Paris Peace Accords 23 Oct. 1991

Wednesday, January 4, 2017

អាជ្ញាធរ ​បំបែក អតីត ​អ្នក​បុរីកីឡា​ ដែល​ចូល​ រស់​នៅ​​ ក្នុង​អគារ​ចាស់ ​ឡើង​វិញ | Authority breaks up former residents of Borei Keila

អាជ្ញាធរ​បំបែក​​អតីត​អ្នក​បុរីកីឡា ដែល​​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​បុរីកីឡា​ចាស់​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Phann Yasy
អាជ្ញាធរ​បំបែក​​អតីត​អ្នក​បុរីកីឡា ដែល​​ចូល​ទៅ​រស់​នៅ​ក្នុង​អគារ​បុរីកីឡា​ចាស់​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Phann Yasy

អាជ្ញាធរ ​បំបែក អតីត ​អ្នក​បុរីកីឡា​ ដែល​ចូល​ រស់​នៅ​​ ក្នុង​អគារ​ចាស់ ​ឡើង​វិញ

RFA / វិទ្យុ អាស៊ី សេរី | ៣ មករា ២០១៧


អាជ្ញាធ រ​ខណ្ឌ​ ៧​មករា នៅ​ព្រឹក​ថ្ងៃ​ ទី​៣ ខែ​ មករា បំបែក​ពលរដ្ឋ​អតីត​ អ្នក​បុរីកីឡា ដែល​ចូល​ទៅ ​រស់​នៅ​ ក្នុង​អគារ​ ចាស់​នេះ​ ឡើង​វិញ បន្ទាប់​ ពី​ពួកគេ ​ធ្វើ​ពិធី ​រំលឹក​ខួប ​លើក​ទី​៥ នៃ​ការ​បណ្ដេញ​ចេញ ដោយ​បង្ខំ។  ការ​បំបែក​នោះ ឈាន​ដល់​ ការ​ប្រើ​ហិង្សា​ បណ្ដាល​ ឲ្យ​ស្ត្រី​ មួយ​ចំនួន ​រង​របួស។  មន្ត្រី​ សិទ្ធិមនុស្ស​ យល់​ថា, ការ​ដែល​ពលរដ្ឋ​ បន្ត​ តវ៉ា​ រហូត​នោះ គឺ ​ដោយសារ​ក្រុមហ៊ុន​ មិន​បាន ​គោរព​ កិច្ច​សន្យា ​ក្នុង​ការ​ផ្ដល់​ សំណង​ សមរម្យ​ ជូន​ពលរដ្ឋ។

អ្នក​បុរីកីឡា​ជា​ច្រើន​គ្រួសារ​ដែល​មិន​ព្រម​ចាកចេញ និង​មួយ​ចំនួន​ទៀត​កំពុង​រស់​នៅ​ភ្នំ​បាត សរុប​ប្រមាណ​ជាង ៣០​នាក់ បាន​នាំ​គ្នា​ធ្វើ​ពិធី​រំលឹក​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា នៅ​អគារ​ចាស់​ក្នុង​តំបន់​បុរីកីឡា ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា។

ក្រោយ​ពិធី​រំលឹក​ខួប​អតីត​អ្នក​បុរីកីឡា ដែល​សុទ្ធតែ​ស្ត្រី និង​កុមារ បាន​នាំ​គ្នា​ឡើង​ទៅ​រស់​នៅ​ក្នុង​អគារ​ចាស់​នេះ​ឡើង​វិញ ក្រោយ​ពី​ពួកគេ​​ត្រូវ​បាន​ជម្លៀស​ចេញ​កាល​ពី​ជាង ៥​ឆ្នាំ​មុន ទៅ​រស់​នៅ​តំបន់​ភ្នំ​បាត ឋិត​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ក្រោយ​ពី​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ទាំង​នោះ វេច​សម្ពាយ​មាន​ខោ​អាវ ចាន​ឆ្នាំង​ឡើង​ទៅ​លើ​អគារ​ចាស់ មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែ​ខាង​ក្រុម​សន្តិសុខ​ខណ្ឌ​៧មករា បាន​មក​ដល់ ហើយ​ពួកគេ​ឡើង​ទៅ​ចាប់​ទាញ និង​រុញច្រាន​ពលរដ្ឋ​ចេញ​ពី​លើ​អគារ​ចាស់​មក​ខាង​ក្រោម ហើយ​ពលរដ្ឋ​ក៏​បាន​ប្រតាយប្រតប់​ជាមួយ​អាជ្ញាធរ ប៉ុន្តែ​មិន​មាន​របួស​ធ្ងន់ធ្ងរ​ឡើយ។

​ក្រោយ​ប្រឈម​មុខ​ដាក់​គ្នា​នោះ អាជ្ញាធរ​បាន​បន្ថែម​កម្លាំង​ទាហាន​ប្រមាណ​ជាង ៣០​នាក់​បន្ថែម​ទៀត ប្រដាប់​ដោយ​កាំភ្លើង និង​ខែល ដឹកនាំ​ដោយ​គណៈ​អភិបាលខណ្ឌ​៧មករា ដើម្បី​ត្រៀម​ទប់ទល់​ជាមួយ​ស្ត្រី​បុរីកីឡា ដែល​ជម្នះ​ឡើង​ទៅ​រស់​​នៅ​លើ​អគារ​ចាស់​នោះ។

បំបែក បុរីកីឡា ៨៥៥ ២០១៧
កម្លាំង​សមត្ថកិច្ច​ចុះ​បំបែក​អតីត​អ្នក​បុរីកីឡា ដែល​ព្យាយាម​ចូល​ទៅ​រស់​នៅ​អគារ​ចាស់​ឡើង​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Phann Yasy RFA/Phann Yasy
 
ការ​ស្ងប់ស្ងាត់​មិន​បាន​ប៉ុន្មាន​ផង ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើង​ជា​ថ្មី ក្រោយ​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​បាន​ព្យាយាម​ឡើង​ទៅ​លើ​អគារ​ម្ដង​ទៀត។ អាជ្ញាធរ​ចាប់​ផ្ដើម​ប្រើ​ហិង្សា​ធ្ងន់​ដៃ​ជាង​មុន ដោយ​រុញ​ច្រាន​ស្ត្រី​ទាំង​នោះ​ឲ្យ​ចាក​ចេញពី​តំបន់​បុរីកីឡា ហើយ​ស្ត្រី​ទាំង​នោះ​ដួល​ច្រងាប់ច្រងិល ដោយសារ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ទប់ទល់​ជាមួយ​ក្រុម​សន្តិសុខ​ពេញ​កម្លាំង។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ​បណ្ដាល​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន​ម្នាក់​រង​របួស​ថ្លោះ​ដៃ និង​ខ្លះ​ទៀត​គ្រេចជើង ចំណែក​ប្រធាន​សន្តិសុខ​ម្នាក់​ត្រូវ​ស្ត្រី​ទាំង​នោះ​ខ្វាច​ដាច់​សាច់​កញ្ចឹងក ដោយសារ​ព្យាយាម​សម្រុក​រុញ​ស្ត្រី​យ៉ាង​សាហាវ។

ស្ត្រី​រងគ្រោះ​ដីធ្លី​ម្នាក់​ឈ្មោះ​ តឹង វិច្ឆិកា បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ដែល​ព្យាយាម​រារាំង​ពួកគាត់​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី។ អ្នកស្រី​បន្ថែម​ថា ទោះបី​ត្រូវ​ស្លាប់ ឬ​ត្រូវ​ប្រឈមមុខ​យ៉ាង​ណា​ក្តី ក៏​ពួកគាត់​មិន​ព្រម​ចាក់​ចេញ​ទៅ​ទី​ណា​ឡើយ គឺ​ត្រូវ​ប្ដូរ​ស្លាប់​ប្ដូរ​រស់​នៅ​លើ​តំបន់​បុរីកីឡា៖ «ខ្ញុំ​យល់​ថា អាជ្ញាធរ​គ្មាន​ច្បាប់​គ្មាន​ទម្លាប់​ទេ! ខ្ញុំ​ប្រជាពលរដ្ឋ​មិន​ចេះ​ច្បាប់ ខ្ញុំ​ធម្មតា​ តែ​អ្នក​ឯង​ធ្វើ​ដល់​អាជ្ញាធរ​ដឹង​ច្បាប់ ហេតុ​អី​ក៏​មក​អូស​ប្រជាពលរដ្ឋ​ទាំង​ទទឹងទទែង»

​អាជ្ញាធរ​ខណ្ឌ​៧មករា ហាក់​មិន​ចង់​និយាយ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ឡើយ ពោល​គឺ​តួនាទី​របស់​ពួកគេ​សំខាន់​បំផុត​ក្នុង​ពេល​នោះ គឺ​ត្រូវ​តែ​បំបែក​ពលរដ្ឋ​ឲ្យ​ខាង​តែ​បាន ដើម្បី​កុំ​ឲ្យ​ឡើង​ទៅ​លើ​ អគារ​ចាស់ ក្រោម​ហេតុផល​ថា អគារ​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex)។

អ្នកដឹកនាំ​ក្រុម​សន្តិសុខ​ខណ្ឌ​៧មករា លោក ប្រាក់ ហាក់ បដិសេធ​ថា លោក​មិន​មែន​ជា​អ្នក​ចាប់​ផ្ដើម​ប្រើ​ហិង្សា​ទេ គឺ​ប្រជាពលរដ្ឋ​ទាំង​នោះ​និយាយ​មិន​ស្ដាប់​គ្នា ហើយ​ថែម​ជេរ​ប្រទេច​លោក និង​បាន​ប្រតាយប្រតប់​ជាមួយ​រហូត​បណ្ដាល​ឲ្យ​លោក​រង​របួស​ត្រង់​ក។ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​កំពុង​ធ្វើ​នោះ គឺ​តាម​បញ្ជា​របស់​អភិបាល​ខណ្ឌ​ដើម្បី​ការពារ​ក្រុមហ៊ុន៖ «រឿង​អាជ្ញាធរ​ដោះស្រាយ​មិន​ដោះស្រាយ​ជា​រឿង​របស់​គាត់ តែ​ចំពោះ​ខ្ញុំ​រឿង​របស់​ខ្ញុំ គឺ​ខ្ញុំ​ការពារ​ទីតាំង មាន​ន័យ​ថា អភិបាល​មិន​អនុញ្ញាត​អោយ​គាត់​ឡើង​ទេ តែ​គាត់​នៅ​តែ​ចចេស អ៊ីចឹង​ភារកិច្ច​ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង»

​តំណាង​ពលរដ្ឋ​នៅ​សហគមន៍​ភ្នំ​បាត អ្នកស្រី ខៀវ ឡៃ លើក​ឡើង​ថា ការ​សម្រេច​របស់​ពលរដ្ឋ​អតីត​អ្នក​បុរីកីឡា ទៅ​រស់​នៅ​ក្នុង​អគារ​ចាស់​ដែល​មិន​ចាក់​សោ​នេះ គឺ​ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex) ចំពោះ​ការ​ជម្លៀស​ពួកគេ​ទៅ​រស់​នៅ​ក្នុង​តំបន់​ដាច់ស្រយាល​ដែល​គ្មាន​ទាំង​ទឹក​ប្រើប្រាស់ គ្មាន​ទីផ្សារ​សាលារៀន​នៅ​ឆ្ងាយ និង​គ្មាន​មន្ទីរពេទ្យ​ជាដើម។ អ្នកស្រី​បន្ថែម​ថា ក្រុមហ៊ុន​បាន​យក​ពួកគាត់​ទៅ​ចាក់​ចោល​ដោយ​គ្មាន​ទទួល​ខុស​ត្រូវ​អ្វី​ឡើយ ពោល​គឺ​ពួកគាត់​ត្រូវ​រស់​នៅ​យ៉ាង​វេទនា អ្នក​ខ្លះ​ធ្លាក់​ខ្លួន​សុំ​ទាន រួម​ទាំង​កុមារ​តូចៗ​ផង ពេល​ត្រឡប់​ពី​សុំ​ទាន​កុមារ ទាំង​នោះ នាំ​គ្នា​សុំ​បាយ​លោក​នៅ​វត្ត​យក​មក​បរិភោគ​ចិញ្ចឹម​ក្រពះ​ដើម្បី​ឲ្យ​រស់​មួយ​គ្រាៗ។

អ្នកស្រី​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ចំនួន ១៣​នាក់​ហើយ បាន​ស្លាប់​ដោយសារ​ឈឺ​គ្មាន​លុយ​ព្យាបាល និង​ដាច់​បាយ ហើយ​ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ប្រឈម​នឹង​បាត់បង់​ជីវិត​ដែរ ប្រសិនបើ​គ្មាន​ជំនួយ​សង្គ្រោះ​ពី​សប្បុរសជន៖ «សូម​ជួយ​ពួក​ខ្ញុំ​ផង ខ្ញុំ​អស់​ជម្រើស​ហើយ! នេះ​ជា​ទឹក​ចុង​ក្រោយ​ហើយ ទោះ​បី​ជា​ក្រុម​សមត្ថកិច្ច​មក​ដេញ វាយដំ​ច្រំ​ធាក់ ឬ​ចាប់​ខ្ញុំ​ដាក់​គុក ក៏​ពួក​ខ្ញុំ​ស៊ូ​ស្លាប់​នៅ​ទី​នេះ​ដែរ។ អ្វី​ដែល​ទាមទារ​នោះ ខ្ញុំ​ចង់​បាន​ទៅ​ភូមិ​អណ្ដូង និង​ប្រាក់ ៥​ពាន់​ដុល្លារ​ទេ ហើយ​បើ​អោយ​នៅ​ភ្នំបាត ខ្ញុំ​សុំ​ប្រាក់ ១​ម៉ឺន​ដុល្លារ និង​ប្លង់​រឹង»

​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​សហគមន៍​បុរីកីឡា កណ្ដាល​ទីក្រុង​ភ្នំពេញ ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច មាន​រយៈពេល ៥​ឆ្នាំ​គត់ គិត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧ នេះ។ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​កម្លាំង​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា ចំនួន ៣៨៤​គ្រួសារ។ អាជ្ញាធរ​បាន​ដឹក​អ្នក​បុរីកីឡា​ខ្លះ ទៅ​ទម្លាក់​ចោល​នៅ​ទួលសំបូរ និង​ភ្នំបាត ដែល​មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្នំពេញ ដោយ​អ្នក​ខ្លះ​បាន​ទទួល​សំណង​ដី ៤​ម៉ែត្រ គុណ ៥​ម៉ែត្រ។

ប្រធាន​គ្រប់គ្រង​ផ្នែក​​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​បាន​ទៅ​ឃ្លាំ​មើល​ករណី​នេះ មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​ហិង្សា​ដែល​បាន​កើត​ឡើង។ ម្យ៉ាង​វិញ​ទៀត លោក​ថា ករណី​ពលរដ្ឋ​តវ៉ា​នេះ មិន​មែន​ជា​កំហុស​របស់​ពលរដ្ឋ​ឡើយ គឺ​ផ្ដើម​ពី​ក្រុមហ៊ុន​ដែល​មិន​បាន​គោរព​កិច្ចសន្យា​ដែល​ដំបូង​ឡើយ​ថា នឹង​សាងសង់​អគារ​ចំនួន ១០​សម្រាប់​ពលរដ្ឋ​ស្នាក់​នៅ ដើម្បី​ដោះដូរ​ដី​ធ្វើការ​អភិវឌ្ឍ ប៉ុន្តែ​ទី​បំផុត​ទៅ ក្រុមហ៊ុន​បាន​សាងសង់​អគារ​បាន​តែ ៨​អគារ​ប៉ុណ្ណោះ ហើយ​ក៏​ប្រកាស​ថា​ក្ស័យធន ដែល​នាំ​ឲ្យ​ជម្លោះ​ដីធ្លី​នេះ​បន្ត​រ៉ាំរ៉ៃ​មក​ដល់​បច្ចុប្បន្ន៖ «បើ​តាម​ផ្លូវ​ច្បាប់ វា​ត្រូវ​ចាប់​បង្ខំ ព្រោះ​ក្រុមហ៊ុន​ខ្លួន​ឯង​ជា​អ្នក​ចុះ​ហត្ថលេខា​ដែល​មាន​អភិបាល​រាជធានី​ភ្នំពេញ សម័យ​នោះ គាត់​ធ្វើ​ជា​សាក្សី​ទៀត នៅ​ក្នុង​កិច្ច​សន្យា​រវាង​អគារ​១០ ហើយ​និង​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ។ ហេតុ​អ្វី​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​អត់​សាងសង់ ២​អគារ​ទៀត ហើយ​បង្ក​ទុក​អោយ​បញ្ហា​នេះ​រ៉ាំរ៉ៃ ទុក​ដោះស្រាយ​អត់​ចេញ​ដល់​បច្ចុប្បន្ន»

​មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​លើក​ឡើង​ថា គោលការណ៍​នៃ​ការ​អភិវឌ្ឍ​នោះ គឺ​ដើម្បី​ភាព​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ និង​កត្តា​ធំ​បំផុត​ដើម្បី​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ពោល​គឺ​មិន​មែន​អភិវឌ្ឍ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​នោះ​ទេ ព្រោះ​ខុស​ពី​គោលការណ៍​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។

មក​ដល់​ពេល​នេះ អតីត​ស្ត្រី​បុរីកីឡា​ទាំង​នោះ នៅ​តែ​មិន​ព្រម​ចាក​ចេញ​ពី​អគារ​ចាស់​បុរីកីឡា​ឡើយ ដោយ​ពួកគាត់​នៅ​តែ​បន្ត​ដាំ​បាយ និង​ស្នាក់​នៅ​ទី​នោះ​ជាន់​ជាប់​ដី ចំណែក​អាជ្ញាធរ​វិញ ក៏​បណ្ដាក់​គ្នា​រង់ចាំ​ទប់ស្កាត់​ពលរដ្ឋ​មិន​ឲ្យ​ឡើង​ទៅ​លើ​ដែរ៕





No comments:

Post a Comment