុក និងមន្ត្រី គ.ជ.ប. ៦ខែ បន្ថែមទៀត
RFA / វិទ្យុ អាស៊ី សេរី | ២៧ តុលា ២០១៦
ចៅក្រម ស៊ើបសួរ នៃតុលាការ ក្រុងភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានបញ្ជា ឲ្យមន្ត្រី អនុរក្ស ពន្ធនាគារ នាំខ្លួន មន្ត្រី ការពារ សិទ្ធិមនុស្ស សមាគម អាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការ រង គ.ជ.ប. ១រូប ទៅកាន់ តុលាការ ជាថ្មីទៀត នៅព្រឹក ថ្ងៃ ទី២៧ ខែតុលា។ ក្នុងការ កោះហៅ ដោយស្ងាត់ៗនេះ ចៅក្រម ស៊ើបសួរ សម្រេច ឃុំខ្លួន អ្នកទាំង ៥នាក់ បន្ត រយៈពេល កន្លះឆ្នាំទៀត ក្រោយពេល បានឃុំខ្លួន ពួកគេ ប្រមាណ ៦ខែ រួចមកហើយ។
សហមេធាវីការពារក្តីឲ្យមន្ត្រីការពារសិទ្ធិមនុស្សទាំងនេះ ប្រតិកម្មចំពោះការព្យាយាមពន្យារពេលក្នុងការឃុំខ្លួនលើសនីតិវិធីដែលមានកំណត់ដោយច្បាប់។
ថ្លែងក្រោយចេញពីបន្ទប់សាកសួរកាលពីព្រឹកថ្ងៃទី២៧ ខែតុលា លោក សំ សុគង់ ឲ្យដឹងថា នៅដើមសប្ដាហ៍ទីពីរខែវិច្ឆិកា ខាងមុខនេះ ក្រុមមេធាវីនឹងដាក់បណ្ដឹងឧទ្ធរណ៍ប្រឆាំងសេចក្ដីសម្រេចនៅពេលនេះរបស់ចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ។ គម្រោងនៃការដាក់លិខិតដែលមិនទាន់កំណត់ថ្ងៃនេះ ត្រូវបានមេធាវីការពារក្តី លោក សំ សុគង់ ចាត់ទុកថានេះជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ព្រោះជាការឃុំខ្លួនលើសពី ៦ខែ ដែលមានបញ្ញត្តិដោយច្បាប់នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោកមេធាវី សំ សុគង់ បន្តថា, «ខ្ញុំយល់ឃើញថារឿងនេះបើយើងពិនិត្យទៅលើនីតិវិធីច្បាប់ គឺមិនមានលក្ខណៈត្រឹមត្រូវទេ ដោយសារបទចោទក៏ដូចជាបទល្មើសនេះ មិនមានភាពស្មុគស្មាញ ហើយក៏មិនមានឧបសគ្គអ្វីដែលពាក់ព័ន្ធដល់ការស៊ើបសួររបស់ចៅក្រមដែរ។ អ៊ីចឹងរយៈពេល ៦ខែនៃការឃុំខ្លួននេះ គឺថាគ្រប់គ្រាន់ដែលចៅក្រមស៊ើបសួរអាចរកភស្តុតាងដាក់បន្ទុក ឬដោះបន្ទុកបាន។»
គិតពីថ្ងៃចាប់ខ្លួនកាលពីខែមេសា គឺមានរយៈពេលប្រមាណ ៦ខែហើយ ដែលដល់ពេលល្មមអាចឲ្យតុលាការមានលទ្ធភាពបើកការជំនុំជម្រះក្នុងសំណុំរឿងសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំង ៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅក្នុងអង្គភាពនេះដើម្បីសួរនាំរយៈពេល ២ថ្ងៃពេញ ក្នុងខែមេសា មុនបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់។
បើទោះជាបែបណា ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា២០៨ ចែងថា ការឃុំខ្លួនមិនអាចឲ្យលើសពី ៦ខែបានឡើយ។ ការពន្យារពេលរបស់ចៅក្រម មិនអាចធ្វើឡើងច្រើនជាងពីរដងទេ។ ប៉ុន្តែបើផុតរយៈពេលនៃការឃុំខ្លួននេះ ហើយចៅក្រមចង់ពន្យារពេលទៀត អាចធ្វើទៅបានលុះត្រាមានសំអាងហេតុត្រឹមត្រូវ។
លោក សំ សុគង់ ឲ្យដឹងថា មូលហេតុដែលចៅក្រមស៊ើបសួរ លោក ធាម ច័ន្ទពិសិដ្ឋ លើកពេលក្នុងការឃុំខ្លួនបន្តទៀតនេះ ដោយសារចៅក្រមត្រូវការពេលវេលាស៊ើបអង្កេតសំណុំរឿងនេះបន្ថែម។
ទាក់ទងសំណុំរឿងដ៏រសើបនេះ បានបង្ខំចិត្តឲ្យប្រធានសមាគមអាដហុក ម្នាក់ទៀត ត្រូវនិរទេសខ្លួនទៅក្រៅប្រទេស គេចចេញពីការគំរាមចាប់ខ្លួនរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃទី២៦ តុលា លោក ធន សារាយ ចោទប្រកាន់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលគ្រប់គ្រងដោយលោក ឱម យ៉ិនទៀង បានគំរាមចាប់ខ្លួនលោកទៀត ប្រសិនបើលោកនៅតែជាឆ្អឹងទទឹងកក្នុងរឿងក្ដីនេះទៀត។
ជុំវិញភាពចម្រូងចម្រាសនេះ សហមេធាវីការពារក្ដីឲ្យអ្នកទាំង ៥នាក់ ធ្លាប់ធ្វើបណ្ដឹងឧទ្ធរណ៍ម្ដងរួចហើយ ដោយចោទប្រកាន់ថា អង្គភាពប្រឆាំងអំពើពុករលួយ ឃុំខ្លួនលើសពី ៤៨ម៉ោងចំពោះអ្នកទាំង ៥រូប ប៉ុន្តែត្រូវបានសភាស៊ើបសួរនេះទាត់ចោល។
កំពុងធ្វើដំណើរចេញពីបន្ទប់សាកសួរ ដោយដៃជាប់ខ្នោះផង លោក ណៃ វ៉ង់ដា ពុំប្រតិកម្មអ្វីឡើយចំពោះការសម្រេចឃុំខ្លួននៅពេលនេះរបស់ចៅក្រម លោក ធាម ច័ន្ទពិសិដ្ឋ ក៏ប៉ុន្តែមន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បែរជាបង្វែរការងារដ៏ចាំបាច់នេះទៅអំពាវនាវឲ្យពលរដ្ឋ ត្រូវទៅចុះឈ្មោះបោះឆ្នោតទៅវិញ។ លោក បន្តថា, «សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេសហ្នឹង ទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា។ ត្រូវតស៊ូ ហើយប្រឹងប្រែងឡើងដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន។»
មន្ត្រីនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ លោក លី សុផាណា ឲ្យដឹងតាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ថា ការតម្រូវឲ្យមន្ត្រីការពារសិទ្ធិមនុស្សទាំង ៤រូប និងលោក នី ចរិយា មកកាន់តុលាការទៀតនេះ គឺចៅក្រមស៊ើបសួរបន្តនីតិវិធីទាក់ទងការឃុំខ្លួនបណ្ដោះអាសន្នក្នុងរឿងក្ដីសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
ក្រោយការឃាត់ខ្លួន និងចោទប្រកាន់ពីតុលាការក្រុងភ្នំពេញប្រឆាំងលោក នី ចរិយា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក នី សុខា ក្នុងរឿងក្តីពាក់ព័ន្ធរវាងប្រធានស្ដីទីគណបក្សប្រឆាំង លោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ នេះ មានប្រតិកម្មជាបន្តបន្ទាប់ពីក្រុមអង្គការមិនមែនរដ្ឋាភិបាល ដោយចាត់ទុកថា នេះជាវិធីសាស្ត្រយកនុយស្ទូចត្រីយ៉ាងមានប្រសិទ្ធភាព ក្នុងការបំបិទសំឡេងអ្នកប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស។ រឿងក្តីព្រហ្មទណ្ឌនេះ មានមនុស្សសំខាន់ៗជាច្រើននាក់ត្រូវចោទប្រកាន់តាមផ្លូវតុលាការ និងឃុំខ្លួននៅក្នុងពន្ធនាគារ៕
No comments:
Post a Comment