Paris Peace Accords 23 Oct. 1991

Thursday, December 8, 2016

[Vietnamization] វត្ត​មួយ ​ក្នុង​ខេត្ត​ ព្រៃវែង​ ជាប់​ព្រំដែន​ វៀតណាម​ ជួប​បញ្ហា​ លំបាក​ច្រើន | One pagoda in Prey Veng along border with Vietnam facing many problems

សាលា​ឆាន់​របស់​វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ ស្ថិត​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Tha Kitya
សាលា​ឆាន់​របស់​វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ ស្ថិត​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Tha Kitya

វត្ត​មួយ ​ក្នុង​ខេត្ត​ ព្រៃវែង​ ជាប់​ព្រំដែន​ វៀតណាម​ ជួប​បញ្ហា​ លំបាក​ច្រើន

RFA | ៨ ធ្នូ ២០១៦





វត្ត​មួយ​ នៅ​ជាប់​ ព្រំដែន ​កម្ពុជា-វៀតណាម ឋិត​នៅ​ឃុំ​ ពាមមន្ទារ ស្រុក​ កំពង់ត្របែក ខេត្ត​ ព្រៃវែង កំពុង​ជួប​ការ​លំបាក ​ច្រើន ​ក្នុង​ការ អភិវឌ្ឍ ដោយសារ​ កម្រ​ មាន​ពលរដ្ឋ​ ទៅ​ដល់ ទីនោះ ខណៈ​ពលរដ្ឋ​មូលដ្ឋាន​ភាគច្រើន​មាន​ជីវភាព​ខ្វះខាត។ ព្រះ​ចៅ​អធិការ​វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ អំពាវនាវ​ឲ្យ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចូលរួម​ចំណែក​កសាង​វត្ត​ឯកោ​មួយ​នេះ ដើម្បី​ទុក​ជា​ប្រយោជន៍​សម្រាប់​គោរព​បូជា និង​ទុក​ជា​តឹកតាង ​ប្រវត្តិសាស្ត្រ​ ខ្មែរ។

តើ​វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ ជួប​ភាព​លំបាក​តោកយ៉ាក​យ៉ាង​ណា​ខ្លះ?
វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ មាន​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពី​ស្រុក​កំពង់ត្របែក និង​មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​នៅ​ក្នុង​ភូមិ-ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។
វត្ត​ឯកោ​នៅ​ជាប់​ព្រំដែន​នេះ ពុំ​មាន​សមិទ្ធផល​ធំៗ និង​ថ្មី​ឡើយ ថ្វីត្បិតតែ​មាន​វ័យ​ចំណាស់​ក្តី ពោល​គឺ​មាន​តែ​កុដិ​ឈើ​តូច​មួយ​ធ្លុះធ្លាយ​ដោយ​អន្លើ និង​សាលា​ឆាន់​ឈើ​ចាស់​ទ្រុឌទ្រោម ចំណែក​ព្រះវិហារ​វិញ​កំពុង​ចាក់​គ្រឹះ​សាងសង់​បាន​តិចតួច​ប៉ុណ្ណោះ។
ប្រសិន​បើ​អ្នក​ចំណូល​ថ្មី​ទៅ​ដល់​ទីនោះ ហើយ​មិន​បាន​ចាប់​អារម្មណ៍ ប្រហែល​ជា​គិត​ថា​ទី​អារាម​នោះ​គឺ​ជា​ផ្ទះ​របស់​អ្នក​ភូមិ។
វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ ព្រៃវែង ២០១៦ ៨៥៥
កុដិ (ឆ្វេង) និង​ព្រះវិហារ​របស់​វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ ដែល​គេ​កំពុង​សាងសង់ ស្ថិត​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Tha Kitya RFA/Tha Kitya
ព្រះចៅ​អធិការ​វត្ត​ពាមមន្ទារ ព្រះតេជព្រះគុណ ទ្រី ខ្លា ព្រះជន្ម ៥៨​ព្រះវស្សា មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​នាំ​ឲ្យ​វត្ត​នេះ​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ ដោយសារ​វត្ត​នេះ​នៅ​ឆ្ងាយ ហើយ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​ពិបាក ទើប​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​ចូល​ទៅ​ដល់​វត្ត​នោះ ហើយ​ពលរដ្ឋ​ចំណុះ​ជើង​វត្ត​ភាគច្រើន មាន​ជីវភាព​ខ្វះខាត​ដោយសារ​លក់​កសិផល​បាន​តម្លៃ​ថោក។
ព្រះចៅ​អធិការ​វត្ត​បន្ត​ថា ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ទី​អារាម​ដ៏​កម្សត់​មួយ​នេះ ពុំ​ដែល​ឃើញ​មាន​ថ្នាក់​ដឹកនាំ ឬ​ពុទ្ធបរិស័ទ​ណា​ជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​ក្នុង​ការ​កសាង​ទេ។ លើស​ពី​នេះ​ទៀត ពេល​បុណ្យ​ទាន​ម្តងៗ ដូចជា​បុណ្យ​ភ្ជុំ និង​ចូល​ឆ្នាំ​ក្តី ក៏​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​មក​ទី​អារាម​នេះ​ដែរ៖«កុដិ​មាន​មួយ តែ​ធ្លុះ​ដែរ​ហើយ តែ​អាច​ជួសជុល​បាន សំខាន់​នោះ គឺ​ចង់​ឲ្យ​ព្រះវិហារ​បាន​កើត​មួយ ដើម្បី​កក់ក្តៅ​ក្នុង​ចិត្ត ហើយ​ឥឡូវ​នេះ​លើក​បាន​សសរ​ចំនួន ១៨​ដើម​ហើយ។ ចំណាយ​ច្រើន​ណាស់ ប្រហែល ៥​ម៉ឺន​ដុល្លារ​អី​នោះ តែ​មិន​ទាន់​សិក្សា​ច្បាស់​ទេ។ បើ​បាន​ខាង​លើ​ជួយ​អាត្មា សប្បាយ​ចិត្ត​ណាស់»
សព្វថ្ងៃ​នេះ វត្ត​នេះ​មាន​ព្រះសង្ឃ​គង់​នៅ​បួន​អង្គ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ជាង ២០០​គ្រួសារ។ ព្រះចៅ​អធិការ​វត្ត​មិន​រំពឹង​ថា ព្រះវិហារ​នេះ​នឹង​សាងសង់​រួច​រាល់​ឆាប់ៗ​ឡើយ។ ការ​អភិវឌ្ឍ​បាន​លឿន លុះត្រា​តែ​មាន​ការ​ចូលរួម​ពី​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ជាពិសេស​មេ​ដឹកនាំ និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល៖ «សូម​ឲ្យ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ជួយ​កសាង​ផ្លូវ និង​វត្ត​អារាម​នេះ​ឡើង ព្រោះ​ពេល​ទស្សនកិច្ច​ទៅ នឹង​ឃើញ​ថា អភិវឌ្ឍ​ទឹក​ដី​ខ្មែរ​នៅ​ទីនេះ​មាន​ខ្មែរ​នៅ​ទីនេះ»
ចំណែក​អាចារ្យ​វត្ត​ពាមមន្ទារ លោក សៅ សំអឿន វ័យ ៦០​ឆ្នាំ បាន​រំឭក​ថា ដំបូង​ឡើយ វត្ត​ពាមមន្ទារ ត្រូវ​បាន​កសាង​កាល​ពី​អំឡុង​ទសវត្សរ៍​១៩៨០ នៅ​ចំ​កន្លែង​ប៉ុស្តិ៍​នគរបាល​ខ្មែរ​ជាប់​ខ្សែ​បន្ទាត់​ព្រំដែន ប៉ុន្តែ​ក្រោយ​មក អាជ្ញាធរ​បាន​ឲ្យ​មក​កសាង​វត្ត​ពាមមន្ទារ ឆ្ងាយ​ពី​កន្លែង​ចាស់​ប្រហែល ១​គីឡូម៉ែត្រ​ក្នុង​ទសវត្សរ៍​១៩៩០។
លោក សៅ សំអឿន បន្ត​ថា មក​ដល់​សព្វថ្ងៃ វត្ត​ជាយដែន​មួយ​នេះ​នៅ​តែ​មាន​ភាព​ខ្វះខាត​យ៉ាង​ខ្លាំង ទាំង​ចង្ហាន់ សម្ភារ​ប្រើប្រាស់ និង​កុដិ​ស្នាក់នៅ​របស់​ព្រះសង្ឃ ជាពិសេស​នោះ ខ្វះខាត​បច្ច័យ​ក្នុង​ការ​កសាង​ព្រះវិហារ​ឲ្យ​មាន​លេចធ្លោ​ដូច​វត្ត​ដទៃ​ទៀត​ដែល​មាន​កុដិ សាលា​ឆាន់ និង​ព្រះវិហារ មាន​ក្បូរក្បាច់​រចនា​ដ៏​ល្អ​ឥត​ខ្ចោះ។
លោក​អាចារ្យ​វត្ត​រូប​នេះ​បាន​រៀបរាប់​ថា ពុទ្ធបរិស័ទ​នៅ​ទីនោះ​ខំ​ប្រឹង​កសាង​វត្ត​នេះ​ឡើង ក្នុង​បំណង​ដើម្បី​គោរព​បូជា​ផង និង​ដើម្បី​ទុក​ជា​តឹកតាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ផង៖ «សូម​ជួយ​វត្ត​ពាមមន្ទារ របស់​យើង​ខ្ញុំ​នេះ​ដែល​កំពុង​កសាង ហើយ​ឥឡូវ​កំពុង​ខ្វះខាត​បច្ច័យ ដើម្បី​ទុក​ជា​អត្តសញ្ញាណ​នៅ​ជាប់​ព្រំដែន​នេះ និង​ទុក​ជា​គោលដៅ​ព្រំដែន​របស់​យើង។ ទាំងនេះ​ជា​ចំណុច​សំខាន់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន ដូចជា​ផ្លូវ​សាលា​រៀន មន្ទីរពេទ្យ និង​វត្ត​អារាម ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ការពារ​ព្រំដែន»
ទោះ​បី​ជា​យ៉ាង​ណា ខុស​ពី​វត្ត​រាជាការាម ឬ​វត្ត​ប៉ាក់ណាម ដែល​ឋិត​នៅ​ឃុំ​ព្រែកជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្ដាល ដែល​មាន​សុទ្ធតែ​ជនជាតិ​វៀតណាម រស់នៅ​ជុំជិត នៅ​ឯ​ជុំវិញ​វត្ត​ពាមមន្ទារ គឺ​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជុំវិញ។ ប៉ុន្តែ​ដោយសារ​ពលរដ្ឋ​មាន​ភាព​ក្រីក្រ ទើប​ពួក​គេ​មិន​អាច​ជួយ​កសាង​វត្ត​ឲ្យ​ប្រណីត​ដូច​វត្ត​ដទៃ​ទៀត​បាន។
វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ ព្រៃវែង ២០១៦ ៨៥៥
វត្ត​ពាម​សុវណ្ណ​សាគរ ហៅ​វត្ត​ពាមមន្ទារ ស្ថិត​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Tha Kitya RFA/Tha Kitya
នៅ​ពេល​ដែល​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​ក្នុង​ឃុំ​ពាមមន្ទារ នោះ លោក​អ្នក​នឹង​ឃើញ​ថា មិន​មែន​តែ​វត្ត​អារាម​ទេ​ដែល​ពុំ​សូវ​មាន​ការ​អភិវឌ្ឍ​នោះ ពោល​គឺ​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​ដែល​ជា​តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក៏​មិន​សូវ​មាន​ការ​អភិវឌ្ឍ​ដែរ។ បើ​រៀបរាប់​ត្រួសៗ គឺ​គ្មាន​ទីផ្សារ គ្មាន​មន្ទីរពេទ្យ គ្មាន​អណ្ដូង​ទឹក​ស្អាត​ប្រើប្រាស់ គ្មាន​ផ្លូវ​ល្អ​ធ្វើ​ដំណើរ កំណាត់​ផ្លូវ​ខ្លះ​មាន​ភក់​ផុង​ត្រឹម​ជង្គង់ ខ្វះ​សាលា​រៀន។ រីឯ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន និង​ប៉ុស្តិ៍​ប៉ូលិស​ការពារ​ព្រំដែន​ជាដើម​នៅ​ទីនោះ ក៏​មើល​រខេករខាក​ដែរ។ ផ្ទះ​ពលរដ្ឋ​ខ្មែរ​ខ្លះ​បិទ​បាំង​ដោយ​កន្ទេល និង​ជញ្ជាំង​ធ្វើ​ចំបើង​លាយ​អាចម៍​គោ ហើយ​ទ្រ​ដោយ​សសរ​ប៉ុនៗ​ភ្លៅ។ លើស​ពី​នេះ ពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង​ជាច្រើន​នាំ​គ្នា​ចំណាក​ស្រុក​ស្ងាត់​ភូមិ ចំណែក​ចាស់ៗ​នៅ​ចាំ​ផ្ទះ មើល​ថែ​ចៅ និង​រើស​អាចម៍​គោ​អាចម៍​ក្របី​ហាល​ឲ្យ​ក្រៀម ទុក​លក់​ឲ្យ​ជនជាតិ​វៀតណាម ក្នុង​មួយ​ប៉ាវ​តម្លៃ ៣​ពាន់​រៀល។ ពលរដ្ឋ​ថា អ្នក​ភូមិ​ខ្មែរ​ស្ទើរ ៩០​ភាគរយ​ធ្វើ​ស្រែ​គ្រាន់​តែ​ដោះ​បំណុល​ជនជាតិ​វៀតណាម បន្ទាប់​ពី​ជំពាក់​ថ្លៃ​ទិញ​ជី ថ្នាំ និង​ប្រេង ជាដើម។
បើ​ក្រឡេក​ទៅ​មើល​ប្រទេស​វៀតណាម វិញ ពលរដ្ឋ​គេ​រស់នៅ​អម​តាម​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន មាន​ជីវភាព​ធូរធារ មាន​ផ្ទះ​ថ្ម និង​ព្រះវិហារ​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​សម្រាប់​គោរព​ប្រតិបត្តិ មាន​ផ្លូវ​ចាក់​បេតុង​ស្ទើរ​គ្រប់​ខ្សែ មាន​មន្ទីរពេទ្យ មាន​ទីផ្សារ មាន​សាលា​រៀន​នៅ​ជាប់​ព្រំដែន​ជា​ហូរហែ។ និយាយ​រួម វៀតណាម មាន​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ៖ «ផ្លូវ​គេ​នៅ​តាម​ព្រំដែន គេ​ចាក់​សុទ្ធតែ​ថ្ម ស្អាត​ណាស់ ហើយ​ចូល​ទៅ​ធ្វើ​ដំណើរ គឺ​មិន​លំបាក​ដូច​ខ្មែរ​យើង​ទេ»
កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ការ​ការពារ​ព្រំដែន​របស់​កម្ពុជា ដែរ។ លោក ហ៊ុន សែន ឲ្យ​ដឹង​ថា លោក​តែងតែ​ប្រាប់​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត ឲ្យ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សមរម្យ​តាម​ទល់ដែន និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ទាំង​ខាង​កើត និង​ខាង​លិច។
ទោះ​បី​ជា​យ៉ាង​នេះ​ក្តី គេ​នៅ​តែ​មើល​ឃើញ​ថា ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​យឺតយ៉ាវ នៅ​តែ​ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ការពារ​ទឹក​ដី​របស់​ខ្លួន​ពី​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។
ជុំវិញ​បញ្ហា​នេះ​ដែរ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​ថា បើ​មាន​ឱកាស​ដឹកនាំ​រដ្ឋាភិបាល​នោះ បក្ស​ប្រឆាំង​នឹង​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ខេត្ត​នៅ​ជាប់​ព្រំដែន តាម​រយៈ​ការ​ធ្វើ​ផ្លូវ​ខ្សែ​ក្រវាត់​ព្រំដែន រៀបចំ​ឲ្យ​មាន​ទីផ្សារ វត្ត​អារាម និង​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​កសិកម្ម ជាដើម៕



No comments:

Post a Comment