Paris Peace Accords 23 Oct. 1991

Thursday, January 5, 2017

ខួប​ ៣​ឆ្នាំ​ នៃ​ការ​ បំបែក​ បាតុករ​ ចេញ​ពី​ ទីលាន​ ប្រជាធិបតេយ្យ | 3 yr anniversary of Democracy Square cracked down

ប៉ូលិស​បាន​ដាក់​ពង្រាយ​បន្លា​លួស​ព័ទ្ធជុំវិញ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​ការ​បណ្ដេញ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ។
ប៉ូលិស​បាន​ដាក់​ពង្រាយ​បន្លា​លួស​ព័ទ្ធជុំវិញ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​ការ​បណ្ដេញ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ។ RFA

ខួប​ ៣​ឆ្នាំ​ នៃ​ការ​ បំបែក​ បាតុករ​ ចេញ​ពី​ ទីលាន​ ប្រជាធិបតេយ្យ

RFA / វិទ្យុ អាស៊ី សេរី |៣ មករា ២០១៧



ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ ទី​៤ ខែ​មករា ឆ្នាំ​២០១៧ គឺ​ មាន​រយៈពេល ៣​ឆ្នាំ​គត់​ ដែល​សមត្ថកិច្ច​ រដ្ឋាភិបាល​ បាន​លើក​គ្នា​ ទៅ​បោសសំអាត បណ្ដេញ​ អ្នក​គាំទ្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ចេញ​ ពី​ទីលាន​ ប្រជាធិបតេយ្យ រួច​ដាក់​ របាំង​ ហ៊ុមព័ទ្ធ​ ដូច​បន្ទាយ​ ទាហាន​ អស់​ មួយ​ រយៈ​ពេល។


ដោយសារ​ការ​ប៉ុនប៉ង​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៤​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​កាត់​ទោស​ដាក់​ពន្ធនាគារ​រហូត​មក​ទល់​សព្វថ្ងៃ ខណៈ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ។

នៅ​ពេល​ដែល​គេ​នឹក​ទៅ​ដល់​រឿង​បំបែក​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី ៣​ឆ្នាំ​មុន ធ្វើ​ឲ្យ​គេ​នឹក​ដល់​ជោគវាសនា​របស់​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ១៤​នាក់​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដាក់​ពន្ធនាគារ អ្នក​ខ្លះ​ជាប់​គុក​ជាង ១០​ឆ្នាំ ខ្លះ​ទៀត ២០​ឆ្នាំ។

ទីលាន​ប្រជាធិបតេយ្យ​ដែល​រដ្ឋាភិបាល​អះអាង​ថា បង្កើត​ឡើង​ដើម្បី​ឲ្យ​ពលរដ្ឋ​ធ្វើ​ជា​កន្លែង​សម្រាប់​ការ​សម្ដែង​មតិ​នោះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ យក​មក​ធ្វើ​ជា​ទីលាន​សម្រាប់​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​អហិង្សា​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ និង​ជា​កន្លែង​សម្ដែង​មតិ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ។

បក្ស​ប្រឆាំង​បាន​ប្រើប្រាស់​ទីលាន​នេះ ធ្វើ​ជា​ជំរំ​តស៊ូ​អហិង្សា​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ មុន​ពេល​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ប្រើ​កម្លាំង​បោស​សំអាត​អ្នក​តវ៉ា​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤។ ក្រោយ​ការ​បោស​សំអាត​នោះ អាជ្ញាធរ​បាន​យក​របាំង​ដែក​រឹង​មាំ​ទៅ​ដាក់​ហ៊ុមព័ទ្ធ​ជុំវិញ និង​ដាក់​កម្លាំង​ប្រដាប់​ដោយ​អាវុធ​យាម​កាម​ជា​ប្រចាំ ហាក់​ដូច​ជា​ទីលាន​ប្រជាធិបតេយ្យ គឺ​ជា​​សមរភូមិ​ប្រយុទ្ធ ឬ​ជា​បន្ទាយ​ទាហាន​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ការពារ​ឲ្យ​រឹងមាំ​ដើម្បី​កុំ​ឲ្យ​សត្រូវ​ឈ្លានពាន។

ដោយ​ដឹង​ថា ទីលាន​ប្រជាធិបតេយ្យ​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើត​ឡើង​សម្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើការ​តស៊ូ​មតិ​អហិង្សា និង​មិន​មែន​ជា​កន្លែង​ដែល​រដ្ឋាភិបាល​គួរ​យក​កម្លាំង​ដាក់​ការពារ​មិន​ឲ្យ​ពលរដ្ឋ​ចូល​នោះ មន្ត្រី​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​ពលរដ្ឋ បាន​ទៅ​ប្រមូល​ផ្តុំ​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ក៏​តែង​ត្រូវ​ទទួល​រង​នូវ​ការ​បំបែក​ពី​សមត្ថកិច្ច។ រហូត​ដល់​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ នៅ​ពេល​មន្ត្រី​សកម្មជន​បក្ស​ប្រឆាំង និង​ពលរដ្ឋ​បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្ដែង​មតិ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​ជា​ថ្មី ហិង្សា​ក៏​បាន​កើត​ឡើង​រវាង​ក្រុម​អ្នក​ចូល​រួម និង​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដែល​នាំគ្នា​ទៅ​រារាំង​ការ​ប្រមូល​ផ្តុំ។


បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ស្រែក​ជយឃោស​នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៣។ RFA Photo: RFA


ក្រោយ​មាន​ព្រឹត្តិការណ៍​ហិង្សា​នោះ តំណាងរាស្ត្រ និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្នុង​នោះ​រួម​មាន​អ្នកស្រី មូរ សុខហួរ លោក រៀល ខេមរិន្ទ្រ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោក កែវ ភិរម្យ លោក ហូរ វ៉ាន់ និង​លោក នុត រំដួល។  
ប៉ុន្តែ​តំណាងរាស្ត្រ​ទាំង​នេះ ត្រូវ​បាន​តុលាការ​ដោះលែង​វិញ​ភ្លាមៗ នៅ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ បន្ទាប់​ពី​មាន​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ដដែល។

ដោយ​ឡែក មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១៤​រូប​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​លោក មាជ សុវណ្ណារ៉ា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​ផ្សារភ្ជាប់​ទៅ​ព្រឹត្តិការណ៍​ហិង្សា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ កក្កដា ឆ្នាំ​២០១៤ នោះ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៧ ដល់ ២០​ឆ្នាំ បើ​ទោះ​ជា​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា វា​ជា​រឿង​នយោបាយ​ក្តី។

ចាប់​តាំង​ពី​ពេល​នោះ​មក ទីលាន​ប្រជាធិបតេយ្យ​មាន​សភាព​កាន់​តែ​ស្ងប់ស្ងាត់ ហើយ​អាជ្ញាធរ​ក៏​ពុំ​សូវ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​យក​ទីតាំង​នោះ​ធ្វើ​ជា​កន្លែង​ប្រារព្ធ​ពិធី ឬ​ធ្វើការ​ប្រមូល​ផ្តុំ​តវ៉ា​នោះ​ដែរ រួម​ទាំង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ ជាដើម។ ទីលាន​ប្រជាធិបតេយ្យ​ដែល​រដ្ឋាភិបាល​ថា បង្កើត​ឡើង​សម្រាប់​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ​នោះ ក៏​បាន​ក្លាយ​ទៅ​ជា​ទីលាន​ដែល​ពលរដ្ឋ​មិន​ហ៊ាន​ទៅ​សម្ដែង​មតិ​ដោយសារ​មិន​មាន​ការ​អនុញ្ញាត ឬ​ខ្លាច​ការ​បង្ក្រាប​របស់​អាជ្ញាធរ។

​ជាង​នេះ​ទៀត កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​បញ្ជា​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្លាស់​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​ទៅ​ដាក់​នៅ​ជាយ​ក្រុង ហើយ​យក​ទីតាំង​បច្ចុប្បន្ន​ធ្វើ​ជា​ទីតាំង​ពាណិជ្ជកម្ម ឬ​អង្គទូត​វិញ។ លោក ហ៊ុន សែន យល់​ថា ការ​ដាក់​ទីលាន​ប្រជាធិបតេយ្យ​នៅ​ត្រង់​ទីតាំង​បច្ចុប្បន្ន នឹង​ធ្វើ​ឲ្យ​ខូច​រូបភាព​រាជធានី​ភ្នំពេញ នៅ​ពេល​មាន​ការ​តវ៉ា ឬ​បង្ហាញ​នូវ​ភាព​រញ៉េរញ៉ៃ​ក្នុង​ក្រុង​ជាដើម។ ទោះ​ជា​យ៉ាង​ណា អ្នក​ការពារ​សិទ្ធិមនុស្ស​យល់​ថា ការ​សម្រេច​ចិត្ត​បែប​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន មិន​យល់​ពី​តម្លៃ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ឡើយ។

​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ការ​ដែល​លោក ហ៊ុន សែន ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ជាយ​ក្រុង​ដោយសារ​លោក ហ៊ុន សែន ដឹង​ថា បើ​នៅ​ឆ្ងាយ​ពី​ក្រុង​គឺ​គ្មាន​អ្នក​ណា​​ចង់​ទៅ​តវ៉ា​នោះ​ទេ ហើយ​អ្នក​យក​ព័ត៌មាន​ក៏​មិន​ចង់​ទៅ​ឆ្ងាយ​ដែរ។ លោក​ថា បើ​មិន​មាន​មនុស្ស​ទៅ​យក​ព័ត៌មាន លោក ហ៊ុន សែន សប្បាយ​ចិត្ត ព្រោះ​គាត់​មិន​ចង់​ឃើញ​ហ្វូង​អ្នក​តវ៉ា​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបភាព​នៃ​ការ​ដឹកនាំ​របស់​គាត់។

លោក ប្រ៊ែដ អាដាម បញ្ជាក់​ដូច្នេះ​ថា៖ «រឿង​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​នេះ គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ព្រោះ​លោក ហ៊ុន សែន អត់​យល់​ពី​តម្លៃ​នៃ​សេរីភាព និង​សិទ្ធិ​ក្នុង​ការ​តវ៉ា។ ចំពោះ​លោក ហ៊ុន សែន ស្អី​ក៏​ជា​រឿង​នយោបាយ​ដែរ គាត់​ចង់​បង្ហាញ​ឲ្យ​គេឯង​កោត ខ្លាច​អំណាច​របស់​គាត់ គាត់​ចង់​ប្រាប់​ថា អំណាច​គាត់​ខ្លាំង​ជាង​អំណាច​ពលរដ្ឋ ដែល​មិន​ពេញ​ចិត្ត​នឹង​គាត់»

នៅ​ពេល​ប្រកាស​បញ្ជា​ឲ្យ​អាជ្ញាធរ​ផ្លាស់ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ លោក ហ៊ុន សែន ថែម​ទាំង​ថ្លែង​ឌឺដង​ឲ្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ទៀត​ថា បើ​មាន​ការ​ប្រឆាំង​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ គឺ​រដ្ឋាភិបាល​យក​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ដាក់​មុន​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​ឋិត​នៅ​ក្បែរ​វត្តភ្នំ តែម្ដង ព្រោះ​លោក​ថា សហរដ្ឋអាមេរិក​ចូល​ចិត្ត​គាំទ្រ​បាតុកម្ម។

​លោក ប្រ៊ែដ អាដាម ថ្លែង​ថា រដ្ឋាភិបាល​លទ្ធិប្រជាធិបតេយ្យ​មិន​ហាម​ឃាត់​បាតុកម្ម​ទេ។ ផ្ទុយ​ទៅ​វិញ គេ​មាន​តែ​លើកទឹកចិត្ត​ពលរដ្ឋ​ដែល​មាន​បញ្ហា​ឲ្យ​ចេញ​មក​តវ៉ា ឬ​ធ្វើ​បាតុកម្ម ឲ្យ​តែ​ការ​តវ៉ា ឬ​បាតុកម្ម​នោះ មិន​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​សង្គម ឬ​គ្រោះថ្នាក់​ដល់​សាធារណជន​ទូទៅ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​តវ៉ា​នៅ​ទី​ណា​ក៏​បាន អាស្រ័យ​លើ​បញ្ហា​ធំ ឬ​តូច​ដែល​ត្រូវ​តវ៉ា៕

1 comment:

  1. Anonymous3:08 PM

    មន្ត្រី និង​សកម្មជន ​បក្ស​ប្រឆាំង​ចំនួន ១៤​រូប ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ​ហើយ​តុលាការបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ចន្លោះ​ពី​ ៧ ដល់ ២០​ឆ្នាំ ពីព្រោះបទល្មើស ទាក់ទងទៅនឹងរឿង ទីលាន ប្រជាធិបតេយ្យ ។
    ដោយចង់យល់ដឹង ពីភាពល្អៀង ឬ ត្រឹមត្រង់ របស់តុលាការខ្មែរ, ទើបខ្ញុំសុំសួរ បងប្អូននូវសំនួរ
    ខាងក្រោមនេះ៖
    តើបងប្អូន អាចជួយប្រាប់ខ្ញុំ ផងបានទេថា៖ កាលពី ឈូក បណ្ឌឹត បាញ់ប្រហារលើកម្មការិនី
    កាត់ដេរ ៣រូប បណ្ដាលឲ្យរង របួសស្ទើរស្លាប់,តើ ឈូក ទណ្ឌិត ត្រូវបាន ជាប់គុកប៉ុន្មានឆ្នាំដែរ កាលនោះ ? តើសព្វថ្ងៃ គាត់នៅក្នុងពន្ធនាគារ ឬក៏នៅផ្ទះជាធម្មតា ?? ។
    មានខ្មែរខ្លះ ពន្យល់ខ្ញុំថា ស្រុកខ្មែរប្រើច្បាប់ ព្រហ្មទណ្ឌ ។ គេថា កបិល មហាព្រហ្ម ជាអ្នកតែង
    ច្បាប់ តែបានស្លាប់យូរហើយ នៅសល់តែ កូនក្រមុំ ១២ នាក់ ។
    ហេតុនេះ បទល្មើសណាមួយ, បើធ្វើក្នុងឆ្នាំ នាងធំ ត្រូវទទួលទោសធំ, តែបើធ្វើក្នុងឆ្នាំ នាងពៅ ត្រូវទទួលទោសតូច, តើការពន្យល់នេះ ត្រឹមត្រូវ មែន ឬក៏ អត់ ?!!!

    ReplyDelete