អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ម៉ៅ សុភារិទ្ធ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលនៃការចុះឈ្មោះឆ្នោត នៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០១៦។ RFA/Sorn Chanratha |
ពលរដ្ឋ ជិត ៧លាន នាក់ បានចុះឈ្មោះ បោះឆ្នោត ក្នុងរយៈពេល ជាង២ខែ
RFA / វិទ្យុ អាស៊ី សេរី | ១១ វិច្ឆិកា ២០១៦
គ.ជ.ប. ក៏បាន រកឃើញ បញ្ហា មួយចំនួន រួមមាន កំហុស នៅក្នុងការ ចុះឈ្មោះ និងមាន ឈ្មោះស្ទួន នៅក្នុងបញ្ជី។ ក្រៅពីនេះ គ.ជ.ប. ក៏បាន ដោះស្រាយ បណ្ដឹង មួយចំនួន ដែលកើតឡើង ក្នុងដំណើរការ នេះ។
លទ្ធផល បណ្ដោះអាសន្ន នៃការ ចុះបញ្ជីឈ្មោះ របស់ គ.ជ.ប. រកឃើញ ថា, មានឈ្មោះ ដែលមាន កំហុស ចំនួន ជាង ២១ម៉ឺន នាក់ និងមាន ឈ្មោះស្ទួន ចំនួន ជិត ២ម៉ឺននាក់។
ថ្លែង នៅក្នុងពិធី ប្រជុំ ផ្សព្វផ្សាយ ជាមួយ ភាគី ពាក់ព័ន្ធ សមាជិក គ.ជ.ប. លោក ឌុច សុន អោយដឹងថា បញ្ហាសំខាន់ៗមួយចំនួនដែល គ.ជ.ប. ជួបប្រទះនៅក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ដោយការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រនេះ មានដូចជា ការធ្វេសប្រហែសរបស់អ្នកបំពេញការងារចុះឈ្មោះ និងការមិនផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវរបស់ការីកុំព្យូទ័រ។
គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ការចុះឈ្មោះបោះឆ្នោតមានរយៈពេលជាង ២ខែ ឬ ៧១ថ្ងៃ គ.ជ.ប ចុះឈ្មោះអ្នកបោះឆ្នោតបានចំនួនជិត ៧លាននាក់ (៦.៩៩៣.៩០៣នាក់) គឺប្រមាណជាង ៧២ភាគរយ (៧២,៣៧%) នៃអ្នកដែលមានសិទ្ធិបោះឆ្នោតសរុប។ ក្នុងចំណោមកំហុសដែលរកឃើញអ្នកបោះឆ្នោតចំនួនជាង ២១ម៉ឺននាក់នោះ មន្ត្រី គ.ជ.ប ពន្យល់ថា ជាកំហុសផ្នែកទិន្នន័យមានដូចជា កំហុសអក្ខរាវិរុទ្ធ ការបញ្ចូលទិន្នន័យខុសពីលិខិតបញ្ជាក់អត្តសញ្ញាណ កំហុសឯកសារដែលផ្ដល់ដោយអាជ្ញាធរ និងការទទួលព័ត៌មានមិនច្បាស់លាស់ជាដើម។ ស្របគ្នានេះ គ.ជ.ប. បានទទួលបណ្ដឹង ៨១ បានដោះស្រាយដោយការសម្របសម្រួលដោះស្រាយនៅមូលដ្ឋានចំនួន ៧២បណ្ដឹង ក្រៅពីនេះឋិតក្នុងការអង្កេតដើម្បីដោះស្រាយ។
អគ្គលេខាធិការរង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ មានប្រសាសន៍ថា ចំពោះកំហុសផ្នែកទិន្នន័យ គ.ជ.ប បានផ្ទៀងផ្ទាត់ និងកែតម្រូវរួចរាល់ហើយ។ លោកបន្តថា ចំពោះឈ្មោះស្ទួនដែលមានជាង ៣ពាន់នាក់ គ.ជ.ប នឹងធ្វើតាមនីតិវិធីបន្តបន្ទាប់។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និកហ្វិច (NICFEC) លោក សម គន្ធាមី មានប្រសាសន៍ថា ជាទូទៅដំណើរការចុះឈ្មោះបោះឆ្នោតនេះពុំមានបញ្ហាធំដុំទេ។ លោកថា កំហុសដែល គ.ជ.ប ជួបប្រទះមិនប៉ះពាល់ដល់ដំណើរការចុះឈ្មោះទេ។ លោកថា អង្គការរបស់លោកនឹងធ្វើសវនកម្មនៅពេលដ៏ឆាប់ខាងមុខ ដើម្បីពិនិត្យអោយបានច្បាស់លាស់ពីដំណើរការនេះ។
ទាក់ទិននឹងការសម្អាតបញ្ជីឈ្មោះបោះឆ្នោត តាមនីតិវិធី គ.ជ.ប និងបិទផ្សាយបញ្ជីឈ្មោះនៅតាមបណ្ដាឃុំ សង្កាត់ នៅទូទាំងប្រទេស និងនៅលើគេហទំព័ររបស់ គ.ជ.ប (www.voterlist.org.kh) នៅក្រោយពេលដែលការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីបានបញ្ចប់។ ការតវ៉ា ឬប្ដឹងជំទាស់ ត្រូវធ្វើនៅក្នុងរយៈពេល ១០ថ្ងៃនៅក្រោយការបិទផ្សាយដំបូង។
គ.ជ.ប. នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕
No comments:
Post a Comment