![]() |
| លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ ពេលនាំចេញពីសាលាឧទ្ធរណ៍ ចូលឡានយកទៅពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ RFA/Rann Samnang |
លោក មាជ សុវណ្ណារ៉ា អាច ចូលរួម បោះឆ្នោត ជ្រើសរើស ប្រធានាធិបតី សហរដ្ឋ អាមេរិក បាន
RFA / វិទ្យុ អាស៊ី សេរី | ៨ វិច្ឆិកា ២០១៦
មន្ត្រី គណបក្ស សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា នៅតែ មានសិទ្ធិ ចូលរួម បោះឆ្នោត ជ្រើសរើស ប្រធានាធិបតី សហរដ្ឋ អាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកា បើ ទោះជាលោក ត្រូវ បានតុលាការ កម្ពុជា កាត់ទោស ឲ្យជាប់ពន្ធនាគារក្តី ព្រោះ លោក ជាពលរដ្ឋ ខ្មែរ មានសញ្ជាតិ សហរដ្ឋ អាមេរិក។
លោក ឈឹម គឹមទ្រី ជឿជាក់ថា លោក មាជ សុវណ្ណារ៉ា នឹងប្រើប្រាស់សិទ្ធិសេរីភាពរបស់គាត់ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ថ្មីពីក្នុងពន្ធនាគារ៖ «រៀងរាល់ពេលគេបោះឆ្នោតនៅអាមេរិក ជ្រើសរើសប្រធានាធិបតី គាត់តែងតែចូលរួមបោះឆ្នោតតាមម៉ែល (Mail) អ៊ីចឹងវាជារឿងធម្មតា អ្វីដែលគួរឲ្យកត់សម្គាល់គឺស្ថានទូតអាមេរិក គាត់មកហ្នឹង គាត់យកសន្លឹកឆ្នោតអោយអ្នកទោស អ៊ីចឹងនៅអាមេរិក គេអត់តម្រូវឲ្យអ្នកទោសមានសិទ្ធិបោះឆ្នោតទេ ប៉ុន្តែលោក មាជ សុវណ្ណារ៉ា មានសិទ្ធិបោះឆ្នោតបាន អ៊ីចឹងមន្ត្រីស្ថានទូតអាមេរិក គេបានបញ្ជាក់ប្រាប់ថា លោក មាជ សុវណ្ណារ៉ា អាមេរិកអត់ដែលគិតថា មានទោសទេ។»
ទាក់ទងការយកសន្លឹកឆ្នោតទៅឲ្យលោក មាជ សុវណ្ណារ៉ា បោះឆ្នោតនៅពន្ធនាគារ អាស៊ីសេរី បានសុំការបញ្ជាក់បន្ថែមពីមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ជេ រ៉ាមែន (Jay Raman) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក (E-mail) ថា សម្រាប់ហេតុផលឯកជន ស្ថានទូតសហរដ្ឋអាមេរិក មិនអាចធ្វើអត្ថាធិប្បាយលើអ្នកបោះឆ្នោតបានឡើយ។ លោកថា ស្ថានទូតសហរដ្ឋអាមេរិក មិនមែនជាអ្នកកំណត់ថា ពលរដ្ឋណាអាច ឬមិនអាចបោះឆ្នោតបាននោះទេ។ លោកថា រដ្ឋនីមួយៗនៅសហរដ្ឋអាមេរិក គឺជាអ្នកកំណត់ថា តើពលរដ្ឋណាអាចបោះឆ្នោតបាន ឬមិនបានដោយផ្អែកលើច្បាប់របស់រដ្ឋនោះ។ ករណីបោះឆ្នោត វាស្រេចតែទៅលើការចុះឈ្មោះរបស់អ្នកបោះឆ្នោតដើម្បីធានាថា ពួកគេអាចចូលរួមបោះឆ្នោតបានតាមដែលច្បាប់តម្រូវ។
លោក មាជ សុវណ្ណារ៉ា ដែលមានសញ្ជាតិពីរនោះ ត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ដោយចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការបង្កឲ្យមានអំពើហិង្សាលើសន្តិសុខសាលារាជធានីភ្នំពេញ នៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ប៉ុន្តែការកាត់ទោសនេះ ត្រូវបានបក្សប្រឆាំង និងសហគមន៍អន្តរជាតិចាត់ទុកថា អយុត្តិធម៌ និងជារឿងនយោបាយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគ បណ្ឌិត មាស នី មានប្រសាសន៍ថា នេះជាការបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិក នៅតែគិតថា លោក មាជ សុវណ្ណារ៉ា ដែលជាពលរដ្ឋរបស់ខ្លួននៅតែមានសេរីភាព បើទោះជាតុលាការកម្ពុជា បានកាត់ទោសលោក មាជ សុវណ្ណារ៉ា ឲ្យជាប់ពន្ធនាគារក្តី៖ «សម្រាប់សហរដ្ឋអាមេរិកគេមិនបានគិតថា ពលរដ្ឋរបស់គេម្នាក់ហ្នឹងជាអ្នកទោសទេ មានតែតុលាការខ្មែរទេដែលបានគិតថា អ្នកហ្នឹងជាអ្នកទោស។ អ៊ីចឹងវាបង្ហាញអំពីភាពខុសគ្នានៃគុណភាព និងឯករាជភាពរបស់តុលាការ ពីព្រោះសហរដ្ឋអាមេរិក មិនបានចាត់ទុករឿង លោក មាជ សុវណ្ណារ៉ា ជារឿងមួយដែលត្រូវផ្ដន្ទាទោសនោះទេ។»
កន្លងមកសង្គមស៊ីវិលធ្វើការពាក់ព័ន្ធការបោះឆ្នោត និងបក្សប្រឆាំង ក៏ធ្លាប់ទាមទារឲ្យរដ្ឋាភិបាលរៀបចំឲ្យពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសអាចចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរនៅពេលខាងមុខនេះដែរ។ ប៉ុន្តែការទាមទារនេះ មិនត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ឡើយ។
បណ្ឌិត មាស នី យល់ឃើញថា ករណីដូចលោក មាជ សុវណ្ណារ៉ា នេះ បង្ហាញថា សហរដ្ឋអាមេរិក មិនបានបោះបង់ពលរដ្ឋគេចោលឡើយ ហើយគេនៅតែខិតខំប្រមូលផ្ដុំថែរក្សាកម្លាំងពលរដ្ឋរបស់ខ្លួន បើទោះជាពលរដ្ឋទាំងនោះរស់នៅឆ្ងាយពីសហរដ្ឋអាមេរិក ក្ដី៕

No comments:
Post a Comment