Paris Peace Accords 23 Oct. 1991

Sunday, March 26, 2017

[Demographic Vietnamization: Fishing, Kampong Cham] ប្រជា​នេសាទ​ ខេត្ត​ កំពង់ចាម​ ថា​, បទល្មើស​ នេសាទ ​ក្នុង​តំបន់​ បឹង​ធំ ​នៅ​តែ ​កើត​មាន​ ដដែល

ប្រជា​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ធំ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided
ប្រជា​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ធំ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦។ Photo Provided

ប្រជា​នេសាទ​ ខេត្ត​ កំពង់ចាម​ ថា​, បទល្មើស​ នេសាទ ​ក្នុង​តំបន់​ បឹង​ធំ ​នៅ​តែ ​កើត​មាន​ ដដែល

RFA / វិទ្យុ អាស៊ី សេរី | ២៦ មិនា ២០១៧




ប្រជា​នេសាទ​ រស់នៅ ​ឃុំ​ មៀន ស្រុក​ ព្រៃឈរ ខេត្ត​ កំពង់ចាម អះអាង​ ថា, បទល្មើស​ នេសាទ ​នៅ​តែ​ កើត​មាន ​ឡើង​ ឥត​ឈប់​ឈរ​ នៅ​តំបន់​ បឹង​ធំ ដូចជា​ អូស​អួន​ រាប់​រយ​ ម៉ែត្រ, ឆក់​ក្តៅ និង​ឆក់​ត្រជាក់ ជាដើម។


បញ្ហា​នេះ ពួក​គាត់​បារម្ភ​ខ្លាច​ទិន្នផល​ត្រី​កាន់​តែ​ហិនហោច ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ ប្រធាន​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​មួយ​ចំនួន​ពិត​ជា​កើត​មាន​នៅ​តំបន់​បឹង​ធំ​ប្រាកដ​មែន។
ប្រជា​នេសាទ​នៅ​តំបន់​បឹង​ធំ ស្នើ​ឲ្យ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ ជួយ​ចាត់​វិធានការ​លើ​ករណី​បទល្មើស​នេសាទ​មួយ​ចំនួន​ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ។

បទល្មើស​នេសាទ​ទាំងនោះ​ដូចជា អូស​អួន​មាន​ប្រមាណ ៧​វង់ ដោយ​ក្នុង​មួយ​វង់ៗ​អាច​មាន​ប្រវែង​ប្រមាណ ៣០០​ម៉ែត្រ ហើយ​អូស​ទាំង​យប់​ទាំង​ថ្ងៃ។ ក្រុម​ឆក់​ដោយ​ប្រើ​កម្លាំង​មនុស្ស និង​ក្រុម​ឆក់​ត្រជាក់​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន ដែល​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ជាដើម។

ប្រជា​នេសាទ​នៅ​ឃុំ​មៀន លោក យីម សុខឃាន់ ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ធំ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់​តែ​បារម្ភ​ពី​វាសនា​ពូជ​ត្រី​ដែល​នៅ​សេសសល់។ ទិន្នផល​ត្រី​កាន់​តែ​ថយ​ចុះ ប៉ុន្តែ​បទល្មើស​ចេះ​តែ​កើន​ឡើង ដោយ​គ្មាន​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ លោក​បន្ត​ថា ក្រុម​ជន​ល្មើស​ជា​ពលរដ្ឋ​មាន​ប្រាក់​មួយ​ចំនួន​ក្នុង​ភូមិ-ស្រុក​ជាមួយ​គ្នា ហើយ​មាន​ខ្លះ​មក​ពី​តំបន់​ផ្សេង៖ «តំណ​ត​ទៅ​រក​តែ​ត្រី​ក្រពាត់​មិន​ឃើញ ត្រី​អីៗ​មិន​ឃើញ បើ​នៅ​តែ​បណ្តោយ​ឲ្យ​អ៊ីចឹង​ត​ទៅ មាន​អី​ទៀត? បើ​មាន​ឆក់​ក្តៅ​ផង ឆក់​ត្រជាក់​ផង អូស​អួន​ផង​បែប​នេះ»

បឹង​ធំ​ជា​បឹង​មួយ​ជាប់​ស្រុក​ចំនួន​៣ នៅ​ក្នុង​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​ព្រៃឈរ ស្រុក​កំពង់សៀម និង​ស្រុក​កងមាស ដែល​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ទាំង​ពលរដ្ឋ​ធ្វើ​កសិកម្ម និង​ប្រជា​នេសាទ។

ប្រភព​ដដែល​យល់​ថា បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ធំ​កើត​មាន គឺ​អាច​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

មិន​ខុស​គ្នា​នេះ ប្រជា​សហគមន៍​មួយ​រូប​ទៀត លោក រ៉េន រ៉ាន់ យល់​ថា ដើម្បី​ឲ្យ​ការ​បង្ក្រាប​បទល្មើស​នេសាទ​មាន​ប្រសិទ្ធភាព គឺ​ទាល់​តែ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ជាដើម។ ជាង​នេះ​ទៀត ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ​គ្រប់​រូបភាព​តែ​ម្តង៖ «អ៊ីចឹង​សូម​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ​នៅ​ទីនេះ ជាពិសេស​ជលផល​ខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​មើល​ការ​ខុស​ត្រូវ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ»


ប្រធាន​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន លោក ម៉ុន ឆៃលាង មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ គឺ​កើត​មាន​ខ្លះ​ដូចជា អូស​អួន​ប្រវែង​លើស​ពី ១០០​ម៉ែត្រ ដែល​ច្បាប់​ហាមឃាត់ ប៉ុន្តែ​ពួក​លោក​ឃើញ​មាន​តែ ២​វង់​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ក៏​កើត​មាន​ដែរ ប៉ុន្តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​ប្រជា​សហគមន៍​ក្នុង​ការ​ចុះ​បង្ក្រាប ពីព្រោះ​ក្រុម​ជន​ល្មើស​តែងតែ​ផ្លាស់ប្ដូរ​ទីតាំង។ ចំណែក​ឧបករណ៍​ស្បៃ​មុង​វិញ​មិន​មាន​ឃើញ​ដាក់​ថ្មី​ទៀត​ទេ៖ «បទល្មើស​ខ្ញុំ​ទទួល​ស្គាល់។ បទល្មើស​ខ្ញុំ​កំពុង​តាម​មិន​ថា​យប់​មិន​ថា​ថ្ងៃ​ទេ អា​បទល្មើស​ត្រជាក់​នេះ»

លោក ម៉ុន ឆៃលាង អះអាង​ថា​ខាង​សហគមន៍​មិន​ដែល​ទទួល​បាន​ប្រាក់ ឬ​លាភសក្ការៈ​ពី​ជន​ល្មើស​ឡើយ ហើយ​ក៏​មិន​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បាន​ប្រាក់​ពី​ក្រុម​ជន​ល្មើស​នោះ​ដែរ។ លោក​ថា ការងារ​បង្ក្រាប​បទល្មើស​បច្ចុប្បន្ន​របស់​ប្រជា​សហគមន៍​នេសាទ​ឃុំ​មៀន ជា​ការងារ​ស្ម័គ្រ​ចិត្ត ប៉ុន្តែ​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​ជន​ល្មើស​ស្ទើរ​គ្រប់​ពេលវេលា។

មន្ត្រី​សមាគម​អាដហុក (ADHOC) ដែល​តែង​ចុះ​អប់រំ​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​បឹង​ធំ​អំពី​កិច្ច​ការពារ​ធនធាន​មច្ឆជាតិ​កន្លង​ទៅ លោក នាង សុវ៉ាត មើល​ឃើញ​ថា ប្រជា​សហគមន៍​ខិតខំ​បំពេញ​ការងារ​ថែរក្សា​ធនធាន​មច្ឆជាតិ​នៅ​តំបន់​មួយ​នេះ​យ៉ាង​ច្រើន ប៉ុន្តែ​សកម្មភាព​របស់​មន្ត្រី​ពាក់ព័ន្ធ​វិញ​ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ក្រុម​ជន​ល្មើស​មិន​សូវ​ខ្លាចរអា​ទេ៖ «ជន​ល្មើស​នៅ​បឹង​ធំ​ហ្នឹង​ធំ​ជាង​ចៅហ្វាយ​ខេត្ត​កំពង់ចាម ទៀត គឺ​វា​អត់​ដែល​ខ្លាច​នរណា​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា ដើម្បី​ធានា​និរន្តរភាព​ធនធាន​មច្ឆជាតិ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ និង​ដើម្បី​ឲ្យ​ការ​បង្ក្រាប​បទល្មើស​នេសាទ​មាន​ប្រសិទ្ធភាព រាជ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជា​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​ដែន​នេសាទ​របស់​ខ្លួន​តែ​ម្តង៕


No comments:

Post a Comment