Paris Peace Accords 23 Oct. 1991

Thursday, March 30, 2017

HRW រិះគន់ ​រដ្ឋាភិបាល ​កម្ពុជា ​ថា​ លើក​ទឹក​ចិត្ត​ អ្នក​ពាក់ព័ន្ធ​ បោក​គ្រាប់​បែក ​កាល​ពី ​២០​ឆ្នាំ​ មុន | HRW criticizes Cambodian govt saying it promotes those involved in the grenade attack 20 years ago

ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​អតីត​រដ្ឋសភា។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។
ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​អតីត​រដ្ឋសភា។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។

HRW រិះគន់ ​រដ្ឋាភិបាល ​កម្ពុជា ​ថា​ លើក​ទឹក​ចិត្ត​ អ្នក​ពាក់ព័ន្ធ​ បោក​គ្រាប់​បែក ​កាល​ពី ​២០​ឆ្នាំ​ មុន

RFA / វិទ្យុ អាស៊ី សេរី | ៣០ មិនា ២០១៧


អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ ហៅ​ថា យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ហៅ​ការ ​បណ្ដែត​បណ្ដោយ ​របស់ ​រដ្ឋាភិបាល​ កម្ពុជា រក​យុត្តិធម៌​ ឲ្យ​ជន​រងគ្រោះ ​ក្នុង​ករណី​ គប់​គ្រាប់បែក​ លើ​ហ្វូង​ បាតុករ​ ដឹកនាំ​ ដោយ​លោក សម រង្ស៊ី កាល​ពី ២០​ឆ្នាំ​មុន គឺ​ ជា​ការ​ព្យាយាម​ ការពារ និង​លើក​ ទឹក​ចិត្ត​ អ្នក​ប្រព្រឹត្តល្មើស។

ស្រប​គ្នា​នេះ គណបក្ស​ ប្រឆាំង​ ត្រៀម ​ប្រារព្ធ​ ខួប ​ដើម្បី​ រំឭក​ វិញ្ញាណក្ខន្ធ​ អ្នក​ដែល​ស្លាប់​ ក្នុង​ហេតុការណ៍ ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

មួយ​ថ្ងៃ​ មុន​ពេល​ ដែល​គណបក្ស​ ប្រឆាំង ​ប្រារព្ធ​ខួប ២០​ឆ្នាំ ដើម្បី​ រំឭក​វិញ្ញាណក្ខន្ធ​ អ្នក​ស្លាប់​ ដោយ​ការ​ វាយ​ប្រហារ ​គ្រាប់បែក​ដៃ​ នោះ, នាយក ​ប្រចាំ ​តំបន់​អាស៊ី​ នៃ​អង្គការ ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ លោក ប្រ៊ែដ អាដាម (Brad Adams) រិះគន់​ ថា, រដ្ឋាភិបាល​ កម្ពុជា បាន​ការពារ និង​លើក​ទឹក​ចិត្ត​ ដល់​ជន​ទាំងឡាយ​ ដែល​ជាប់ ​ពាក់ព័ន្ធ​ នឹង​ករណី​ បោក​គ្រាប់បែក ​ចូល​ហ្វូង​ បាតុករ។

លើស​ពី​នេះ លោក ប៊្រែដ អាដាម ទាមទារ​ ឲ្យ​ការិយាល័យ​ ស៊ើប​អង្កេត​ សហព័ន្ធ​ របស់​ អាមេរិក អេហ្វ ប៊ី អាយ (FBI) ដែល​បាន​ លូក​ដៃ ​ចូល​ក្នុង​ ករណី​នេះ ​ដោយសារ​ ជនជាតិ​ អាមេរិកាំង លោក រ៉ន អាប់នី (Ron Abney) បាន​របួស ​ធ្ងន់​ គួរ​តែ​ ស៊ើប​អង្កេត​ សំណុំ​រឿង​ គប់​គ្រាប់បែក​ ដែល​ជា​ការ ​វាយ​ប្រហារ​ ទៅ​លើ​ប្រធាន​ គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ឲ្យ​ចប់​ សព្វគ្រប់ បន្ទាប់​ ពី​ការិយាល័យ ​មួយ​នេះ​ បាន​ផ្អាក​ ការ​ស៊ើប​អង្កេត ​របស់​ខ្លួន​ កាល​ពី​ឆ្នាំ ​២០០០។


នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​ចេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា នេះ លោក ប៊្រែដ អាដាម លើក​ឡើង​បន្ត​ថា ការ​ច្រាន​ចោល​ភស្តុតាង​ដែល​បង្ហាញ​ថា កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​នេះ គឺ​មាន​ន័យ​ថា ការ​ស៊ើប​អង្កេត​ផ្ទៃក្នុង​ដ៏​ម៉ត់ចត់​មួយ គឺ​មិន​បាន​កើត​ឡើង និង​គ្មាន​ថ្ងៃ​កើត​ឡើង​ឡើយ​នៅ​ថ្ងៃ​ខាង​មុខ។

លោក ប៊្រែដ អាដាម លើក​ឡើង​ទៀត​ថា៖ «អង្គការ​សហប្រជាជាតិ និង​ម្ចាស់​ជំនួយ ឬ​ដៃគូ​អភិវឌ្ឍន៍​ដែល​បាន​ផ្ដល់​ជំនួយ​ថវិកា​ដែល​មាន​ភាគរយ​ច្រើន​ក្នុង​ថវិកា​ជាតិ គួរ​ទាមទារ​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នៃ​អំពើ​ឧក្រិដ្ឋ ដែល​រុញ​ច្រាន​ប្រជាធិបតេយ្យ​កម្ពុជា ឲ្យ​ដើរ​ចេញ​ពី​គន្លង»

ប៊្រែដ អាដាម (Brad Adams) ៦១០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។ Photo: RFA

អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​នេះ នៅ​ចេតិយ​ខាង​មុខ​អតីត​មន្ទីរ​រដ្ឋសភា ក្បែរ​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា។ គណបក្ស​ប្រឆាំង​តែង​អះអាង​ថា ខ្លួន​នឹង​មិន​បញ្ចប់​សំណុំ​រឿង​ឃាតកម្ម​នេះ​ឡើយ គឺ​នឹង​បន្ត​ការ​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ឲ្យ​បាន​ក្នុង​ពេល​ខាង​មុខ។

ឧក្រិដ្ឋកម្ម​គប់​គ្រាប់បែក​នៅ​ពេល​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស ១៦​នាក់​ស្លាប់ ហើយ​ជាង ១០០​នាក់​ផ្សេង​ទៀត​របួស។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំងនោះ ក៏​មាន​លោក រ៉ន អាប់នី (Ron Abney) ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ផង​ដែរ។

យូមែន រ៉ៃត៍ វ៉ច្ឆ រំឭក​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មនុស្ស​មួយ​ហ្វូង​ដែល​មាន​ចំនួន​ប្រមាណ ២០០​នាក់​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ជាតិ​ខ្មែរ ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សួនច្បារ​ទល់​មុខ​មន្ទីរ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​កង្វះ​ឯករាជ​ភាព និង​អំពើ​ពុក​រលួយ​ក្នុង​វិស័យ​យុត្តិធម៌។

ក្នុង​ការ​វាយ​ប្រហារ​ដែល​ទំនង​មាន​ការ​សម្របសម្រួល​ដ៏​ល្អ​នោះ ជន​អនាមិក​បាន​គប់​គ្រាប់បែក​ចំនួន ៤​គ្រាប់​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស ដោយ​ប៉ុនប៉ង​សម្លាប់​លោក សម រង្ស៊ី នោះ បាន​សម្លាប់​អ្នក​តវ៉ា និង​អ្នក​ដែល​ឈរ​ក្បែរ​នោះ ដោយ​រួម​ទាំង​កុមារ និង​បាន​ខ្ទាត​អំបែង​គ្រាប់​ទៅ​លើ​អ្នក​លក់​ដូរ​នៅ​តាម​ផ្លូវ។ នៅ​ក្រោយ​គ្រាប់បែក​ទី​១ បាន​ផ្ទុះ​ឡើង កង​ការពារ​របស់​លោក សម រង្ស៊ី ឈ្មោះ ហាន មុនី បាន​យក​ខ្លួន​ទៅ​ពាំង​ការពារ​លោក សម រង្ស៊ី។ គាត់​រង​នូវ​គ្រាប់បែក​ដែល​ផ្ទុះ​ពេញ​ទំហឹង ហើយ​បាន​ស្លាប់​ភ្លាមៗ។ លោក សម រង្ស៊ី បាន​គេច​ខ្លួន​រួច​ដោយ​របួស​ស្រាល​នៅ​ជើង។

សាក្សី​ជាច្រើន​រាយការណ៍​ថា ជន​អនាមិក​ដែល​បាន​ចោល​គ្រាប់បែក​ចូល​ក្នុង​ហ្វូង​អ្នក​តវ៉ា​នោះ បាន​រត់​សំដៅ​ទៅ​ក្រុម​កង​អង្គរក្ស​លោក ហ៊ុន សែន ដែល​ត្រូវ​គេ​ដាក់​ពង្រាយ​នៅ​ភាគ​ខាង​លិច​សួន ពោល​គឺ​នៅ​ពី​មុខ​មូលដ្ឋាន​កង​អង្គរក្ស ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ សាក្សី​ក៏​បាន​ប្រាប់​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ និង​អេហ្វ.ប៊ី.អាយ ថា កង​អង្គរក្ស​បាន​បើក​ខ្សែ​ការពារ​ឲ្យ​ជន​អនាមិក​នោះ​រត់​ចូល​ទៅ​ក្នុង​មូលដ្ឋាន​កង​អង្គរក្ស។ ក្រុម​នោះ​ទៀត​សោត បាន​ភ្ជង់​កាំភ្លើង និង​ព្រមាន​បាញ់​សមាជិក​នៃ​ក្រុម​ប្រមូល​ផ្ដុំ ដែល​មិន​ព្រម​ឈប់​ដេញ​តាម​ជន​អនាមិក​នោះ។

ជំនួស​ឲ្យ​ការ​ស៊ើប​អង្កេត​ម៉ត់ចត់ លោក ហ៊ុន សែន បាន​អំពាវនាវ​ភ្លាមៗ​ឲ្យ​ចាប់​ខ្លួន​អ្នក​ដឹកនាំ​ការ​តវ៉ា និង​ដាក់​បទបញ្ជា​ដល់​នគរបាល រារាំង​មិន​ឲ្យ​ចាកចេញ​ពី​កម្ពុជា។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដដែល​នេះ​មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ពី​ការ​វាយ​ប្រហារ​គ្រាប់បែក​ដៃ​លើ​ក្រុម​បក្ស​ប្រឆាំង កាល​ពី​ឆ្នាំ​១៩៩៧ នៅ​មិន​ទាន់​ផ្ដន្ទាទោស បង្ហាញ​ថា នៅ​ថ្ងៃ​បោក​គ្រាប់បែក​នោះ​កម្លាំង​មក​ពី​កងពល "ង​៧០" ដែល​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ទៀត​ថា មេ​បញ្ជាការ​កង​អង្គរក្ស​នៃ​កងពល "ង​៧០" លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កង​អង្គរក្ស​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស​ពេល​នោះ ធ្លាប់​បាន​គំរាម​បាញ់​សម្លាប់​អ្នក​កាសែត​ណា​ដែល​ចោទ​ប្រកាន់​ថា កង​អង្គរក្ស​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់បែក​នោះ​ថែម​ទៀត៕



No comments:

Post a Comment