Paris Peace Accords 23 Oct. 1991

Thursday, October 20, 2016

ប៉ូលិស​ ស្រុក​ ឯកភ្នំ​ ឃាត់​មន្ត្រី​ បក្ស​ប្រឆាំង​ មិន​ឲ្យ​ ផ្សព្វផ្សាយ ​ជំរុញ​ ពលរដ្ឋ​ ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត | Police blocks opposition officials from urging people to go register to vote

ក្រុមប្រឹក្សា​ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក អ៊ឹម ប៊ុនឆេង បណ្ដើរ​ម៉ូតូ​មាន​ដាក់​ឧបករណ៍​បំពង​សំឡេង នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun
ក្រុមប្រឹក្សា​ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង លោក អ៊ឹម ប៊ុនឆេង បណ្ដើរ​ម៉ូតូ​មាន​ដាក់​ឧបករណ៍​បំពង​សំឡេង នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

ប៉ូលិស​ ស្រុក​ ឯកភ្នំ​ ឃាត់​មន្ត្រី​ បក្ស​ប្រឆាំង​ មិន​ឲ្យ​ ផ្សព្វផ្សាយ ​ជំរុញ​ ពលរដ្ឋ​ ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត

 RFA / វិទ្យុ អាស៊ី សេរី | ២០ តុលា ២០១៦


ប៉ូលិស​ ស្រុក​ឯកភ្នំ ខេត្ត​ បាត់ដំបង ឃាត់​មន្ត្រី​ គណបក្ស​ សង្គ្រោះ​ជាតិ ម្នាក់​ នាំ​ខ្លួន​ ឲ្យ​ទៅ ​ដោះស្រាយ​ នៅ​អធិការដ្ឋាន​ នគរបាល​ ស្រុក ខណៈ ​រូប​គាត់​ កំពុង​ បើក​ម៉ូតូ​ ដាក់​គ្រឿង​ បំពង​សំឡេង​ ផ្សព្វផ្សាយ ​តាម​ភូមិ ដើម្បី​ ជំរុញ​ ឲ្យ​ពលរដ្ ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត​ កាល​ពី​ព្រឹក ​ថ្ងៃ​ទី​២០ តុលា។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ឯកភ្នំ បាន​ប្រតិកម្ម​ភ្លាមៗ​នឹង​ទង្វើ​របស់​សមត្ថកិច្ច​នេះ ថា​ជា​ការ​គំរាម​កំហែង​គណបក្ស​ខ្លួន និង​រារាំង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុមប្រឹក្សា​ឃុំ​សំរោង មក​ពី​គណបក្ស សម រង្ស៊ី លោក អ៊ឹម ប៊ុនឆេង ផ្ដល់​បទសម្ភាសន៍​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯកភ្នំ ថា ប៉ូលិស​មាន​គ្នា ៤​នាក់ មាន​ឡាន​មួយ​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង ឃាត់​រូប​លោក ខណៈ​កំពុង​ផ្សព្វផ្សាយ​ជំរុញ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ភូមិ​អូរទ្រា ឃុំ​សំរោងក្នុង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា។ លោក​អះអាង​ថា ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​នាំ​រូប​គាត់​ទៅ​ធ្វើ​កិច្ចសន្យា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯកភ្នំ ដើម្បី​ឲ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​បន្ត​ទៀត៖ «បាទ! ចាក់​សំឡេង​ផ្សាយ​អំពាវនាវ​របស់ គ..ប ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត។ ដោយ​មាន​ខ្លឹមសារ បើ​អត់​ឯកសារ​អី សូម​អញ្ជើញ​ដូចជា​យក​សៀវភៅ​គ្រួសារ ឬ​យក​សំបុត្រ​បញ្ជាក់​កំណើត និង​អត្តសញ្ញាណប័ណ្ណ​ទៅ​ជួប​លោក​មេ​ឃុំ ដើម្បី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត»

អាស៊ីសេរី បាន​ទៅ​ដល់​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯកភ្នំ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ប្រមាណ ៣​នាក់ បាន​ចេញ​មក​ប្រាប់​នៅ​ខាង​មុខ​ខ្លោងទ្វារ​អធិការដ្ឋាន​នគរបាល​ថា លោក​អធិការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ព័ត៌មាន​អាស៊ីសេរី ថត​រូប និង​ផ្ដល់​សម្ភាស​ឡើយ៖ «តាម​ពិត ប៉ូលិស​មិន​បាន​ចាប់​ទេ គឺ​ឲ្យ​គាត់​ជិះ​ម៉ូតូ​មក​ខ្លួន​ឯង ហើយ​សួរ​នាំ​គាត់​រឿង​ដាក់​គ្រឿង​បំពង​សំឡេង រួច​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​តែ​ប៉ុណ្ណឹង​ទេ ហើយ​ឲ្យ​គាត់​ត្រឡប់​វិញ តែ​គាត់​មិន​ទៅ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង ចំនួន ៥​នាក់ បាន​ចូល​ទៅ​ដោះស្រាយ​ប្រមាណ ១​ម៉ោង​កន្លះ​នៅ​ខាង​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯកភ្នំ ក្នុង​នោះ​រួម​មាន លោក​អភិបាល​ស្រុក អធិការ​នគរបាល និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ឯកភ្នំ លោក ឃុត សាវ័យ អះអាង​ថា អាជ្ញាធរ​ស្រុក​បាន​បញ្ជាក់​នៅ​ក្នុង​អង្គ​ប្រជុំ​ថា ប្រសិន​បើ​មាន​ការ​ផ្សព្វផ្សាយ​ទៀត គឺ​ត្រូវ​ធ្វើ​លិខិត​ស្នើសុំ​ទៅ​សាលា​ស្រុក​ជា​មុន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ផ្សព្វផ្សាយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ពុំ​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ។ លោក​ហៅ​ថា ការ​រារាំង​ពី​សំណាក់​សមត្ថកិច្ច​នេះ ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង៖ «យើង​ចេះ​តែ​ចាត់​ទុក​ថា សកម្មភាព​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ថា​ជា​ការ​ឃោសនា។ ហើយ​យើង​ចេះ​តែ​ទាមទារ​ឲ្យ​គណបក្ស​នយោបាយ និង​បណ្ដា​អង្គការ​សង្គម​ស៊ីវិល​សុំ​ច្បាប់។ ខ្ញុំ​ឆ្ងល់​ដែរ ថា​តើ​ឲ្យ​គាត់​សុំ​ច្បាប់​អី

កាល​ពី​កន្លង​ទៅ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ស៊ិក ប៊ុនហុក ធ្លាប់​មាន​ប្រសាសន៍​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តាម​មូលដ្ឋាន ជួយ​ផ្សព្វផ្សាយ និង​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី កន្លង​ទៅ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង ជាដើម គឺ​អាជ្ញាធរ​តែង​រារាំង​ក្រុម​យុវជន និង​មន្ត្រី​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ​ទៅ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់៕



No comments:

Post a Comment