លោក កឹម សុខា និងលោក ហ៊ុន សែនកាលពីពេលកន្លងទៅ (FreshNews) |
គណៈកម្មការ រដ្ឋសភា សម្រេច ឲ្យមាន ការដកដំណែង លោក កឹម សុខា ពីប្រធាន ក្រុមមតិ ភាគតិច
|
អ្នកនាំពាក្យ តំណាងរាស្ត្រ បក្សប្រជាជន នៅក្នុងសភា លោក ឈាង វុន ថ្លែង ថា, តបតាម ការស្នើ របស់ តំណាងរាស្ត្រ បក្សកាន់អំណាច ដែលបាន ស្នើសុំ ឲ្យធ្វើ វិសោធនកម្ម បទបញ្ជា ផ្ទៃក្នុង លើប្រការ ៤៨ថ្មី (បី), លោក ថា, រដ្ឋសភា នឹងមាន ការប្រជុំ ពេញអង្គ នៅថ្ងៃ ទី៣១ ខែមករា ខាងមុខ ដើម្បី សម្រេច លុបចោល តួនាទី របស់ សំឡេង ភាគតិច ក្នុងសភា។ លោក អះអាង ថា, ការសម្រេច លុបចោល តួនាទីនេះ ក៏ព្រោះ តែ បក្សប្រជាជន មើលឃើញ ថា, បក្សប្រឆាំង មិនមាន ភាពស្មោះត្រង់ ក្នុងការ ចរចា រវាង បក្សទាំងពីរ។
លោក ថា៖ «យើង និយាយ មើលទៅច្រើនណាស់! គ្រាន់តែ ធ្វើហើយ បានតួនាទី ស្មើនាយករដ្ឋមន្ត្រី, គាត់ ទៅដល់ ទីក្រុង ប៉ារីស, សម រង្ស៊ី, គាត់ ជេរសម្តេច ហ៊ុន សែន ថា ម៉េច? ចាត់ទុកគាត់ [ហ៊ុន សែន] ថា ជាមនុស្ស ក្បត់ជាតិ ដូចកាដាហ្វី ដូចអីអញ្ចឹង។ កូន របស់ សម្តេច ទាក់ទង ជាមួយ កូនគាត់ ព្រោះ ចង់យ៉ាងណា ទៅថ្ងៃក្រោយ មានទំនាក់ទំនង គ្នា ការពារខ្លួន។ អីអញ្ចឹងអាហ្នឹង មួយហើយ មានរឿង ច្រើនទៀត, ហើយ ឥឡូវ អ្វី ដែលជាការ ជជែកគ្នា មិនស្មោះត្រង់ហ្នឹង គឺ គណបក្សខ្ញុំ ធ្វើផ្តេសផ្តាស ខុសច្បាប់ ជាប់ទោស ព្រហ្មទណ្ឌហើយ យកយន្តការហ្នឹង ទៅដោះលែង អ្នកទោសហ្នឹង, អាហ្នឹង មិនស្មោះត្រង់ទេ!»
ទោះជាយ៉ាងណាលោក ឈាង វុន បន្តថា វប្បធម៌សន្ទនានៅមាននៅឡើយ ប្រសិនជាសមាជិកបក្សប្រឆាំងនៅតែចូលរួមប្រជុំសភា។
តបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឬទ្ធិ បានឲ្យដឹងថា ចំពោះការដែលចោទថាបក្សប្រឆាំងមិនស្មោះត្រង់ក្នុងការចរចានោះ លោកទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ តែលោកលើកឡើងថា មតិភាគតិចគឺមិនមានសំឡេងឯណាគ្រប់គ្រាន់ដែលជម្រុញឲ្យមតិភាគច្រើនធ្វើខុសច្បាប់នោះទេ ហើយរហូតមកដល់ពេលនេះក៏មិនមានសកម្មភាពណាមួយដែលថាជាការរំលោភបំពានអំណាចទាំង៣នោះទេ។
លោក ថា៖ «ជាទូទៅមុននឹងសរសេរបទបញ្ជាផ្ទៃក្នុង មុននឹងធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងជាទូទៅ តែងតែមានគណៈកម្មការពិសេសគណៈកម្មការចំពោះកិច្ច សិក្សាជជែកវែកញែកមុននឹងដាក់ជូនសេចក្តីស្នើនេះដាក់ជូនរដ្ឋសភាសម្រេច តែនេះវិសោធនកម្មគឺចេញតែពីខាងគណបក្សកាន់អំណាច។ … ចំពោះការលើកឡើងដែលថាការជម្រុញឲ្យធ្វើខុសច្បាប់ ការរំលោភ អំណាចនីតិបញ្ញាត្តិ នីតិប្រតិបត្តិនោះវាមិនពិត ពីព្រោះមិនដែលមតិភាគតិចណាដែលបង្ខំឲ្យមតិភាគច្រើនធ្វើឡើងដោយខុសច្បាប់នោះគឺវាមិនអាចទៅរួចទេ។ អាចធ្វើទៅបានគឺដោយមានការឯកភាពគ្នាដូច្នេះពេលនេះគឺវាមិនមានអ្វីដែលគេហៅថារំលោភបំពានអំណាចទាំងបីនោះទេ។»
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល យល់ថាការធ្វើវិសោធនកម្មលុបចោលតំណែងប្រធានមតិសំឡេងភាគតិចនេះ គឺគណបក្សកាន់អំណាចកំពុងតែចង់បង្ហាញពីកម្លាំងនៃអំណាចរបស់ខ្លួនដល់បក្សប្រឆាំងនិងកំពុងតែធ្វើឲ្យបក្សប្រឆាំងចុះខ្សោយ។ លោកបន្ថែមថា អ្នកដែលត្រូវខាតបង់ច្រើនក្នុងការលុបបំបាត់សំឡេងភាគតិចនេះគឺបក្សប្រឆាំង ព្រោះបន្ទាប់ពីធ្វើវិសោធនកម្មនេះរួចបក្សប្រឆាំងលែងមានតួនាទីឬឋានៈណាមួយដែលអាចធ្វើការចរចារដោយស្នើមុខមាត់គ្នាជាមួយបក្សកាន់អំណាចទៀតហើយ ហើយក្តីសង្ឃឹមសម្រាប់អ្នកដែលជាប់ឃុំទាំងប៉ុន្មាននោះគឺកាន់តែតិចទៅៗ។
លោក ថា៖ «នេះគឺវាបានបង្ហាញឲ្យឃើញច្បាស់ថាគណបក្សដែលមានអំណាចនៅក្នុងរដ្ឋសភា ថាគណបក្សកាន់អំណាចមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តទាំងអស់ហើយវាអាចនឹងបង្ហាញពីភាពខ្សោយខ្លាំងមែនទែនហើយរបស់បក្សសង្គ្រោះជាតិ។ … ពេលដែលអ្នកទាំងពីរមានអំណាចស្នើគ្នាហើយមិនអាចចរចារគ្នាបានទៀត ចុះទម្រាំយើងបំបាត់តួនាទីហ្នឹងអញ្ចឹងនាំឲ្យបក្សប្រជាជនយល់ថាខ្លួននៅតែខ្ពស់អញ្ចឹងលោកនៅតែអត់មានចេតនា ឬក៏ថាគណបក្សសង្គ្រោះជាតិអត់មានឋានៈដែលស័ក្កិសមជជែកជាមួយគាត់អញ្ចឹង វិបត្តិនយោបាយផ្សេងៗវានឹងជាប់គាំងរហូត។»
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីអវត្តមានពីក្នុងប្រទេសជាង២ឆ្នាំ និងជាប់បណ្តឹងផ្សេងៗនោះ តំណែងរបស់លោក សម រង្ស៊ី ជាប្រធានក្រុមភាគតិចនៅក្នុងសភា មានឋានៈស្មើនាយករដ្ឋមន្ត្រី ត្រូវធ្លាក់ទៅលើ លោក កឹម សុខា ដែលទើបតែត្រូវបានលោក ហ៊ុន សែន ស្នើដល់ព្រះមហាក្សត្រក្នុងការលើកលែងទោសកាលពីចុងឆ្នាំ២០១៦។ប៉ុន្តែលោក ហ៊ុន សែន បានព្រមានដកតំណែងជាប្រធានក្រុមមតិភាគតិចពី លោក កឹម សុខា ដែលអ្នកវិភាគយល់ថាមកពីលោក កឹម សុខា មិនព្រមថ្កោលទោស លោក សម រង្ស៊ី៕
No comments:
Post a Comment