យោធារបស់កម្ពុជា ដែលកំពុងឈរជើងនៅតំបន់ព្រំដែនឋិតនៅឃុំថ្មកែវ ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ Photo Provided |
មេបញ្ជាការ យោធា ខែត្រ ស្ទឹងត្រែង ថា, ទាហាន ឡាវ មិន ទាន់ចេញ ពីដី កម្ពុជា ទេ
RFA / វិទ្យុ អាស៊ី សេរី | ២៤ កុម្ភៈ ២០១៧
មន្ត្រី យោធា ជាន់ខ្ពស់ ខែត្រ ស្ទឹងត្រែង ឲ្យដឹង នៅថ្ងៃ ទី២៣ ខែកុម្ភៈ ថា, ទាហាន ឡាវ ប្រដាប់ ដោយអាវុធ នៅពុំទាន់ ដកចេញ ពីដី របស់ កម្ពុជា នោះទេ, ហើយ កម្លាំង វិស្វកម្ម កម្ពុជា នៅតែ បន្ត អភិវឌ្ឍផ្លូវ តាមបណ្ដោយ ព្រំដែន។ កាលពីថ្ងៃ ទី២២ ខែកុម្ភៈ ប្រធាន រដ្ឋសភា លោក ហេង សំរិន បានជំរុញ ឲ្យប្រធាន រដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ជួយពន្លឿន ដោះស្រាយ បញ្ចប់ ការបោះបង្គោល កំណត់ ខ្សែបន្ទាត់ ព្រំដែន រវាង ប្រទេស ទាំងពីរ។
មេបញ្ជាការប្រតិបត្តិការសឹករងនៅខែត្រស្ទឹងត្រែង ថ្លែងនៅថ្ងៃទី២៣ ខែកុម្ភៈ ថា កងកម្លាំងវិស្វកម្មរបស់កម្ពុជា នៅតែបន្តស្ថាបនាផ្លូវតាមបណ្ដោយព្រំដែននៅចំណុចអូរតាក់ឡាវ បើទោះបីជាទាហានឡាវ ប្រដាប់ដោយអាវុធបានបោះតង់ស្នាក់នៅតំបន់នោះ និងព្យាយាមរារាំងកម្ពុជា មិនឲ្យស្ថាបនាផ្លូវក្ដី។
មេបញ្ជាការប្រតិបត្តិការសឹករងខែត្រស្ទឹងត្រែង លោក ស្វាយ ញ៉ន មានប្រសាសន៍បញ្ជាក់ថា ក្នុងពេលថ្មីៗនេះ យោធារបស់កម្ពុជា បានផ្ញើលិខិតជូនយោធាខែត្រអាតាពើ (Attapeu) របស់ឡាវ ២លើកមកហើយ ដោយជំរុញឲ្យមេបញ្ជាការយោធាឡាវ ដកទ័ពចេញពីទឹកដីរបស់កម្ពុជា។ ដោយឡែកភាគីឡាវ ក៏បានផ្ញើលិខិតមកកម្ពុជា ២លើកដែរ ដោយស្នើឲ្យបញ្ឈប់កសាងផ្លូវតាមព្រំដែន និងដកទ័ពចេញពីតំបន់នោះ។
លោកថា កងកម្លាំងវិស្វកម្មរបស់កម្ពុជា មិនអាចបញ្ឈប់ស្ថាបនាផ្លូវនៅតំបន់នោះបានទេ ហើយកំពុងដំណើរការកសាងឲ្យដល់ខែត្ររតនគិរី៖ «ធ្វើក្នុងទឹកដីកម្ពុជា ពូអត់ខ្លាចឡាវ បាញ់ទេ គឺធ្វើនៅដីរបស់យើង ប្រសិនបើឡាវ យកកាំភ្លើង និងយកទ័ពមកវ៉ៃយើងឡាវ គិតថា ធ្វើខុស ឬត្រូវ? ខ្សែព្រំដែនមានរួចហើយនៅសល់តែបោះបង្គោលតើ!»
លោក ស្វាយ ញ៉ន បន្ថែមថា ភាគីឡាវ បានលើកយកកំណត់ហេតុឆ្នាំ១៩៩៥ របស់អភិបាលស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង និងអភិបាលស្រុកសាន់សៃ (Sanxay District ) នៃខែត្រអាតាពើ របស់ឡាវ ជាមូលដ្ឋានក្នុងការទាមទារដីមួយផ្នែកនៅចំណុចអូរតាក់ឡាវ ក៏ប៉ុន្តែយោធាកម្ពុជា បានច្រានចោលកំណត់ហេតុនោះ។ លោកបញ្ជាក់ថា ខ្លឹមសារក្នុងកំណត់ហេតុនោះបង្ហាញថា អភិបាលស្រុកប្រទេសទាំងពីរបានឯកភាពគ្នា បែកចែកទឹកដីម្នាក់ម្ខាងរវាងអូរតាក់ឡាវ ខាងកម្ពុជា និងអូរតាក់ឡាវ ខាងឡាវ។ លោកអះអាងថា ខ្សែបន្ទាត់ព្រំដែនដែលបារាំង បន្សល់ទុក ពុំមែនរត់តាមអូរតាក់ឡាវ នោះទេ។
ទោះយ៉ាងណា លោកពុំបានបញ្ជាក់លម្អិតពីចំនួនកងទ័ពឡាវ ប្រដាប់អាវុធឈរជើងលើទឹកដីកម្ពុជា នោះទេ ដោយសារតំបន់នោះសំបូរដោយព្រៃភ្នំ៖ «ខ្ញុំសរសេរសំបុត្រទៅថា ពេលបារាំង ចេញទៅគេចែកឲ្យយើងមួយចំនួនរួចហើយ ទាំងឡាវ ខ្លួនឯងស្គាល់ដីច្បាស់លាស់ ហើយខាងកម្ពុជា ក៏ស្គាល់ច្បាស់លាស់ដែរ ហើយពេលនេះលោកលូកដៃយកលុយនៅហោប៉ៅរបស់ខ្ញុំ ហើយឲ្យខ្ញុំដកទ័ពចេញពីទឹកដីកម្ពុជា ដកម៉េចកើត។»
កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានសម្រេចកសាងផ្លូវតាមបណ្ដោយព្រំដែនឡាវ មានប្រវែង ២៥៧គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ខែត្រស្ទឹងត្រែង រហូតដល់ខែត្ររតនគិរី។ មកទល់ពេលនេះ កសាងសម្រេចបានជាង ១៥០គីឡូម៉ែត្រ។
ប្រទេសឡាវ បានបញ្ជូនកងកម្លាំងយោធាប្រដាប់អាវុធមករារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា ឲ្យផ្អាកការស្ថាបនាផ្លូវតាមបណ្ដោយព្រំដែននៅចំណុចអូរតាក់ឡាវ នៃស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ដោយលើកហេតុផលថា តំបន់នោះរដ្ឋាភិបាលនៃប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាជាផ្លូវការ ដើម្បីបោះបង្គោលព្រំដែននៅឡើយ។
កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ មេដឹកនាំកម្ពុជា-ឡាវ បានឯកភាពគ្នាពន្លឿនដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានឆាប់ និងដាក់ទិសដៅប្រែក្លាយតំបន់ព្រំដែននោះឲ្យក្លាយទៅជាតំបន់មិត្តភាព សន្តិភាព និងការអភិវឌ្ឍ។ ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានស្នើដល់ប្រទេសឡាវ សហការដោះស្រាយបញ្ហាជាមួយគ្នាប្រកបដោយស្មារតី ទទួលខុសត្រូវ សាមគ្គីភាព គ្រប់កិច្ចការនានាចប់សព្វគ្រប់។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ថា ភាគីទាំងពីរនៅពុំទាន់ឯកភាពគ្នាបោះបង្គោលព្រំដែននៅតំបន់នោះនៅឡើយទេ។ លោកថា ការឯកភាពគ្នាបោះបង្គោលព្រំដែនជាផ្លូវការ ត្រូវអនុលោមតាមបទដ្ឋានច្បាប់ជាតិ ច្បាប់អន្តរជាតិ និងផែនដី ព្រមទាំងមានការព្រមព្រៀងភាគីសងខាងជាដើម។
លោកថា ការបោះបង្គោលថ្មីនៅតំបន់នោះផ្អែកតាមផែនដីភូមិសាស្ត្រឥណ្ឌូចិន របស់បារាំង ហើយបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា បោះបង្គោលសម្រេចបាន ៨៤ភាគរយ ហើយនៅសល់ជាង ១០ភាគរយកំពុងប្រទាញប្រទង់គ្នា និងរាំងស្ទះច្រើនឆ្នាំមកហើយ៖ «កន្លែងហ្នឹងនៅពុំទាន់ឯកភាពគ្នារឿងខ្សែព្រំដែន ដូច្នេះហើយបានជាមានបញ្ហា។ កុំគិតថា រដ្ឋាភិបាលមិនចង់បោះ (បង្គោល) យើងចង់បោះណាស់ហើយ តែបោះវាមិនកើត យើងគ្មានយកកម្លាំងបោះជាមួយយើងទេ ទាល់តែគេឯកភាពគ្នា វាបញ្ហាត្រង់ហ្នឹង។ តែសុំឲ្យយល់ផង មិនមែនមិនចង់បោះទេ តែពុំទាន់ឯកភាពគ្នាក្នុងការកំណត់ខ្សែព្រំដែននៅតំបន់នោះ។»
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ជាមួយប្រទេសឡាវ ប្រវែង ៥៤០គីឡូម៉ែត្រ ក្នុងនោះមានបង្គោលព្រំដែនដែលត្រូវបោះចំនួន ១៤៥បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាលប្រទេសទាំងពីរបោះបង្គោលរួចចំនួន ១២១បង្គោល ដែលស្មើប្រមាណ ៨៤ភាគរយ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ចំណុចដែលសេសសល់មិនទាន់បោះរួច គឺឋិតក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕
No comments:
Post a Comment