គោយន្តដឹកឈើរបស់ក្រុមអ្នកកាប់ឈើដោយខុសច្បាប់នៅក្នុងតំបន់ព្រៃព្រះរកា ខេត្តព្រះវិហារ កាលពីខែសីហា ឆ្នាំ២០១៦។ រូបថតអង្គការពន្លកខ្មែរ |
សហគមន៍ ថា, សកម្មភាព កាប់ឈើ នៅតំបន់ ព្រៃព្រះរកា កើតមានច្រើន ក្នុងអំឡុង បុណ្យភ្ជុំបិណ្ឌ
RFA / វិទ្យុ អាស៊ី សេរី | ៤ តុលា ២០១៦
អង្គការក្រៅរដ្ឋាភិបាលនៅខេត្តព្រះវិហារ ឲ្យដឹងថា ក្នុងរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌដែលទើបតែកន្លងហួស គឺសកម្មភាពកាប់ឈើនៅតំបន់ព្រៃព្រះរកា ហើយដឹកជញ្ជូនយកទៅជួញដូរខុសច្បាប់ បានកើតមានយ៉ាងគំហុក ដោយគ្មានសមត្ថកិច្ចណាបង្ក្រាបទេ។
បទល្មើសព្រៃឈើនេះ បានកើតមាននៅចន្លោះពេលដែលរដ្ឋបាលព្រៃឈើផ្ទេរតំបន់ព្រៃព្រះរកា ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានវិញ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ឃើញមន្ត្រីបរិស្ថានចូលទៅគ្រប់គ្រងជំនួសនៅឡើយ។
បណ្ដាញសហគមន៍ការពារព្រៃឈើខេត្តព្រះវិហារ ឲ្យដឹងថា កម្លាំងប្រជាសហគមន៍ដែលគេប្រមូលមកពីតាមភូមិដើម្បីដើរល្បាត មិនមានលទ្ធភាពទប់ស្កាត់ការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃព្រះរកា ដែលកំពុងកើតមានជាច្រើនកន្លែងយ៉ាងខ្លាំងក្លាក្នុងពេលបច្ចុប្បន្នបានទេ។
ក្រុមសហគមន៍ការពារព្រៃឈើ អំពាវនាវឲ្យក្រសួង និងមន្ទីរបរិស្ថានខេត្តព្រះវិហារ ត្រូវតែប្រញាប់បញ្ជូនមន្ត្រីឧទ្យានុរក្សចូលទៅការពារតំបន់ព្រៃព្រះរកាជាបន្ទាន់។
សមាជិកបណ្ដាញសហគមន៍ការពារព្រៃឈើខេត្តព្រះវិហារ គឺលោក ពេជ្រ ពាន់។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី៤ ខែតុលា ថា រយៈពេលជាងកន្លះខែមកនេះ សកម្មភាពកាប់ឈើដោយខុសច្បាប់នៅក្នុងតំបន់ព្រៃព្រះរកា ហើយដឹកជញ្ជូនយកទៅលក់ដូរខុសច្បាប់ បានកើតមានយ៉ាងខ្លាំង។ លោក ពេជ្រ ពាន់ បញ្ជាក់ថា សកម្មភាពកាប់ឈើនៅព្រៃព្រះរកា និងដឹកជញ្ជូនយកទៅជួញដូរខុសច្បាប់នេះ បានកើតមានខ្លាំងចាប់ពីអំឡុងពេលកាន់បិណ្ឌ ដែលប្រជាពលរដ្ឋត្រូវការទៅធ្វើបុណ្យទានតាមប្រពៃណី ព្រមទាំងនៅចន្លោះពេលដែលរដ្ឋបាលព្រៃឈើបានប្រគល់តំបន់នោះ ទៅឲ្យមន្ត្រីបរិស្ថានគ្រប់គ្រង ប៉ុន្តែមិនទាន់មានមន្ត្រីបរិស្ថានចូលទៅកាន់ទីនោះនៅឡើយ៖ «មានមនុស្សមកឈរចាំទិញឈើមកពីខេត្តតាកែវ បីបួនប្រាំនាក់ឯណោះ។ ឥឡូវនេះសកម្មភាពកាប់នៅព្រៃព្រះរកា គឺមានទាំងម៉ាស៊ីនរ៉ៃដាក់នៅជាប់មាត់ព្រៃផង។»
លោក ពេជ្រ ពាន់ ឲ្យដឹងថា សកម្មភាពកាប់ឈើដោយខុសច្បាប់នៅក្នុងព្រៃព្រះរកា កំពុងកើតមានជាច្រើនកន្លែង ដូចជានៅតំបន់អូរបាចកន្ទប អូរក្រូច ខ្សាច់ស ក្បាលសោម និងទឹកខ្មៅ ជាដើម។
ព្រៃព្រះរកា ដែលលាតសន្ធឹងលើផ្ទៃដីជិត ១០ម៉ឺនហិកតារ គឺជាដែនជម្រកសត្វព្រៃដែលប្រជុំដោយឈើប្រណិត និងធំៗនៅជាប់ភូមិសាស្ត្រប្រជុំស្រុកចំនួនបីរបស់ខេត្តព្រះវិហារ គឺជាព្រៃដែលនៅសេសសល់ចុងក្រោយបំផុត បន្ទាប់ពីតំបន់ព្រៃឡង់កំពុងទទួលរងការកាប់បំផ្លាញស្ទើរតែអស់ទៅហើយ។
ទោះបីជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារ ដើម្បីសុំការអធិប្បាយជុំវិញសកម្មភាពកាប់ឈើខុសច្បាប់នៅព្រៃព្រះរកានោះ បានថាយ៉ាងណានៅឡើយនៅថ្ងៃអង្គារ ទី៤ ខែតុលា។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា រូបលោកដែលជាអង្គការក្រៅរដ្ឋាភិបាល ជួយការពារព្រៃឈើ គឺមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលឃើញសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃព្រះរកាជារៀងរាល់ថ្ងៃ៖ «ឃើញដឹកចេញចូលមកខេត្តតាមគោយន្ត និងតាមឡានជាហូរហែ។ បើគោយន្តឃើញឲ្យតែម៉ោង៣ ម៉ោង៤ ទៀបភ្លឺ គឺចូលទៅក្នុងព្រៃហើយ។»
ប្រជាពលរដ្ឋរិះគន់ថា នៅតាមដងផ្លូវនៃតំបន់ព្រៃព្រះរកា គេឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើ និងប៉ូលិសខ្លះដាក់ប៉ុស្តិ៍ជាហូរហែ ក៏ប៉ុន្តែប៉ុស្តិ៍ទាំងនោះមិនបង្ក្រាបបទល្មើសទេ គឺឈរចាំទារលុយពីអ្នកដឹកឈើ និងអ្នកកាន់ម៉ាស៊ីនទៅអារឈើជាដើម។
ចាប់តាំងតែពីអំឡុងឆ្នាំ២០១៣ អ្នកកាប់ឈើខុសច្បាប់តែងឆ្លៀតឱកាសចូលទៅតំបន់ព្រៃព្រះរកា ដូចជានៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ពេលដែលគណបក្សនយោបាយមានអាសនៈនៅក្នុងរដ្ឋសភាទាំងពីរ មានជម្លោះផ្នែកនយោបាយតានតឹង និងពេលរដូវបុណ្យទាន ដែលសហគមន៍ការពារព្រៃឈើផ្អាកដើរល្បាតការពារ ជាដើម៕
No comments:
Post a Comment