ផែនទីខេត្តស្ទឹងត្រែង / RFA |
ឈ្មួញ រកស៊ីឈើ ជនជាតិ វៀតណាម ល្បីឈ្មោះម្នាក់ ត្រូវ តុលាការ ឃុំខ្លួន បណ្ដោះអាសន្ន
RFA / វិទ្យុ អាស៊ី សេរី | ១៧ តុលា ២០១៦
ឈ្មួញ រកស៊ីឈើ ជនជាតិ វៀតណាមម្នាក់ ឈ្មោះ ហេង សំនៀង (ហៅយាយ ព្រឿង) ត្រូវ បានចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ លោក ថាន់ ឡេង សម្រេច ឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារ ទាក់ទង នឹងការ ចង់រំដោះ ឈើប្រណិត ចេញពីរដ្ឋបាល ព្រៃឈើ ក្នុងខេត្ត ស្ទឹងត្រែង។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៧ តុលា ថា ការសម្រេចឃុំខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១៦ តុលា បន្ទាប់ពីតំណាងអយ្យការបានចោទប្រកាន់ឈ្មួញរកស៊ីឈើជនជាតិវៀតណាមរូបនេះ ចំនួន៣ករណី។ ការចោទប្រកាន់នេះរួមមាន ការប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប៉ុនប៉ងលួច និងប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស។
យ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ថា ឈ្មួញរកស៊ីឈើជនជាតិវៀតណាមរូបនេះ ត្រូវឃុំខ្លួននៅពន្ធនាគារណានោះទេ។
ឈ្មួញរកស៊ីឈើល្បីឈ្មោះ នៅភូមិភាគឦសានរូបនេះ ត្រូវបានមន្ត្រីអាវុធហត្ថឃាត់ខ្លួនជាមួយនឹងបក្ខពួករបស់ខ្លួនជាង ១០នាក់ កាលពីថ្ងៃទី១៣ ខែតុលា នៅពេលដែលពួកគេបម្រុងចូលទៅរំដោះយកឈើប្រណិតចេញពីសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់។
ឈើប្រណិតទាំងនោះ ត្រូវបានសមត្ថកិច្ចរកឃើញនៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយបានប្រមូលឈើទាំងនោះមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ កាលពីថ្ងៃទី១២ ខែតុលា៕
No comments:
Post a Comment