Paris Peace Accords 23 Oct. 1991

Wednesday, February 1, 2017

លោក ហ៊ុន សែន ស្នើ​បន្ថែម​ច្បាប់​ មិន​ឲ្យ ​អ្នក​មាន​ទោស ​ធ្វើ​ជា​ប្រធាន​ ឬ​អនុប្រធាន​ បក្ស | Hun Sen requests addtional law barring convicted persons from president or vice-president of party

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly

លោក ហ៊ុន សែន ស្នើ​បន្ថែម​ច្បាប់​ មិន​ឲ្យ ​អ្នក​មាន​ទោស ​ធ្វើ​ជា​ប្រធាន​ ឬ​អនុប្រធាន​ បក្ស

RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៧

 

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង ​ក្នុង​កិច្ច​ប្រជុំ​ សភា​ ថ្ងៃ​ទី​៣១ ខែ​មករា ដោយ​ស្នើ​ សភា​ ឲ្យ​ចែង​ ថា, អ្នក​ជាប់​ទោស ​មិន​អាច​ ធ្វើ​ប្រធាន ​គណបក្ស​ បាន​ទេ ដោយ​សំអាង​ ថា, អ្នក​ជាប់​ទោស ​មិន​អាច​ បោះឆ្នោត ​បាន​ផង រឿង​អី​ អាច​ធ្វើ​ ជា​ប្រធាន​ គណបក្ស​ នយោបាយ​ បាន​នោះ។   ចំណែក​ មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស​ សង្គ្រោះ​ជាតិ ទាមទារ ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ច្បាប់​ណា​ ដែល​មាន ​ប្រយោជន៍​ ដល់​ជាតិ និង​សាធារណជន ​ទូទៅ មិន​មែន​ ដើម្បី​ ដាក់​ទោស​ មនុស្ស​ តែ​ ម្នាក់​នោះ​ទេ។


បន្ទាប់​ពី​ធ្វើ​វិសោធនកម្ម​ជំពូក​១២ ប្រកា​៤៨ ថ្មី (បី) នៃ​បទបញ្ជា​ផ្ទៃក្នុង​របស់​សភា​បាន​ជោគជ័យ​នោះ ហើយ​ក៏​គ្មាន​តំណាងរាស្ត្រ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា រូប​ណា​ហ៊ាន​ជំទាស់​នឹង​លោក ហ៊ុន សែន ដែល​ផ្ដើម​គំនិត​ចង់​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មួយ​ទៀត​ទេ។

ថ្លែង​កិច្ច​ប្រជុំ​សភា​ដោយ​សំឡេង​ខ្លាំងៗ លើក​ដៃ​ឡើង​ចុះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្តង​ហៅ​លោក សម រង្ស៊ី ថា​ឯកឧត្តម ម្តង​ហៅ​ថា​ទណ្ឌិត​នោះ បង្គាប់​ឲ្យ​សមាជិក​សភា​របស់​គណបក្ស​លោក កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មួយ​ទៀត ដោយ​លោក​ចង់​កំណត់​ថា អ្នក​មាន​ទោស​គ្មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​បាន​ឡើយ៖ «យើង​បាន​បណ្តែតបណ្តោយ​ពួក​គេ​ច្រើន​លើក​ហើយ ប៉ុន្តែ​លើក​នេះ​អត់​ទេ ចាំបាច់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដាក់​ថា​អ្នក​មាន​ទោស អត់​មាន​សិទ្ធិ​ធ្វើ​ជា​ប្រធាន​អនុប្រធាន​គណបក្ស​នយោបាយ។ ខ្ញុំ​មាន​សំណូមពរ​កែ​ដាក់​ទៅ​ដើម្បី​ឲ្យ​អស់​សិទ្ធិ»

វិធានការ​ក្តៅ​តាម​ផ្លូវ​ច្បាប់​តាម​រយៈ​រដ្ឋសភា​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ សំដៅ​ទៅ​ដាក់​បន្ទុក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ព្រោះ​ចាញ់​ក្តី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​កំពុង​ចាញ់​ក្តី​លោក ហ៊ុន សែន លោក ហេង សំរិន និង​លោក ហោ ណាំហុង នៅ​តុលាការ។

ទាក់ទង​នឹង​បណ្ដឹង​នេះ​ដែរ លោក ហ៊ុន សែន ថែម​ទាំង​ព្រមាន​រឹប​អូស​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ និង​ទ្រព្យ​សម្បត្តិ​ដទៃ​ទៀត​របស់​លោក សម រង្ស៊ី ជា​ថ្នូរ​នឹង​សំណង​ដែល​លោក​ទាមទារ​ក្នុង​សំណុំ​រឿង​ក្ដី​របស់​លោក ដែល​លោក​ទាមទារ​សំណង​ចំនួន ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ៖ «ដើម្បី​ឲ្យ​រាង ឮ​ថា​ស្នាក់ការ​គណបក្ស​ដាក់​ឈ្មោះ សម រង្ស៊ី។ ចឹង​ទេ! លក់​ទីស្នាក់ការ​គណបក្ស​លក់​ឡាយឡុង។ ស្អី​អាង​រួច​ខ្លួន ទ្រព្យ​សម្បត្តិ​មាន​ច្រើន ដី​នៅ​កំពង់សោម ក៏​មាន ដី​មាន​មួយ​ចំនួន»


យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​លោក ហ៊ុន សែន ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ថ្ងៃ​ដដែល​ថា លោក សម រង្ស៊ី មិន​ស្ដាយ​នឹង​ទ្រព្យ​សម្បត្តិ​ទាំងនោះ​ឡើយ រួម​ទាំង​ជីវិត​លោក​ផង។

ចំណែក​ការ​ព្រមាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​វិញ​ម្តង លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពិចារណា​ឲ្យ​វែង​ឆ្ងាយ​សិន មុន​នឹង​ធ្វើ​ច្បាប់​អ្វី​មួយ ជៀសវាង​ការ​ធ្វើ​ច្បាប់​ណា​មួយ​ដាក់​ទោស​តែ​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់។ លោក សុន ឆ័យ យល់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ ប្រហែល​ជា​មក​ពី​លោក ហ៊ុន សែន មាន​អារម្មណ៍​មិន​សូវ​ល្អ៖ «គឺ​គណបក្ស​មាន​សិទ្ធិ​សម្រេច​តែ​មួយ​គត់​ចំពោះ​ការ​ជ្រើសរើស​ប្រធាន​គណបក្ស ហើយ​លោក​ប្រធាន សម រង្ស៊ី ជា​ប្រធាន​គណបក្ស​របស់​យើង»



ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​មាន ១១​ជំពូក ៤៥​មាត្រា បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧ គ្មាន​មាត្រា​ណា​មួយ​ចែង​ដាក់​ទោស ឬ​កំណត់​ថា ជន​ជាប់​ទោស​មិន​អាច​ធ្វើ​ជា​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ឡើយ។ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា មាត្រា​៣៤​ថ្មី ចែង​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ច្បាប់​នេះ​ចែង​កំណត់​អាយុ​ជាក់លាក់​នៃ​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​មិន​បាន​ចែង​អ្នក​ជាប់​ទោស​មិន​អាច​ធ្វើ​នយោបាយ ឬ​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ឡើយ។

ដូច​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដូច​ដែល​លោក ហ៊ុន សែន ចង់​បាន​មែន​នោះ ជា​ការ​អនុវត្ត​ច្បាប់​ធាក់​ថយ​ក្រោយ និង​ប្រឆាំង​ស្មារតី​រដ្ឋធម្មនុញ្ញ សិទ្ធិ​មនុស្ស និង​ច្បាប់​អន្តរជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​បោះឆ្នោត​រូប​នេះ​បន្ត​ទៀត​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ដូច​នេះ នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​មួយ​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​មើល​ទៅ​រឿង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត បើ​ការ​ប្រកួត​ប្រជែង​មួយ​ដែល​ត្រឹមត្រូវ វា​មិន​អាច​គាប​សង្កត់​ភាគី​ម្ខាងៗ​ដោយ​តុលាការ កង​កម្លាំង និង​រដ្ឋសភា​ចឹង​បាន​ទេ ដើម្បី​ដាក់​សម្ពាធ»

លោក ហ៊ុន សែន អះអាង​ថា តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្ស​នយោបាយ ព្រោះ​ត្រូវ​ការ​សំឡេង​នៅ​ក្នុង​សភា​ត្រឹម ៥០​ភាគរយ​បូក​១ ឬ​ស្មើ​នឹង​ចំនួន​តំណាងរាស្ត្រ ៦៣​រូប ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​សភា​រហូត​ទៅ​ដល់ ៦៨​រូប។ យ៉ាង​ណា​ក៏ដោយ ទាំង​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ទេ។
គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ធ្វើ​ច្បាប់​ចំនួន​ពីរ​រួច​មក​ហើយ ដែល​គេ​មើល​ឃើញ​ថា ជា​ច្បាប់​ដើម្បី​ចង់​គាប​សង្កត់​គូ​ប្រកួត​នោះ គឺ​ទី​១ ច្បាប់​ឯកព័ន្ធភាព ដែល​គេ​យល់​ថា ច្បាប់​នោះ​ធ្វើ​ឡើង​ដើម្បី​ដាក់​គំនាប​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​កាលនោះ ព្រះអង្គ​ជា​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​ដ៏​ខ្លាំង​ជាមួយ​លោក ហ៊ុន សែន។ ទី​២ ច្បាប់​ដាក់​ទោស​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ថា មាន​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម ដែល​គេ​យល់​ថា ច្បាប់​នេះ​ដើម្បី​ដាក់​បន្ទុក​លើ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៕





No comments:

Post a Comment