លោក សម រង្ស៊ី ប្រកាស ថា, វិលចូលប្រទេស កម្ពុជាវិញ ឆាប់ៗ
| ២០ តុលា ២០១៦
ការប្រកាស របស់លោក សម រង្ស៊ី បានធ្វើ ក្រោយ ពីលោក កឹម សុខា ជាអនុប្រធាន គណបក្សសង្រ្គោះជាតិ បានសម្តែង បំណង ចង់ឲ្យលោក សម រង្ស៊ី វិលមករួម សុខរួមទុក្ខ ជាមួយគ្នា នៅប្រទេសកម្ពុជា ខណៈលោក កឹម សុខា កំពុងជាប់ឃុំខ្លួនឯងនៅក្នុងស្នាក់បក្ស៥ខែមកនេះ។
នៅក្នុងវីដេអូមួយផ្សាយកាលពីម្សិលមិញ លោក សម រង្ស៊ី បានប្រកាសថា៖ «ខ្ញុំ សម រង្ស៊ី នឹងវិលមកប្រទេសកម្ពុជាភ្លាម។ ភ្លាមហ្នឹង គ្រាន់តែថាមានពេលរៀបចំខ្លួនទិញសំបុត្រកាប៉ាល់ហោះធ្វើដំណើរមួយថ្ងៃពីរថ្ងៃ។ តែសុំតែមួយ ខ្ញុំមក យកខ្ញុំទៅធ្វើអីក៏ធ្វើទៅ។ ចង់ចាប់ដាក់គុកក៏បាន ចង់សម្លាប់ក៏បាន ប៉ុន្តែសុំឲ្យមានការដោះលែង អ្នកស្នេហាជាតិ។»
លោក សម រង្ស៊ី ក៏បានទទួចឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនគណបក្សសង្រ្គោះជាតិ មន្រ្តីសិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀតដែលលោកចាត់ទុកថាជាអ្នកទោសមនសិកានោះសិន ទើបលោកវិលចូលកម្ពុជាវិញភ្លាម។ លោកបន្ថែមថា៖ «ខ្ញុំ សម រង្ស៊ី អត់ខ្លាចអីទេ ខ្ញុំហ៊ានបូជាជីវិតសម្រាប់ប្រទេសជាតិ។»
ទោះជាយ៉ាងណា លោក សម រង្ស៊ី ថាទាល់តែមានការដោះលែងមនុស្សជិត៣០នាក់ដែលកំពុងជាប់ឃុំនោះសិន ទើបលោកវិលចូលកម្ពុជាមកជាប់គុកជំនួសពួកគេ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា សាររបស់លោក សម រង្ស៊ី ហាក់គ្មានទម្ងន់ដល់គណបក្សប្រជាជនកម្ពុជាក្នុងការពិចារណាដោះលែងអ្នកដែលកំពុងជាប់ឃុំទេ តែផ្ទុយទៅវិញ លោកថាសារនោះ នឹងធ្វើបក្សកំពុងគ្រប់គ្រងអំណាចកាត់តែប្រុងប្រយ័ត្នទៅវិញ ទេដោយលោកវិភាគថា គណបក្សប្រជាជនកំពុងរុញស្ថានការណ៍នេះទៅជារឿងអនុវត្តច្បាប់។
ប៉ុន្តែលោកថា បើមានការដោះដូរអ្នកជាប់ឃុំដូចការលើកឡើងរបស់លោក សម រង្ស៊ី លោកថាសហគមន៍អន្តរជាតិនឹងមើលឃើញកាន់តែច្បាប់ថា ការចាប់ខ្លួនអ្នកទាំងនោះពិតជារឿងនយោបាយមែន ដូចនេះលោកថាគណបក្សប្រជាជនកម្ពុជាទំនងមិនលេងស្នៀតនេះទេ។
ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា អ្វីដែលបក្សឆាំងចំណេញគឺនៅពេលដែលលោក សម រង្ស៊ី ហ៊ានវិលមកកម្ពុជាឲ្យអាជ្ញាធរចាប់ខ្លួន ខណៈការបោះឆ្នោតជិតមកដល់ដូចពេលនេះ។ លោកថា៖ «បើសិនជាគាត់មក គេចាប់ បានន័យថា មានការចាប់អារម្មណ៍ពីមតិអន្តរជាតិនិងប្រជាពលរដ្ឋកាន់តែកើនឡើង។ អញ្ចឹងក្នុងករណីហ្នឹងគាត់មក គេត្រូវតែចាប់ហើយ ការកើនឡើងយ៉ាងម៉េច [សម្ពាធអន្តរជាតិ] គេដោះស្រាយទៀត រឿងគណបក្សប្រជាជនគេមិនចង់ឲ្យមានអ្នកដើរឃោសនា អ្នកដើរបន្តុះបង្អាប់ទៅលើការដឹកនាំ របស់គណបក្សកាន់អំណាចទេ។ ដូច្នេះហើយការមករបស់គាត់ [សម រង្ស៊ី] ហ្នឹងវាអាចទាញប្រជាប្រិយភាពរបស់ពួកគាត់និងការគាំទ្រពីមតិអន្តរជាតិ។»
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត គឹលោក សូ ចន្ថា លើកឡើងថាការផ្ញើសាររបស់លោក សម រង្ស៊ី នៅពេលនេះ លោកវិភាគថាជាសារនយោបាយមួយ ជំរុញឲ្យគណបក្សកំពុងគ្រប់គ្រងអំណាចពិចារណា ពិការតវ៉ាទ្រុងទ្រាយធំមួយអាចនឹងផ្ទុះឡើង បើមានការចាប់ខ្លួនមេបក្សប្រឆាំងអំឡុងពេលវិលត្រឡប់នោះ។
ប៉ុន្តែនៅពេលសួរថាស្ថានការណ៍នយោបាយនៅកម្ពុជានឹងមានការប្រប្រែលទេនៅពេលដែលសារនយោបាយ របស់លោក សម រង្ស៊ី ដដែលបញ្ជាក់ថា លោកនឹងមិនវិលចូលកម្ពុជាទេ បើមានការចាប់ខ្លួនលោកបន្ថែមនោះ ដោយលោក សម រង្ស៊ី សំអាងថាពេលនោះគ្មាននរណាជួយនរណាបាននោះ។
ការណីនេះលោក សូ ចន្ថា វិភាគបែបនេះថា៖ «ខ្ញុំគិតថាពលរដ្ឋខ្មែរទូទៅចង់ឃើញមេដឹកនាំខ្មែរក្លាហាន មេដឹកនាំដែលនិយាយហើយគាត់ហ៊ានធ្វើ អញ្ចឹងបើលោកលើកឡើងហើយ លោកត្រឡប់មកវិញតាមអ្វីដែលលោកសន្យានោះ ខ្ញុំគិតថាអាហ្នឹងជាចំនុចមួយដែលបង្ហាញទៅអ្នកគាំទ្រ ពិសេសម្ចាស់ឆ្នោតហ្នឹងថាលោកក្លាហានប្រឈមទៅនឹងបញ្ហាក្នុងគោលដៅតែមួយ គឺធ្វើដើម្បីប្រជាពលរដ្ឋនិងសង្គមរសនៅបានថ្លៃថ្នូរ ហើយពិសេសដើម្បីឲ្យមានការផ្លាស់ប្តូរដោយអវិជ្ជមាន។»
បើទោះបីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងថាការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលសកម្មជនបក្សប្រឆាំងទាំងនោះថាជាវិធានការចាប់ច្បាប់ក៏ដោយ ប៉ុន្តែសហគមន៍ជាតិនិងអន្តរជាតិបានមើលឃើញថាចំណាត់ការនោះ ជារឿងនយោបាយ។
ពួកគេអំពាវនាវឲ្យដោះលែងនិងទម្លាក់បទចោទ ដោយថាដើម្បីលុបបំបាត់កុំឲ្យមានរូបភាពគំរាមកំហែងផ្នែកនយោបាយដល់មន្ត្រីសង្គមស៊ីវិលដែលធ្វើការផ្នែកលើកស្ទួយសិទ្ធិមនុស្សនិងសិទ្ធិធ្វើនយោយ របស់បក្សប្រឆាំង ធានាដល់ភាពត្រឹមត្រូវនិងយុត្តិធម៌ដល់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ៕
No comments:
Post a Comment