Paris Peace Accords 23 Oct. 1991

Saturday, February 11, 2017

លោក សម រង្ស៊ី៖ តុលាការ អាមេរិក ទទួលសំណើ ឲ្យម្ចាស់ ស្ថានីយ៍​ ប្រេង​ ប​ញ្ចេញ​ កំាមេរ៉ា​​ ឃាត​កម្ម​ លោក កែម ឡី | Sam Rainsy: US court orders oil company to release video footage re Kem Ley's murder


លោក សម រង្ស៊ី៖ តុលាការ អាមេរិក ទទួលសំណើ ឲ្យម្ចាស់ ស្ថានីយ៍​ ប្រេង​ ប​ញ្ចេញ​ កំាមេរ៉ា​​ ឃាត​កម្ម​ លោក កែម ឡី

VOD / វីអូឌី | ១០ កុម្ភៈ ២០១៧

 

មេដឹកនាំ បក្សប្រឆំាង លោក សម រង្សី បានឲ្យ ដឹងថា, តុលាការរដ្ឋ California សហរដ្ឋអាមេរិក បាន​សម្រេច ទទួលយក សំណើ របស់លោក​ ដែល​ថា​ ទាមទារ ឲ្យម្ចាស់ ស្ថានីយ៍ ប្រេងសាំង Caltex បញ្ចេញ ​វីដេអូ កាំម៉េរា​ សុវត្ថិភាព ពាក់ព័ន្ធ នឹង​ការ បាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ ២០១៦។


លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបានចាប់​ខ្លួន​បុរស​ម្នាក់​​ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ដោយបានបន្ដឃុំខ្លួនក្រោ​មបទ​ចោទ​ឃាត​កម្ម​គិត​ទុក​ជាមុននិ​ង​កាន់​កាប់អាវុធខុសច្បាប់។
នៅក្នុងហ្វេសប៊ុក​របស់​លោក សម រង្ស៊ី បានសរសេរនៅថ្ងៃសុក្រនេះ​ថា លោកបានដាក់សំណើរមួយ​ទៅ​តុលាការអាមេរិកឲ្យជួយអន្តរាគមន៍ទៅម្ចាស់ស្ថានីយ៍ប្រេងសំាង Chevron (Caltex) បញ្ចេញ​វីដេអូ កាំម៉េ​រា​​សុវត្ថិភាព ពាក់ព័ន្ធនឹង​ការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី នៅស្តុបបូកគោ រាជធានីភ្នំពេញ។  ករណីនេះ​ លោក ថា, តុលាការ អាមេរិក ព្រមទទួលយក សំណើ របស់លោក រួច​ហើយ កាល​ពីថ្ងៃ​ ព្រហស្បតិ៍​ ម្សិលមិញ។  លោក ​សរសេរ ថា, «តុលាការ រដ្ឋ California សហរដ្ឋអាមេរិក បានសម្រេចទទួលយក សំណើរបស់ខ្ញុំ ទាម​ទារ​​ឲ្យ​​ក្រុម​​ហ៊ុន Chevron (Caltex) ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង Caltex នៅប្រទេសកម្ពុជា បញ្ចេញ​វីដេអូ កាម៉េរា​​សុវត្ថិភាព ដែលបានថតពីរូបភាព នៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី កាល​ពីថ្ងៃទី១០ ខែ​កក្កដា​ ឆ្នាំ ២០១៦»

លោក សម រង្ស៊ី ឲ្យដឹងទៀតថា តុលាកា​រ​អា​មេរិក​យល់ឃើញថា សំណើរបស់លោក​នេះទាក់​ទងទៅ​នឹងក្តីក្តាំ​២ផ្សេងទៀត គឺបណ្តឹងរបស់លោក ហ៊ុន សែន ដែលប្តឹងលោកពីបទបរិហាកេរ្តិ៍នៅ​តុលាការ​ប្រទេសកម្ពុជា ក្រោយពីលោកចោទលោក ហ៊ុន សែន ថា នៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី និងបណ្តឹងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន មានទាំងរូបលោកផងដែរ ដែលប្តឹងពីលោក ហ៊ុន សែន ចំពោះមុខ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
យ៉ាងណាក៏ដោយ VOD មិនអាចសុំការបំភ្លឺពីម្ចាស់ស្ថានីយ៍ប្រេងសំាង Chevron (Caltex) បានទេ​នៅ​រសៀល​ថ្ងៃ​សុក្រនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាលោក​មិន​ចាប់អារម្មណ៍​នឹង​សំណើ​បស់លោក សម រង្ស៊ី ដែលស្នើទៅតុលាការអាមេរិកឲ្យ ម្ចាស់​ស្ថានីយ៍​ប្រេង​សំាង​ Chevron​ (Caltex)​​ ឲ្យ​បញ្ចេញរូបភាពករណីឃាតកម្មលោក កែម ឡី នោះទេ ដោយលោកថា សំណុំរឿង​នេះ​កំពុងស្ថិតក្នុងដៃតុលាការកម្ពុជា ហើយរដ្ឋាភិបាលមិនមានសិទ្ធិជ្រៀតជ្រែកិច្ចការរបស់តុលាការនោះទេ។ 

លោក​ មានប្រសាសន៍ ថា, «ឯកសារ ពាក់ព័ន្ធ វាស្ថិត នៅក្នុងដៃ តុលាការ។  បើ មិនចឹង តុលាការ បើកការ ស៊ើបអង្កេត​ យ៉ាងម៉េច​កើត ដើម្បី ជំនុំជម្រះ សេចក្តី ម៉េចបាន?  ខ្ញុំ យល់ ថា, រាល់ឯកសារ​ ទំាងអស់ ដែលពាក់ព័ន្ធ និងអំពើ​ ឃាត​កម្ម វា មាននៅ ក្នុងដៃ តុលាការ រួច​ហើយ។  យើង​ មិនមាន សិទ្ធិ ជ្រៀតជ្រែក ចូលកិច្ចការ តុលាការទេ​»

សាលាដំបូងរាជធានីភ្នំពេញប្រកាសថា សវនាការលើជនសង្ស័យលោក ជួប សម្លាប់ ដែលគេថាបានបាញ់​សម្លាប់ លោក កែម ឡី គ្រោង​ធ្វើ​នៅថ្ងៃទី១ ខែមីនាខាងមុខនេះ ខណៈអ្នកនៅពីក្រោយឃាតកម្មនេះ តុលាការមិនទាន់រកឃើញនៅឡើយ។ ករណីនេះអ្នកវិភាគ មន្ត្រីសង្គមស៊ីវិលជាតិ អន្តរជាតិ រួមទំាងគណបក្សប្រឆំាង ចាត់ទុកថា ឃាតកម្មលើលោក កែម ឡី មានពាក់ព័ន្ធនឹងអ្នកនយោ​បាយ​បក្ស​កាន់​អំណាចនៅពីក្រោយ។ ប៉ុន្តែត្រូវបានមន្ត្រីបក្សកាន់អំណាចច្រានចោល៕



No comments:

Post a Comment