Paris Peace Accords 23 Oct. 1991

Wednesday, January 25, 2017

គ្រួសារ មន្រ្តី សិទ្ធិមនុស្ស អាដ​ហុក រក​អន្តរាគមន៍ ពីព្រះ​មហាក្សត្រ និង​លោក ហ៊ុន សែន | Families of Adhoc officials seek intervention from King, Hun Sen

លោក នី ចរិយា ក្រោយចេញពីការសាកសួរបន្ថែមនៅសាលាដំបូង កាលពីពេលកន្លងទៅ

គ្រួសារ មន្រ្តី សិទ្ធិមនុស្ស អាដ​ហុក រក​អន្តរាគមន៍ ពីព្រះ​មហាក្សត្រ និង​លោក ហ៊ុន សែន

| ២៤ មករា ២០១៧

ក្រុមគ្រួសារ​ មន្ត្រី​ សិទ្ធិមនុស្ស​ អាដ​ហុក និង​អគ្គលេខាធិការ​ រង​ គ.ជ.ប. បាន​នាំ​គ្នា ទៅ​​ដាក់​ញត្តិ​ ទៅ​កាន់​ ខុទ្ទការល័យ ព្រះ​មហាក្សត្រ និង​នាយក​រដ្ឋ​មន្ត្រី​ នៅថ្ងៃ អង្គារនេះ សូម ឲ្យដោះលែង អ្នកជាប់ឃុំ ទាំង ៥នាក់ ខណៈ គម្រោង​ចរចា ផ្នែកនយោបាយ ដែលគេ រំពឹង ថា នឹងឈានទៅ ដោះស្រាយ បញ្ហា ទាំងនោះ ត្រូវ បានគណបក្ស កាន់អំណាច លុបចោល​។



អស់​រយៈពេល​ជិត​១ឆ្នាំ​ហើយ ដែល​ មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក មាន​លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា លោកស្រី លឹម មុនី និង​មន្ត្រី​គ.ជ.ប លោក​ នី ចរិយា ត្រូវបានសាលា​ដំបូង​រាជធានី​​ភ្នំពេញស​ម្រេ​ច​ឲ្យឃុំខ្លួន​បណ្តោះ​សន្ន​ទាក់ទង​នឹងបទ​ចោទ​សូក​ប៉ាន់​សាក្សី​ ក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែល​ត្រូវបានគេទម្លាយ​ថាជាស្រីកំណាន់​របស់​លោក​ កឹម សុខា។

ក្នុង​លិខិតបោះ​ត្រា​ចូល​ទីស្តីការ​គណរដ្ឋ​មន្ត្រី នៅថ្ងៃ​ទី​២៤ មករា​នេះ ក្រុមគ្រួសារ​អ្នក​ជាប់​ឃុំ​ទាំង៥នាក់​បាន​​​ស្នើ​សុំឲ្យលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ជួយ​អន្តរាគមន៍ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើអ្នកទាំង៥​។

កូន​ស្រី របស់ លោក​ស្រី ​លឹម មុន្នី គឺ កញ្ញា អ៊ុន ប៊ុណ្ណារី បាន​ឲ្យ​វីអូ​ឌី​ដឹង​ថាមូល​ហេតុ​ដែល​អ្នក​ពួកគេ​នាំ​គ្នា​មក​ដាក់​ញាត្តិសុំ​ឲ្យ​មាន​ការ​អន្តរាគមន៍​នេះ​ក៏ព្រោះ​តែ​ការរង​ចាំ​ចំណាត់​ការពី​តុលាការ​ចេះ​តែ​អូស​បន្លាយ និង​បន្ត​ឃុំ​ខ្លួនម្តាយ រួម​ទាំង​អ្នក​ផ្សេ​ងទៀត​នោះ​ទាំង​មិន​ទាន់​រក​ឃើញកំហុស​ផង​នោះ។​ កញ្ញា​បន្ថែម​ថា​ ចាប់​តាំង​ពី​តុលាការ​ឃុំ​ខ្លួន​ម្តាយ​របស់​ខ្លួន​មក​ ក្រុម​គ្រួសារ​របស់​នាង​ជួប​ការ​លំបាក​ ​ខណៈដែល​កញ្ញា​កំពុង​នៅ​សិក្សា​នៅ​ឡើយ​។

កញ្ញា អ៊ុន ប៊ុណ្ណារី ថា៖ «រឿងនេះអ្នកដែលផ្តើមរឿងគាត់រួចចេញក្រៅឃុំគាត់រួចទោសអស់ហើយ ហើយយើងអត់បានទៅជួយអីឯកឧត្តកឹម សុខា ហ្នឹងផង។ យើងអត់ដឹងអីផងយើងគ្រាន់តែជួយជនរងគ្រោះនាងស្រីមុំ ហ្នឹងមកប្តឹងហ្នឹង! ហេតុអីបានជាទុកពួកគាត់ទាំងអត់ទាន់មានបន្តនីតិវិធីអីអញ្ចឹង! ខ្ញុំដឹងថាអំណាចទាំងបីហ្នឹងផ្សេងគ្នាហើយប៉ុន្តែអត់មានអ្នកពន្លឿនអញ្ចឹងដូចជាតុលាការអត់មានអើពើ គ្រាន់តែថាមិនបាច់​​ឲ្យសម្តេចហ្នឹងគាត់លូកដៃអីទេគ្រាន់តែថាសុំឲ្យលោកជួយ ធ្វើម៉េចឲ្យប្រព័ន្ធតុលាការបន្តនីតិវិធីទៅបើគាត់រកឃើញថាមានកំហុសគាត់កាត់សេចក្តីទៅ ហើយបើរកមិនឃើញទេឲ្យគាត់ចេញមកមិនគួរទុកគាត់នៅឃុំរាប់ខែអញ្ចឹងទេ​!»

ភរិយា​អគ្គលេខា​ធិការ​រង​គ.ជ.ប លោក នី ចរិយា គឺអ្នក​ស្រីយ៉ែម ចន្ថា មាន​ប្រសាសន៍​​ថា​ការ​សម្រេច​ឡើង​មក​ដាក់​ញាត្តិ​នេះ​គឺ​ជា​ការ​យល់​ស្របគ្នា​រវាង​ក្រុម​គ្រួសារ​អ្នក​ទាំង៥ ដោយ​ថាមិន​មាន​ការ​ផ្តល់​យោ​បល់​ឬ​គំនិត​ពី​ខាង​ណា​ឡើយ។ អ្នកស្រី​ថា​អស់​រយៈពេល​ជា​ច្រើន​ខែ​ហើយ​ដែល​គ្រួសារ​អ្នក​ស្រី​បាន​បែកគ្នា ដោយ​បន្ទុក​គ្រួសារ​ត្រូវ​ធ្លាក់​លើក​អ្នក​ស្រី​តែ​​ឯង​។ អ្នក​ស្រីចាត់ទុក​ថា​ ការ​​អូ​សបន្លាយ​ឃុំ​ខ្លួន​ អ្នកទាំង៥ ទាំង​​​រកមិន​​ឃើញ​កំហុស​នេះ​វា​ជា​ភាព​​​​អយុត្តិ​​ធម៌ធ្លាក់​មក​លើអ្នកការពារសិទ្ធិ​មនុស្ស។

អ្នក​ស្រី ថា៖ «អ្នក​ប្តឹង​នោះ​មិន​ដឹង​ថា​នៅ​ណា​ នៅណី​ប្តឹង​ឆ្លង​ឆ្លើយ​គ្នា​រក​ខុស​ត្រូវ​អី​វា​មិន​ឃើញ វាមិន​ដឹង​យ៉ាង​ម៉េចអ្នក​ណា​ចោទ​អ្នកណា​អ្នក​ណា​ស្អី​ ដើមចោទ​មិន​ដឹង​នៅ​ឯណា​នៅ​ឯណី អ្នក​ជា​ប់​ឃុំ​នោះ​គិត​តែ​ពី​ជាប់​ទៅ អ្នក​ចោទ​គិត​តែ​ពីចោទ​ទៅ យូរៗ​ទៅ​ខ្ញុំ ភាព​អត់​ធ្មត់​ដែល​ខំ​ប្រឹង​ទ្រាំ​តាំង​ពី​ណា​ពី​ណី​មក វា​ល្ម​ម​ដូច​ថា ជិត​ដំបៅ​ដើមទ្រូងហើយ​ ដូច​វា​ដល់​ពេល​ហើយ​ជិត​មួយ​ឆ្នាំ​ហើយ​យក​មនុស្ស​ទៅ​ឃុំ​អញ្ចឹង» 

ប្រធានគណៈកម្មការចម្រុះ នៃខុទ្ទការល័យនាយករដ្ឋមន្ត្រីលោក ប៉ាល់ ចន្ទតារា មានប្រសាសន៍ថាលោកមិនទាន់ដឹងពីលិខិតសុំអន្តរាគមន៍នេះនៅឡើយទេ តែលោកថាតាមនីតិវិធីរាល់លិខិតដែលបានដាក់ចូលដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីហើយ មន្ត្រីទទួលពាក្យនឹងរៀបចំទៅកាន់លោកនាយករដ្ឋមន្ត្រីដើម្បីសម្រេចជាចុងក្រោយ។
ក្នុង​បទ​វិភាគ​ជាមួយ​​វីអូ​ឌី​កាល​ពីម្សិល​មិញ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងជា​អ្នកវិភាគ​នយោ​បាយ លោកបណ្ឌិត មាស នី បានចាត់​ទុក​ការ​បន្ត​ឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ថាជា​​ការ​​បន្តឱបដុំភ្លើងមួយដុំនៅជាប់នឹងខ្លួនពីសំណាក់គណបក្សកាន់អំណាច ដែលអ្នកវិភាគ​រូបនេះ​ថា បញ្ហា​នេះធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារ​ដ្ឋាភិ​បាល​ផង​ដែរ​។ លោក​បន្ថែម​ថា​បក្សកាន់​អំណាច​គួរតែ​ពិចារណា​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​​ចប់​ ហើយ​ងាក​មក​ធ្វើ​ផ្តោត​បញ្ហា​ជាតិ​វិញជា​ជាង​ទុក​រឿង​នេះ​ដែល​នាំ​ឲ្យ​ខ្លួន​រង​ឈ្មោះ​អាក្រក់​នោះ​ទេ។​

លោក មាស នី មានប្រសាសន៍ថា៖ «តាមខ្ញុំមើលទៅ ការបន្តការឃុំឃាំងនេះ វាធ្វើឲ្យ​ស្ថាន​ភាព​នយោ​បាយ​ទាំងក្នុងស្រុក និងក្រៅស្រុក កាន់តែអាក្រក់ថែមទៀត។ ខ្ញុំមិនដឹងថា រដ្ឋាភិ​បាល​នៅឱប​ដុំភ្លើង​មួយ​ដុំហ្នឹងទុកធ្វើអីទៀត។ បើយើងមើលទោសទណ្ឌអីទៅ ក៏វាមិនត្រូវជាប់យូរបែបហ្នឹងទេ បើយើង​ប្រៀបធៀបជាមួយនឹងថ្លៃខ្សាច់ប៉ុន្មានរយលានដុល្លារ ដែលមិនមាននរណាខ្វល់ខ្វាយ ហើយ​តាម​អ្វីដែល​លេចចនូវសំឡេងឆ្លើយឆ្លើយគ្នារវាងថ្នាក់ដឹកនាំខ្មែរជាន់ខ្ពស់ទាក់ទងនឹងលុយរាប់លាន​ដុល្លារទៀត ក៏គ្មាននរណាខ្វល់ខ្វាយលូកដៃទៅស្រាវជ្រាវរកលុយហ្នឹងឲ្យឃើញមក ហើយ​ទុកការ​ឃុំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និងគ.ជ.ប.ហ្នឹង ឲ្យនៅត្រាំត្រែងវេទនា» 

គួរ​បញ្ជាក់​ផង​ដែរ​ ក្តី​សង្ឃឹម​ក្នុង​ការ​មាន​ការដោះ​លែង​អ្នក​ទាំង​៥នាក់​នេះ​ត្រូវ​បាន​បាន​លោក ស ខេង បង្ហើប​ម្តង​កាលពី​ចុងឆ្នាំ​២០១៦។ពេលនោះលោក​ថា​អាច​នឹង​មាន​ការ​ចរចារ​ជា​មូយ​បក្ស​ប្រឆាំង​ក្នុង​ការ​សម្រប​​​សម្រួល​ដោះ​លែង​អ្នក​ទាំង​នោះ​ តែ​នៅ​ពេល​ថ្មី​នេះ​លោក​ហ៊ុន សែន​ បានប្រកាស​ពីក្រៅប្រទេស​វិញ​ថាខ្លួន​លែង​ចង់​មានការ​ចរចារ​ជា​មួយ​បក្ស​ប្រឆាំង​ទៀត​ហើយ​។ ​​លោក​ ហ៊ុន សែន អះអាងថា​បក្ស​ប្រឆាំង​តែង​តែប៉ុនប៉ង​​ប្រើ​ប្រាស់​ការ​ចរចានេះ​ ដើម្បី​​​ដោះ​លែងមនុស្ស​មួយចំនួន​​ ដែល​លោក ​ហ៊ុន សែន​ ថា​​ជា​ការ​បំពាន​ដល់​អំណាច​តុលាការ​៕

No comments:

Post a Comment