Paris Peace Accords 23 Oct. 1991

Thursday, March 23, 2017

[Vietnamization: Logging, Ratanakiri, Military] មន្ត្រី​ សង្គម​ស៊ីវិល​ អំពាវនាវ​ ឲ្យ​ចាត់ ​វិធានការ​ ម៉ឺងម៉ាត់​ លើ​វៀតណាម​ ចូល​កាប់​ឈើ​ ក្នុង​ដី​ខ្មែរ | Civil society calls for serious measures re Vietnamese illegal logging in Cambodian territory

សហគមន៍​ភូមិ​ឃ្វែង ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចុះ​ល្បាត​ព្រៃ​នៅ​ចំណុច​អូរតាង៉ត ជិត​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥។
សហគមន៍​ភូមិ​ឃ្វែង ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ចុះ​ល្បាត​ព្រៃ​នៅ​ចំណុច​អូរតាង៉ត ជិត​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ខ្មែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៥។ 

មន្ត្រី​ សង្គម​ស៊ីវិល​ អំពាវនាវ​ ឲ្យ​ចាត់ ​វិធានការ​ ម៉ឺងម៉ាត់​ លើ​វៀតណាម​ ចូល​កាប់​ឈើ​ ក្នុង​ដី​ខ្មែរ

RFA / វិទ្យុ អាស៊ី សេរី | ២៣ មិនា ២០១៧


មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល ​ដែល​បំពេញ ​ការងារ​ ទាក់ទិន​ ការ​អភិរក្ស​ ធនធាន​ ធម្មជាតិ​ នៅ​ខេត្ត​ រតនគិរី សាទរ​ ចំពោះ​ ក្រុម​សមត្ថកិច្ច​ ប៉ូលិស ដែល​ចាប់​បាន​ ជនជាតិ​ វៀតណាម ៨​នាក់ ឆ្លង​ដែន​ ចូល​កាប់​ឈើ​ ក្នុង​ដី​ខ្មែរ ​ដោយ​ខុស​ច្បាប់។  បើ​ ទោះ​ជា​ យ៉ាង​ណា ពួក​គេ​ ក៏​បារម្ភ​ ចំពោះ​ ការ​អនុវត្ត​ ច្បាប់ ​មិន​មាន​ តម្លាភាព   ដែល​ធ្វើ​ ឲ្យ​បទល្មើស​ បំផ្លាញ​ ធនធាន ​ធម្មជាតិ​ នៅ​តែ​ បន្ត​ កើត​មាន។

មន្ត្រី​ អភិរក្ស​ ធនធាន​ ធម្មជាតិ​ អង្គការ​ ទន្លេ​បី ប្រចាំ​ ខេត្ត​ រតនគិរី អំពាវនាវ​ ឲ្យ​មន្ត្រី​ តុលាការ​ ស៊ើប​អង្កេត និង​ចាត់​ វិធានការ ​ផ្លូវ​ច្បាប់​ ដោយ​គ្មាន​ ការ​អនុគ្រោះ​ ចំពោះ​ ជនជាតិ​ វៀតណាម  ដែល​ប្រព្រឹត្ត​ បទល្មើស​ កាប់​បំផ្លាញ ​ព្រៃ​ឈើ​ ក្នុង​ទឹក​ដី ​ខ្មែរ។


ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា សម្រេច​ឃុំ​ខ្លួន​ជនជាតិ​វៀតណាម ៨​នាក់​ដាក់​ពន្ធនាគារ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​គ្មាន​លិខិត​ស្នាម និង​ប្រើប្រាស់​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ។

មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេ​បី លោក ប៊ុន លាប បញ្ជាក់​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ថា ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព រួម​ទាំង​ការ​ផ្តល់​សិទ្ធិ​អំណាច​ជូន​សហគមន៍​អ្នក​អភិរក្ស​ព្រៃ​ឈើ គឺ​ជា​កត្តា​សំខាន់​ដើម្បី​រួម​គ្នា​លុប​បំបាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ។ លោក​កត់​សម្គាល់​ថា បទល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​កន្លង​មក​កើត​មាន​ច្រើន​ករណី ជាពិសេស​ជនជាតិ​វៀតណាម នៅ​តែ​បន្ត​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ដី​ខ្មែរ​កាប់​ឈើ​អនាធិបតេយ្យ ចំណែក​ការ​អនុវត្ត​ច្បាប់​មិន​មាន​តម្លាភាព៖ «ជនជាតិ​វៀតណាម ដែល​ចូល​មក​ខុស​ច្បាប់ យើង​ចាប់​បាន ហើយ​យើង​អនុវត្ត​តាម​ច្បាប់​យើង។ បញ្ហា​ទាំង​ពីរ​ហ្នឹង​វា​សំខាន់​ដែល​អាច​ការពារ​ព្រៃ​ឈើ​យើង​បាន»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​រតនគិរី បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ៨​នាក់ និង​រឹប​អូស​គ្រឿងចក្រ​មាន​រណារ​យន្ត ៥​គ្រឿង និង​ត្រាក់ទ័រ​បី​គ្រឿង​ស្ថិត​នៅ​ចំណុច​ព្រំប្រទល់​ស្រុក​អូរយ៉ាដាវ ជាប់​នឹង​ស្រុក​បរកែវ និង​ស្រុក​អណ្ដូងមាស ក្នុង​ខេត្ត​រតនគិរី ព្រម​ទាំង​វត្ថុ​តាង​ជាក់ស្តែង​មាន​ឈើ​មូល និង​ឈើ​អារ​មួយ​ចំនួន​ទៀត​នៅ​កន្លែង​កើត​ហេតុ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ជា ប៊ុនធឿន បញ្ជាក់​ថា សមត្ថកិច្ច​ប៉ូលិស​បាន​កសាង​សំណុំ​រឿង​ជនជាតិ​វៀតណាម ទាំង ៨​នាក់ និង​បញ្ជូន​វត្ថុ​តាង​ទៅ​សាលា​ដំបូង​ខេត្ត​រួច​ហើយ ក្រោយ​ពេល​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ទាំងនោះ​ក្នុង​បទល្មើស​ជាក់ស្តែង។ លោក​ថា ឈើ​ដែល​ជនជាតិ​កំពុង​អារ​រំលំ​ឋិត​នៅ​ក្បែរ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន ចាង លី និង​ក្រុមហ៊ុន ជា ចាន់រិទ្ធ៖ «គំនរ​ដែល​យើង​ឃើញ​ប្រហែល​បួន​ប្រាំ​ដើម​វា​អូស ហើយ​នៅ​ក្នុង​ព្រៃ​ទៀត​នៅ​ខាង​ក្រៅ​ទៀត។ តាម​ការ​សួរ​បំភ្លឺ វា​ចូល​មក​បី​ថ្ងៃ​ហើយ វា​ចូល​តាម​វៀតណាម គ្នា​វា មេ​វា​នៅ​ខេត្ត​យ៉ាឡាយ»

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរី លោក កែវ វិសុទ្ធ បញ្ជាក់​ថា ជនជាតិ​វៀតណាម ៥​នាក់​ត្រូវ​បាន​មន្ត្រី​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​មក​កម្ពុជា គ្មាន​លិខិត​ឆ្លង​ដែន និង​ប្រើប្រាស់​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ។ ដោយឡែក​ជនជាតិ​វៀតណាម ៣​នាក់​ទៀត​ជាប់​ចោទ​ប្រើប្រាស់​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ។ លោក​បន្ត​ថា ជន​ជាប់​ចោទ​ទាំង ៨​នាក់​ឋិត​ក្នុង​នីតិវិធី​ស៊ើប​អង្កេត​បន្ត​របស់​ចៅក្រម​ស៊ើបសួរ៖ «ចៅក្រម​ស៊ើបសួរ​គាត់​សម្រេច​ឃុំ​ខ្លួន ហើយ​ខេត្ត​សមត្ថកិច្ច​ប៉ូលិស​គេ​កសាង​សំណុំ​រឿង​មក»


ច្បាប់​ព្រៃ​ឈើ​នៃ​ប្រទេស​កម្ពុជា ចែង​ថា ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ណា​មួយ​រួម​មាន កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី​ព្រៃ ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ត្រូវ​រឹប​អូស​វត្ថុ​តាង​ទាំងអស់​មក​ជា​សម្បត្តិ​រដ្ឋ។ ជន​ណា​ប្រព្រឹត្ត​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ មិន​រាង​ចាល ត្រូវ​ផ្ដន្ទាទោស​ទ្វេដង​នៃ​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ នៃ​ច្បាប់​នេះ៕

No comments:

Post a Comment