Paris Peace Accords 23 Oct. 1991

Wednesday, October 26, 2016

[Vietnamization: Border, Land swap] គណៈកម្មការ ​ព្រំដែន​ កម្ពុជា ​រង​ការ ​រិះគន់ ​រឿង​បិទបាំង​ ព័ត៌មាន​ ពី​គម្រោង​ ការ​ដូរ​ដី​ តាម​ព្រំដែន | Cambodian Border Committee comes under fire for secrecy in agreeing to land swap along border

សមត្ថកិច្ច​ការពារ​ព្រំដែន​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល រារាំង​តំណាងរាស្ត្រ និង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​មើល​ព្រំដែន នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
សមត្ថកិច្ច​ការពារ​ព្រំដែន​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល រារាំង​តំណាងរាស្ត្រ និង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​មើល​ព្រំដែន នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។

គណៈកម្មការ ​ព្រំដែន​ កម្ពុជា ​រង​ការ ​រិះគន់ ​រឿង​បិទបាំង​ ព័ត៌មាន​ ពី​គម្រោង​ ការ​ដូរ​ដី​ តាម​ព្រំដែន

RFA / វិទ្យុ អាស៊ី សេរី | ២៥ តុលា ២០១៦


គណបក្ស​ ប្រឆាំង និង​អ្នក​ស្រាវជ្រាវ​ ការ​អភិវឌ្ឍ បង្ហាញ​ ក្ដី​កង្វល់​ ជុំវិញ​ គោលនយោបាយ ​ដោះដូរ​ដី​ ដែល​កម្ពុជា និង​វៀតណាម  គ្រោង​ នឹង​ចាប់​ផ្ដើម​ នៅ​ពេល​ ខាង​មុខ។  ក្រសួង​ ការបរទេស​ វៀតណាម បាន​បង្ហោះ ​នៅ​លើ​ គេហទំព័រ​ របស់​ខ្លួន​ ថា, រដ្ឋាភិបាល​ នៃ​ប្រទេស​ ទាំង​ពីរ​ បាន​ព្រមព្រៀង ​រួច​ហើយ ​ចំពោះ ​គម្រោង​ នៃ​ការ​ដោះដូរ​ដី គ្នា​ ក្នុង​តំបន់ ​មួយ​ចំនួន​ តាម​បណ្ដា​ខេត្ត​ ជាប់​ព្រំដែន។

ដោយ​ឡែក​ អ្នក​ជំនាញ​ កិច្ចការ​ ព្រំដែន ​ពី​ខាង ​រដ្ឋាភិបាល​វិញ បក​ស្រាយ​ ថា, ក្នុង​ដំណាក់កាល​នេះ ​គ្រាន់​តែ ​ជា​កិច្ច​ព្រមព្រៀង ​នៅ​ឡើយ​ទេ, ហើយ​ រដ្ឋាភិបាល​ ទាំង​សង្ខាង ក៏​កំពុង​ តែ​ សម្លឹង​រក​ ភូមិសាស្ត្រ​ ដែល​នឹង​ត្រូវ ​ដោះដូរ​ ជា​មុន​សិន ​ដែរ។


សំឡេង ពលរដ្ឋ៖ «ខ្លាច​ដូច​គេ​ថា យក​ភូមិ​ខ្មែរ​ទៅ​ដូរ​យក​ដី​ខ្មែរ​មក​វិញ វា​មិន​បាន​ទៅ​ដូរ​យក​ដី​វៀតណាម មក​វិញ»

ការ​រិះគន់​របស់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​នេះ ក្រោយ​ពេល​ព័ត៌មាន​ស្ដីពី​ការ​ដោះដូរ​ដី​ត្រូវ​បាន​ក្រសួង​ការបរទេស​វៀតណាម ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ នៅ​លើ​គេហទំព័រ​របស់​ខ្លួន ខណៈ​រដ្ឋាភិបាល​កម្ពុជា បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​កិច្ច​ព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​រួច​ហើយ​នេះ ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា នៅ​ទីក្រុង​ហូជីមីញ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា រឿង​នេះ​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ធំ​សម្រាប់​ពលរដ្ឋ​កម្ពុជា។ លោក​បន្ត​ថា នេះ​ជា​មន្ទិល​សង្ស័យ​ពី​មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា ព្យាយាម​បិទ​បាំង​ព័ត៌មាន ក្រោយ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​បាន​បិទ​បញ្ចប់។លើស​ពី​នេះ​ទៀត ការ​ដោះដូរ​ដី​ដែល​ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង​បែប​នេះ តើ​ថា​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាត​បង់​ដី​ដោយ​របៀប​ណា​បន្ថែម​ទៀត​ទៅ​វៀតណាម ដែរ ឬ​ទេ។

មាស នី ៨៥៥
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។ RFA

កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ក្រសួង​ការបរទេស​វៀតណាម បាន​បញ្ចេញ​លទ្ធផល​នៃ​កិច្ចប្រជុំ​ទ្វេ​ភាគី​ក្នុង​ទីក្រុង​ហូជីមិញ នៅ​លើ​គេហទំព័រ​របស់​ខ្លួន។ មជ្ឈដ្ឋាន​នានា រិះគន់​ពី​ការ​លាក់លៀម​ព័ត៌មាន​ដូច​គ្នា​នេះ​របស់​គណៈកម្មការ​ព្រំដែន ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​ចំពោះ​ភាព​យឺតយ៉ាវ​នៃ​​ការ​ផ្ដល់​ព័ត៌មាន​ជា​ផ្លូវការ​ជុំវិញ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រយៈពេល ៣​ថ្ងៃ នៅ​លើ​ទឹកដី​វៀតណាម នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ប្រធាន​គណៈកម្មការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា លោក វ៉ា គឹមហុង ទទួល​ស្គាល់​ថា អ្វី​ដែល​ភាគី​វៀតណាម បង្ហាញ​ជា​សាធារណៈ​នោះ ស្ដីពី​កិច្ច​ព្រមព្រៀង​ថា នឹង​ដោះដូរ​ដី​នោះ​គឺ​ជា​ការ​ពិត។ លោក វ៉ា គឹមហុង បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី ដឹង​ថា ដី​ភូមិ​មួយ​ចំនួន​ដែល​ភាគី​ទាំង​ពីរ​ព្រមព្រៀង ផ្ទេរផ្ទូរ​នោះ ស្ថិត​ក្នុង​ខេត្ត​រតនគិរី ស្វាយរៀង និង​ខេត្ត​មណ្ឌលគិរី ជាដើម។

ដោយ​ឡែក​កំណត់​ហេតុ​ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​នៃ​ក្រសួង​ការបរទេស​វៀតណាម ឲ្យ​ដឹង​ក្រោយ​កិច្ច​ប្រជុំ​បាន​បញ្ចប់​ទៅ​ភ្លាមៗ​ថា ភាគី​ទាំង​ពីរ​សម្រេច​បាន ៨៣​ភាគរយ​ហើយ​នៃ​ការ​បែងចែក​ព្រំដែន និង​ការ​បោះ​បង្គោល​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ក្រៅ​ពី​នេះ រដ្ឋាភិបាល​ទាំង​ពីរ​នឹង​បន្ត​អនុវត្ត​សញ្ញា​ទាំង​ឡាយ​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​រួច​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់ ជា​ពិសេស​នោះ គឺ​អនុវត្ត​ឲ្យ​បាន​នូវ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

ជុំវិញ​រឿង​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក ម៉ៅ មុនីវណ្ណ យល់​ឃើញ​ថា បញ្ហា​នេះ​វា​ហាក់​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ ដែល​រដ្ឋាភិបាល​ខកខាន​ក្នុង​ការ​បញ្ចេញ​កិច្ចការ​សំខាន់ៗ ទាក់ទង​អាយុ​ជីវិត​ប្រទេស​ជាតិ​នេះ ជាពិសេស​ព័ត៌មាន​ទាក់ទង​ការ​កំណត់​នៃ​ការ​បោះ​បង្គោល​ព្រំដែន​នេះ។ ជាង​នេះ​ទៀត ការ​អនុវត្ត​ដូច​នេះ​លោក​បញ្ជាក់​ថា គេ​គ្រាន់​តែ​ដឹង​ថា គឺ​គណៈកម្មការ​នេះ​យោង​សេចក្ដី​សម្រេច​របស់​លោក ហ៊ុន សែន។

ទាក់ទង​រឿង​នេះ លោក​បណ្ឌិត កែម ឡី កាល​នៅ​មាន​ជីវិត​ធ្លាប់​ព្រមាន​ថា ប្រទេស​កម្ពុជា មិន​យូរ​មិន​ឆាប់​ទេ នឹង​មាន​វាសនា​ធ្លាក់​ទៅ​លើ​ដៃ​វៀតណាម ដូច​កម្ពុជា​ក្រោម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បដិសេធ​ក្នុង​ពេល​ចូល​ឆ្លើយ​នៅ​រដ្ឋ​សភា​កាល​ពី​ខែ​សីហា ឆ្នាំ​២០១២ ថា វៀតណាម​មិន​ដែល​រំកិល​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​របស់​បក្ស​នយោបាយ​មួយ​ចំនួន​ឡើយ។ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាក់ស្តែង ពួក​គេ​កំពុង​កាន់​កាប់ និង​អាស្រ័យផល​ជា​ប្រចាំ។ លោក ហ៊ុន សែន ចំអក​ថា ប្រសិន​បើ​មាន​ការ​រំកិល​បង្គោល​ព្រំដែន​ដូច​នេះ​មែន ម៉្លេះ​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម មិន​ដឹង​ដល់​ណា​នោះ​ឡើយ។

ផ្ទុយ​ពី​ការ​បកស្រាយ​​បែប​នេះ របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ពលរដ្ឋ​ដែល​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​កំពង់ចាម ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ ជាដើម តែង​ស្រែក​យំ និង​ត្អូញត្អែរ​ពី​ការ​រំកិល​​តម្រុយ​បង្គោល​ព្រំដែន​ជា​ហូរហែ។

អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី បំភ្លឺ​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​បាន​បញ្ចេញ​ភ្លាមៗ​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ហូជីមិញ ដោយសារ​នេះ​ពុំ​មែន​ជា​លទ្ធផល​សម្រេច​ឡើយ។ ម្យ៉ាង​ទៀត កម្ពុជា​ត្រូវ​ឆ្លង​កាត់​សេចក្ដី​សម្រេច​ជា​ច្រើន​ដំណាក់កាល ហេតុ​ដូច្នេះ​បាន​ជា​ត្រូវ​យឺតយ៉ាវ​ក្នុង​ការ​លាត​ត្រដាង​ជា​សាធារណៈ ហើយ​កិច្ចការ​ព្រំដែន​នេះ ត្រូវ​ការ​ពេល​យូរ​ទៀត​ដើម្បី​បញ្ចប់ ព្រោះ​ជា​ដំណាក់កាល​ទាក់ទង​ប្រទេស​ជាតិ។

រហូត​មក​ដល់​ពេល​នេះ ភាគី​កម្ពុជា នៅ​ពុំ​ទាន់​អាច​បញ្ចេញ​ទិន្នន័យ​ជាក់លាក់​ពី​ការ​ដោះដូរ​ដី​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​នៅ​ឡើយ​ទេ។

ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ប្រមាណ​ជាង ៥​ម៉ោង កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១២ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា បើ​យោង​លើ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០១១ ការ​ដោះដូរ​ដី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ហើយ​នេះ គឺ​មាន​ទម្រង់​មិន​ខុស​ពី​ធ្មេញ​រណា​ឡើយ។

បច្ចុប្បន្ន​កម្ពុជា-​វៀតណាម បាន​បោះ​បង្គោល​បាន​ជិត ៣០០​បង្គោល​ហើយ ក្នុង​ចំណោម ៣៧៥​បង្គោល។ លោក ហ៊ុន សែន អះអាង​ថា ការ​ដោះដូរ​ដី​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នេះ​មិន​មែន​ធ្វើ​តែ​កម្ពុជា ទេ បណ្ដា​ប្រទេស​នៅ​លើ​ពិភពលោក គឺ​គេ​តែង​អនុវត្ត​របៀប​នេះ​ដែរ។

បញ្ហា​នេះ ទាំង​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា ការ​ដោះដូរ​ដី​ដែល​ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​ដែល​កម្ពុជា មិន​ទាន់​បាន​ឯកភាព​ជាតិ​នៅ​ឡើយ​ផង ហើយ​បែរ​ជា​បក្ស​កាន់​អំណាច​សម្រេច​ដោយ​ឯកច្ឆន្ទ​បែប​នេះ វា​នឹង​ក្លាយ​ជា​បន្ទុក​ថ្មី​មួយ​ទៀត​លើ​រដ្ឋាភិបាល ពោល​គឺ​​ចៀស​មិន​ផុត​ពី​ការ​​រិះគន់ និង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ប្រសិន​បើ​រក​ឃើញ​ថា ធ្វើ​ឲ្យ​ទឹក​ដី​ត្រូវ​ខាត​បង់​ពី​ការ​កំណត់​ខណ្ឌសីមា​នេះ៕


No comments:

Post a Comment