សន្ដិសុខ ខណ្ឌ បង្ក្រាប លើសកម្មជន បឹងកក់ នៅមុខ តុលាការ
VOD | ២២ កុម្ភៈ ២០១៧
អ្នកសារ ព័ត៌មាន និងសាក្សី បានឃើញ ផ្ទាល់ភ្នែក ថា ក្រុមសន្ដិសុខ ខណ្ឌ ៧ មករា បានបង្ក្រាប ទៅលើ ក្រុមស្ដ្រី អ្នកតវ៉ា មកពីតំបន់ បឹងកក់ នៅមុខ សាលាដំបូង រាជធានី ភ្នំពេញ បណ្ដាល ឲ្យមាន អ្នករងរបួស មួយចំនួន។
នៅវេលាម៉ោងប្រហែល៩និង២០នាទី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ មានការប៉ះង្គិចមួយនៅមុខសាលាដំបូងក្រុងភ្នំពេញ ដោយឃើញថាអាជ្ញាធរ និងកងសន្ដិសុខខណ្ឌ៧មករា បានវាយបង្ក្រាប និងរុញច្រានទៅលើក្រុមស្ដ្រីអ្នកតវ៉ាតំបន់បឹងកក់ ខណៈពួកគេឡើងមកគាំទ្រ អ្នកស្រី ទេព វន្នី ដែលតុលាការនាំខ្លួនមកកាត់ទោសពីបទហិង្សាក្បែរផ្ទះនាយករដ្ឋមន្រ្តីកាលពីឆ្នាំ២០១៣។
ការប៉ះទង្គិចគ្នានោះ បានបណ្ដាលឲ្យមនុស្សប្រមាណ៥នាក់រងរបួស ក្នុងនោះក៏មានអ្នកស្រី បូវ សោភា និងអ្នកស្រី សុង ស្រីលាភ ផងដែរ។
នៅក្នុងហេតុការណ៍នោះ កងសន្ដិសុខ បានព្យាយាមបណ្ដេញក្រុមអ្នកតវ៉ាស្ដ្រីបឹងកក់ ដែលកំពុងប្រមូលផ្ដុំនៅទីធ្លាខាងមុខសាលាដំបូងរាជធានីភ្នំពេញ ឲ្យរើចេញទៅថ្នល់ម្ខាង និងរហូតឈានដល់ការវាយប្រតប់គ្នាតែម្ដង។
ខណៈមានការវាយបង្ក្រាបនេះ ក៏មានបុរសម្នាក់ទៀត ដែលឈរនៅក្បែរនោះ បានជួយរារាំងកុំឲ្យអាជ្ញាធរបន្ដវាយដំទៅលើស្ដ្រីបឹងកក់ តែគេឃើញថាក្រុមសន្ដិសុខខណ្ឌ៧មករា វាយទាត់ធាក់ទៅលើគាត់ និងបានដេញប្រផាប់ចាប់ប្រផីងរហូតចូលដល់ក្នុងផ្សារទំនើបស៊ីធីម៉លទៀត។ ប៉ុន្ដែបុរសម្នាក់នោះត្រូវបានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានឈរអមច្រើន និងបានគេចផុតពីការដេញចាប់របស់ក្រុមសន្ដិសុខ។
បុរសដែលត្រូវសមត្ថកិច្ចដេញចាប់នោះ ឈ្មោះ ម៉ៅ សុជាតិ អះអាងជាពលរដ្ឋធម្មតា បានឲ្យ VOD ដឹងថា លោកមិនបានប្រព្រឹត្ដអ្វីខុសឆ្គងទៅលើក្រុមសន្ដិសុខទាំងនោះទេ។ លោកថា លោកគ្រាន់តែឈរមើល និងជួយឃាត់កុំឲ្យពួកគេបន្ដវាយដំទៅលើស្ដ្រីបឹងកក់ប៉ុណ្ណោះ ដោយលោកថា អាជ្ញាធរបែរជាវាយដំលើរូបលោកទៅវិញ។
ការប៉ះទង្គិចរវាងសន្ដិសុខខណ្ឌ៧មករា និងក្រុមអ្នកតវ៉ាតំបន់បឹងកក់ ក៏បានបញ្ចប់ទៅវិញ នៅវេលាម៉ោងប្រហែល១០។
នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីខាងអាជ្ញាធរខណ្ឌ៧មករាចំពោះការប៉ះទង្គិចដោយហិង្សានោះទេ៕
No comments:
Post a Comment