Paris Peace Accords 23 Oct. 1991

Tuesday, January 3, 2017

លោក ស ខេង ថា​, រក​ពេល​ជួប​ ចរចា​ មិន​ ទាន់​បាន​, ប៉ុន្តែ​ លោក សម រង្ស៊ី ចោទ​ថា​ ជា​លេស | Sar Kheng says unable to find time to meet, but Sam Rainsy says it's an excuse

លោក ស ខេង (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក ស ខេង (ឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ RFA

លោក ស ខេង ថា​, រក​ពេល​ជួប​ ចរចា​ មិន​ ទាន់​បាន​, ប៉ុន្តែ​ លោក សម រង្ស៊ី ចោទ​ថា​ ជា​លេស

RFA / វិទ្យុ អាស៊ី សេរី | ៣ មករា ២០១៧



ថ្វី​ បើ​ ពិធី​ឆ្លង​ ឆ្នាំ​ចាស់​ ផ្លាស់​ចូល ​ឆ្នាំ​ថ្មី​ បាន​កន្លង​ ផុត​ទៅ​ហើយ​ក្តី តែ​ សម្រាប់​ ជំនួប ​ចរចា​គ្នា រវាង ​គណបក្ស​ កាន់​អំណាច និង​គណបក្ស​ ប្រឆាំង នៅ​តែ​ មិន​ទាន់​ លេច​ចេញ​ ជា​រូបរាង​ តាម​ការ​ សន្យា នៅ​ឡើយ។  រដ្ឋមន្ត្រី​ ក្រសួង​ មហាផ្ទៃ លើក​ហេតុផល​ ថា, ការ​យឺតយ៉ាវ​ ជួប​គ្នា ​រវាង​ គណបក្ស​ ទាំង​ពីរ ដោយសារ​ រវល់​ពេក, រក​ពេល​ជួប​ មិន​ទាន់​បាន។  រីឯ មេ​បក្ស​ប្រឆាំង​ នៅ​ក្រៅ​ប្រទេស​វិញ​ ថា, ការ​លើក​ឡើង​ របស់​ គណបក្ស​ កាន់​អំណាច គឺ​ ជា​លេស និង​តែងតែ​ មាន​ភាព​ មិន​ស្មោះ​ត្រង់ ​ក្នុង​រឿង ចរចា។


គម្រោង​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង ជុំវិញ​ការ​សន្យា​និយាយ​រឿង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ.ជ.ប នៅ​ចុង​ឆ្នាំ​២០១៦ នេះ ត្រូវ​បាន​ខកខាន​ទៅ​វិញ បណ្ដាល​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​ងឿង​ឆ្ងល់ និង​បន្ត​តាម​អ៊ុត​មើល​អំពី​គម្រោង​ជួបជុំ​គ្នា​ឡើង​វិញ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ដែល​ប្រដេញ​សួរ បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគច្រើន​នៃ​រដ្ឋសភា លោក ស ខេង លើក​ឡើង​ថា ទោះ​បី​ជា​ផុត​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ក្តី តែ​លោក​មិន​ទាន់​មាន​ពេល​ជួប​ជាមួយ​បក្ស​ប្រឆាំង​នៅ​ឡើយ​តាម​ការ​សន្យា​ថា នឹង​ជួប​នៅ​ចុង​ខែ​ធ្នូ នៅ​ឡើយ​ទេ ដោយសារ​ជាប់​រវល់​ការងារ​ច្រើន​ពេក។ ទោះ​បី​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា គម្រោង​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង នៅ​តែ​មាន​ដដែល តែ​មិន​ទាន់​ហ៊ាន​កំណត់​ពេល​ជាក់លាក់«យើង​នៅ​តែ​មាន​គម្រោង​ដើម្បី​ជួប​អ៊ីចឹង តែ​មិន​ទាន់​ដឹង​ថា​ពេល​ណា ព្រោះ​ការងារ​ដើម​ឆ្នាំ​នេះ​វា​ច្រើន»

ចំពោះ​សំណួរ​រឿង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប ម្នាក់​នោះ លោក ស ខេង បង្វែរ​ឲ្យ​ទៅ​សួរ​តុលាការ ក្រោម​ហេតុផល​ថា លោក​មិន​អាច​ដោះស្រាយ​បាន​ឡើយ ប្រសិន​បើ​តុលាការ​មិន​ទាន់​បញ្ចប់​នីតិវិធី​នោះ។ ការ​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ពេល​នេះ​របស់​លោក ស ខេង គឺ​ខុស​ពី​កាល​ពី​ថ្ងៃ​ទី​៧ ធ្នូ ក្រោយ​ពី​កិច្ច​ប្រជុំ​សភា​ដែល​លោក​ថា មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប អាច​នឹង​ត្រូវ​ដោះលែង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ នោះ។

ចំពោះ​ការ​ខកខាន​ជួប​ចរចា​គ្នា និង​បន្ត​លើក​ពេល​គ្មាន​ការ​កំណត់​ជាក់លាក់​នេះ ត្រូវ​បាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឆ្លើយតប​ថា គឺ​ជា​លេស​របស់​គណបក្ស​កាន់​អំណាច និង​ចង់​រក្សា​អ្នក​កំពុង​ជាប់​ឃុំ​នោះ ឲ្យ​បន្ត​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ដដែល ដើម្បី​ជា​គំរូ​កុំ​ឲ្យ​អ្នក​ដទៃ​ទៀត​ហ៊ាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន«គេ​ចង់​រក្សា​អ្នក​ដែល​នៅ​ជាប់​គុក​ឲ្យ​នៅ​តែ​ជាប់​គុក​ត​ទៅ​ទៀត ដើម្បី​ជា​គំរូ កុំ​ឲ្យ​អ្នក​ដទៃ​ទៀត​ហ៊ាន​តវ៉ា​ទិតៀន​រដ្ឋាភិបាល។ អ៊ីចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ច្បាស់​ថា អ្វីៗ​ដែល​គេ​ធ្វើ​នោះ គ្រាន់​តែ​ជា​លេស​ទេ អ្វី​ដែល​គេ​ចង់​បាន គឺ​ការ​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ជា​ប្រចាំ​រហូត​ទៅ​ដល់​ថ្ងៃ​បោះឆ្នោត»

លើស​ពី​នេះ​ទៀត លោក សម រង្ស៊ី ដែល​ត្រូវ​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ បន្ត​ថា ការ​ខកខាន​ជួប​គ្នា​នេះ ដោយសារ​លោក កឹម សុខា មិន​ព្រម​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ន័យ​ចង់​បំបែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ទៀត​ថា លោក ហ៊ុន សែន មិន​ចង់​ចរចា​ដើម្បី​ស្ថាបនា​ទេ គឺ​ចង់​ចរចា​ដើម្បី​ចាក់​រុក និង​ឆ្កឹះ​ឆ្កៀល​ឲ្យ​លោក កឹម សុខា បែក​បាក់​ជាមួយ​រូប​លោក«គាត់​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​ឯកឧត្តម កឹម សុខា សរសេរ​សំបុត្រ​តាម​អ្វី​ដែល​គាត់​ចង់​បាន បើ​មិន​ធ្វើ​តាម​អ្វី​ដែល​គាត់​ចង់​បាន​ទេ ការ​ប្រើ​ពាក្យពេចន៍​វា​មិន​សមរម្យ វា​មិន​សម្ដែង​ការ​ពិត​ឲ្យ​លោក កឹម សុខា ចេះ​តែ​សរសេរ​ទៅ ហើយ​ថ្ងៃ​ណា​មួយ​គាត់​នឹង​យក​លិខិត​នោះ​មក​ប្រើប្រាស់ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​លោក កឹម សុខា ខ្លួន​ឯង​ផ្ទាល់​មក​រក​រឿង​ខ្ញុំ​វិញ ថា​ខ្ញុំ​នេះ​ហើយ​បាន​និយាយ​អី​មួយ​ណា ឬ​មួលបង្កាច់​អី។ រួច​ហើយ​ទៅ​គាត់​មាន​គ្នា​គាត់​ប៉ុន្មាន​នាក់ ដែល​បាន​បង្កប់​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​នឹង​ឲ្យ​ចេញ​មុខ ហើយ​ឲ្យ​មួលបង្កាច់​ខ្ញុំ»

លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មាន​ជំហរ​ចង់​ចរចា​ដោះស្រាយ​បញ្ហា​ជាតិ និង​បញ្ហា​ប្រជាជន​ដដែល ប៉ុន្តែ​ស្នើ​ឲ្យ​បក្ស​កាន់​អំណាច​មាន​ភាព​ស្មោះ​ត្រង់។

រីឯ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ​នៅ​តែ​មិន​ទាន់​មាន​ភាព​នឹងន​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា វប្បធម៌​សន្ទនា​ដែល​ហាក់​កំពុង​ក្រៀម​ស្វិត​ទៅ​វិញ​នេះ ដោយសារ​តែ​គណបក្ស​កាន់​អំណាច​នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ចាស់ ដើម្បី​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​លែង​ទុក​ចិត្ត​គ្នា។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​ជឿជាក់​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​មាន​ឆន្ទៈ​ចង់​ឲ្យ​មាន​ឯកភាព​ជាតិ និង​គិត​អំពី​ផល​ប្រយោជន៍​ជាតិ​នោះ ជំនួប​ចរចា​រវាង​បក្ស​ទាំង​ពីរ ពិត​ជា​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕



1 comment:

  1. Anonymous9:42 AM

    That's because CNRP has nothing of interest to offer, hence there is no interest to meet. Beside, Kem Sokha already met and made deal with Mr. Hun Sen.

    Scam Rainsy, you are not in Cambodia, you cannot meet so why do you care? Kem Sokha does not listen to you anymore, there is nothing you can do from aboard, why do you care?

    I bet you care for power and wealth. Stop being self-important. You are not important and are very self9sh.

    ReplyDelete