![]() |
| សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពេលបណ្ដើរចេញពីតុលាការកំពូលដើម្បីនាំខ្លួនទៅឃុំនៅពន្ធនាគារព្រៃសវិញ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann Samnang |
តុលាការ ផ្ដន្ទាទោស លោក ហុង សុខហួរ ដាក់ពន្ធនាគារ ៧ឆ្នាំ ទាក់ទង បញ្ហាព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ៧ វិច្ឆិកា ២០១៦
សមាជិក ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី គឺ លោក ហុង សុខហួរ ត្រូវ បានចៅក្រម សាលាដំបូង រាជធានី ភ្នំពេញ សម្រេច ផ្ដន្ទាទោស ដាក់ពន្ធនាគារ ចំនួន ៧ឆ្នាំ ក្រោមបទចោទ ចំនួន ៣បទល្មើស ទាក់ទង នឹងបញ្ហាព្រំដែន កម្ពុជា-វៀតណាម។ ការផ្ដន្ទាទោសនេះ ក្រោយ ពីតុលាការ ឃុំឃាំង លោក អស់រយៈពេល ជាង ១ឆ្នាំ។
សាលាដំបូង រាជធានី ភ្នំពេញ ប្រកាស សាលក្រម ផ្ដន្ទាទោស លោក ហុង សុខហួរ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ក្រោមការ ចោទប្រកាន់ ថា, លោក បានក្លែងបន្លំ ឯកសារសាធា រណៈ, ប្រើប្រាស់ ឯកសារ សាធារណៈ ក្លែងក្លាយ, និងញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ ដែលត្រូវ នឹងមាត្រា ៦២៩, ៦៣០, និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក ហុង សុខហួរ និងក្រុមមេធាវីរបស់លោក មិនបានចូលរួមស្តាប់ការប្រកាសសាលក្រមនេះឡើយ។
មេធាវីការពារក្តីរបស់លោក ហុង សុខហួរ គឺអ្នកស្រី ម៉េង សុភារី ឲ្យអាស៊ីសេរីដឹងពីមូលហេតុនៃការធ្វើពហិការមិនចូលរួមស្តាប់សាលក្រមនេះថា ការកាត់ក្តីនេះមិនយុត្តិធម៌សម្រាប់កូនក្តីរបស់អ្នកស្រីឡើយ ព្រោះខាងតុលាការមិនអនុញ្ញាតឲ្យខាងមេធាវីការពារក្តីលោក ហុង សុខហួរ បានបង្ហាញពីភស្តុតាងពេញលេញដើម្បីការពារកូនក្ដីរបស់ខ្លួន គឺលោក ហុង សុខហួរ។
អ្នកស្រី ម៉េង សុភារី ថាក្រុមមេធាវីការពារក្តីលោក ហុង សុខហួរ បានស្នើឲ្យសវនាការតភ្ជាប់ទៅអ៊ីនធឺណិត ដើម្បីចូលទៅមើលឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលត្រូវបានចែកចាយតាំងតែពីឆ្នាំ២០១៣ ប៉ុន្តែត្រូវបានតុលាការបដិសេធ។
បន្ថែមពីលើនេះទៀត មេធាវីការពារក្តីលោក ហុង សុខហួរ ក៏ធ្លាប់បានស្នើឲ្យតុលាការអញ្ជើញអ្នកបច្ចេកទេសសន្ធិសញ្ញាព្រំដែនឲ្យមកពិនិត្យលើលិខិតនោះ ដើម្បីវាយតម្លៃថា វាពិតជាលិខិតសាធារណៈមែនដែរឬទេ? សំណើនេះ ក៏ត្រូវបានតុលាការបដិសេធដូចគ្នា។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានឆ្លើយប្រាប់ពីមូលហេតុនៃការបដិសេធនេះ តាមរយៈសារព័ត៌មានក្នុងស្រុកថា ការភ្ជាប់អ៊ីនធឺណិត និងការអញ្ជើញអ្នកឯកទេសសន្ធិសញ្ញាមកចូលរួម គឺមិនចាំបាច់ឡើយ។
អ្នកស្រី ម៉េង សុភារី ថាជំហានបន្ទាប់ គឺលោក ហុង សុខហួរ ផ្ទាល់ជាអ្នកសម្រេចថានឹងប្ដឹងឧទ្ធរណ៍ ឬក៏យ៉ាងណានោះ?
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរសារអេឡិចត្រូនិកមួយមកអាស៊ីសេរីនៅថ្ងៃច័ន្ទ ទី៧ ឆ្នាំ២០១៦ ថាការស្រាវជ្រាវលើករណីលោក ហុង សុខហួរ មានលក្ខណៈងាយស្រួល គឺគ្រាន់តែតុលាការនៅកម្ពុជា ប្រើអ៊ីនធឺណិត រួចចូលទៅគេហទំព័រមួយឈ្មោះថា www.worldkhmerradioonline.com ដែលត្រូវបានបង្ហោះឯកសារកិច្ចព្រមព្រៀងព្រំដែនកម្ពុជា-វៀតណាម តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ មកនោះ តុលាការនឹងឃើញកាន់តែច្បាស់អំពីបញ្ហានេះ។
លោក សម រង្ស៊ី ឲ្យលោក ហ៊ុន សែន និងតុលាការនៅប្រទេសកម្ពុជា ទៅតវ៉ារករឿងអ្នកដែលរៀបចំគេហទំព័រនោះនៅសហរដ្ឋអាមេរិក តាំងពីយូរឆ្នាំមកហើយ មុននឹងមករករឿងលោក ហុង សុខហួរ ពេលនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថាការសម្រេចរបស់តុលាការដាក់ពន្ធនាគារលោក ហុង សុខហួរ ចំនួន ៧ឆ្នាំ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។ លោកថា ការផ្ដន្ទាទោសនេះមិនបានផ្អែកលើភស្តុតាងអ្វីច្បាស់លាស់នោះទេ គឺមានចេតនានយោបាយ ដែលជារឿងគួរឲ្យព្រួយបារម្ភសម្រាប់សង្គមកម្ពុជា។
លោក ហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឲ្យឃុំខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ពោលគឺពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនទាំងលោកនៅមានអភ័យឯកសិទ្ធិ ដោយចោទប្រកាន់ថា លោក ហុង សុខហួរ ក្បត់ជាតិ ដែលហ៊ានលួចក្លែងឯកសារសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ដែលថាសន្ធិសញ្ញារំលាយព្រំដែនប្រទេសទាំងពីរ៕

7 years to mean what? CNRP = #7? Is that it? Why not 4 for CPP #4?
ReplyDeleteTheary Seng and her YUON's descent background sucks big time! How can she be remaining safe and sound all these times, may one ask?