Paris Peace Accords 23 Oct. 1991

Tuesday, October 18, 2016

[Vietnamization] ក្រសួង​ មហាផ្ទៃ​ គ្រោង​ បញ្ជូន​ ម៉ុងតាញ៉ា​ ដែល​មិន​ មាន​សិទ្ធិ​ ជា​ជន​ភៀស​ខ្លួន​ ទៅ​វៀតណាម​វិញ | Interior Ministry to repatriate Montagnards without status as refugees to Vietnam

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta

ក្រសួង​ មហាផ្ទៃ​ គ្រោង​ បញ្ជូន​ ម៉ុងតាញ៉ា​ ដែល​មិន​ មាន​សិទ្ធិ​ ជា​ជន​ភៀស​ខ្លួន​ ទៅ​វៀតណាម​វិញ

 RFA / វិទ្យុ អាស៊ី សេរី | ១៨ តុលា ២០១៦

មន្ត្រី​ ក្រសួង ​មហាផ្ទៃ ថា​, ជនជាតិ​ ម៉ុងតាញ៉ា កំពុង ​សុំ​សិទ្ធិ​ ជ្រកកោន ​ក្នុង​ប្រទេស ​កម្ពុជា, ភាគច្រើន ​គឺ​ ពួក​គាត់​ សម្ភាស​ មិន​ ជាប់​នោះ​ទេ, ហើយ​ គ្រោង​ នឹង​បញ្ជូន​ ទៅ​ប្រទេស ​វៀតណាម វិញ។  ជនជាតិ ម៉ុងតាញ៉ា កំពុង ​តែ ​ព្រួយ​បារម្ភ​ អំពី​ បញ្ហា​នេះ ព្រោះ​ ថា, ​បើ ពួក​គេ​ ត្រូវ​ បាន​បញ្ជូន​ ទៅ​វិញ​នោះ នឹង​ត្រូវ​ ស្លាប់​ មិន​ខាន ​ឡើយ។


ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដែល​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​កម្ពុជា នោះ ប្រហែល​ជា​នឹង​អាច​គ្មាន​ជោគវាសនា​រស់នៅ​កម្ពុជា ទៀត​នោះ​ទេ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា ពួក​គេ​មិន​មែន​ជា​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ​នោះ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ ជនជាតិ​ម៉ុងតាញ៉ា ដែល​បាន​ឆ្លង​កាត់​ការ​សម្ភាស​ហើយ គឺ​ពួក​គាត់​មិន​ជាប់​នោះ​ទេ ដោយសារ​ចម្លើយ ឬ​លក្ខខណ្ឌ​របស់​ពួក​គាត់​មិន​ត្រូវ​តាម​អនុសញ្ញា​ជន​ភៀស​ខ្លួន«អ្នក​ដែល​ឆ្លង​កាត់​ការ​សម្ភាស​នោះ​ធ្លាក់​ជាច្រើន។ ល្ងាច​មិញ​ខ្ញុំ​ឃើញ​ឯកសារ​បន្ត​មក គឺ​អត់​មាន​ជាប់ ហើយ​វា​អត់​គ្រប់​តាម​លក្ខខណ្ឌ​ដែល​ថា​ជា​ជន​ភៀស​ខ្លួន​ដែល​កំណត់​ដោយ UNHCR និង​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល»

លោក​បន្ត​ថា ទោះ​យ៉ាង​ណា​ក្តី គឺ​ជនជាតិ​ម៉ុងតាញ៉ា​ទាំងនោះ​នៅ​មិន​ទាន់​កំណត់​ពេល​បញ្ជូន​ទៅ​ប្រទេស​វៀតណាម វិញ​ជាក់លាក់​នោះ​ទេ ដោយ​ពួក​គេ​នៅ​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​តវ៉ា​ក្នុង​រយៈពេល​មួយ​ខែ​ទៀត«ដូច្នេះ​អាច​ពេល​យូរ ព្រោះ​គាត់​ត្រូវ​តវ៉ា​ទៀត ហើយ​ពួក​គាត់​ត្រូវ​បង្ហាញ​ភស្តុតាង​បន្ថែម​ទៀត​ថា មាន​គេ​ធ្វើ​ទុក្ខ​ធ្វើ​បាប ឬ​យក​អាយុ​ជីវិត​អី​ជាដើម ត្រូវ​បង្ហាញ​ភស្តុតាង​មួយ​នេះ​ទៀត ទើប​សម្រេច​បាន​ថា​បញ្ជូន​ទៅ​វិញ»

បច្ចុប្បន្ន ជនជាតិ​ម៉ុងតាញ៉ា ដែល​កំពុង​រស់នៅ​លាក់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ មាន​ចំនួន​ប្រមាណ ១៥៩​នាក់។

ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ម្នាក់​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​តុលា ថា ពួក​គាត់​មិន​បាន​ដឹង​អ្វី​ទាំងអស់​ថា សម្ភាស​ជាប់ ឬ​ធ្លាក់ ហើយ​ក៏​មិន​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​បញ្ជូន​ពួក​គាត់​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ​ពេល​ណា​នោះ​ដែរ។ ទោះ​យ៉ាង​ណា បុរស​ជនជាតិ​ម៉ុងតាញ៉ា​ម្នាក់​នេះ​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា និង​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) មិន​បញ្ជូន​ពួក​គាត់​ត្រឡប់​ទៅ​វិញ​ទេ ព្រោះ​ពួក​គាត់​អត់​មាន​គោលដៅ ហើយ​បើ​ត្រឡប់​ទៅ​វិញ​នោះ គឺ​ពួក​គាត់​នឹង​ស្លាប់។ ពួក​គាត់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​អន្តរជាតិ ស្វាគមន៍​ពួក​គាត់ និង​ជួយ​សង្គ្រោះ​ពួក​គាត់​ឲ្យ​រស់នៅ​ទីណា​ក៏​បាន​ដែរ លើកលែង​តែ​ប្រទេស​វៀតណាម។

ជនជាតិ​ម៉ុងតាញ៉ា ដដែល​បន្ត​រៀបរាប់​ថា ប្រសិន​បើ UNHCR និង​រដ្ឋាភិបាល​កម្ពុជា ស្រឡាញ់ និង​គោរព​សិទ្ធិ​មនុស្ស គោរព​ច្បាប់​នោះ ពួក​គាត់​នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​ត្រូវ​បាន​ផ្តល់​ឲ្យ​ឋានៈ​ជា​ជន​ភៀស​ខ្លួន​មិន​ខាន​ឡើយ។

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) អ្នកស្រី វីវៀន តាន់ (Vivian Tan) បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា។

ទាក់ទិន​រឿង​ជនជាតិ​ម៉ុងតាញ៉ា​នេះ កន្លង​ទៅ អតីត​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ យល់​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ឆ្លង​កាត់​នីតិវិធី​វាយ​តម្លៃ​ល្អិតល្អន់ ចំពោះ​ការ​ស្នើសុំ​សិទ្ធិ​ជ្រកកោន​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់​ទៅ​លើ​កាតព្វកិច្ច​អន្តរជាតិ ស្តី​អំពី​សិទ្ធិ​ទទួល​បាន​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន។

លោក សួន ប៊ុនស័ក្តិ បន្ថែម​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ទទួល​យក​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា នោះ គឺ​ដើម្បី​ជួយ​បិទ​បាំង​ភាព​អាម៉ាស់​របស់​ប្រទេស​វៀតណាម ព្រោះ​ការ​រត់​ភៀស​ខ្លួន​របស់​ជនជាតិ​ម៉ុងតាញ៉ា គឺ​ក្រោម​ហេតុផល​នយោបាយ។

ជន​ភៀស​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា អះអាង​ថា មូលហេតុ​ដែល​ពួក​គេ​ចាកចេញ​ពី​ស្រុក​កំណើត ផ្សង​ព្រេង​តាម​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា នោះ គឺ​ដោយសារ​រដ្ឋាភិបាល​វៀតណាម ធ្វើ​ទុក្ខបុកម្នេញ​ពួក​គេ​គ្មាន​ពេល​ល្ហែ ទាំង​ការ​ចូលរួម​ផ្នែក​នយោបាយ ការ​រស់នៅ និង​ជំនឿ​សាសនា ជាដើម៕

No comments:

Post a Comment