លោក ហ៊ុន សែន ព្រមាន ចាប់ខ្លួន អ្នកវិភាគ លោក គឹម សុខ
VOD |
លោក ហ៊ុន សែន ព្រមាន ចាប់ខ្លួន អ្នកវិភាគ ម្នាក់ ដែលទើបតែ ល្បីឈ្មោះ បន្ទាប់ ពីលោក គឹម សុខ ថ្លែងថា ករណី បាញ់សម្លាប់ លោក កែម ឡី អាចជាប់ ពាក់ព័ន្ធ នឹងគណបក្ស កាន់អំណាច។
ក្នុងពិធី សម្ពោធ ស្ពាន នៅស្រុក កោះធំ ខេត្ត កណ្តាល នៅព្រឹក ថ្ងៃចន្ទនេះ, លោក ហ៊ុន សែន ថ្លែងថា, ពាក្យបណ្តឹង របស់លោក ប្រឆាំង នឹងលោក គឹម សុខ នឹងទៅដល់ ដៃតុលាការ ល្ងាចនេះ, តែ លោក បានព្រមាន ថា នឹងចាប់ខ្លួន អ្នកវិភាគ រូបនោះ និងរឹបអូស ទ្រព្យសម្បត្តិ បើ មិនមាន លុយសង ជំងឺចិត្ត ចំនួន កន្លះលាន ដុល្លារ ទេនោះ។ លោក ថា៖ «កុំ អ្នកឯង ស្អី, អាង អ្នកវិភាគ? វិភាគ ប៉ះ, ដាក់អ្ហើយ! អត់មាន ទុកទេ, ហើយ នគរបាល តាម ឲ្យជាប់ ក្រែងលោ វា រត់។»
លោក គឹម សុខ បានឆ្លើយតប ភ្លាមៗ ថា, ការដែលនាយករដ្ឋមន្រ្តីឲ្យសមត្ថិកិច្ចតាមឃ្លាំមើលលោកនោះលោកថា ជាការជួយការពារសុវត្ថិភាពទៅវិញទេ។លោកថា លោកមិនលុយសងជំងឺចិត្តលោក ហ៊ុន សែន ដល់កន្លះលានដុល្លារទេ ដោយថាលោករាល់ថ្ងៃជួលផ្ទះគេស្នាក់នៅតែតម្លៃ៨០ដុល្លារប៉ុណ្ណោះ។
លោក ថា៖ «ប្រាកដជាដឹងថា ខ្ញុំមិនមានលុយឯណាដល់៥០ម៉ឺនដុល្លារទេ ហើយមែនទែនទៅ រាល់ថ្ងៃនៅផ្ទះជួល៨០ដុល្លារ [ក្នុងមួយខែ] ចំណាយកំប៉េកកំប៉ុកផ្សេងៗទៀត គឺចេញស្រាវជ្រាវ ផ្តល់យោបល់លើគម្រោងវិភាគផ្សេងៗ បកប្រែឲ្យគេ។ សូម្បីតែធ្វើគ្រូបង្រៀននៅសកលវិទ្យាល័យគេឈប់ទទួលទៅទៀត ដោយសារភាពតានតឹងនយោបាយ។ យើងនិយាយពីបញ្ហាសង្គមគេលែងហ៊ាន ដូច្នេះហើយមានលុយឯណាដល់៥០ម៉ឺនដុល្លារសម្រាប់សងនូវអ្វីជាការទាមទាររបស់គាត់។ ខ្ញុំថារឿងអស់នេះ វាគ្រាន់តែជាគំនាបនយោបាយ ដើម្បីបំបិទការនិយាយស្តីរបស់ខ្ញុំ មិនមែនជាមូលហេតុដែលគាត់ឈឺចិត្តហើយចង់ទាមទារ ដើម្បីបំពេញចិត្តគាត់ទេ។»
មេធាវីការពារក្តីនាយករដ្ឋមន្រ្តី គឺលោក គី តិច អះអាងថា លោក គឹម សុខ បានថ្លែងនៅក្នុងវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃសៅរ៍ ដោយចោទថាគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញម្នាក់ ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ទាក់ទងរឿងនេះដែរ សមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់ចូលរដ្ឋ៨លានរៀល ព្រមទាំងបង្គាប់ឲ្យសង ជំងឺចិត្តដល់លោក ហ៊ុន សែន ១០០រៀល ផងដែរ។ ប៉ុន្តែលោក ស្រី ថាក់ ឡានី បានគេចខ្លួនទៅក្រៅប្រទេសបន្ទាប់ពីលោក ហ៊ុន សែន ប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីលោកស្រីថ្លែងថា ករណីបាញ់សម្លាប់ លោក កែម ឡី ជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយមានអំណាច។
ក្រៅពីការព្រមានចាប់ខ្លួនអ្នកវិភាគនោះ លោក ហ៊ុន សែន ក៏បានព្រមានថា នឹងត្រៀមក្តារមឈូសទុកសម្រាប់អ្នកណាដែលលោកថាធ្វើ «បដិវត្តន៍ ពណ៌» ដើម្បីបំផ្លាញសន្តិភាព។
លោក ថា៖ «អ្នកណាបំផ្លាញសន្តិភាព នឹងគ្មានការអត់ឱន និងគ្មានការលើកលែងទេ។ សូមបញ្ជាក់ជូន កុំប្រាថ្នាធ្វើបដិវត្តន៍ពណ៌អីអញ្ចេះអញ្ចុះ អត់បានទេ! អាហ្នឹងនិយាយតាមមួយបែប ត្រូវត្រៀមក្តារមឈូលឲ្យហើយទៅ។»
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី មានប្រសាសន៍ថា ឲ្យតែជិតដល់ថ្ងៃបោះឆ្នោតមេដឹកនាំបក្សកាន់អំណាចតែងតែរកលេសចាត់វិធានការលើអ្នកវិភាគរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ លើសពីនេះទៀតលោក វិភាគថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតឆ្នាំ២០១៨ អ្នកវិភាគអាចគ្រោះថ្នាក់ដល់ជីវិត និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនក៏អាចនឹងឈានដល់ការបិទមុនបោះឆ្នោតឆ្នាំ២០១៨។
លោក វិភាគ ថា៖
«សុវត្ថិភាពសម្រាប់អ្នកវិភាគពីថ្ងៃនេះរហូតដល់ឆ្នាំ២០១៨ យើងត្រូវដាក់ខ្លួនក្នុង ហានិភ័យខ្ពស់អាចឈានទៅដល់ការគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក៏អាចថាបាន។ វាជារឿងមួយទេតំរុយអ្វីដែលកំពុងកើតមានឡើង ហើយរឿងបន្ទាប់ទៀតដែលយើងប្រមើលមើលនោះ វាអាចនៅថ្ងៃខាងមុខជិតទៅដល់ថ្ងៃបោះឆ្នោតមែនទែន ខ្ញុំគិតថាប្រព័ន្ធផ្សព្វផ្សាយខ្លះ នឹងអាចទទួលការចោទប្រកាន់រហូតដល់បិទក៏អាចថាបានដែរ សម្រាប់អ្វីដែលជាដំណើរវិវត្តន៍ឈានទៅដល់ការបោះឆ្នោតខាងមុខ។»
នៅពេលសួរថា តើលោកនៅតែបន្តវិភាគ ឬឈប់ ? លោក មាស នី ឆ្លើយយ៉ាងខ្លីថា លោកនៅតែបន្តវិភាគ ដោយនិយាយចំណុចខ្វះខាតរបស់អ្នកនយោបាយ ដើម្បីឲ្យសាធារណៈជនបានដឹង ទើបធ្វើឲ្យកម្ពុជាមានការរីកចំរើន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់ លោក ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់និងអំពើពុករលួយ។ ប៉ុន្តែលោក ហ៊ុន សែន តែងតែអះអាងថា ក្រោមការដឹកនាំរបស់លោកគឺមានសន្តិភាពនិងការរីកចម្រើន ដោយព្រមានផងដែរថា បើគណបក្សរបស់លោកចាញ់ឆ្នោតនឹងកើតមានសង្គ្រាមទៀតផង។
ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ បានអះអាងថា សង្រ្គាមនឹងមិនអាចកើតឡើងទៀតទេ ដោយសារតែកម្ពុជាផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោត៕
No comments:
Post a Comment