ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន លោក ហ្សុង បូ (Xiong Bo) (ឆ្វេង) ជួបសម្ដែងការគួរសមប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន នាវិមានរដ្ឋសភា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ RFA/Brach Chev |
ខុទ្ទកាល័យ លោក ហេង សំរិន៖ ទំនាក់ទំនង កម្ពុជា-ចិន នឹងឈានដល់ ចំណុចកំពូល
RFA / វិទ្យុ អាស៊ី សេរី | ១២ តុលា ២០១៦
នាយក ខុទ្ទកាល័យ របស់លោក ហេង សំរិន លើកឡើង ថា, ទំនាក់ទំនង ល្អ រវាង កម្ពុជា និងចិន ជាសញ្ញាវិជ្ជមាន នៃការអភិវឌ្ឍ នៅកម្ពុជា។ តំណាងរាស្ត្រ និងជានាយក ខុទ្ទកាល័យ លោក ហេង សំរិន គឺ លោក កែវ ពិសិដ្ឋ និយាយ ថា, សព្វថ្ងៃនេះ ថ្នាក់ដឹកនាំ នៃប្រទេស ទាំងពីរ កំពុង លើកកម្ពស់ ពង្រឹង ទំនាក់ទំនង ការទូត ឲ្យកាន់តែ ជិតស្និទ្ធ ដើម្បី សម្រេចបាន ទិសដៅ រួមមួយ គឺ ការអភិវឌ្ឍ។
ការថ្លែងបែបនេះ ធ្វើឡើងក្រោយឯកអគ្គរដ្ឋទូតថ្មីរបស់ចិន លោក ហ្សុង បូ (Xiong Bo) ដែលទើបតែត្រូវតែងតាំងថ្មី បានចូលជួបសម្ដែងការគួរសមលោក ហេង សំរិន ប្រធានរដ្ឋសភានៅវិមានរដ្ឋសភា នៅថ្ងៃទី១២ ខែតុលា។
នាយកខុទ្ទកាល័យរបស់ប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំណងមិត្តភាពកម្ពុជា-ចិន នឹងឈានដល់ចំណុចកំពូលមួយដែលពុំធ្លាប់មានពីមុន ខណៈប្រធានាធិបតីចិន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកទីពីរនេះ។ ទោះជាបែបនេះក្តី លោក កែវ ពិសិដ្ឋ មិនធ្វើអត្ថាធិប្បាយពីភាពអវិជ្ជមានរវាងទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនេះទេ៖ «នេះគឺជាសញ្ញាវិជ្ជមានមួយដែលរដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជា រីករាយសាទរការពន្លឿននៃសេដ្ឋកិច្ច។»
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៤ តុលា។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារជិត៣០៕
No comments:
Post a Comment