Paris Peace Accords 23 Oct. 1991

Wednesday, October 5, 2016

តំណាង​ ពិសេស ​ក្រសួង ​ការ​បរទេស​ អាមេរិក​ សង្កត់​ធ្ងន់​ លើ​ការ​ លើក​កម្ពស់​ សិទ្ធិ​សហជីព | Special representative of US State Dept. greatly emphasized importance of labor rights

តំណាង​ពិសេស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ou Banung
តំណាង​ពិសេស​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) ជួប​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Ou Banung

តំណាង​ ពិសេស ​ក្រសួង ​ការ​បរទេស​ អាមេរិក​ សង្កត់​ធ្ងន់​ លើ​ការ​ លើក​កម្ពស់​ សិទ្ធិ​សហជីព

 

RFA / វិទ្យុ អាស៊ី សេរី | ៤ តុលា ២០១៦



តំណាង​ ពិសេស​ របស់ ​ក្រសួង ​ការ​បរទេស​ សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ ផ្នែក​កិច្ចការ​ ពលកម្ម​ អន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) នៅ​ថ្ងៃ​អង្គារ ទី​៤ តុលា ជួប​ សំណេះសំណាល​ ជាមួយ​ អ្នក​សារព័ត៌មាន ​ក្នុង​ស្រុក ១០​នាក់ ​នៅ​ស្ថានទូត ​អាមេរិក ទីក្រុង​ភ្នំពេញ ជុំវិញ​រឿង​ ច្បាប់​ការងារ ​នៅ​កម្ពុជា។
ជំនួប​ពិភាក្សា​ជាមួយ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នេះ ផ្តល់​ឱកាស​ឲ្យ​អ្នកស្រី សារ៉ា ហ្វក បាន​ចែក​រំលែក​មតិ​របស់​អ្នកស្រី ក្រោយ​ពី​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​មីយ៉ាន់ម៉ា និង​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​លក្ខខណ្ឌ​ការងារ​តាម​ស្តង់ដារ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO)
អ្នក​ឯកទេស​ផ្នែក​ច្បាប់​ការងារ​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា តំណាង​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​អនុសញ្ញា​ពីរ​នៃ​ច្បាប់​ការងារ​អន្តរជាតិ ដែល​អ្នកស្រី សារ៉ា ហ្វក ថា​មាន​សារសំខាន់​ពិសេស។ ទី​មួយ គឺ​អនុសញ្ញា​លេខ​៨៧ ស្ដីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចងក្រង​ជា​ក្រុម ឬ​ជា​សមាគម និង​ទី​ពីរ គឺ​អនុសញ្ញា​លេខ​៩៨ ស្ដីពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​អនុសញ្ញា​រួម ឬ​ការ​ចរចា​ជា​សមូហភាព។
អ្នកស្រី សារ៉ា ហ្វក ហៅ​សិទ្ធិ​សេរីភាព​ទាំង​ពីរ​នេះ​ថា​ជា​សិទ្ធិ​មូលដ្ឋាន ដែល​អនុញ្ញាត​ឲ្យ​ភាគី​ពលករ​អាច​ទៅ​អនុវត្ត​សិទ្ធិ​សេរីភាព​ផ្សេងៗ​ទៀត​បាន ព្រោះ​សិទ្ធិ​ទាំង​ពីរ​នេះ​ផ្តល់​ឱកាស​ឲ្យ​ពលករ​រួបរួម​គ្នា​ជា​សំឡេង​មួយ ហើយ​យក​សំឡេង​នោះ​ទៅ​ប្រើ​ជា​កម្លាំង​សម្រាប់​សន្ទនា និង​ចរចា​ជាមួយ​និយោជក​របស់​ពួក​គេ ដើម្បី​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​មួយ​ដែល​ល្អ​ប្រសើរ។
បន្ថែម​ពី​លើ​នេះ អ្នកស្រី សារ៉ា ហ្វក បាន​លើក​ឡើង​ពី​ភាព​រហ័សរហួន​របស់​កម្ពុជា ក្នុង​ការ​ផ្តល់​សច្ចាប័ន​ទៅ​លើ​អនុសញ្ញា​ទាំងនេះ ប៉ុន្តែ​អ្នកស្រី​សំណូមពរ​ឲ្យ​រដ្ឋាភិបាល បន្ត​ពង្រឹង​កិច្ច​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO) និង​ព្យាយាម​រក​ដំណោះស្រាយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​នានា ដូចជា​ច្បាប់​សហជីព ជាដើម ដែល​មាន​ចំណុច​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​អនុសញ្ញា​នេះ៖ «មាន​បញ្ហា​នៅ​សេសសល់​មួយ​ចំនួន​ដូចជា ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​មួយ​ចំនួន​ចងក្រង​គ្នា​ជា​សហជីព។ ឧទាហរណ៍​ដូចជា មន្ត្រី​សាធារណៈ​ជាដើម។ មាន​ការ​ព្រួយ​បារម្ភ​ថា ផ្នែក​ខ្លះ​នៃ​ច្បាប់​នេះ​លូក​ដៃ​ចូល​កិច្ចការ​របស់​សហជីព​ច្រើន​ពេក។ តាម​ស្តង់ដារ​ការងារ​អន្តរជាតិ វា​ជា​រឿង​សំខាន់​ដែល​សហជីព​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​គ្រប់គ្រង​កិច្ចការ​ដោយ​ខ្លួន​ឯង។ ផ្នែក​ខ្លះ​នៃ​ច្បាប់ និយាយ​ពី​លក្ខខណ្ឌ​ដែល​សហជីព​អាច​ប្រមូល​ផ្តុំ​បាន ឬ​ធ្វើ​កូដកម្ម​បាន សុទ្ធតែ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ បើ​មើល​ពី​ស្តង់ដារ​អន្តរជាតិ។»
ប្រធាន​សហព័ន្ធ​សហជីព​ឯករាជ្យ​កម្ពុជា អ្នកស្រី ទេព គឹមវណ្ណារី មាន​ប្រសាសន៍​ថា តាម​ការ​អង្កេត​មើល​របស់​អ្នកស្រី​កន្លង​ទៅ ការ​អនុវត្ត​នូវ​អនុសញ្ញា​ទាំង​ពីរ​នេះ​មាន​ការ​រីក​ចម្រើន ប៉ុន្តែ​នៅ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន។
ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចងក្រង​ជា​សមាគម អ្នកស្រី ទេព គឹមវណ្ណារី ថា​បច្ចុប្បន្ន​នេះ ការ​បង្កើត​សហជីព​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ព្រោះ​មិន​ចាំបាច់​មាន​សមាសភាព ២០​ភាគរយ​នៃ​បុគ្គលិក​សរុប​ដើម្បី​បង្កើត​ទេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​បន្ត​ថា ការ​ចងក្រង​នូវ​សហជីព ជា​រឿយៗ​នៅ​តែ​បន្ត​ជួប​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​និយោជក៖ «កន្លង​មក ពេល​យើង​ចងក្រង​សហជីព​យើង​ហើយ យើង​ត្រូវ​យក​សមាសភាព​ទៅ​ឲ្យ​និយោជក​ទទួល​ស្គាល់ មាន​ប្រធាន​ឈ្មោះ​នេះ ឈ្មោះ​នេះ​អ៊ីចឹង។ ពេល​ដែល​គេ​ឃើញ​សមាសភាព​នោះ គេ​តែង​មាន​ការ​រើសអើង ដូចជា​ការ​បញ្ឈប់​ប្រធាន​ទាំងនោះ។ គេ​មិន​ចង់​ឲ្យ​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​គេ​ទេ។»
ចំពោះ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចរចា​ជា​សមូហភាព អ្នកស្រី ទេព គឹមវណ្ណារី បន្ត​ថា បច្ចុប្បន្ន​មាន​និយោជក​ចាប់​ផ្តើម​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ជជែក​ពិភាក្សា​ជាមួយ​សហជីព ដែល​ជា​ការ​ល្អ​មួយ។ អ្នកស្រី​ថា​បាន​ជួយ​បញ្ចៀស​ជម្លោះ​រវាង​ពលករ និង​ក្រុមហ៊ុន​ច្រើន ប៉ុន្តែ​នៅ​តែ​មាន​និយោជក​មួយ​ចំនួន​នៅ​តែ​មិន​គោរព​សិទ្ធិ​មួយ​នេះ ទោះ​បី​ជា​បាន​ចែង​ក្នុង​អនុសញ្ញា​អន្តរជាតិ​ក៏ដោយ៕





No comments:

Post a Comment