នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា (រូបទីពីរពីស្ដាំ) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។ RFA/Leng Maly |
ខុមហ្វ្រែល រកឃើញ ថា, លទ្ធផល បឋម នៃការ ចុះឈ្មោះ បោះឆ្នោត មិនបាន ពេញលេញ
RFA / វិទ្យុ អាស៊ី សេរី | ១៧ មករា ២០១៧
សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត នៅកម្ពុជា (អង្គការ ខុមហ្វ្រែល, COMFREL) នៅរសៀល ថ្ងៃទី១៧ មករា បង្ហាញ របាយការណ៍ បូកសរុប បឋម របស់ខ្លួន មួយ ស្ដីពី ភាព មិនប្រក្រតី ក្នុងការ ចុះឈ្មោះ បោះឆ្នោត ដែលបាន បញ្ចប់ នៅចុងខែ វិច្ឆិកា ឆ្នាំ២០១៦។ អង្គការនេះ នឹងបញ្ចេញ របាយការណ៍ វាយតម្លៃ រួម នៅខែមីនា។
សម្ព័ន្ធ កំណែទម្រង់ ការបោះឆ្នោត នៅកម្ពុជា រកឃើញ ថា, ការចុះឈ្មោះ ធ្វើបញ្ជី បោះឆ្នោត ថ្មី មានភាព មិនប្រក្រតី ខ្លះៗ ទោះ មិនទាន់មាន បញ្ហា ធ្ងន់ធ្ងរ ដែលអាច ប៉ះពាល់ ដំណើរការ ចុះឈ្មោះ។
នាយកប្រតិបត្តិ អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ មករា ថា លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតមិនបានពេញលេញទេ ព្រោះអ្នកមានសិទ្ធិចុះឈ្មោះចំនួន ៩,៦លាននាក់ មានតែ ៧,៨លាននាក់បានចុះឈ្មោះ។ ពលរដ្ឋនៅតែចង់មកចុះឈ្មោះនៅពេលបញ្ជីបិទក៏ដោយ ហើយការកែតម្រូវឈ្មោះក៏លំបាក៖ «ប៉ុន្តែនៅពេលដែលយើងតាមមើលកិច្ចការងារ ការដាក់បញ្ជីដំបូងនេះ ដើម្បីឲ្យប្រជាពលរដ្ឋពិនិត្យនេះ ការសង្កេតរបស់យើងឃើញថា ប្រជាពលរដ្ឋមកផ្ទៀងផ្ទាត់ មកពិនិត្យឈ្មោះ មិនមានចំនួនច្រើនទេ។»
ទន្ទឹមគ្នានេះ វិវាទបណ្ដឹងជំទាស់ដែលសង្ស័យថា មានអ្នកមិនមានសញ្ជាតិខ្មែរចុះឈ្មោះ ការដោះស្រាយនៅឃុំ-សង្កាត់ ឬ គ.ជ.ប មិនមានតម្លាភាពដែលធ្វើឲ្យភាគីបណ្ដឹងមិនអស់ចិត្តទេ៖ «ជាពិសេសនៅក្រុមព្រឹក្សាឃុំ-សង្កាត់ អត់មានការដេញដោល អត់មានការរកភស្តុតាងបន្ថែមអីទៀតទេ គឺថាគ្រាន់តែពិនិត្យមើលឯកសារ ហើយមិនបានគ្រប់គ្នាទៀត។»
លោកបន្តថា ប្រព័ន្ធ គ.ជ.ប ពេលនេះ អាចត្រួតពិនិត្យកំហុសទិន្នន័យ ឬក៏ឈ្មោះស្ទួន ហើយកែលំអបានមួយចំនួន ប៉ុន្តែនៅតែមានបញ្ហាទាំងនេះ។
ទាក់ទងនឹងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅឃុំ-សង្កាត់ ត្រូវបាននាយកប្រតិបត្តិអង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី រកឃើញថា មានពលរដ្ឋប្រមាណ ៣០% ប៉ុណ្ណោះដែលទៅពិនិត្យឈ្មោះ។ អ្នកខ្លះប្រាប់ថា មិនបានទទួលព័ត៌មានអំពីការបិទប្រកាសនោះ។
រីឯយុវជនវិញ ត្រូវបានមន្ត្រីកម្មវិធីយុវជននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក សេង រិទ្ធី ឲ្យដឹងថា ក្នុងចំណោមអ្នកចុះឈ្មោះទាំងអស់ មានយុវជនជិត ៣៦%។
កន្លងទៅ គ.ជ.ប បានរកឃើញមានបញ្ហាឈ្មោះស្ទួន និងមានបណ្ដឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតថ្មី។ មន្ត្រី គ.ជ.ប ថ្លែងថា បញ្ហាទាំងនេះមកពីបញ្ហាបច្ចេកទេស ហើយបណ្ដឹងពេលនេះក៏កំពុងដោះស្រាយ។
ទោះបីជាខាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត រកឃើញបញ្ហាទាំងនេះក្ដី ក៏លោក គល់ បញ្ញា មានប្រសាសន៍ថា ខាងក្រុមលោកមិនទាន់អាចវាយតម្លៃបញ្ហាទាំងនេះបានទាំងស្រុងទេ៖ «យើងមានកិច្ចការងារបន្តទៀត ដើម្បីធ្វើសវនកម្មឲ្យបញ្ជាក់ថា តើវាមានទំហំប៉ុនណា ដែលកើតឡើងនៅឈ្មោះស្ទួន ហើយនិងកើតឡើងនូវឈ្មោះដែលវាខុសឆ្គង ដែល គ.ជ.ប រកឃើញហើយ ហើយកែលំអ ហើយវានៅតែមានទៀតនោះ វាមានប៉ុនណាទៀត? អានេះដែលយើងធ្វើសវនកម្មពីរទៀត ហើយនៅខែ៣ បានយើងចេញរបាយការណ៍ចុងក្រោយ។»
លោក គល់ បញ្ញា ថ្លែងទៀតថា ទន្ទឹមគ្នានឹងការចុះឈ្មោះមានភាពស្មុគស្មាញ ដែលអ្នកចុះឈ្មោះនៅលំបាក បញ្ជីឈ្មោះមិនមានភាពសុក្រឹត ចំនួនអ្នកចុះឈ្មោះមិនទាន់ពេញលេញក្ដី ក៏លោកជឿថា ប្រព័ន្ធបោះឆ្នោតថ្មី ជាពិសេសបញ្ជីបោះឆ្នោតថ្មីនេះមានគុណភាពល្អជាងបញ្ជីឈ្មោះលើកមុនៗ៕
ឧបមា ថា មនុស្សម្នាក់ ឈ្មោះគាត់ពិត កែវ សន្និសីទ តែអ្នក សរសេរ ក្នុងប័ណ្ណ សរសេរខុស ទៅជា
ReplyDeleteកែវ សន្មិសីទ, តើគាត់អាច បោះឆ្នោតបានទេ ?!
ធម្មតាទេ, អ្នកណា ក៏មានការ ភ្លាត់ភ្លាំងដែរ!។ ឧទាហរណ៍ ជាក់ស្ដែង, ផ្ទាំងអក្សរ ធំៗនៅ ពីក្រោយ លោក គល់ បញ្ញា សរសេរ ថា សន្មិសីទ !!! !!!
ខ្ញុំចំអន់លេងទេ អស់លោក ! ដោយសុទ្ធចិត្ត, ខ្ញុំសុំគោរព នូវការប្រឹងប្រែងដ៏ ធំធេង របស់អស់លោក ដើម្បីផល ប្រយោជន៍ ជាតិខ្មែរ, អរគុណ! ៕