នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ |
លោក ប្រ៊ែដ អាដាម៖ កម្ពុជា អាចក្លាយ ជាប្រទេស ឯកា ប្រសិនបើ រំលាយ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ៨ កុម្ភៈ ២០១៧
ក្រុម អ្នកឃ្លាំមើល សិទ្ធិមនុស្ស នៅឯនាយសមុទ្រ អះអាង ថា, ប្រសិនបើ លោក ហ៊ុន សែន ហ៊ានរំលាយ គណបក្សប្រឆាំង មែននោះ កម្ពុជា នឹងក្លាយ ជាប្រទេស ដែលដឹកនាំ ដោយគណបក្ស តែមួយ, ហើយ រស់នៅ ដាច់ឆ្ងាយ ពីការ គាំទ្រ របស់ សហគមន៍ អន្តរជាតិ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ បក្សកាន់អំណាច អះអាង ថា, កម្ពុជា ជាប្រទេស ដែលមាន អធិបតេយ្យភាព, ហើយ ត្រូវតែ អនុវត្ត ដំណើរការ នីតិរដ្ឋ របស់ខ្លួន។
មន្ត្រី ជាន់ខ្ពស់ របស់ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង ថា, លោក ហ៊ុន សែន នឹងបាត់បង់ អាជីព នយោបាយ ប្រសិនបើ លោក ហ៊ានបង្កើតច្បាប់ ហាមប្រាម មិនឲ្យ អ្នកនយោបាយណា ដែលធ្លាប់ ត្រូវ តុលាការ ក្រោមសម្ពាធ របស់លោក ផ្ដន្ទាទោស ហើយនោះ មានសិទ្ធិ ធ្វើជាប្រធាន ឬអនុប្រធាន គណបក្ស នយោបាយនោះ។
នាយកប្រតិបត្តិ ទទួលបន្ទុក កិច្ចការ តំបន់ អាស៊ី របស់ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) បានប្រាប់ អាស៊ីសេរី តាមទូរស័ព្ទ ថា, ប្រសិនបើ លោក ហ៊ុន សែន ហ៊ានកម្ទេច គណបក្ស សង្គ្រោះជាតិ តាមច្បាប់ ដែលគ្រប់គ្រង ដោយគណបក្ស របស់លោក មែននោះ, កម្ពុជា នឹងបាត់បង់ ការគាំទ្រ ពីសហគមន៍ អន្តរជាតិ, ហើយ ជាប្រទេស ដែលគ្រប់គ្រង ដោយគណបក្ស តែមួយ៖ «ប្រសិនបើ គាត់ ហ៊ាន ហាមប្រាម ការចូលរួម របស់ គណបក្ស សង្គ្រោះជាតិ ដែលទំនង ជាអាច ឈ្នះ ការបោះឆ្នោត កាលពីឆ្នាំ ២០១៣, ប៉ុន្តែ ត្រូវ បានគេ លួចបន្លំ សន្លឹកឆ្នោតនោះ, លោក ហ៊ុន សែន នឹងដូច ជាអធិរាជ ដែលស្រាត ននល គក អ៊ីចឹងដែរ ពីព្រោះ ពិភពលោក ទាំងមូល នឹងឃើញច្បាស់ ថា, គាត់ មនុស្ស លួចបន្លំ។ ពេលនោះ កម្ពុជា នឹងបាត់បង់ ការគាំទ្រ ពីអន្តរជាតិ, កម្ពុជា នឹងបាត់បង់ ជំនួយ អភិវឌ្ឍន៍, កម្ពុជា នឹងបាត់បង់ ក្រុម អ្នកវិនិយោគ បរទេស។ ហើយ ពេលនោះ, កម្ពុជា នឹងក្លាយ ជាប្រទេស ដែលស្ថិតនៅ ឯកា ដាច់ដោយឡែក ពីគេ ដូចកាល ពីទសវត្ស ទី៨០ អ៊ីចឹងដែរ។»
លោកមិនជឿថា លោក ហ៊ុន សែន នឹងធ្វើដូច្នេះទេ ពីព្រោះគាត់ជាមនុស្សឆ្លាត ហើយមានតែគាត់ទេដែលដឹងច្បាស់អំពីបញ្ហានេះ។ លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា អ្វីដែលលោក ហ៊ុន សែន និយាយ គឺគ្រាន់តែជាការគំរាមបក្សប្រឆាំងឲ្យស្ងប់ស្ងាត់ប៉ុណ្ណោះ។
កាលពីចុងខែមករា លោក ហ៊ុន សែន បានស្នើឲ្យសភាធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដោយចែងមិនអនុញ្ញាតឲ្យអ្នកជាប់ទោសអាចធ្វើប្រធាន ឬអនុប្រធានគណបក្សនយោបាយបានឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋសភានឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះនៅដើមខែមេសា ខាងមុខ គឺនៅពេលដែលតំណាងរាស្ត្រទាំងអស់បញ្ចប់វិស្សមកាលរបស់ខ្លួន ហើយវិលចូលធ្វើការវិញ។ លោកបន្តថា នៅពេលច្បាប់នេះធ្វើវិសោធនកម្មរួច វានឹងមានឥទ្ធិពលខ្លាំងទៅលើលោក សម រង្ស៊ី តែម្តង ដោយសារលោកមានងារជាទណ្ឌិតស្រាប់៖ «ប្រសិនបើទាន់ខែ២ ខែបីហ្នឹង សភានឹងកោះប្រជុំវិសាមញ្ញសភាពេញអង្គ។ ហើយប្រសិនបើមិនចូលទេ វាអាចធ្លាយទៅដល់ដើមខែបួនវិញ អាហ្នឹងសភាចូលកងវិញ វាស្រួលតែម្តង គឺសភាពេញអង្គតាមធម្មតា។ ពេលច្បាប់នេះចូលជាធរមានហើយ ចំពោះករណីលោក កឹម សុខា គឺមិនមានបញ្ហាអ្វីទេ។ ខ្ញុំបានពិនិត្យមើល ពីព្រោះបច្ចុប្បន្ននេះគាត់នៅមានសិទ្ធិធម្មតា ប៉ុន្តែដោយឡែកចំពោះ សម រង្ស៊ី យើងដឹងហើយ គឺគាត់បានក្លាយទៅជាទណ្ឌិតហើយ។ បើទណ្ឌិតហើយ គឺមានសាលក្រមស្ថាពររបស់តុលាការ។»
លោកបន្តថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ គឺមានវិសាលភាពលើគ្រប់គណបក្សទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមិនសំដៅតែទៅលើគណបក្សសង្គ្រោះជាតិ នោះទេ។ រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានករណីប្ដឹងលោក សម រង្ស៊ី ចំនួន ៧ករណី កំពុងស្ថិតក្នុងដៃតុលាការនៃរបបលោក ហ៊ុន សែន។
No comments:
Post a Comment