Paris Peace Accords 23 Oct. 1991

Wednesday, February 1, 2017

[Vietnamization: Border] លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ មិន ​លើក​លែង​ទោស​ លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ | Hun Sen reiterates his stance, no pardon for Um Sam An, Hong Sok Huor

(ពី​ឆ្វេង) តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ RFA/Rann Samnang
(ពី​ឆ្វេង) តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ RFA/Rann Samnang

លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ មិន ​លើក​លែង​ទោស​ លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ

RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៧

 

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ ថា, លោក ​នឹង​ប្រើ​ សិទ្ធិ​ ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​ ពិនិត្យ​មើល​ សំណុំ​រឿង​ អ្នក​ជាប់​ឃុំ​ ទាំងឡាយ​ ក្នុង​ចំណោម​ សំណុំ​រឿង ៣​ ផ្សេង​គ្នា ដែល​មាន​ ស្ថានភាព​ ទោស​ស្រាល​ ជាង​គេ, គឺ​ សំណុំ​រឿង​ សកម្មជន​ ដីធ្លី​ បឹងកក់ នឹង​អាច​សុំ​ ទៅ​ព្រះមហាក្សត្រ​ ព្រះរាជទាន​ លើក​លែង​ទោស។  តែ​ សំណុំ​រឿង​ ពីរ​ទៀត, គឺ​ សំណុំ​រឿង​ មន្ត្រី ​សង្គម​ស៊ីវិល និង​មន្ត្រី គ..ប. រួម​ទាំង​ រឿង​តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង, ទុក​ឲ្យ​ តុលាការ​ អនុវត្ត​ទោស​ តាម​ច្បាប់​ ពន្ធនាគារ។


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​ថា ករណី​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ២​រូប​ដែល​លោក​បាន​ហៅ​ឈ្មោះ​ចំ គឺ​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ លោក​នឹង​មិន​អាច​ពិចារណា​ចំពោះ​ការ​លើកលែង​ទោស​បាន​ទេ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ករណី​លោក អ៊ុំ សំអាន និង​លោក ហុង សុខហួរ គឺ​ជា​រឿង​ធំ ដោយ​ពាក់ព័ន្ធ​រឿង​ក្លែង​បន្លំ​ឯកសារ និង​ប្រើ​ឯកសារ​ក្លែង​ផ្សព្វផ្សាយ​ផែនទី៖ «ខ្ញុំ​ថា​រឿង​នេះ​ប៉ះពាល់ អត់​បាន​ទេ ព្រោះ​រឿង​នេះ​វា​ធ្ងន់​ពេក គ្រោះថ្នាក់​ដល់​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ ហេង សំរិន ទៅ​ចុះ​ហត្ថលេខា​រំលាយ​ចោល​ព្រំដែន រហូត​ដល់​ខ្ញុំ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អត់​ទាំង​ដឹង​ផង! រឿង​កាល​ហ្នឹង​បើ​មិន​ចាប់ ហុង សុខហួរ បន្ទាន់ និង​ចាប់ អ៊ុំ សំអាន បន្ទាន់​ទេ គឺ​រឿង​នេះ​វា​មិន​ទៅ​ទេ»

លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ត្រូវ​បាន​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ចំនួន ៣​បទល្មើស ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ ដោយ​ចោទ​ប្រកាន់​ថា លោក ហុង សុខហួរ ក្បត់​ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ។

ចំណែក​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក​ត្រូវ​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦ ក្រោម​បទ​ញុះញង់​នាំ​ឲ្យ​មាន​ការ​រើសអើង និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម ក្លែងក្លាយ តាម​មាត្រា​៤៩៥ និង​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង ១២​យប់​ថ្ងៃ​អាទិត្យ ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក មក​ដល់​ខេត្ត​សៀមរាប។

នៅ​ថ្ងៃ​ទី​៣១ មករា ដដែល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​សំណុំ​រឿង​ទី​២ មក​និយាយ​ដែរ គឺ​រឿង​អ្នក​ជាប់​សំណុំ​រឿង​តំបន់​បឹងកក់។ លោក​អះអាង​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​នាយក​រដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​មើល​សំណុំ​រឿង​ណា​ដែល​មាន​ស្ថានភាព​ទោស​ស្រាល​ជាង​គេ ក្នុង​ចំណោម​សំណុំ​រឿង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ដែល​លោក​ហៅ​ថា មាន​ចរិត​កុបកម្ម​នោះ។

ដោយឡែក​សំណុំ​រឿង​មន្ត្រី​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា វិញ លោក​ក៏​បាន​លើក​ឡើង​ដែរ។ លោក​ថា ប្រសិន​ដំណើរ​ការ​ក្ដី​តាម​នីតិវិធី​តុលាការ​រហូត​ដល់​ចប់​សព្វគ្រប់​នោះ លោក​អាច​ពិចារណា​សុំ​ការ​លើកលែង​ទោស​ដូច​ករណី​មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី លោក ស៊ាង ចែត និង​សំណុំ​រឿង​លោក កឹម សុខា ផ្ទាល់៖ «បើ​រង់ចាំ​ឲ្យ​សាលក្រម​ចូល​ស្ថាពរ​តាម​ផ្លូវ​ច្បាប់​តែ​ម្ដង គឺ​ត្រូវ​រង់ចាំ ២​ខែ​សិន ជា​រយៈពេល​ប្ដឹង​ឧទ្ធរណ៍ មិន​អាច​សុំ​ការ​លើកលែង​ទោស​បាន​ទេ ព្រោះ​សាលក្រម​មិន​ទាន់​ចូល​ជា​ស្ថាពរ​ទេ»

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុម​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មករា ថា គណបក្ស​ប្រឆាំង​មិន​ដែល​មាន​របៀបវារៈ​អំពី​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ជា​លក្ខខណ្ឌ​នៅ​ក្នុង​ការ​ចរចា​នោះ​ទេ។ លោក​ថា បើ​សិន​ជា​មាន​ការ​ជជែក ក៏​យោង​ទៅ​តាម​ច្បាប់​ដែរ ប៉ុន្តែ​មិន​មែន​ជា​ការ​រំលោភ​លើ​កិច្ចការ ឬ​ប្រព័ន្ធ​តុលាការ​ឡើយ៖ «ក្នុង​នោះ​តំណាង​របស់​នាយក​រដ្ឋមន្ត្រី​លោក​មាន​សិទ្ធិ​ក្នុង​ការ​លើកលែង​ទោស ក្នុង​ការ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ជាដើម ប៉ុន្តែ​តាម​យន្តការ​បែប​នេះ​មិន​បំពាន​ទេ។ ដូច្នេះ​បាន​ជា​រាល់​ការ​ដោះស្រាយ ឬ​មាន​ការ​ស្រុះស្រួល គឺ​ច្រើន​អនុវត្ត​តាម​លក្ខណៈ​តុលាការ​រួច​ស្រេច ហើយ​ទើប​មាន​សម្រេច​ចិត្ត​មាន​ការ​ជួយ​ដោះស្រាយ​តាម​រយៈ​នាយក​រដ្ឋមន្ត្រី​ជា​ក្រោយ»

ជុំវិញ​សំណុំ​រឿង​អ្នក​ជាប់​ឃុំ​រួម​មាន​សកម្មជន​ដីធ្លី មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក អគ្គលេខាធិការ​រង គ..ប រួម​ទាំង​មន្ត្រី​បក្ស​ប្រឆាំង ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា អ្នក​នយោបាយ​បាន​យក​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ។ សំណុំ​រឿង​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ផ្នែក​សិទ្ធិ​មនុស្ស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ..ប ជា​បន្ទាន់ ដោយ​ថា​ការ​សម្រេច​ឃុំ​ខ្លួន​ពួក​គេ គឺ​ជា​ការ​ឃុំ​ខ្លួន​ដោយ​បំពាន៕






No comments:

Post a Comment