លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ |
នាយករដ្ឋមន្ត្រី ប្រតិកម្ម នឹងអ្នក នយោបាយ ដែលថា រដ្ឋាភិបាល ចង់លុបចោល ការបោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២៣ កុម្ភៈ ២០១៧
ការថ្លែងសារនយោបាយដ៏កម្រទាក់ទិនដំណើរការបោះឆ្នោតនេះ ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា អះអាងពីការលើកឡើងរបស់បក្សនយោបាយដែលលោកមិនសំដៅចំឈ្មោះថា ជាការក្រឡៃព្រឹត្តិការណ៍ខុសពីការគ្រោងទុក ដែលរដ្ឋាភិបាលបានដាក់ផែនការចេញរួចទៅហើយ។
នៅក្នុងពិធីបិទវគ្គស្ដីពីការបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ នៅក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ចំអកឲ្យបក្សនយោបាយដែលលោកនាយករដ្ឋមន្ត្រីមិនចេញឈ្មោះ តែទំនងជាប្រមុខបក្សកាន់អំណាចចង់សំដៅឲ្យបក្សប្រឆាំងថា ជាការលើកឡើងដែលពុំមានហេតុផលសមរម្យ និងត្រឹមត្រូវទាល់តែសោះ។លោកបន្តថា ការបោះឆ្នោតដូចផែនការដែលបានដាក់ចេញ គឺត្រូវតែអនុវត្តពុំមានការប្រែប្រួលអ្វីឡើយ៖ «នៅកម្ពុជា គឺបោះឆ្នោតទៀងទាត់តាមកាលកំណត់។ មានអ្នកខ្លះគេថា យើងលុបចោលការបោះឆ្នោត។ លុបចោលការបោះឆ្នោតអី? បើនាយករដ្ឋមន្ត្រីប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា។ រួចឯងទៅប្រកាសថា លោក ហ៊ុន សែន មិនចង់បោះឆ្នោត ចុះបើ ហ៊ុន សែន អ្នកប្រកាសកាលបរិច្ឆេទបោះឆ្នោតហើយលោកឯងនិយាយថាម៉េច? មិនមួលបង្កាច់គេ!»
ប្រតិកម្មអំពីដំណើរការនៃការបោះឆ្នោត ដែលអាចចាត់ទុកថា ជាលើកទី១ របស់លោក ហ៊ុន សែន នៅពេលនេះ ស្របពេលអតីតមេដឹកនាំបក្សប្រឆាំងបានរិះគន់ក្នុងពេលកន្លងទៅថា តាមរយៈការចោទប្រកាន់ ការចាប់ទុកដាក់ និងចោទប្រកាន់តាមផ្លូវតុលាការមកលើសកម្មជន និងតំណាងរាស្ត្របក្សប្រឆាំង ហើយចុងក្រោយគឺធ្វើច្បាប់ស្ដីពីបក្សនយោបាយទៀត គឺសុទ្ធសឹងតែជាលេសរបស់បក្សកាន់អំណាចមិនចង់ឲ្យមានការបោះឆ្នោត។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា តាមពិតគណបក្សសង្គ្រោះជាតិ បានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅរកការបោះឆ្នោត។ក៏ប៉ុន្តែអ្នកតំណាងរាស្ត្ររូបនេះយល់ឃើញថា ការបោះឆ្នោតដែលអាចទទួលយកបាន លុះត្រាតែការបោះឆ្នោតដែលធ្វើឡើងដោយស្មើមុខស្មើមាត់ ហើយអ្នកឈ្នះគឺឈ្នះដោយរីករាយ ចំណែកអ្នកចាញ់គឺចាញ់ដោយអស់ចិត្ត៖ «ដើម្បីឲ្យការបោះឆ្នោតមួយប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌តាមបរិយាកាសហ្នឹង ទាល់តែវាអត់មានបរិយាកាសគំរាមកំហែង អត់មានបរិយាកាសបំភិតបំភ័យ អត់មានបរិយាកាសចាប់ចង។ ទាំងអស់ហ្នឹងដែលគណបក្សសង្គ្រោះជាតិចង់បាន។»
បើទោះជាបែបណា ច្បាប់បោះឆ្នោតស្ដីពីគណបក្សនយោបាយ គឺតម្រូវឲ្យនាយករដ្ឋមន្ត្រី ជាអ្នកកំណត់ពេលវេលានៃយុទ្ធនាការ និងដំណើរការនៃការបោះឆ្នោត។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានកំណត់រួចហើយ ដែលនឹងត្រូវរៀបចំនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ឃុំ-សង្កាត់មួយអាចមានក្រុមប្រឹក្សាដែលដឹកនាំដោយមេឃុំ-សង្កាត់មួយរូប និងសមាជិកចន្លោះពី ៥ និង ១១រូប។ ៦ខែក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រួច នឹងដំណើរការបោះឆ្នោតព្រឹទ្ធសភាដែលអាចនឹងរៀបចំនៅអំឡុងដើមឆ្នាំ២០១៨។ ៦ខែ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភារួច នឹងចាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
អាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីមន្ត្រីអ្នកនាំពាក្យ នៃ គ.ជ.ប បានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ។
យ៉ាងនេះក្ដីលោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក យល់ឃើញថា គ្មានជម្រើសមួយណាដែលល្អជាងការបោះឆ្នោតឡើយ។ ការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងតម្លាភាព ជាការឆ្លុះបញ្ចាំងពីការឈ្នះចាញ់ ដែលភាគីទាំងសង្ខាងទទួលបានយុត្តិធម៌ដោយស្មើភាព៖ «ខ្ញុំ មានជំនឿ ថា មិនអាច ចៀសផ្លូវហ្នឹង បានទេ, មានតែ ផ្លូវ បោះឆ្នោត មួយមុខគត់ ដែលជាជម្រើស ដ៏ល្អបំផុត។»
ថ្លែងនៅក្នុងពិធីបិទវគ្គ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ នៅក្រសួងមហាផ្ទៃ លោក ហ៊ុន សែន ក៏បានថ្លែងពីភាពប្រេះឆាផ្ទៃក្នុងបក្សរបស់គណបក្សប្រឆាំងរឿងដាក់បេក្ខភាពនៅតាមឃុំ-សង្កាត់ដែរ។ បើទោះជាបែបណា អ្នកជំនាញលើកិច្ចការបោះឆ្នោតយល់ឃើញថា ភាពរង្គោះរង្គើផ្ទៃក្នុងបក្សដទៃ នោះគឺជាសិទ្ធិស្វយ័តរបស់បក្សផ្សេង។ សារនយោបាយរបស់លោកនាយករដ្ឋមន្ត្រីដែលរិះគន់បក្សដទៃនៅពេលនេះ ទំនងជាមូលហេតុធ្វើប៉ះពាល់ដល់ប្រជាប្រិយភាពរបស់បក្សកាន់អំណាចទៅវិញក៏អាចថាបានដែរ៕
No comments:
Post a Comment