![]() |
| នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ កុម្ភៈ ២០១៥។ RFA/Yun Samean |
អង្គការ អន្តរជាតិ ចង់ ឲ្យមាន ការសើរើ កិច្ចព្រមព្រៀង សន្តិភាព ក្រុងប៉ារីស ឡើងវិញ
RFA / វិទ្យុ អាស៊ី សេរី | ៥ វិច្ឆិកា ២០១៦
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ អះអាង ថា, ប្រទេស ឥណ្ឌូនេស៊ី និងប្រទេស បារាំង ដែលជាសហប្រធាន នៃកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស អាចកោះ ប្រជុំ ប្រទេស ដែលជាម្ចាស់ ហត្ថលេខី នៃសន្ធិសញ្ញាអន្តរជាតិ ស្ដីពី កម្ពុជា ឡើងវិញបាន ខណៈ ស្ថានការណ៍ នយោបាយ និងស្ថានការណ៍ សិទ្ធិមនុស្ស នៅកម្ពុជា កំពុង ស្ថិតក្នុង ចំណុច គ្រោះថ្នាក់។
នាយកប្រតិបត្តិ នៃអង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មានប្រសាសន៍ ថា, កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស ត្រូវ បានលោក ហ៊ុន សែន រំលោភ តាំងពីថ្ងៃ ដំបូង មកម្ល៉េះ ជាក់ស្ដែង គឺ ក្រោយការ បោះឆ្នោត ឆ្នាំ១៩៩៣ បើ ទោះបី លោក ហ៊ុន សែន ចាញ់ឆ្នោត នៅពេលនោះ ក៏ដោយ ក៏លោក មិនព្រម ចុះចេញ ពីអំណាច នោះដែរ។
លោក ហ៊ុន សែន ពេលនោះ គំរាមបង្កើត ដំបន់ អបគមន៍ ដើម្បី តតាំង អំណាច ជាមួយ ក្រុមរាជានិយម។ ក្រោយមកទៀត នៅឆ្នាំ ១៩៩៧, លោក ហ៊ុន សែន បានបញ្ជា ឲ្យមាន ការបោក គ្រាប់បែក លើក្រុម បាតុករ គណបក្ស ប្រឆាំង, ហើយ នៅឆ្នាំ ដដែលនេះ លោក បានធ្វើ រដ្ឋប្រហារ បង្ហូរឈាម ផ្ដួលរំលំ គណបក្ស ហ្វ៊ុនស៊ិនប៉ិច ពីការ កាន់អំណាច។
លោក បន្តថា, កម្លាំង របស់លោក ហ៊ុន សែន នៅពេលនោះ បានសម្លាប់ កងទ័ព រាជានិយម រាប់រយនាក់ ក្រៅប្រព័ន្ធច្បាប់ ឥតសំចៃដៃ។ ហើយ ក្រោយមកទៀត នៅឆ្នាំ ១៩៩៨, រដ្ឋាភិបាល លោក ហ៊ុន សែន បានសម្លាប់ ក្រុមបាតុករ ជានិស្សិត និងព្រះសង្ឃ ជាច្រើនអង្គ បណ្ដែត តាមទន្លេ។
ជាងនេះ ទៅទៀត របប ដឹកនាំ ដោយលោក ហ៊ុន សែន បានពិឃាដ ក្រុម អ្នករិះគន់ ជាច្រើនរួម៖ មាន សកម្មជន ព្រៃឈើ, សកម្មជន សហជីព, អ្នកកាសែត, អ្នកវិភាគ នយោបាយ; និងបានចាប់ មន្ត្រី ការពារ សិទ្ធិមនុស្ស, អ្នក នយោបាយ, ព្រះសង្ឃ, និស្សិត, សកម្មជន ដីធ្លី, សកម្មជន ព្រៃឈើ ដាក់គុក ជិត ៣០នាក់ ផ្សេងទៀត រហូត មកទល់ បច្ចុប្បន្ននេះ។
លោក ប្រ៊ែដ អាដាម បន្តថា, សហគមន៍ អន្តរជាតិ ត្រូវ បើកកិច្ចប្រជុំ សើរើ កិច្ចព្រមព្រៀង ទីក្រុងប៉ារីស នេះ ឡើងវិញ ជាបន្ទាន់ ខណៈ ស្ថានការណ៍ សិទ្ធិមនុស្ស នៅកម្ពុជា កំពុង ស្ថិតក្នុង ភាពប្រថុយប្រថាន៖ «កិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស ត្រូវ បានលោក ហ៊ុន សែន រំលោភបំពាន តាំងពីដើម មកម្ល៉េះ។ ប្រទេស ទាំង១៨ នៃកិច្ចព្រមព្រៀង នេះ គួរ បើកិច្ចប្រជុំ សើរើ ឡើងវិញ ដើម្បី វាយតម្លៃ ពីភាព ជោគជ័យ ឬបរាជ័យ ក្នុងដំណើរការ អនុវត្ត នៃសន្ធិសញ្ញានេះ, ហើយ បន្ទាប់មក ដាក់ចេញ នូវសេចក្ដី សន្និដ្ឋាន និងការទាមទារ ដ៏មុតមាំ ទៅរដ្ឋាភិបាល កម្ពុជា។»
ទោះជាយ៉ាងណាក៏ដោយ អ្នកប្រវត្តិសាស្ត្រ និងជាអ្នកកាសែតជើងចាស់មួយរូបនៃសារព័ត៌មាន Far Eastern Economic Review លោក ណេត ថៃយ័រ (Nate Thayer) បានចាត់ទុកគោលបំណងទាំងឡាយណាដែលចង់ឲ្យមានការសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឡើងវិញនោះថា ជាការបោកបញ្ឆោតរបស់អ្នកនយោបាយខ្មែរប៉ុណ្ណោះ។
លោកបន្តថា គ្មានប្រទេសណាមួយគេនឹងចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ដូចកាលពីឆ្នាំ១៩៩១ នោះទៀតទេ។ លោកបន្តថា អ្វីដែលសំខាន់ចំពោះមុខគឺត្រូវអប់រំកូនចៅខ្មែរជំនាន់ក្រោយឲ្យចេះមានមោទនភាពជាខ្មែរ ត្រូវចេះស្រឡាញ់ប្រទេសជាតិរបស់ខ្លួន ហើយជាពិសេសត្រូវចេះគោរពគោលការណ៍ប្រជាធិបតេយ្យ៖ «គ្មាននរណាម្នាក់គេខ្វល់អំពីកម្ពុជា ទៀតនោះទេ ហើយក៏គ្មានការបញ្ចុះបញ្ចូលណាមួយដើម្បីឲ្យមានការប្រជុំស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញនោះដែរ។ អន្តរជាតិធ្លាប់បានចំណាយលុយ ៣ពាន់លានដុល្លាររួចទៅហើយទៅលើប្រទេសដែលមានប្រជាជនតែ ៧លាននាក់នៅពេលនោះ ខ្ញុំគិតវាគ្មានអ្នកណានឹងចំណាយសូម្បីតែមួយសេនទៅលើប្រទេសកម្ពុជា ទៀតនោះទេ។ ដូច្នេះប្រសិនបើមានអ្នកណាគេនិយាយថា អង្គការសហប្រជាជាតិ ឬប្រទេសមហា អំណាចណាដែលនឹងអាចកោះប្រជុំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះឡើងវិញបាន វាគ្រាន់តែជាពាក្យបោកប្រាស់ និងជាភាពឆ្កួតលីលាប៉ុណ្ណោះ។»
ការលើកឡើងរបស់លោក ណេត ថៃយ័រ ធ្វើឡើងនៅក្នុងពិធីរំលឹកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ក្នុងរដ្ឋវីជីនៀ (Virginia) សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងអង្គការបណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា។
ស្របទៅនឹងការលើកឡើងរបស់អ្នកកាសែតជើងចាស់ លោក ណេត ថៃយ័រ នេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់អះអាងហើយថា សន្ធិសញ្ញាទីក្រុងប៉ារីស នេះមិនអាចសើរើឡើងវិញបានទេ ល្គឹកណាគ្មានការរំលោភលើបូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជា ធ្ងន់ធ្ងរនោះ៖ «ក្នុងករណីដែលមានការរំលោភធ្ងន់ធ្ងរមកលើអធិបតេយ្យភាព និងបូរណភាពដែនដីដែលមិនអាចបំបែកបានរបស់កម្ពុជា នោះ ប្រទេសជាម្ចាស់ហត្ថលេខីទាំង ១៨ ហ្នឹង នឹងអាចកោះប្រជុំ។ ដូច្នេះហើយខ្ញុំយល់ថា ដូចជាមិនមានការពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សអីទេ។»
ប៉ុន្តែក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែនអះអាងថា កម្ពុជាកំពុងរងការរំលោភបំពានព្រំដែនរបស់ខ្លួនធ្ងន់ធ្ងរពីសំណាក់ប្រទេសជិតខាង។ ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួនតំណាងរាស្ត្របក្សប្រឆាំងពីររូប ដាក់ពន្ធនាគារដោយសារពួកគេបានរិះគន់បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម។
បើទោះជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ខ្លះអះអាងថា ព្រំដែនរបស់កម្ពុជា គ្មានការរំលោភបំពានក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះកម្ពុជា បញ្ជូនកំណត់ទូតរបស់ខ្លួនជាង ២០ច្បាប់ទៅហើយ ទៅឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការជីកស្រះ និងការសង់ប៉ុស្តិ៍ជិតបង្គោលព្រំដែនលេខ៣០ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ នៅខេត្តរតនគិរី កាលពីពេលថ្មីៗនេះ និងការចូលឈូសឆាយដីរបស់កងទ័ពវៀតណាម ក្នុងទឹកដីកម្ពុជា នៅខេត្តតាកែវ ជាដើម។
ឯកសាររបាយការណ៍ លោក កែ គឹមយ៉ាន អតីតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កាលពីឆ្នាំ១៩៩៩ ដែលអាស៊ីសេរី ទទួលបានសរសេរថា វៀតណាម បានរំកិលព្រំដែន ចូលមកក្នុងទឹកដីខ្មែរតាមបណ្ដោយព្រែកជីក ឬប្រឡាយ ៧៩ ដែលបច្ចុប្បន្នវាក្លាយជាខ្សែបន្ទាត់ ព្រំដែនខ្មែរ-វៀតណាម ពីកើតទៅលិច។ លោក កែ គឹមយ៉ាន សរសេរថា វៀតណាមរំលោភចូលព្រំដែនខ្មែរជម្រៅ ១.២៧០ម៉ែត្រ នៅក្បែរចំណុចច្រកទ្វារភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា កម្ពុជា កំពុងស្ថិតក្នុងហានិភ័យនៃព្រំដែនរបស់ខ្លួនផង និងហានិភ័យនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋផង។ លោកបន្តថា ដល់ពេលហើយដែលពលរដ្ឋត្រូវទាមទារឲ្យមានការសើរើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ៖ «ទីមួយបើយើងមើលអំពីបញ្ហាបូរណភាពទឹកដី យើងមិនអាចនិយាយថា យើងមានបញ្ហាទេ សូម្បីតែរដ្ឋាភិបាលទោះបីមិនហ៊ានចេញផ្សាយក៏វាលេចធ្លាយបញ្ហានៃការរំលោភចូលព្រំដែនរបស់វៀតណាម ដែលយើងមានតាំងពីការជីកស្រះ ឬការចូលសង់ប៉ុស្តិ៍យាមក្នុងទឹកដីខ្មែរយើងហ្នឹង។ ទាំងអស់នេះសុទ្ធតែជាការរំលោភទឹកដីហើយ ហើយខ្ញុំយល់ថា ពលរដ្ឋខ្មែរយើងក្នុងស្រុក អ្នកណាក៏ដឹងដែរថា យើងកំពុងតែមានការរំលោភសិទ្ធិមនុស្ស ដូចជាការចាប់មន្ត្រីសិទ្ធិមនុស្សដាក់ក្នុងមន្ទីរឃុំឃាំង រួមទាំងអ្នកនយោបាយផងដែរ។»
កាលពីឆ្នាំ២០០៥ រដ្ឋាភិបាលក្រុងភ្នំពេញ បានធ្វើសន្ធិសញ្ញាបំពេញបន្ថែម ដែលជាសន្ធិសញ្ញាមួយដើម្បីឧបកិច្ចឲ្យសន្ធិសញ្ញាខុសច្បាប់ទាំងឡាយរវាងកម្ពុជា និងវៀតណាម កាលពីឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥ ក្លាយជាសន្ធិសញ្ញាស្របច្បាប់។
គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង អះអាងថា សន្ធិសញ្ញាបំពេញបន្ថែមនេះហើយ ដែលធ្វើឲ្យកម្ពុជា បាត់ព្រំដែនទឹករបស់ខ្លួនចម្ងាយជាង ៣ម៉ឺនគីឡូម៉ែត្រការ៉េ រួមបញ្ចូលទាំងកោះត្រល់ ទំហំជាង ៥០០គីឡូម៉ែត្រការ៉េ គឺមានទំហំប៉ុនប្រទេសសិង្ហបុរី ផងដែរ។
សន្ធិសញ្ញានេះក៏បានបណ្ដាលឱ្យខ្មែរបាត់កោះក្រចកសេះ ដែលបារាំង ហៅថា កោះប៉ូឡូប៉ង់ហ្សង់ ដែលមានទំហំប្រហែល ៦គីឡូម៉ែត្រការ៉េ និងបាត់ព្រំដែនគោកប្រហែលពី ៤ពាន់ ទៅ ៦ពាន់គីឡូម៉ែត្រការ៉េថែមទៀត។
ក្រុមអ្នកឃ្លាំមើលនិយាយថា ក្រៅពីអំពើរំលោភសិទ្ធិមនុស្ស និងការរំលោភគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា សន្ធិសញ្ញាបំពេញបន្ថែមកាលពីឆ្នាំ២០០៥ ក៏បានរំលោភដល់អធិបតេយ្យភាពបូរណភាពទឹកដី និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដ៏ធ្ងន់ធ្ងរផងដែរ៕

No comments:
Post a Comment