Paris Peace Accords 23 Oct. 1991

Friday, February 24, 2017

បក្ស​ប្រឆាំង​ ទទួល​លិខិត​ លា​ឈប់ ​ពី​សមាជិក​​​ គណៈកម្មាធិការ​ នាយក​ ៣​រូប | CNRP receives resignation letters from 3 members of executive committee

(ពី​ឆ្វេង) មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និង​លោក អ៊ុំ សំអាន។
(ពី​ឆ្វេង) មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និង​លោក អ៊ុំ សំអាន។

បក្ស​ប្រឆាំង​ ទទួល​លិខិត​ លា​ឈប់ ​ពី​សមាជិក​​​ គណៈកម្មាធិការ​ នាយក​ ៣​រូប

RFA / វិទ្យុ អាស៊ី សេរី | ២៣ កុម្ភៈ ២០១៧



សមាជិក ​គណៈកម្មាធិការ​ នាយក​ នៃ​គណបក្ស​ ប្រឆាំង ៣​រូប​ ដែល​កំពុង​ ជាប់​ឃុំ​ ក្នុង​ពន្ធនាគារ​ ព្រៃ ស បាន​លា​ឈប់ ​ពី​តួនាទី​នេះ ដោយ​បញ្ជាក់​ ថា មាន​មូលហេតុ ​ផ្ទាល់​ខ្លួន។

​មេដឹកនាំ​ គណបក្ស​ សង្គ្រោះ​ជាតិ មិន​ធ្វើ​ អត្ថាធិប្បាយ ​វែងឆ្ងាយ​ ជុំវិញ ​រឿង​នេះ​ទេ។  ប៉ុន្តែ​ អ្នកឃ្លាំមើល ​សង្គម និង​នយោបាយ មើល​ឃើញ​ ថា, ការ​លា​ឈប់​នេះ ​អាច​ ជា​ច្រក​មួយ​ ដើម្បី​ បន្ធូរបន្ថយ​ ស្ថានការណ៍​ តានតឹង ​នយោបាយ​ បច្ចុប្បន្ន។

​ប្រធាន គណៈកម្មាធិការ​ នាយក គណបក្ស​ សង្គ្រោះ​ជាតិ លោក ប៉ុល ហំម បាន​ឲ្យ​ អាស៊ី សេរី ដឹង​ កាល​ពី​យប់ ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​កុម្ភៈ ថា, គណបក្ស​ បាន​ទទួល​ លិខិត​ លា​ឈប់​ ជា​ផ្លូវ​ការ​ ពី​សាមី​ខ្លួន ​រួច​ហើយ។


លោក​ បន្ត​ ថា, ថ្នាក់ដឹកនាំ​ គណបក្ស​ មិន​មាន​អ្វី​ ជំទាស់​ ចំពោះ​ ការ​ស្នើ​សុំ​ នេះ​ទេ ព្រោះ​ នេះ​ ជា​សិទ្ធិ​ របស់​ សាមី​ខ្លួន ​ម្នាក់ៗ៖ 

«គណៈកម្មាធិការ​ នាយក​អត់​មាន​សិទ្ធិ​សម្រេច​ថា​ឲ្យ ឬ​មិន​ឲ្យ ព្រោះ​គេ​គ្រាន់​តែ​ជូន​ដំណឹង​មក​យើង​ជា​សិទ្ធិ​របស់​គេ ហើយ​បន្ទាប់​ទៅ​នេះ គណៈកម្មាធិការ​គ្រាន់​តែ​ប្រកាស​ទៅ​សមាជិក​គណៈកម្មាធិការ​នាយក​តែ​ប៉ុណ្ណឹង​ទេ»

​តំណាងរាស្ត្រ លោក អ៊ុំ សំអាន និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ព្រម​ទាំង លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី បាន​សរសេរ​លិខិត​រៀងៗ​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ព្រៃស ផ្ញើ​មក​គណៈកម្មាធិការ​នាយក​តាម​រយៈ​មេធាវី​សុំ​លា​ឈប់​ពី​តួនាទី​ក្នុង​គណៈកម្មាធិការ​នេះ។

លិខិត​សុំ​លាលែង​ដោយ​មាន​ផ្ដិត​មេដៃ​​ផង ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ មិន​បាន​បញ្ជាក់​អ្វី​វែង​ឆ្ងាយ​ក្រៅ​ពី​មូលហេតុ​ផ្ទាល់​ខ្លួន​នោះ​ឡើយ។

​លិខិត​របស់​អ្នក​ទាំង​បី​នោះ មាន​គំរូ និង​ខ្លឹមសារ​ដូចៗ​គ្នា ប៉ុន្តែ​មិន​មាន​ឃ្លា​ត្រង់​ណា​មួយ​ដែល​បញ្ជាក់​ថា ពួកគាត់​ត្រូវ​លា​ឈប់​ពី​គណបក្ស​ទាំង​ស្រុង ក្រៅ​តែ​ពីរ​តួនាទី​ជា​សមាជិក​គណៈកម្មាធិការនាយក​នោះ​ទេ។

​អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ លោក​ សូ ចន្ថា មើល​ឃើញ​ថា ការ​លា​ឈប់​នេះ​អាច​ជា​ច្រក​មួយ​ឈាន​ដល់​កា​បើក​ផ្លូវ​ចរចា​ឡើង​វិញ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​តានតឹង​នយោបាយ​​បច្ចុប្បន្ន៖ «​ខ្ញុំ​មើល​ទៅ​ការ​លាលែង​នេះ គឺ​អាច​ស្វែង​រក​ដំណោះស្រាយ​បាន​រួច​ពី​ការ​ឃុំឃាំង ឬ​ក៏​ការ​លើក​លែង​ទោស​ចំពោះ​ការ​ជាប់​ពន្ធនាគារ អ៊ីចឹង​ខ្ញុំ​មើល​ទៅ​ការ​លាលែង​នេះ​ជា​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​ចង់​ចាក​ចេញ​ពី​នយោបាយ»

​ការ​លា​ឈប់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ បាន​ប្រកាស​នូវ​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ថា លោក​លាលែង​ពី​តួនាទី​ជា​ប្រធាន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលបំណង​ចង់​ជួយ​សង្គ្រោះ​គណបក្ស​ទាំង​មូល​ដែល​ចាត់​ទុក​ថា កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ពី​គណបក្ស​ដែល​ដឹក​នាំ​រដ្ឋាភិបាល៕



No comments:

Post a Comment