Paris Peace Accords 23 Oct. 1991

Wednesday, January 18, 2017

គណបក្ស​ កាន់​អំណាច ​ស្នើ​ ពន្យារ​ពេល​ ជួប​ចរចា​ ជាមួយ ​គណបក្ស​ ប្រឆាំង | Ruling party requests postponing negotiation meeting with opposition party

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង (ឆ្វេង) ចាប់​ដៃ​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មុន​អ្នក​នាំ​ពាក្យ​បក្ស​ទាំង​២ ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នា​វិមាន​រដ្ឋ​សភា។

គណបក្ស​ កាន់​អំណាច ​ស្នើ​ ពន្យារ​ពេល​ ជួប​ចរចា​ ជាមួយ ​គណបក្ស​ ប្រឆាំង

RFA / វិទ្យុ អាស៊ី សេរី | ១៧ មករា ២០១៧


លោក ស ខេង បាន​ផ្លាស់ប្ដូរ​ ចិត្ត​ ភ្លាមៗ លើក​ពេល​ ចរចា​ ជាមួយ​ លោក កឹម សុខា ដោយ​មិន​ កំណត់​ថ្ងៃ​ ជាក់លាក់។  ដំបូង​ឡើយ​ ប្រធាន ​ថ្នាក់ដឹកនាំ​ តំណាងរាស្ត្រ​ គណបក្ស ប្រជាជន​ កម្ពុជា លោក ស ខេង បាន​ផ្ញើ​លិខិត​ ទៅ​លោក កឹម សុខា ប្រធាន ​ថ្នាក់ដឹកនាំ​ តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ សន្យា​ជួប​គ្នា​ ថ្ងៃ​ទី​២៥ ខែ​មករា, ប៉ុន្តែ​ ស្រាប់​តែ​ លោក ស ខេង ផ្ញើ​លិខិត​ មួយ​ច្បាប់ ​ផ្សេង​ទៀត ​ប្រាប់​ថា, សូម លើក​ពេល​ ចរចា ដោយ​មិន​ បញ្ជាក់​ពេល ​ជួប​នៅ​ថ្ងៃ​ណា នៅ​ឡើយ​ទេ។


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ បញ្ជាក់​បន្ថែម​ពី​លើ​លិខិត​របស់​លោក ស ខេង ដោយ​ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ស្មោះត្រង់ ដោយ​ចង់​ប្រើ​វប្បធម៌​សន្ទនា​មក​ជ្រៀតជ្រែក​កិច្ចការ​តុលាការ ដើម្បី​ឲ្យ​ដោះលែង​ក្រុម​ទណ្ឌិត និង​ពិរុទ្ធជន។ អ្នក​ពាក្យ​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​ជួប​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន បន្ទាប់​ពី​រដ្ឋ​សភា​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា មាត្រា ៤៨​ថ្មី (បី)។

ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ ហ្វ្រេសញូវ (Fresh News) ដែល​ស្និទ្ធ​នឹង​លោក​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​មាត្រា ៤៨​ថ្មី (បី)។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បាន​បង្ហោះ​លិខិត​មួយ​ច្បាប់​របស់​លោក ស ខេង ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក កឹម សុខា ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ ដើម្បី​កំណត់​ពី​ពេល​វេលា និង​សមាសភាព​នៃ​ជំនួប​របស់​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា នា​វិមាន​រដ្ឋសភា។

សមាសភាព​ពី​បក្ស​កាន់​អំណាច​រួម​មាន ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ និង​មន្ត្រី​ជំនួយ​ការ​ពីរ​នាក់​ទៀត ដើម្បី​ជួប​ជា​ចរចា​ជាមួយ​ក្រុម​ការងារ​របស់​លោក កឹម សុខា។

ប៉ុន្តែ​ភ្លាមៗ​នោះ​ដែរ អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា ខុទ្ទកាល័យ​ឧបនាយករដ្ឋមន្ត្រី លោក ស ខេង បាន​ផ្ញើ​លិខិត​មក​រដ្ឋសភា​ថ្មី​មួយ​ទៀត ប្រាប់​ទៅ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ថា លើក​ពេល​ចរចា​ដោយ​មិន​បញ្ជាក់​ពេល​វេលា និង​មូលហេតុ​នៃ​ការ​លើក​ពេល​នេះ​ឡើយ។ លោក ឡេង ប៉េងឡុង ថា ក្រោយ​ពេល​លោក​បាន​ទទួល​លិខិត​នេះ លោក​ក៏​បាន​ផ្ញើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ រួច​ហើយ​ដែរ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ស្នើ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​ឃើញ​គណបក្ស​ដៃគូ​សន្ទនា​របស់​ខ្លួន​ប្រែប្រួល​ចិត្ត​លឿន​ដូច​នេះ។ លោក​ថ្លែង​យ៉ាង​ខ្លី​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ថា ឃើញ​អ្វី​ដែល​ខ្លួន​ធ្វើ​ជា​ការ​ត្រឹមត្រូវ​ឲ្យ​គណបក្ស​នេះ​ធ្វើ​ចុះ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឲ្យ​តម្លៃ​លើ​ការ​ជួប​ចរចា​គ្នា។

កាល​ពី​​ថ្ងៃ​ទី​១៦ ខែ​មករា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ថា លោក​ចង់​រំលាយ​ប្រធាន​ក្រុម​មតិ​ភាគ​តិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៅ​ក្នុង​សភា​ចោល ដោយ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ត្រង់​មាត្រា ៤៨​ថ្មី (បី) ព្រោះ​មិន​បាច់​ពិបាក​រៀបចំ​របៀបវារៈ​នៃ​ការ​ប្រជុំ។

​លោក ហ៊ុន សែន ប្រាប់​គេហទំព័រ​ព័ត៌មាន ហ្វ្រេសញូវ ថា ក្រុម​ភាគ​​តិច​ភាគ​ច្រើន​នេះ ពិបាក​ក្នុង​ការ​ធ្វើការ រួម​ទាំង​ការ​ប៉ុនប៉ង​ចរចា​ដោះលែង​អ្នក​ទោស​ដែល​បំពាន​ដល់​អំណាច​តុលាការ។

តួនាទី​ប្រធាន​ក្រុម​មតិ​ភាគ​តិច និង​ប្រធាន​ក្រុម​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​កិច្ច​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​ដៃគូ​សន្ទនា​នៅ​ពេល​នោះ​គឺ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី។ ប៉ុន្តែ​សភា​បាន​បោះឆ្នោត​អនុម័ត​ប្ដូរ​តួនាទី​នេះ​មក​ឲ្យ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា ធ្វើ​ដៃគូ​សន្ទនា​ជាមួយ​នឹង​លោក ហ៊ុន សែន ឬ​លោក ស ខេង វិញ​ម្ដង កាល​ពី​ចុង​ឆ្នាំ​២០១៦ ដោយ​ផាត់​លោក សម រង្ស៊ី ចេញ​ពី​ទីលាន​នយោបាយ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ស្ថានការណ៍​ចុង​ក្រោយ​នេះ អាច​មក​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក ស ខេង អនុ​ប្រធាន​បក្ស និង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា លោក ស ខេង អាច​ចង់​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ប៉ុន្តែ​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​មាន​ការ​ចរចា ហើយ​បញ្ជា​ឲ្យ​លើក​ពេល​ចរចា​ក្នុង​នាម​ជា​ប្រធាន​បក្ស។ លោក​យល់​ថា មូលហេតុ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចរចា​រឿង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស អគ្គលេខាធិការ​រង គ.ជ.ប. និង​មន្ត្រី​បក្ស​របស់​ខ្លួន​នោះ ព្រោះ​បក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​នេះ​មើល​ឃើញ​ថា ប្រមុខ​គណបក្ស​ប្រឆាំង​មាន​សមត្ថភាព​ចរចា​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​រួច​ផុត​ការ​ចោទ​ប្រកាន់។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​ថា មាន​ការ​ឆ្លើយឆ្លង​គ្នា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​លិខិត។ បក្ស​កាន់​អំណាច​កំណត់​របៀបវារៈ​នៃ​ការ​ចរចា​និយាយ​ពី​តួនាទី ការងារ និង​សិទ្ធិ​អំណាច​របស់​ប្រធាន​ក្រុម​ភាគ​តិច និង​ប្រធាន​ក្រុម​ភាគ​ច្រើន​នៅ​ក្នុង​សភា។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ការ​ចរចា​និយាយ​បន្ថែម​ពីរ​ចំណុច​ទៀត គឺ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​តំណាងរាស្ត្រ​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច​បោះ​ឆ្នោត​បាន និង​ចំណុច​មួយ​ទៀត ស្នើ​ជជែក​ទាក់ទង​សភាពការណ៍​នយោបាយ​មុន​ការ​បោះឆ្នោត។

ការ​សន្យា​ថា នឹង​ជួប​​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​បែរ​ជា​មិន​ជួប​វិញ​នេះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង សរសេរ​ចំអក​នៅ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា រឿង​នេះ​ដូច​រឿង​ល្ខោន៕






No comments:

Post a Comment