លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។ RFA/Brach Chev |
លោក ហ៊ុន សែន ព្រមាន ប្រើកម្លាំង យោធា ចំពោះ បក្សនយោបាយ ដែលចង់ កម្ចាត់ រដ្ឋាភិបាល
RFA / វិទ្យុ អាស៊ី សេរី | ២២ កុម្ភៈ ២០១៧
លោក នាយករដ្ឋមន្ត្រី ព្រមាន ទៅអ្នក នយោបាយ ដែលចង់ កម្ចាត់ រដ្ឋាភិបាល ក្រោយការ ចាញ់ឆ្នោត តែ មិន ប្រគល់ អំណាច។ លោក ហ៊ុន សែន អះអាង ថា, ការចង់ កម្ទេច រដ្ឋាភិបាលនេះ គឺ មិនមែន ជារឿង ដែលងាយស្រួល ប៉ុន្មាន នោះឡើយ ព្រោះ លោក មានយោធា ពេញ នៅក្នុងដៃ។ អ្នកនាំពាក្យ គណបក្ស ប្រឆាំង យល់ឃើញ ថា, គ្មាន បក្សនយោបាយ ណាមួយ ចង់បាន ការផ្លាស់ប្ដូរ ដោយហិង្សាឡើយ, ហើយ ម្យ៉ាងទៀត បក្សនយោបាយ ទាំងនោះ ចង់បាន ការដោះស្រាយ បញ្ហា ប្រកបដោយ សន្តិវិធី។
សារគំរាម ជាថ្មីទៀត របស់ ប្រធាន គណបក្ស ប្រជាជនកម្ពុជា នៅពេលនេះ ត្រូវ បានអ្នក ធ្វើកិច្ចការ លើការ បោះឆ្នោត ចាត់ទុក ថា, នេះ អាចជាទម្លាប់ របស់លោក ហ៊ុន សែន ទៅហើយ ដែលចូលចិត្ត និយាយ ដដែលៗ និងបង្កប់ ន័យហិង្សា ដោយសំអាង តែ ទៅលើយោធា។ ប៉ុន្តែ សារនយោបាយនេះ នឹងមិន ជះឥទ្ធិពល ដល់ការ សម្ដែងឆន្ទៈ នយោបាយ របស់ ពលរដ្ឋ តាមរយៈការ បោះឆ្នោត ឡើយ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) មើលឃើញថា សារ របស់លោក ហ៊ុន សែន នៅពេលនេះ លែងក្លាយជាសញ្ញានៃការបំភ័យពលរដ្ឋម្ចាស់ឆ្នោតតទៅទៀតហើយ។ ក៏ប៉ុន្តែលោកថា នេះអាចជាទម្លាប់ច្រំដែលៗ ដែលលោកនាយករដ្ឋមន្ត្រីតែងតែលើកឡើងជាញឹកញាប់រាល់ពេលលោកថ្លែងសារជាសាធារណៈ៖ «គ្រាន់តែ សារ ចាស់ហ្នឹង, គ្រាន់ ថា, គាត់ ធ្លាប់និយាយ ជាច្រើនដង ដែរហើយហ្នឹង។ រឿង គណបក្ស ប្រជាជន ចាញ់ឆ្នោត អាចមាន សង្គ្រាម មានអីហ្នឹងណា។ វា ដូច មិនមានអី ប្លែកទៀតទេ, ខ្ញុំ មើលទៅ!»
ប្រតិកម្មជាថ្មីទៀតរបស់លោក ហ៊ុន សែន ដែលមិនសំដៅចំឈ្មោះនេះ ប៉ុន្តែគេដឹងថា ទំនងជាលោកនាយករដ្ឋមន្ត្រីចង់ដៀមដាមឲ្យអតីតមេបក្សប្រឆាំងដែលធ្លាប់រិះគន់រដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៦។
លោក សម រង្ស៊ី ដែលទើបតែលាលែងពីមុខតំណែងថ្មីៗនេះ ធ្លាប់ព្រមានកម្ចាត់ក្រុមឧទ្ទាមដែលលោក សម រង្ស៊ី ចង់សំដៅដល់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ សាររបស់អតីតប្រមុខដឹកនាំបក្សសង្គ្រោះជាតិ ដែលធ្វើឡើងកាលពីចុងខែធ្នូ ឆ្នាំ២០១៦ គឺសំដៅដល់ការចាញ់ឆ្នោតរបស់បក្សប្រជាជនហើយ តែបើមិនព្រមប្រគល់អំណាចទេ បក្សរបស់លោកនឹងប្រើកម្លាំងកម្ចាត់ចោលតែម្ដង។
បើទោះជាបែបណា លោក ហ៊ុន សែន ពេលនេះបានហៅការអំពាវនាវរបស់អតីតមេបក្សប្រឆាំងថា គួរកុំមានការស្រមើស្រមៃអ្វីជ្រុលពេកអី ព្រោះកម្លាំងយោធានៅក្នុងដៃរបស់លោកនៅឡើយទេ។ លោកបន្តថា វាគួរអាម៉ាស់ដែលលទ្ធផលឆ្នោតមិនទាន់នឹងបានចាប់ផ្ដើមនៅឡើយផង ស្រាប់តែបក្សនយោបាយខ្លះហ៊ានប្រកាសលទ្ធផលឆ្នោតខ្យល់មុនទៅហើយ៖ «មានអ្នកខ្លះហ៊ានទាំងអះអាងថា ដល់ឆ្នាំ២០១៨ នឹងត្រូវបង្ក្រាប បង្ក្រាបយើងទៅទៀត ព្រោះយើងអត់ទទួលលទ្ធផលបោះឆ្នោត។ វាអាចទាយដល់ឆ្នាំ២០១៨ វាថា អាចឈ្នះហើយ បើមិនប្រគល់អំណាចវានឹងបង្ក្រាប។ ហឺ! ទ័ពនៅនឹងដៃអញសោះ! វាទៅរួច ចាំបោះឆ្នោតហើយ ចាំក្រុមប្រឹក្សាធម្មនុញ្ញប្រកាស រួចហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសផ្លូវការបានទេ? ម៉េចបានចាំបាច់ប្រកាសពីឥឡូវ? ប្រកាសលទ្ធផលឆ្នោតពីឥឡូវមិនទាន់បានបោះផង។ រួចឈ្នះៗៗ ដូរៗៗ បានតើដូរពីនៅក្រៅគុកទៅនៅក្នុងគុកទៅ។»
ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា មកដល់ពេលនេះទៅហើយ គ្មានបក្សនយោបាយណាមួយចង់បានសង្គ្រាមដូចការលើកឡើងរបស់លោក ហ៊ុន សែន នោះឡើយ៖ «តាមធម្មតាកាលណាបើគណបក្សសង្គ្រោះជាតិ ឈ្នះមានន័យថា យើងមានការគាំទ្រទូលំទូលាយពីក្នុងសង្គម និងក្នុងប្រទេស។ ដូច្នេះការគាំទ្រទូលំទូលាយនេះ ហើយជាគ្រិស្តមូលដ្ឋាននៃការចាប់យកអំណាចដោយសន្តិវិធីដូចបណ្ដាប្រទេសគេធ្លាប់ធ្វើនៅលើសកលលោក។»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងគំរាមជាញឹកញាប់ថា បើបក្សរបស់លោកចាញ់ឆ្នោតនឹងមានសង្គ្រាម ជាពិសេសលោកតែងអះអាងពីកម្លាំងយោធារបស់លោកត្រៀមទប់ស្កាត់រួចជាស្រេចរាល់ការប៉ុនប៉ងណាមួយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោក។
បញ្ហានេះ ត្រូវបានអ្នកតាមដានពីព្រឹត្តិការណ៍នយោបាយកម្ពុជា យល់ឃើញថា នេះជាសញ្ញានៃការគំរាមកំហែងដើម្បីចង់បានការគ្រប់គ្រងអំណាចបានយូរបន្តទៀតរបស់លោក ហ៊ុន សែន៕
Will Hun Sen say the same thing,
ReplyDeletewhen the election winner CNRP
forms the Cambodia's government ?