Paris Peace Accords 23 Oct. 1991

Thursday, March 23, 2017

តុលាការ កាត់ទោស ឲ្យ ជួប សំលាប់ ​ជាប់ពន្ធនាគារ មួយជីវិត | Court sentenced Chuop Samlab to life imprisonment

 

តុលាការ កាត់ទោស ឲ្យ ជួប សំលាប់ ​ជាប់ពន្ធនាគារ មួយជីវិត

  | ២៣ មីនា ២០១៧​

សាលាដំបូង រាជធានី ភ្នំពេញ សម្រេច ផ្តន្ទាទោស​ ឲ្យបុរស អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារ អស់មួយជីវិត ដោយចោទ ថា បានបាញ់សម្លាប់ លោក កែម ឡី កាលពីឆ្នាំ ២០១៦។​


លោកចៅក្រម​ លាង​ សំណាត់ បានប្រកាសសាល​ក្រម ដោយបានចោទប្រកាន់ថា ឈ្មោះ​ អឿត អាង បាន​បាញ់សម្លាប់លោក កែម ឡី ពីបទឃាតកម្មគិត​ទុកជា​មុ​ន និង​បទ​កាន់កាប់​ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​​អនុញ្ញាត ដោយយោង​តាមមាត្រា​២០០​ និង​មាត្រា​​៤៩០​នៃ​​​ក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារមួយជីវិត។​
បន្ទាប់ពីប្រកាសសាលក្រមភ្លាម ចៅក្រមបានបញ្ជាឲ្យឆ្មំាពន្ធនាគារនាំ លោក ជួប សំលាប់​ ផ្តិត​មេដៃ​លើ​សាល​ក្រមនោះ រួចឲ្យបញ្ជូនទៅពន្ធនាគារវិញ។ ខណៈនោះ លោក ជួប សំលាប់ បាន​បង្ហាញទឹកមុខ​ធម្មតា ហាក់ដូចជាពុំមានការភ្ញាក់ផ្អើលទេ ក្រោយពីចៅ​ក្រម​ប្រកាសផ្ត​ន្ទា​ទោ​ស​ដាក់​គុក​មួយជីវិតនោះ។

លោកចៅក្រម ​ឲ្យដឹងទៀតថា ជួប សំលាប់ មានសិទ្ធិប្តឹងទៅសាលាឧទ្ធរណ៍តាមនីតិវិធីដោយមិនឲ្យផុតរយៈពេលមួយខែ គិតចាប់ពីថ្ងៃប្រកាសសាលក្រមនេះ។

ទោះជាបែបនេះក្តី លោក យុង​ ផានិត មេធាវីការពារក្តីឲ្យលោក ជូប សំលាប់ បាន​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មា​ន​​នៅមុខ​តុលាការ​ថា នេះជារឿង​អយុត្តិធម៌​ចំពោះ​កូនក្តី​របស់​លោក ហើយ​លោកថា នឹងពិភាក្សា​ជាមួយ​កូនក្តី ដើម្បីប្តឹងទៅឧទ្ធរណ៍ សុំ​ឲ្យ​បន្ធូរ​​បន្ថយ​ទោស​ដល់​កូនក្តី​របស់​លោក​។​

លោក និយាយ ថា, «គួរឲ្យសោកស្តាយព្រោះថាអត់មានស្ថានសំរាល​ចំពោះកូនក្តីខ្ញុំ បើយើង​ពិនិត្យ​ទៅ​តា​ម​ច្បា​​ប់​នីតិវិធី ត្រូវ​តែមានស្ថានសំរាលទោសខ្លះ ទាក់ទងនិងបញ្ហា​បទល្មើសផ្សេងៗ ទោះបី​គាត់​ល្មើសនឹ​ង​ទំហំ​ប៉ុន្មាន​ក៏ដោយ ព្រោះយើងឃើញថា អ្វីដែលគាត់បាន​ប្រព្រឹត្តដូចខ្ញុំ​បានលើកក្នុ​ង​សវនា​ការ គឺវា​មាន​មូល​ហេតុ​ច្រើ​នទាក់ទងទៅ​នឹងកត្តាបុគ្គលរបស់គាត់។»
  
អ្នកសារព័ត៌មាន សួរលោក​មេធាវី​​ នឹង​ប្តឹង​ ឧទ្ធរណ៍​ ទេ​?  

«រង់ចំា ពិភាក្សា​ ជាមួយ កូនក្តី ថា, ​​តើ គាត់ សម្រេចចិត្ត យ៉ាងណា ចំពោះ បញ្ហានេះ​»

លោក យុង ផានិត បានបញ្ជាក់ថា តុលាការយកសំណុំរឿង​កូនក្តីរបស់លោក ទៅបំបែកជាពីរ ដោយ​ថា​ សំណុំរឿងទី១ គឺយកដែលជនដែលត្រូវបានចាប់ខ្លួនទៅកាត់ទោសមុន និងសំណុំរឿង​មួយទៀត​ទុក​​ស៊ើប​អង្កេតរក​ជន​ដែល​ពាក់ព័ន្ធ។ លោកថាអ្នកដែលតុលាការមិនទាន់កាត់ទោស និងកំពុង​ស៊ើបអង្កេតនោះ រួម​មាន​ ឈ្មោះ ប៉ូលី ដែលនាំឲ្យលោក ជួប សំលាប់ ស្គាល់​លោក កែម ឡី និងម្នាក់ទៀតឈ្មោះ ចក់ ដែល​លក់​កំា​ភ្លើង​ឲ្យ ​ជួប សំលាប់​។

ករណីនេះ លោក យុង ផានិត បញ្ជាក់ថា តាមនីតិវិធីតុលាការត្រូវ​ធ្វើការស៊ើបអង្កេត​និងចាប់​អ្នក​ពាក់ព័ន្ធ​យកទៅ​ផ្តន្ទាទោសដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ។
លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបាន​ចាប់ខ្លួន​បុរស​តែម្នាក់​ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់»។

មកដល់ពេលនេះមានរយៈពេលជិត១ឆ្នាំហើយសមត្ថកិច្ចនៅមិនវែកមុខ អ្នកនៅពីក្រោយឃាតកម្មនោះ មកដាក់ទោសនៅឡើយ ខណៈតុលាការបង្ហាញកាមេរ៉ាសុវត្ថិភាពនៅពេលជំនុំជម្រះក្តី ធ្វើឲ្យអ្នកលេង​ហ្វេស​ប៊ុក​ប្រតិកម្ម​ថា ក្នុង​វីដេអូ និងរូបភាពដែលតុលាការបង្ហាញនោះ ស្បែកជើងរបស់លោក ជួប សំលាប់ មានភាព​ខុសគ្នា នៅ​ពេល​ធ្វើ​សកម្ម​ភាព​ចូល​បាញ់​សម្លាប់​លោក​ កែម ឡី ក្នុង​ស្តាម៉ាត និង​រូបភាព​សមត្ថ​កិច្ច​ចាប់បាន​។

ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ ជួប សំលាប់ តែងបានបញ្ជាក់ថា ខ្លួនជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជាឬនៅពីក្រោយនោះទេ៕

1 comment:

  1. Anonymous4:28 PM

    He has been so dumb and dumber until he ended up be in jail for life. He did not stand and speak up to fight what he faces with the false accusation. So, the real killers are getting away from the crime. He (Earng Arth) is just a scapegoat. This guy should not be in that situation the gang of CPP killers involved with the killing. He desperately needed money to survive, but he was in the wrong place and the wrong time. It is sad to see him going through like this.

    ReplyDelete