![]() |
| ពលរដ្ឋអាមេរិកាំងប្រារព្ធពិធីបុណ្យស៊ែងស៍ហ្គីវីង (Thanksgiving) ដែលប្រែជាភាសាខ្មែរថា បុណ្យអរព្រះគុណព្រះ នាទីក្រុងញីវយ៉ក (New York) សហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ Photo AFP |
អត្ថន័យ នៃពិធីបុណ្យ អរព្រះគុណ ឬ Thanksgiving នៅសហរដ្ឋ អាមេរិក
RFA / វិទ្យុ អាស៊ី សេរី | ២៤ វិច្ឆិកា ២០១៦
នៅសហរដ្ឋ អាមេរិក ពិធីបុណ្យ ស៊ែងស៍ហ្គីវីង (Thanksgiving) ដែលប្រែ ជាភាសាខ្មែរ ថា បុណ្យអរព្រះគុណ ទាំងសិស្សានុសិស្ស, មន្ត្រី រាជការ បានឈប់ សម្រាក, ហើយ ជួបជុំគ្នា ទទួលទានអាហារ។ នៅប្រទេស កម្ពុជា ក៏មាន ពលរដ្ឋខ្មែរ ខ្លះ សរសេរ សារ ជូនពរគ្នា នៅលើហ្វេសប៊ុក (Facebook) និងមាន ហាងទំនិញ មួយចំនួន ឆក់យក ឱកាសនេះ លក់ទំនិញ បញ្ចុះតម្លៃ ដែរ។
តើ ពិធីបុណ្យ Thanksgiving នេះ មានអត្ថន័យ យ៉ាងណា?
Thanksgiving ឬពិធីបុណ្យ អរព្រះគុណ គឺ ជាបុណ្យជាតិ ដែលពលរដ្ឋរស់នៅ សហរដ្ឋ អាមេរិក ឈប់សម្រាក ពីការងារ ជួបជុំ ក្រុមគ្រួសារ សាច់ញាតិ ទទួលទានអាហារ និងដើរកម្សាន្ត ព្រោះ ជាពេលវេលា ដែលពួកគេ បានឈប់សម្រាក ពីការងារ។ ប៉ុន្តែ ពិធីបុណ្យនេះ មិនមាន ន័យត្រឹមតែ គ្រប់គ្នា ឈប់សម្រាក ដើរកម្សាន្ត និងទទួលទានអាហារ តែ ប៉ុណ្ណឹងទេ។
ថ្ងៃបុណ្យ ដំបូង ដែលគេ ប្រារព្ធធ្វើ នៅឆ្នាំ១៦២១ នោះ គឺ ជាបុណ្យប្រពៃណី អបអរសាទរ ការប្រមូលផល របស់ ជនជាតិ អង់គ្លេស។ មួយឆ្នាំក្រោយ ដែលពួកនិគមជន អង់គ្លេស សាសនាគ្រិស្តនិកាយ ប្រូតិះស្តង់ ហៅថា ភួរីធិន (Puritans), ម្យ៉ាងទៀត គេ ហៅថា អ្នកស្វែងធម៌ ឬ ភីលគ្រិម (Pilgrims) បានជិះ សំពៅ ឈ្មោះ មេហ្ល៉ៅវើ (Mayflower) ទៅកវែក កឆ្នាំង នៅម្ដុំ ហ្លីម៉ៅស៍ (Plymouth) នាទិសអាគ្នេយ៍ ក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត (Massachusetts) នៃសហរដ្ឋ អាមេរិក សព្វថ្ងៃនេះ។
នៅរដូវ ស្លឹកឈើជ្រុះ ឆ្នាំ១៦២១ ពួកអ្នក ស្វែងធម៌ ពីអង់គ្លេស ដែលបាន មករស់នៅ ទ្វីបអាមេរិក បាននាំគ្នា ធ្វើពិធីជប់លៀង មួយ ចូលរួម ដោយជនជាតិ ដើមអាមេរិក ស្បែកក្រហម នៃកុលសម្ព័ន្ធ វ៉ាំប៉ាណក ដែលគាប់ជួន ពេលនោះ កំពុងធ្វើ ពិធីបុណ្យ ប្រមូលផល ប្រចាំឆ្នាំ របស់ ពួកគេផង។ ដូច្នេះ ម្ហូបអាហារ ដែលនាំយកមក ជប់លៀង ក្នុងពេលនោះ សម្បូរហូរហៀរ ណាស់។
បុណ្យថ្លែងអំណរគុណព្រះ ឬ Thanksgiving របស់អ្នកស្វែងធម៌ដែលកាលណោះ មានគ្នារស់រានមានជីវិតពីការអត់ឃ្លាន និងជំងឺឈឺថ្កាត់នៅលើដែនដីថ្មីប្រមាណតែ ៥០នាក់ប៉ុណ្ណោះ បានក្លាយទៅជាទំនៀមទម្លាប់មួយ ដែលដើមឡើយមិនជាខ្ជាប់ខ្ជួនប៉ុន្មានទេនៅតាមតំបន់ និងក្រុមនិគមជនដែលចេះតែនាំគ្នាជិះសំពៅឆ្លងសមុទ្រអាត្លង់ទិច ពីអឺរ៉ុបមកកតាំងសហគមន៍នៅអាមេរិក ក្នុងចំនួនដែលកាន់តែកើនឡើងជាលំដាប់។
ចំពោះជនជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ហើយក្លាយទៅជាពលរដ្ឋអាមេរិក ទៅហើយ ពួកគេក៏បានឈប់សម្រាកនាឱកាសបុណ្យជាតិនេះដែរ។
ចំណែកនៅកម្ពុជាវិញ មានពលរដ្ឋខ្មែរខ្លះដែលជាគ្រិស្ទសាសនិក យុវជនមួយចំនួន បានសរសេរសារជូនពរគ្នានៅលើហ្វេសប៊ុក (Facebook) ថា Happy Thanksgiving dayនិងមានហាងទំនិញខ្លះក៏ឆក់យកឱកាសនេះលក់ទំនិញបញ្ចុះតម្លៃដែរ។
នាយកអង្គការនិស្សិត និងប្រជាជនកម្ពុជា សម្រាប់ព្រះគ្រីស្ទ ហៅកាត់ជាភាសាអង់គ្លេសថា ស៊ី.ស៊ី.ស៊ី (CCC) លោក ទូច បូរិន មានប្រសាសន៍ថា ពិធីបុណ្យនេះមានអត្ថន័យណាស់ ដែលជាឱកាសអរព្រះគុណព្រះជាម្ចាស់ ដែលបានផ្ដល់ភោគផលគ្រប់យ៉ាង សេចក្ដីសុខសាន្តដល់មនុស្សនៅលើផែនដី។ និយាយឲ្យស្រួលស្ដាប់ពិធីបុណ្យនេះ ស្រដៀងទៅនឹងពិធីបុណ្យនៅកម្ពុជា គឺបុណ្យភូមិ ឬដារលាននោះឯង៖ «បទគម្ពីរមិនមាននិយាយទាក់ទងទៅនឹងពិធីបុណ្យ Thanksgiving នេះទេ ក៏ប៉ុន្តែអ្វីទាំងអស់ដែលយើងទទួលបាន គឺបានមកពីព្រះអង្គ។ អ៊ីចឹងទេ គេផ្សារភ្ជាប់ដែលជាឱកាសមួយដែលយើងត្រូវថ្វាយការអរព្រះគុណដល់ព្រះ ទាក់ទិននឹងភោគផលដែលយើងទទួលបាន។ វាមិនខុសពីខ្មែរដែលយើងធ្វើបុណ្យដារលាននេះទេ។ ឫសគល់គឺចេញមកពីហ្នឹងនុះឯង។ ព្រះអង្គឲ្យយើងចេះថ្វាយអរព្រះគុណដល់ព្រះ ចំពោះការដែលព្រះអង្គបានប្រទានពរឲ្យយើង បើព្រះអង្គមិនប្រទានពរភ្លៀងពីលើមេឃ ស្មានតែកើតហ្អី? ព្រះអង្គជាអ្នកឲ្យចម្រើនឡើង ព្រះអង្គជាអ្នកមិនធ្វើឲ្យចម្រើនឡើង នៅពេលដែលយើងមិនស្ដាប់បង្គាប់ព្រះអង្គ។ យើងអាចផ្សារភ្ជាប់នៅក្នុងហ្នឹង ព្រះដែលជាព្រះអាទិករដែលទ្រង់បានព្រះទានពរឲ្យស្រែចម្ការច្បារដំណាំ បានភោគផលអ៊ីចឹង យើងត្រូវថ្វាយការអរព្រះគុណ បង្ហាញពីជំនឿ។»
សម័យលោក ចច្ច វ៉ាស៊ីនតុន (George Washington) ជាប្រធានាធិបតីដំបូងរបស់អាមេរិក ក៏មានការប្រារព្ធធ្វើបុណ្យ Thanksgiving នេះដែរ តែបុណ្យ Thanksgiving ពេលនោះ ម្ដងមាន ម្ដងបាត់។
រហូតមកដល់ឆ្នាំ១៨៦៣ ខណៈដែលជនជាតិអាមេរិកាំង កំពុងតែច្បាំងគ្នាឯងក្នុងសង្រ្គាមស៊ីវិល ឈ្លោះគ្នារវាងរដ្ឋខាងត្បូង និងរដ្ឋខាងជើងពីរឿងបំបាត់ទាសភាព ទើបលោកប្រធានាធិបតី អាប្រាហាម លីនខន (Abraham Lincoln) បានប្រកាសឲ្យ Thanksgiving ជាបុណ្យជាតិដើម្បីសម្ដែងអំណរគុណព្រះជាម្ចាស់ចំពោះភព្វសំណាងល្អដ៏ច្រើនសន្ធឹកសន្ធាប់ដែលជនជាតិអាមេរិកាំង បានទទួល ដូចជាមានធនធានធម្មជាតិច្រើន និងកំណើនប្រជាពលរដ្ឋ ថ្វីបើប្រទេសកំពុងមានសង្គ្រាម។
កាលពីឆ្នាំ១៩៣៩ ខណៈដែលសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្ថានភាពដុនដាបសេដ្ឋកិច្ចពេញទំហឹង លោកប្រធានាធិបតី ហ្វ្រេនគ្លីន ឌីឡាណូ រូស៊ីវេល (Franklin Delano Roosevelt) ក៏បានប្ដូរថ្ងៃបុណ្យ ដែលលោក លីនខន បានកំណត់ឲ្យធ្វើនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ចុងក្រោយរបស់ខែវិច្ឆិកា មកជាថ្ងៃព្រហស្បតិ៍ សប្ដាហ៍បន្ទាប់ពីចុងក្រោយនៃខែវិច្ឆិកា ទៅវិញ ក្នុងបំណងចង់ឲ្យហាងលក់ទំនិញសម្រាប់បុណ្យណូអែល មានពេលកាន់តែច្រើនដើម្បីឃោសនាលក់ទំនិញរបស់ខ្លួន ព្រោះថា ជាទម្លាប់គេលក់បុណ្យណូអែល ក៏ទាល់តែធ្វើបុណ្យ Thanksgiving ចប់សព្វគ្រប់ហើយនោះ។
លុះដល់ឆ្នាំ១៩៤២ លោកប្រធានាធិបតី រូស៊ីវេល យល់ព្រមតាមសភា (Congress) ចុះហត្ថលេខាអនុម័តយល់ព្រមយកថ្ងៃព្រហស្បតិ៍ សប្ដាហ៍ទី៤ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធបុណ្យ Thanksgiving ដូចដើមវិញ ហើយកាលបរិច្ឆេទនេះ ក៏ស្ថិតនៅជាធរមានរហូតមកដល់សព្វថ្ងៃ៕

No comments:
Post a Comment